Description
ក្រោយសាទរសហសតវត្សរ៍ថ្មី នៅដើមសតវត្សរ៍ទី២១ ពិភពលោកបានឆ្លងកាត់នូវព្រឹត្តិការណ៍ធំៗជាច្រើន។ បញ្ហាភេរវកម្ម បដិវត្តន៍ អារ៉ាប់ បញ្ហាអាវុធនុយក្លេអ៊ែរនៅកូរ៉េខាងជើង និងអុីរ៉ង់ បញ្ហាវិបត្តិសេដ្ឋកិច្ចនៅអឺរ៉ុប ជម្លោះរាំរ៉ៃនៅមជ្ឈិមបូព៌ា ជម្លោះនៅអឺរ៉ុបខាងកើត ការលេចត្រដែតនៃមហាយក្សចិន បញ្ហាសមុទ្រចិនខាងត្បូង ការរង្គោះរង្គើនៃសហភាពអឺរ៉ុប ការកកើតអង្គការរដ្ឋអុីស្លាមជាដើម សុទ្ធតែជាព្រឹត្តិការណ៍សំខាន់របស់ពិភពលោកដែលបានកើតឡើង និងបន្តកើតឡើងក្នុងរយៈពេលមិនដល់២០ឆ្នាំផងក្នុងដើមសតវត្សរ៍ទី២១នេះ។ ជាមួយព្រឹត្តិការណ៍គួរឲ្យចាប់អារម្មណ៍ និងជាប្រយោជន៍ក្នុងការពិចារណា ឯខ្ញុំបែរជាសរសេររៀបរាប់លំអិតច្រើន អំពីដំណើរជីវិតរបស់មនុស្សមួយក្រុមទៅវិញ។ ការលំអិតអំពីប្រវត្តិរបស់បុគ្គល ពីព្រោះបុគ្គលទាំងនេះហើយដែលជាប់ពាក់ ព័ន្ធនឹងព្រឹត្តិការណ៍ពិភពលោកទាំងនោះ។
លេខ «២១» គឺសំដៅទៅរកចំណុចប្រសព្វសំខាន់ពីរ គឺតំណាង ឲ្យចំនួនមេដឹកនាំ២១រូប និងដើមសតវត្សរ៍ទី២១។ ខ្ញុំបានរៀបរាប់ ជីវប្រវត្តិលំអិតគួរសម របស់មេដឹកនាំពិភពលោកល្បីល្បាញចំនួន២១រូប ជាមួយព្រឹត្តិការណ៍នានាដែល កើតក្នុងកំឡុងពេលនៃការកាន់អំណាចរបស់គាត់ និងដោយសារពួកគាត់។ តើពួកគាត់ជានរណា? កើតពេលណា? ក្នុងគ្រួសារបែបណា? ទទួលបានការអប់រំកម្រិតណា? ចូលសង្វៀននយោបាយ និងបានកាន់កាប់អំណាចដោយរបៀបណា? តើចាកចេញពីអំណាចដោយរបៀបណា? តើមានព្រឹត្តិការណ៍អ្វីខ្លះកើតឡើងក្នុងកំឡុងនៃការកាន់តំណែងរបស់គាត់? តើគាត់មានជីវិតផ្ទាល់ខ្លួន ឬឯកជនបែបណាខ្លះ? ហើយអ្នកខ្លះទៀត ត្រូវបញ្ចប់ជីវិតបែបណា? សុទ្ធតែជាអ្វីដែលសៀវភៅនេះនឹងបកស្រាយ។ ម្យ៉ាងវិញទៀត ពីថ្ងៃទី១ ខែមករា ឆ្នាំ២០០០ ដល់បច្ចុប្បន្ន ជាដែនកំណត់ដែលត្រូវយកមកសិក្សាស្រាវជ្រាវ និងចងក្រង ប៉ុន្តែក៏មានខ្លះដែរព្រឹត្តិការណ៍ពីសតវត្សរ៍មុនដែលត្រូវប្រទាក់ក្រឡាគ្នាមកដល់ដើមសតវត្សរ៍នេះ។
Reviews
There are no reviews yet.