Description
«ក្រោយភ្លៀងធ្លាក់ មេឃស្រឡះ» នេះជាសុភាសិតខ្មែរដែលនរណាក៏ចេះនិយាយថា ហើយនៅយល់ដល់វាយ៉ាងច្បាស់ទៀតផង ដែលវាមានន័យថា អន្ធិកាលនៃពពកប្រែខ្មួលខ្មៅបិទបាំងផ្ទៃមេឃខៀវស្រងាត់ ហើយបង្អុរទឹកភ្លៀងយ៉ាងគំហុក ស្រោចស្រពផែនដីដោយវាមិនដឹងថាតើគេត្រូវការវាឬអត់ រហូតពេលខ្លះធ្លាក់ជាប់គ្នារាល់ថ្ងៃយប់បង្កជាទឹកជំនន់លិចសព្វផ្ទៃប្រទេស ប៉ុន្តែបន្ទាប់ពីនេះបើយើងរង់ចាំវាតែបន្តិច មេឃគង់ស្រឡះយ៉ាងស្រស់ត្រកាល ហើយវាលផ្ទៃដីណាដែលត្រូវទឹកលិចនឹងមានជីវជាតិមហាសាល ព្រោះវាបាននាំល្បាប់មក ស្រោចស្រព។
ការដែលនិយាយនេះ ព្រោះចង់ប្រៀបធៀបទៅដល់វិស័យអប់រំនៅស្រុកខ្មែរយើង ដែលបន្ទាប់ពីសង្គ្រាមមក រដ្ឋាភិបាលមិនទាន់បានយកចិត្តទុកដាក់គ្រប់គ្រាន់ទេ អាចដោយសារតែសេដ្ឋកិច្ចរបស់យើងនៅទន់ខ្សោយពេកក៏ថាបាននាពេលនោះ។ ប្រការនេះវាជារឿងគួរឱ្យរន្ធត់ណាស់ រន្ធត់ព្រោះថាក្មេងខ្លះរៀននៅមហាវិទ្យាល័យទៅហើយអានអក្សរស្ទើរមិនដាច់ឬមិនដាច់តែម្ដង ខ្ញុំគិតថានេះជារឿងអច្ឆរិយៈមួយសម្រាប់ពួកយើង។ ខ្ញុំគ្មានចេតនាជាន់ពន្លិចទេ បំណងនៅក្នុងសៀវភៅដែលលោកអ្នកអាននេះ មានចេតនាតែមួយគត់គឺលើកទឹកចិត្តដល់យុវជនឬប្រជាជនឱ្យស្រលាញ់ការអាន ព្រោះអំណានជាគ្រឹះនៃអ្វីៗទាំងឡាយ។
វាជាភព្វសំណាងមួយដែលឆ្នាំ២០១៥កន្លងមកនេះ រដ្ឋាភិបាល បានកំណត់យកថ្ងៃទី១១ មីនា ឱ្យជាថ្ងៃនៃទិវាអំណាន ដែលជាការលើកស្ទួយដល់វប្បធម៌អាន ទម្លាប់អាន និងការតែងនិពន្ធ ដែលហៅថាភព្វសំណាង ព្រោះវាជាកាដូដ៏ពិសិដ្ឋ វាជាយន្ដការស្ថាបនាព្រលឹងជាតិខ្មែរនិងរុញទាំងវប្បធម៌រូបិយនិងវប្បធម៌អរូបិយ(ផ្នែកគំនិត)ឱ្យដល់ពិភពលោកបានដឹងពីយើង។ ជាមួយគ្នានេះ កាដូពិសេសបន្ថែមមួយទៀតនោះគឺ ខាងរដ្ឋមន្ត្រីក្រសួងអប់រំកាលពីពេលថ្មីៗនេះបានផ្ដល់បទសម្ភាសដល់ទូរទស្សន៍ក្នុងស្រុកថា សម័យប្រឡងឆ្នាំ២០១៦នេះ នឹងបន្ថែមលើវិញ្ញាសាដែលមានស្រាប់ចំនួនពីរបន្ថែមទៀតគឺ ការសរសេរ តាមអាននិងការតែងសេចក្ដី។ ពិតណាស់វានឹងផ្ដល់ផលជាវិជ្ជមាននិងយូរអង្វែងដល់វប្បធម៌អាននិងការតែងនិពន្ធ ហើយវាក៏ការលើកស្ទួយដល់អក្សរសាស្ត្រជាតិដែរ។
មួយទៀត បំណងក្នុងសៀវភៅនេះក៏ជាការចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍធនធានមនុស្សនៅក្នុងប្រទេសខ្មែរយើងដែរ ដែលខាងរដ្ឋាភិបាលបាននិងកំពុងតែប្រឹងដើម្បីកែទម្រង់ស៊ីជម្រៅ។
ជាទីបញ្ចប់ ខ្ញុំសូមជូនពរឱ្យជនរួមជាតិជួបតែពុទ្ធពរទាំង៤គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីជាប្រការដទៃឡើយ។
ទំព័រ 143
ទំហំខ្នាត H= 20.5cm , W= 14.5cm
Reviews
There are no reviews yet.