Description
ជម្នះឧបសគ្គជោគជ័យក្នុងការលក់
នៅពេលខ្ញុំចាប់ផ្តើមការលក់ដំបូង ខ្ញុំបានដើរលក់ពីការិយាល័យមួយទៅ ការិយាល័យមួយនៅពេលថ្ងៃនិងដើរលក់ពីផ្ទះមួយទៅផ្ទះមួយនៅពេលល្ងាច។ ខ្ញុំ មានការភ័យខ្លាចក្នុងការបិទការលក់យ៉ាងខ្លាំង។
ជារៀងរាល់ថ្ងៃ ខ្ញុំនឹងប្រញាប់ចេញទៅលក់ទាំងភ័យខ្លាចក្នុងការជួបជា មួយអតិថិជនផងនិងប្រញាប់និយាយពីទំនិញនិងសេវាកម្មរបស់ខ្ញុំផង។ បន្ទាប់មក នៅចុងបញ្ចប់នៃការសន្ទនា ខ្ញុំនឹងអួលដើម-ក ហើយសួរសំណួរយ៉ាងស្ទាក់ស្ទើរថា«តើអ្នកគិតយ៉ាងម៉េចដែរពេលនេះ?»។
ជាញឹកញាប់ អតិថិជននឹងនិយាយថា«បាទ! ទុកវានៅហ្នឹងហើយ ខ្ញុំសុំគិតមើលសិន»។ ក្រោយមក ខ្ញុំបានដឹងថា ពាក្យ«ខ្ញុំសុំគិតមើលសិន»ឬ«ខ្ញុំសុំពិចារណា ពីវាសិន» ជាការនិយាយគួរសមរបស់អតិថិជនចំពោះពាក្យថា«លាសិនហើយយើងនឹងមិនជួបគ្នាម្តងទៀតទេ»។
ខ្ញុំមានការជឿជាក់ដោយខ្លួនឯងថា មនុស្សគ្រប់គ្នាកំពុងគិតពិចារណាពី វានិងជឿជាក់ថា ទូរសព្ទរបស់ខ្ញុំនឹងរោទ៍ក្នុងពេលបន្តិចទៀតនេះពីអតិថិជនដែលមានបំណងទិញ ប៉ុន្តែគ្មាននរណាម្នាក់បានហៅទូរសព្ទមកទេ។
ទីបំផុត ខ្ញុំបានដឹងថា វាមិនមែនជាទំនិញ តម្លៃ ទីផ្សារ ឬគូប្រកួតប្រជែង នោះទេដែលរារាំងខ្ញុំពីការលក់។ វាគឺខ្លួនខ្ញុំនេះឯង។ ជាពិសេសបំផុត វាគឺជាការភ័យខ្លាចរបស់ខ្ញុំក្នុងការសួរសំណួរបិទការលក់ហ្នឹងឯង។
នៅថ្ងៃមួយ ខ្ញុំបានសម្រេចចិត្តថា ខ្ញុំមានការខកបំណងនិងបរាជ័យល្មម គ្រប់គ្រាន់ហើយ។ រាល់ការហៅទូរសព្ទរបស់ខ្ញុំក្រោយៗ នៅពេលអតិថិជននិយាយថា«ខ្ញុំសុំគិតមើលសិន»។ ខ្ញុំបានឆ្លើយតបដោយបេះដូងរបស់ខ្ញុំស្ថិតនៅនឹងកញ្ចឹងកថា«ខ្ញុំសូមទោស ខ្ញុំមិនអាចហៅទូរសព្ទមកពេលក្រោយទេ»។
អតិថិជននឹងមានការភ្ញាក់ផ្អើល៖ «តើអ្នកមិនអាចហៅទូរសព្ទមកនៅពេលក្រោយទេមែនទេ?»។
ខ្ញុំនិយាយថា«អ្នកបានដឹងពីអ្វីគ្រប់យ៉ាងដែលអ្នកត្រូវដឹងដើម្បីធ្វើការសម្រេចចិត្តនៅពេលនេះអស់ហើយ។ ហេតុអ្វីបានជាអ្នកមិនយកវា?»។
ពេលខ្លះ ខ្ញុំនិយាយពាក្យនេះពេលសន្ទនាលក់ជាមួយអតិថិជនផ្ទាល់ គាត់បានសម្លឹងមើលមុខខ្ញុំ បន្ទាប់មកសម្លឹងមើលខិត្តបណ្ណរបស់ខ្ញុំ ហើយបន្ទាប់មកទៀតចង់ដឹងព័ត៌មាន រួចនិយាយថា«បាន! ប្រសិនបើអ្នកមិនទូរសព្ទមកនៅពេលក្រោយទេ ខ្ញុំនឹងយកវា»។
គាត់ក៏បានយកសៀវភៅសែករបស់គាត់ ចុះហត្ថលេខាបញ្ជាទិញទូទាត់ ប្រាក់ឱ្យខ្ញុំ ហើយបានអរគុណខ្ញុំដែលបានមកជួបគាត់។ ខ្ញុំបានដើរចេញព្រម ជាមួយអារម្មណ៍ងឿងឆ្ងល់ក្នុងចិត្តបំផុត។ ខ្ញុំទើបបានជួបប្រទះនឹងរបកគំហើញដ៏សំខាន់បំផុត។
ខ្ញុំបានដើរទៅផ្ទះបន្ទាប់ទៀត ធ្វើបទបង្ហាញរបស់ខ្ញុំទៅដល់អតិថិជន ហើយបានប្រើពាក្យដូចគ្នានៅពេលគាត់សុំពេលដើម្បីគិតមើលសិន៖ «ខ្ញុំមិនហៅទូរសព្ទមកពេលក្រោយទេ»។
គាត់នឹងនិយាយថា «អ្ហ៎! ខ្ញុំយកវាពេលនេះក៏បាន»។
ខ្ញុំលក់បានលើសពីបីក្នុងពេលតិចជាង៤៥នាទី បើប្រៀបធៀបជាមួយនឹងអត្រាលក់ធម្មតារបស់ខ្ញុំពីមុនស្មើនឹងលក់បានមួយសប្ដាហ៍។ ខ្ញុំកំពុងមានអារម្មណ៍រំភើបខ្លាំងបំផុត! នៅក្នុងរយៈពេលមួយខែ ខ្ញុំលក់បានច្រើនលើសគេនៅក្នុងក្រុមហ៊ុនរបស់ខ្ញុំ ខ្ញុំបានឡើងតំណែងជាប្រធានផ្នែកលក់និងបានបង្កើនប្រាក់ចំណូលរបស់ខ្ញុំ២០ដង! ខ្ញុំមានបុគ្គលិកលក់៣២នាក់ក្រោមការគ្រប់គ្រងរបស់ខ្ញុំ ខ្ញុំបានបណ្តុះបណ្តាលពីវិធីសុំការសម្រេចចិត្តទិញនៅពេលជួបគ្នាដំបូងដល់ពួកគេគ្រប់ៗគ្នា។ ធុរកិច្ចចាប់ផ្តើមរីកចម្រើន!
ច្រើនឆ្នាំក្រោយមក ខ្ញុំបានដឹងថា ចំណេះដឹងដ៏សំខាន់បំផុតទាក់ទងនឹង ជំនាញបិទ គឺជាបច្ច័យដ៏សំខាន់ក្នុងការសាងប្រាក់ចំណូលដែលអ្នកអាចសាងបានយ៉ាងពិតប្រាកដ។
ខ្ញុំបានសិក្សា ប្រតិបត្តិ និងប្រើទិចនិកបិទការលក់យ៉ាងច្រើនរាប់មិនអស់ គ្រប់យ៉ាងគឺមាននៅក្នុងសៀវភៅនេះ និងបានបណ្តុះបណ្តាលអ្នកលក់ជាងមួយលាននាក់ដើម្បីក្លាយជាអ្នកលក់ដ៏កំពូល។
ឧបសគ្គដ៏ធំបំផុតមួយដើម្បីជោគជ័យដ៏ធំធេងក្នុងការលក់គឺ សមត្ថភាព របស់អ្នកក្នុងការស្វែងរកអតិថិជនមកទិញទំនិញ។ គោលបំណងនៃសៀវភៅនេះគឺបង្ហាញអ្នកពីវិធីលុបបំបាត់ឧបសគ្គនេះ ដូច្នេះទើបអ្នកអាចបង្កើតការលក់និងរកចំណូលបានតាមដែលអ្នកចង់បាន។
គ្រប់អ្នកលក់កំពូលៗគឺជាមនុស្សពូកែក្នុងការបិទជានិច្ច។ ពួកគេដឹងពីវិធី ស្វែងរកអតិថិជនគោលដៅ កំណត់ពីតម្រូវការ សាងទំនុកចិត្ត ដោះស្រាយការ បដិសេធ និងសុំការសម្រេចចិត្តទិញនៅក្នុងវិធីផ្សេងៗជាច្រើន។ ពួកគេយល់ពី មូលហេតុដែលអតិថិជនសូញសាញនិងពន្យារពេល ហើយពួកគេដឹងពីរបៀប រៀបចំរចនាសម្ពន្ធការផ្តល់ជូនរបស់ពួកគេដើម្បីជម្នះលើឧបសគ្គទាំងនោះ។ ជាលទ្ធផល ពួកគេបានចូលទៅក្រុមអ្នកលក់ដ៏កំពូល២០%ដែលអាចរកចំណូលបានតាមដែលខ្លួនចង់បាន។
នៅពេលខ្ញុំចាប់ផ្តើមការលក់ ខ្ញុំមិនទទួលបានការបណ្តុះបណ្តាលអ្វីទាំង អស់។ ខ្ញុំទទួលបានតែខិត្តបណ្ណផ្សព្វផ្សាយមួយចំនួនដើម្បីអាននិងការណែនាំឱ្យ «ចេញទៅក្រៅ ហើយនិយាយជាមួយមនុស្ស»។ ខ្ញុំមានការភ័យខ្លាចចំពោះការចេញទៅលក់និងភ័យខ្លាចការបដិសេធដែលខ្ញុំទទួលបានជាខ្លាំង។ ខ្ញុំបានដើរឡើងទន់ជង្គង់ពីការិយាល័យមួយទៅការិយាល័យមួយ ពីផ្ទះមួយទៅផ្ទះមួយ ស្ទើរតែមិនអាចលក់បានដើម្បីចិញ្ចឹមជីវិត។
សំណួរដ៏ល្អបំផុត
បន្ទាប់មកនៅថ្ងៃមួយ ខ្ញុំចាប់ផ្តើមសួរខ្លួនឯងថា«តើហេតុអ្វីបានជាអ្នកលក់មួយចំនួនទទួលជោគជ័យច្រើនជាងអ្នកដទៃ?» សំណួរនេះបានផ្លាស់ប្តូរជីវិត របស់ខ្ញុំ។ ចាប់ពីថ្ងៃនោះមក ខ្ញុំបានសុំដំបូន្មានពីអ្នកលក់ដទៃទៀត ជាពិសេសពីវិធីឆ្លើយតបការបដិសេធ និងបិទការលក់។ ខ្ញុំបានអានគ្រប់សៀវភៅដែលខ្ញុំអាចរកឃើញនិងប្រតិបត្តិតាមគំនិតដ៏ល្អបំផុតដែលខ្ញុំទទួលបាន។ ខ្ញុំបានស្តាប់ខ្សែអាត់សំឡេងពីអ្នកលក់កំពូលៗនិយាយពីទិចនិករបស់ពួកគេ។ ខ្ញុំបានចូលរៀនវគ្គបណ្ដុះបណ្ដាលទាក់ទងនឹងការលក់ហើយអង្គុយនៅទីនោះមុខគេ។
ភាគច្រើន ខ្ញុំបានធ្វើសកម្មភាពអ្វីគ្រប់យ៉ាងដែលខ្ញុំបានរៀន។ ប្រសិនបើ វាជាគំនិតល្អ ខ្ញុំនឹងចេញទៅក្រៅភ្លាមៗ ហើយព្យាយាមធ្វើវាជាមួយអតិថិជន។ ខ្ញុំបានរកឃើញនៅពេលក្រោយថា នេះគឺជាវិធីមួយគត់ដើម្បីរៀន ពេលនេះគឺជា ភាពអាចទៅរួចយ៉ាងពិតប្រាកដនៃជោគជ័យឬបរាជ័យ។
សំខាន់ជាងនេះ ខ្ញុំបានរៀនពីវិធីសុំការសម្រេចចិត្តទិញនិងបិទការលក់។ ខ្ញុំអនុវត្តគ្រប់ទិចនិកបិទដែលខ្ញុំបានរកឃើញជាច្រើនដងជាមួយអតិថិជនដែល សូញសាញ។ ទីបំផុត ខ្ញុំបានឈានដល់ចំណុចមួយដែលខ្ញុំលែងភ័យខ្លាចក្នុងការស្នើសុំអតិថិជនធ្វើការសម្រេចចិត្តទិញទាំងស្រុង។ ជំនាញនេះបាននាំខ្ញុំពីភាពក្រីក្រទៅរកភាពមានបាន ពីអ្នកលក់ធម្មតាទៅជាអ្នកលក់ដ៏កំពូលនៅគ្រប់អង្គភាពលក់ដែលខ្ញុំធ្លាប់បម្រើការងារ។
របកគំហើញដ៏អស្ចារ្យបំផុត
ក្រោយមក ខ្ញុំបានដឹងពីរឿងដ៏អស្ចារ្យបំផុតថា ប្រសិនបើអ្នកមានភាពស្ទាត់ជំនាញក្នុងការបិទការលក់និងជឿជាក់ទៅលើសមត្ថភាពរបស់អ្នកនៅក្នុងការ ស្នើសុំការសម្រេចចិត្តទិញនៅចុងបញ្ចប់នៃការសន្ទនា អ្នកនឹងមានភាពក្លៀវក្លាក្នុងការស្វែងរកអតិថិជនកាន់តែខ្លាំង។ អ្នកនឹងមានការគោរពខ្លួនឯងខ្ពស់ ឯរូបភាពចំពោះខ្លួនឯងកាន់តែប្រសើរឡើង។ អ្នកនឹងសកម្មក្នុងការលក់ជារៀងរាល់ថ្ងៃ ហើយអ្នកនឹងប្រើពេលវេលារបស់អ្នកកាន់តែប្រសើរឡើង។
ដោយសារអ្នកដឹងថា អ្នកអាចបិទការលក់បាន អ្នកនឹងមានអារម្មណ៍ដូច អ្នកឈ្នះគ្រប់ពេលវេលា។ ការជឿជាក់លើខ្លួនឯងនេះនឹងហុចផលវិជ្ជមានទៅលើអតិថិជនរបស់អ្នក ធ្វើឱ្យពួកគេចង់ទិញពីអ្នកកាន់តែខ្លាំងឡើង។ អាជីពលក់ ទាំងមូលរបស់អ្នកនឹងទទួលជោគជ័យកាន់តែច្រើនឡើង។
ដំណឹងល្អនោះគឺថាគ្រប់ជំនាញលក់ រួមទាំងការបិទការលក់ផងដែរ អាចអភិវឌ្ឍបាននិងអាចរៀនបាន។ ប្រសិនបើអ្នកអាចបើក រថយន្តបាន អ្នកក៏អាចរៀនពីវិធីបិទការលក់បានដែរ។
ដំណឹងល្អនោះគឺថា គ្រប់ជំនាញលក់ រួមទាំងការបិទការលក់ផងដែរ គឺអាចអភិវឌ្ឍបាននិងអាចរៀនបាន។ ប្រសិនបើអ្នកអាចបើករថយន្តបាន អ្នកក៏អាចរៀនពីវិធីបិទការលក់បានដែរ។ មូលហេតុមួយគត់ដែលអ្នកអាចភ័យខ្លាចចំពោះការបិទនៅថ្ងៃនេះ គឺដោយសារអ្នកមិនទាន់មានជំនាញក្នុងផ្នែកនេះ ប៉ុន្តែនៅពេលអ្នករៀនពីវិធីបិទ ប្រើវិធីសាស្ត្រដែលបានពិសោធរួចមកហើយ ហើយបើអ្នកអាចប្រើវាម្តងហើយម្តងទៀតនោះ អ្នកនឹងកាន់តែប្រសើរឡើងទាំងខ្លួនអ្នកនិងលទ្ធផល។ មិនយូរប៉ុន្មាន អ្នកនឹងក្លាយជាមនុស្សដ៏ជោគជ័យនិងមានប្រាក់ចំណូលខ្ពស់បំផុតម្នាក់នៅក្នុងវិស័យរបស់អ្នក ហើយអនាគតរបស់អ្នកនឹងគ្មានព្រំដែនកំណត់នោះឡើយ។
ទំព័រ 245
ទំហំខ្នាត H= 20.5cm , W= 14.5cm
បកប្រែដោយ យ៉ែម វណ្ណា
សម្រួលអត្ថបទដោយ ប្រាជ្ង វិជ័យ
Reviews
There are no reviews yet.