Description
គ្រូថ្មីនិងការចាប់ផ្ដើមជីវិតថ្មី
ក្រោយពីត្រឡប់មកពីអាមេរិកវិញបាន១ឆ្នាំ ខ្ញុំក៏បានក្លាយជានិស្សិតមហាវិទ្យាល័យដូចដែលបានជួបជាទូទៅនៅប្រទេសជប៉ុន គឺជាប្រភេទនិស្សិតដែលគេងរហូតដល់ថ្ងៃចាំងគូទ ជានិស្សិតមិនដែលចូលរៀន មួយថ្ងៃៗនៅតែក្នុងបន្ទប់កម្សាន្តជាមួយក្រុមមិត្តភក្តិ បើនឹងចូលថ្នាក់រៀនគឺនៅពេលដែលចង់រកមិត្តភក្តិទៅផឹកជាមួយគ្នាប៉ុណ្ណោះ។ តើការខិតខំប្រឹងប្រែងដែលធ្លាប់មានបានបាត់ទៅណាអស់ហើយ? ខ្លួនខ្ញុំដែលមើលទៅមានអនាគតភ្លឺស្វាងកាលពីសម័យនៅអាមេរិកនោះគឺជារឿងពិតឬគ្រាន់តែជាការគិតស្រមៃទេ?
ពេលដែលទើបត្រឡប់មកពីអាមេរិកវិញថ្មីៗ ខ្ញុំនៅមានថាមពលនៅឡើយ ហើយបានដឹកនាំធ្វើយុទ្ធនាការឱ្យបន្ទប់កម្សាន្តរបស់និស្សិតក្លាយជាកន្លែងដែលគ្មានផ្សែងបារី។ ការធ្វើដូច្នេះ ពេលដំបូងៗ មិត្តគ្រប់គ្នាបាននិយាយដូចៗគ្នាថា មិនអាចធ្វើបានទេ ប៉ុន្តែខ្ញុំនៅតែបន្តប្រមូលហត្ថលេខារបស់អ្នកដែលយល់ស្រប ហើយធ្វើឱ្យបន្ទប់កម្សាន្តក្លាយជាកន្លែងដែលគ្មានផ្សែងបារីនៅទីបំផុត។ ប៉ុន្តែជំនួសឱ្យខ្ញុំរីករាយនឹងភាពជោគជ័យនោះ ខ្ញុំបែរជាខឹងនឹងខ្លួនឯងទៅវិញ ព្រោះអារម្មណ៍គ្រានេះ វាពិតជាខុសពីពេលដែលប្រមូលហត្ថលេខានៅ Florida ទាំងស្រុង។ នៅក្នុងយប់នោះ ខ្ញុំផឹកស្រាជាមួយមិត្តភក្តិរហូតដល់ស្រវឹងមិនដឹងខ្លួន។
នៅក្នុងថ្ងៃនោះក៏ដូចជាសព្វដងដែរ ខ្ញុំផឹករហូតដល់ស្រវឹងមិនដឹងខ្លួន លុះភ្ញាក់ឡើងមកវិញ ខ្ញុំឈឺក្បាលយ៉ាងខ្លាំងរហូតដល់ដើរខ្ទប់ក្បាលទ្រេតទ្រោតចូលទៅក្នុងបន្ទប់ទឹក។ ពេលដែលខ្ញុំមើលទៅក្នុងកញ្ចក់ រូបភាពដែលបញ្ចាំងចេញមកគឺជាផ្ទៃមុខដ៏ស្លេកស្លាំងរបស់បុរសដែលគ្មានភាពស្រស់ស្រាយ។ នៅក្បែរកញ្ចក់នោះមានក្រដាសមួយសរសេរថា «ប្រើជីវិតដូចដែលបានស្រមៃ!»។ ខ្ញុំគឺជាអ្នកសរសេរវាពេលដែលទើបត្រឡប់មកពីអាមេរិកថ្មីៗ។ ខណៈនេះ សូម្បីតែក្រដាសនោះក៏មានពណ៌លឿងស្លេកដែរ ហើយគែមក្រដាសដែលមានបិទកាវក៏ចាប់ផ្ដើមឆែបដែរ មើលៗទៅមិនខុសពីជីវិតរបស់ខ្លួនឯងក្នុងពេលនេះឡើយ។ ពេលឃើញដូច្នេះ វាធ្វើឱ្យខ្ញុំនឹកឃើញភ្លាមថា បើមិនចាប់ផ្ដើមធ្វើអ្វីម្យ៉ាងទេនោះ ខ្ញុំប្រាកដជាក្លាយជាមនុស្សដែលគ្មានតម្លៃ…។
ហើយក្នុងពេលនោះ សំបុត្រពីអាមេរិកក៏បានមកដល់ដៃរបស់ខ្ញុំ…។
ពេលដែលឃើញស្រោមសំបុត្រ Air Mail នៅក្នុងប្រអប់សំបុត្រ ខ្ញុំឈរឆ្ងល់មួយស្របក់ ប៉ុន្តែនៅពេលដែលឃើញអក្សរដែលចារនៅលើស្រោមសំបុត្រហើយនោះ បេះដូងរបស់ខ្ញុំស្ទើរតែឈប់លោតទៅហើយ។ រយៈពេល១ឆ្នាំកន្លងមក ខ្ញុំសរសេរសំបុត្រទៅរកគាត់ជាច្រើនច្បាប់ ទីបំផុត សំបុត្រដែលខ្ញុំទន្ទឹងរង់ចាំអស់រយៈពេលជាយូរក៏បានមកដល់!
សំបុត្រពីលោក ហ្កេលឡឺរ៍
សុខសប្បាយទេ? ខ្ញុំនៅតែនឹកឯងជានិច្ច ខ្ញុំមានអារម្មណ៍កក់ក្ដៅក្នុងចិត្តរាល់ពេលដែលនឹកឃើញឯង។ អស់រយៈពេលជាច្រើនសប្ដាហ៍ដែលនៅជាមួយឯង វាពិតជាសប្បាយខ្លាំងណាស់។
កន្លងមក១ឆ្នាំហើយ តើជីវិតរបស់ឯងក្នុងពេលនេះដូចម្ដេចដែរ? បើស្មានមិនខុសទេ ឯងកំពុងតែសប្បាយជាមួយនឹងជីវិតជានិស្សិតជប៉ុន ហើយប្រហែលជាប្រព្រឹត្តខ្លួនឆ្កួតលីលាតាមបែបជប៉ុន និងសប្បាយជាមួយនឹងនារីៗជាច្រើននាក់ ប៉ុន្តែក្នុងចិត្តនៅមិនទាន់ហ៊ានសម្រេចជ្រើសរើសយកមួយណាតើមែនទេ! ហា ហា ហា! សុំទោស ខ្ញុំភ្លេចខ្លួន! និយាយត្រង់បន្តិចហើយ។
ឯងគឺជាមនុស្សប្រភេទដែលធ្វើអ្វីនឹងធ្វើអស់ពីសមត្ថភាព ដូច្នេះនៅពេលដែលឯងសប្បាយនឹងជីវិតនិស្សិតជប៉ុន ក៏ឯងសប្បាយយ៉ាងអស់ពីសមត្ថភាពដែរ។ ប៉ុន្តែពេលនេះឯងប្រហែលជាធុញទ្រាន់នឹងការ«ដើរលេង» ហើយមែនទេ? បើពិតដូចដែលបាននិយាយ ខ្ញុំមានសំណើដែលគួរឱ្យចាប់អារម្មណ៍មកឱ្យឯងសាកល្បងគិតមើល៍។
ខ្ញុំមានមិត្តស្និទ្ធស្នាលធ្វើជាធនាគារិកនៅប្រទេសស្វីស បើឯងចង់សិក្សាទាក់ទងនឹងរឿងប្រាក់នោះ ឯងត្រូវសិក្សាពីគេ។ ពេលដែលខ្ញុំនិយាយរឿងរបស់ឯងឱ្យគេស្ដាប់ គេបានប្រាប់ថា គេរីករាយនឹងបង្រៀននូវគន្លឹះរបស់សង្គមនិងរឿងប្រាក់ឱ្យឯង។
បើឯងសួរចិត្តខ្លួនឯងហើយ វាឆ្លើយថាយល់ព្រមនោះ ចូរចាប់ផ្ដើមចេញដំណើរទៅ ហើយត្រូវតែទៅក្នុងរយៈពេល២សប្ដាហ៍នេះ។ បើឯងមិនបង្ហាញខ្លួននៅកន្លែងដែលបានកំណត់ក្នុងរយៈពេល២សប្ដាហ៍នេះទេ ចាត់ទុកថា រឿងនេះមិនកើតឡើងទៅចុះ ប៉ុន្តែទោះជាឯងជ្រើសរើសយកបែបណា ខ្ញុំសូមបួងសួងឱ្យជីវិតរបស់ឯងជួបតែរឿងល្អៗ។
ហ៊ែរ៍ម៉ាន់ ហ្កេលឡឺរ៍
អក្សរដែលខ្ញុំធ្លាប់ស្គាល់បានបង្ហាញនៅក្នុងសំបុត្រដ៏មានតម្លៃ គឺជាអក្សរតែមួយដែលនៅលើក្រដាសជូតមាត់ដែលគាត់ចូលចិត្តសរសេរឱ្យខ្ញុំនៅលើតុឯយ៉មុខផ្ទះរបស់គាត់។ ខ្ញុំក្ដាប់សំបុត្រនោះយ៉ាងណែននិងយំដោយមិនដឹងខ្លួន។ ទោះបីព្យាយាមហាមទឹកភ្នែកយ៉ាងណា ក៏វាហូរចេញមកជោកថ្ពាល់របស់ខ្ញុំមិនដាច់ដែរ។ ខ្ញុំឈរយំតែម្នាក់ឯងនៅក្នុងបន្ទប់ជួលដែលកខ្វក់និងតូចចង្អៀតនៃទីក្រុងតូក្យូ។
ខ្ញុំបានអានសំបុត្រមួយច្បាប់នោះម្ដងហើយម្ដងទៀត ចិត្តបាននឹកដល់ខ្យល់ដ៏កក់ក្ដៅនៅរដ្ឋ Florida និងពេលវេលាដែលអង្គុយជជែកគ្នាជាមួយគាត់នៅយ៉ខាងមុខផ្ទះ។ ទោះជាការខិតខំប្រឹងប្រែង ក្ដីស្រមៃនិងអារម្មណ៍រំភើបក្នុងខណៈនោះរលត់ស្ទើរតែអស់ក៏ដោយ ប៉ុន្តែកម្ទេចកម្ទីរបស់វានៅតែមានសេសសល់ក្នុងខ្លួនរបស់ខ្ញុំនៅឡើយ។ លោកហ្កេលឡឺរ៍ធ្លាប់ប្រាប់ថា «ឯងប្រាកដជាទទួលបានជោគជ័យនាពេលអនាគតមិនខាន ខ្ញុំសូមធានា» ហើយខ្ញុំផ្ទាល់ក៏ជឿថា ខ្លួនឯងនឹងទទួលបានជោគជ័យដែរ ទោះជាគ្មានអ្វីមកធានាក៏ដោយ ព្រោះបេះដូងរបស់ខ្ញុំពោរពេញទៅដោយក្ដីសង្ឃឹមដែលមានចំពោះអនាគត។
ពេលដែលប្រៀបធៀបនឹងពេលនោះ តើខ្លួនឯងក្នុងពេលនេះកំពុងធ្វើអ្វី? ខ្ញុំបានអូសរាងកាយដ៏ធ្ងន់របស់ខ្ញុំទៅរកជញ្ជាំង បោកក្បាលម្ដងហើយម្ដងទៀតរហូតដល់ឈឺពេញក្បាល បន្ទាប់មកទៅផ្ដួលខ្លួនគេងនៅលើពូកទាំងគ្មានកម្លាំង ហើយគំនិតទាំងឡាយក៏បានផុសឡើងនៅក្នុងខួរក្បាល។
«ស្វីសឬ? ឆ្ងាយណាស់ តើសំបុត្រយន្តហោះតម្លៃប៉ុន្មានទៅ ពេលនេះមិនសូវមានប្រាក់ផង ប៉ុន្តែបើនៅតែប្រព្រឹត្តខ្លួនបែបនេះទៀតនោះថាតើ ជីវិតរបស់យើងនឹងទៅជាយ៉ាងណា? នៅពេលដែលប្រៀបធៀបហើយ ខ្ញុំត្រៀមចិត្តថា នឹងមិនរៀនបន្តទេ ជិះយន្តហោះទៅប្រទេសស្វីសប្រសើរជាង ប៉ុន្តែមានអារម្មណ៍ថាគ្មានកម្លាំងអាចយកឈ្នះបានឡើយ។ ប្រសិនបើ១ឆ្នាំមុនប្រហែលជាអាច ប៉ុន្តែសភាពរបស់យើងក្នុងពេលនេះតើអាចទៅរួចឬទេ? ហើយតើប្រទេសស្វីសគេនិយាយភាសាអ្វីទៅ?»។
ខ្ញុំគិតគ្រប់យ៉ាងដោយខួរក្បាលដ៏ធ្ងន់របស់ខ្ញុំ ហើយក៏បានគេងលក់ដោយមិនដឹងខ្លួន។
នៅពេលបើកភ្នែកឡើង ខ្ញុំមានអារម្មណ៍ស្រស់ស្រាយខ្លាំងណាស់ អារម្មណ៍នឿយហត់មុននេះបាត់អស់រលីងស្ទើរតែមិនគួរឱ្យជឿទេ។
ខ្ញុំឆ្ងល់ចំពោះរាងកាយនិងចិត្តដែលផ្លាស់ប្ដូរយ៉ាងឆាប់រហ័សមួយស្របក់ ហើយក៏យល់ពីអត្ថន័យរបស់វាភ្លាមៗដែរ។
«ណ្ហើយចុះ យើងនឹងទៅស្វីស! នឹងទៅចាប់ផ្ដើមជីវិតពិតប្រាកដនៅទីនោះ!»។
ភ្នាល់ជាមួយនឹងឱកាសដែលចូលមកម្ដងទៀត
ខ្ញុំភាំងតែម្ដងពេលដែលដឹងពីកន្លែងលក់សំបុត្រយន្តហោះថាតើតម្លៃសំបុត្រទៅប្រទេសស្វីសប៉ុន្មាន វាគឺជាចំនួនប្រាក់ដែលខ្លួនខ្ញុំខណៈនោះពិតជាមិនអាចឈោងដល់ឡើយ។ កន្លងមកខ្ញុំយកប្រាក់ពីការធ្វើការងារក្រៅម៉ោងទៅទិញសៀវភៅអភិវឌ្ឍខ្លួន ឬបើមិនដូច្នោះទេយកទៅទិញស្រាសម្រាប់សាងទំនាក់ទំនងតាមដែលលោក ហ្កេលឡឺរ៍ បង្រៀន ដូច្នេះទោះជាព្យាយាមរកយ៉ាងណា ក៏ប្រាក់ដែលមានទាំងប៉ុន្មានក្នុងពេលនេះមិនគ្រប់ដែរ ប៉ុន្តែខ្ញុំមិនអាចទទួលយកបានទេបើមិនបានទៅប្រទេសស្វីសដោយសារតែគ្មានប្រាក់។ ពេលដែលគិតបែបនេះ ឈាមជាអ្នកតស៊ូរបស់ខ្ញុំក៏បានពុះកញ្ជ្រោលឡើង ហើយក៏សួរខ្លួនឯងថា «នេះគឺជាការសាកល្បងដំបូងមែនទេ» ខ្ញុំគិតហើយក៏ទ្រាំមិនញញឹមមិនបាន។ លោក ហ្កេលឡឺរ៍ ក៏ប្រហែលជាស្មានដឹងដែរថា ខ្ញុំនឹងស្ថិតនៅក្នុងស្ថានភាពនេះ ទើបកំណត់លក្ខខណ្ឌ២សប្ដាហ៍។
ភ្លើងដែលបានរលត់អស់រយៈពេល១ឆ្នាំបានវិលត្រឡប់មកឆេះសន្ធោសន្ធៅនៅក្នុងខ្លួនរបស់ខ្ញុំម្ដងទៀត។
អំឡុងពេលធ្វើដំណើរត្រឡប់មកពីហាងលក់សំបុត្រយន្តហោះ ខ្ញុំព្យាយាមរកវិធីដើម្បីជួយឱ្យមានប្រាក់គ្រប់សម្រាប់ទិញសំបុត្រយន្តហោះទៅប្រទេសស្វីសឱ្យបានក្នុងរយៈពេលត្រឹមតែ១០ថ្ងៃ ហើយខ្ញុំបាននឹកឃើញពាក្យបង្រៀនរបស់លោក ហ្កេលឡឺរ៍ ដែលថា «ពេលដែលជួបរឿងបែបនេះ ហើយ ថាតើយើងអាចដោះស្រាយឱ្យអាចយករួចខ្លួនបានកម្រិតណា នេះហើយគឺជាកត្តាវិនិច្ឆ័យថាតើឆាកជីវិតនេះជោគជ័យឬបរាជ័យ»។
បើខ្ញុំទទួលបរិច្ចាគពីអ្នកដទៃម្នាក់ ១ម៉ឺនយេន ដោយសន្យាថានឹងនាំយកអាថ៌កំបាំងទាក់ទងនឹងរឿងប្រាក់ពីប្រទេសស្វីសមកចែករំលែកនោះការរកអ្នកបរិច្ចាគជាង១០នាក់មិនគួរណាពិបាកទេ ទៅសុំដើមទុនពីអ្នកធុរកិច្ចដែលស្គាល់គ្នាក៏បាន។ ខ្ញុំគិតរកប្រាក់បានជាច្រើនវិធី ប៉ុន្តែគ្មានវិធីណាដែលធ្វើឱ្យមានអារម្មណ៍ថា «នេះគឺជាវិធីដែលត្រឹមត្រូវ»ឡើយ ព្រោះពេលដែលនឹកដល់វត្ថុបំណងនៃការធ្វើដំណើរលើកនេះ វិធីទាំងនោះហាក់ដូចជាងាយពេក។ លោក ហ្កេលឡឺរ៍ និយាយជានិច្ចថា ការដែលអាចក្លាយជាសេដ្ឋីបានត្រូវមានសោភណភាពនៅក្នុងបេះដូង បើដឹងថាខ្ញុំរកប្រាក់ទៅស្វីសដោយវិធីរាក់កំភែលដូចជា «សន្យាថានឹងចែករំលែកអាថ៌កំបាំងទាក់ទងនឹងរឿងប្រាក់» នោះគាត់ប្រហែលជាខកបំណងខ្លាំងណាស់។ ទោះជាចូលចិត្តប្រើគំនិតច្នៃប្រឌិតមកធ្វើឱ្យសម្រេចគោលដៅក៏ដោយ ប៉ុន្តែគាត់ស្អប់ការធ្វើអ្វីដែលងាយៗដើម្បីឱ្យបានប្រាក់ខ្លាំងណាស់ ព្រោះគាត់ជឿថា ការធ្វើបែបនេះនឹងធ្វើឱ្យយើងក្លាយជាមនុស្សដែលគ្មានតម្លៃ។
ទីបំផុតខ្ញុំបានជ្រើសរើសយកវិធីចាស់គឺ ប្រើកម្លាំងប្ដូរជាមួយប្រាក់។ វិធីនេះធ្វើឱ្យខ្ញុំមានអារម្មណ៍ថា បានប្រាក់ពីការបញ្ចេញកម្លាំងធ្វើការយ៉ាងពិតប្រាកដ។ អ្វីដែលសំខាន់ការធ្វើការដោយភាពនឿយហត់នឹងជួយលាងជម្រះជីវិតដែលស្ពឹកស្រពន់របស់ខ្ញុំក្នុងពេលនេះចេញបាន ថែមទាំងជាការលត់ដំខ្លួនឱ្យត្រៀមលក្ខណៈសម្រាប់ធ្វើសឹកដ៏ធំនៅស្វីសបានទៀតផង។
ការងារដែលត្រូវប្រើកម្លាំងលំបាកជាងដែលបានគិតទុកឆ្ងាយណាស់ ប៉ុន្តែវាមានចំណុចល្អត្រង់ធ្វើឱ្យគេងលក់បានស្កប់ស្កល់។
ខណៈនោះ សេដ្ឋកិច្ចជប៉ុនស្ថិតនៅក្នុងស្ថានភាពមិនល្អ ដូច្នេះការរកការងារពិសេសដែលត្រូវប្រើកម្លាំងមិនមែនជារឿងពិបាកឡើយ។
ខ្ញុំធ្វើការធ្ងន់ជាប់ៗគ្នារយៈពេល១០ថ្ងៃ ហើយទីបំផុតក៏បានសំបុត្រយន្តហោះទៅប្រទេសស្វីស។
ទំព័រ 281
ទំហំខ្នាត H= 20.5cm , W= 14.5cm
ប្រែសម្រួលដោយ រស់ សុខលៀង
សម្រួលអត្ថបទដោយ ឌុំ ដាវុយ
Reviews
There are no reviews yet.