Description
ជាទូទៅ មនុស្សតែងមានភាពខុសប្លែកគ្នា មិនថាផ្នែកខាងរូបរាងកាយផ្នែកខាងប្រាជ្ញាស្មារតី ផ្នែកខាងឧបនិស្ស័យ គោលការណ៍ ឬវប្បធម៌ ដែលធ្វើឱ្យបុគ្គលម្នាក់ៗអាចមានភាពខុសប្លែកគ្នា និងក៏ក្លាយទៅជាគោលដៅដ៏ចម្បងមួយរបស់ពួកជនទំនើង ដែលកំពុងតែដេញតាមចងអាឃាតព្យាបាទដល់អ្នកទន់ខ្សោយដោយចេតនាក្តីនិងដោយអចេតនាក្តី។ រឿងរ៉ាវទាំងអស់នេះ វាសុទ្ធតែជារឿងដែលកើតឡើង ហើយដក់ជាប់នៅក្នុងក្រអៅបេះដូងរបស់អ្នកដែលរងគ្រោះ និងធ្វើឱ្យមានការឈឺចាប់គ្រប់ពេលវេលានៅពេលដែលនឹកឃើញដល់វាភ្លាម មិនថារឿងរ៉ាវទាំងនោះបានកន្លងផុតទៅយូរប៉ុនណាហើយក៏ដោយ។
“អ្នកមិនមែនជាមនុស្សដែលត្រូវគេបៀតបៀនគេធ្វើបាបតែម្នាក់ឯងនោះទេ ព្រោះថាការបៀតបៀនការធ្វើបាបនេះ វាគឺជារឿងដែលកើតមានឡើងទូទាំងសកលលោកនិងជាយូរណាស់មកហើយ”។
គ្រាន់តែមើលឃើញប្រយោគដំបូងរបស់សៀវភៅមួយក្បាលនេះគឺ Stand Strong=ឈរនៅលើគោលជំហរដ៏រឹងមាំ របស់លោក និក វូជិសុក ដែលជាបុរសពិការដៃជើងតាំងពីកំណើតដែលជាអ្នកដែលផ្តល់កម្លាំងចិត្តដល់មនុស្សទូទាំងសកលលោកឱ្យមានចិត្តរឹងមាំហើយនោះ ធ្វើឱ្យខ្ញុំមានអារម្មណ៍ថាហាក់ដូចជាកំពុងតែធ្លាក់ចូលទៅក្នុងរង្វង់ដៃឱបដ៏កក់ក្តៅរបស់កល្យាណមិត្តម្នាក់នេះ ដែលពោរពេញទៅដោយការយល់ចិត្តយល់ថ្លើមគ្នាបំផុតចាប់តាំងពីវិនាទីដំបូង។
ពិតមែនហើយ មនុស្សយើងម្នាក់ៗសុទ្ធតែធ្លាប់ឆ្លងកាត់បទពិសោធនៃការបៀតបៀនការធ្វើបាបពីអ្នកដទៃរួចមកហើយ យ៉ាងហោចណាស់ក៏ម្តងដែរក្នុងមួយឆាកជីវិត។ វាអាចជាការមើលងាយដោយខ្សែភ្នែក ដោយពាក្យសម្តី ឬដោយសារលិខិតរបស់ពួកជន“ទំនើង” ដែលទន្ទឹងចាំមើលតែចំណុចឆកល្វែងរបស់យើងគ្រប់ពេលវេលា វាអាចជាការធ្វើបាបដែលគ្មានភស្តុតាងឬមានភស្តុតាងក៏ដោយ ប៉ុន្តែរឿងដែលកើតមានដូចគ្នានៅក្នុងបទពិសោធនោះគឺ“ការឈឺចាប់នៅក្នុងចិត្ត”ដែលមិនអាចបំភ្លេចបាន។
មានតែបុគ្គលម្នាក់គត់ដែលយល់ពីទឹកចិត្តរបស់មនុស្សដែលត្រូវគេបៀតបៀនគេធ្វើបាបយ៉ាងស៊ីជម្រៅ បុគ្គលម្នាក់នោះគឺលោក និក វូជិស៊ិកហ្នឹងឯង។
នៅក្នុងសៀវភៅមួយក្បាលនេះ លោកនិកនិយាយអំពីបទពិសោធផ្ទាល់ខ្លួននិងបទពិសោធរបស់បុគ្គលផ្សេងៗជាច្រើននាក់ទៀតដែលគាត់ធ្លាប់បានជួបប្រទះនិងដឹងពីការឈឺចាប់របស់អ្នកដែលត្រូវគេបៀតបៀនគេធ្វើបាបកន្លងមក វាជាការបៀតបៀនការធ្វើបាបដោយភាសាសាមញ្ញធម្មតា តែវាពោរពេញទៅដោយអំណាចដ៏មហាសាលបំផុត គួបផ្សំជាមួយអារម្មណ៍ ឈឺចាប់ទៅតាមលក្ខណៈផ្សេងៗរបស់បុគ្គលម្នាក់ៗ។ ឥឡូវនេះ លោកនិក នាំពួកយើងឆ្លងកាត់អំណាចនៃការឈឺចាប់ដែលបណ្តាលមកពីការបៀតបៀន ការធ្វើបាបរបស់អ្នកដទៃ ថ្វីបើលោកនិកមិនអាចធ្វើការផ្លាស់ប្តូរដើមហេតុនៃការឈឺចាប់របស់អ្នកដទៃបាន តែគាត់ក៏អាចផ្លាស់ប្តូរបទពិសោធនៃការឈឺចាប់ដែលបណ្តាលមកពីការធ្វើបាបពីអ្នកដទៃជាច្រើនលើកច្រើនសារហូតទាល់តែធ្វើឱ្យគាត់អាចក្រោកឈរបាននៅលើគោលជំហរដ៏រឹងមាំ និងអាចនិពន្ធសៀវភៅមួយក្បាលនេះឡើងមកដើម្បីទុកជាឯកសារសម្រាប់ផ្តល់ កម្លាំងចិត្តដល់អ្នកដែលកំពុងតែប្រឈមមុខជាមួយនឹងស្ថានភាពដែលត្រូវគេបៀតបៀនគេធ្វើបាបដូចជារូបគាត់ដែរ។
ក្រៅពីការត្រៀមខ្លួនដើម្បីទប់ទល់ជាមួយនឹងរឿងរ៉ាវដែលធ្វើឱ្យអ្នកក្លាយទៅជាផ្ទាំងស៊ីបរបស់ពួកជនទំនើងហើយនោះ លោកនិកថែមទាំងចែករំលែកនូវយុទ្ធសាស្ត្រល្អៗក្នុងការបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំដើម្បីយកឈ្នះពួកជនទំនើងដែលឋិតនៅត្រង់“ចិត្ត” ហើយអភិវឌ្ឍមូលដ្ឋានគ្រឹះរបស់ចិត្តគំនិតឱ្យឈ្លាសវៃលើសអ្នកដែលមកបៀតបៀនមកធ្វើបាបអ្នក ព្រមទាំងបង្កើតនូវការទំនាក់ទំនងយ៉ាងស្អិតល្មួតជាមួយក្រុមគ្រួសារនិងមិត្តភក្ដិដើម្បីយកឈ្នះឧបសគ្គផ្សេងៗ ហើយនឹងឈានឆ្ពោះទៅរកការអភិវឌ្ឍលើគ្រប់វិស័យបានយ៉ាងសប្បាយរីករាយបំផុត។ ជាមួយគ្នានេះ លោកនិកបាននិយាយបន្ថែមពីវិធីសាស្ត្រក្នុងការទប់ទល់ជាមួយនឹងការបៀតបៀននិងការធ្វើបាបតាមរយៈអ៊ិនធើណេតនៅក្នុងពិភពសម័យទំនើបនាពេលបច្ចុប្បន្ននិងវិធីសាស្ត្រក្នុងការទប់ទល់ជាមួយនឹងស្ថានការណ៍ផ្សេងៗជាច្រើនទៀតផងដែរ។ តាមរយៈនៃការស្រឡាញ់និងការអាណិតអាសូរ លោកនិកបានបបួលឱ្យពួកយើងទាំងអស់គ្នាឈរនៅលើគោលជំហរដ៏រឹងមាំ ដើម្បីកែប្រែរឿងរ៉ាវអាក្រក់ៗទាំងឡាយដែលកើតមកពីការបៀតបៀនការធ្វើបាប ឱ្យក្លាយទៅជារឿងល្អនិងថែរក្សាវាទុកឱ្យបានគង់វង្ស ព្រមទាំងជួយជ្រោមជ្រែងនិងជួយជូតទឹកភ្នែកដល់អ្នកដែលត្រូវគេបៀតបៀនឬគេធ្វើបាបនៅក្នុងសង្គមដែលយើងកំពុងតែរស់នៅផងដែរ។
ខ្ញុំបាទមានជំនឿយ៉ាងមុតមាំថា សៀវភៅមួយក្បាលនេះនឹងក្លាយទៅជាថ្នាំជំនួយកម្លាំងចិត្តសម្រាប់ប្រិយមិត្តដែលស្រឡាញ់ការអានសៀវភៅគ្រប់ៗគ្នា។
ម្យ៉ាងវិញទៀត តាមរយៈនៃការមានជំនឿដ៏រឹងមាំនេះ យើងអាចប្រើប្រាស់នូវវិធីសាស្ត្រដែលលោកនិកបានប្រគល់ឱ្យយើងនៅក្នុងសៀវភៅមួយក្បាលនេះដើម្បីយកមកបង្កើតប្រព័ន្ធការពារការធ្វើបាបពីអ្នកដទៃ នៅក្នុងក្រុមគ្រួសារ ក្នុងសាលារៀន ក្នុងការិយាល័យ ក្នុងទីប្រជុំជន និងក្នុងពិភពលោករបស់យើងទាំងមូល ឱ្យឈរនៅលើគោលជំហរដ៏រឹងមាំ ហើយនិងចេះឱ្យអភ័យទានដល់គ្នាទៅវិញទៅមកផងដែរ។
ទំព័រ 262
ទំហំខ្នាត H= 20.5cm , W= 14.5cm
បកប្រែដោយ តឺក រដ្ឋា
សម្រួលអត្ថបទ ប្រាជ្ង វិជ័យ
Reviews
There are no reviews yet.