បញ្ចូលថាមពលឱ្យជីវិតអ្នកសាជាថ្មីដើម្បីឱ្យជីវិតរបស់អ្នកខ្លាំងក្លា និង លូតលាស់គ្មានដែនកំណត់

$6 $5.00

Publish date: 2021-12-17

Category: Self development

Publisher: រោងពុម្ពព្រៃស

Author Name: គ្រឹះស្ថាន ដាំដើមជីវិត (DDJ)

99 Books Available.

Description:

សៀវភៅនេះប្រសូតចេញពីកាលដែលខ្ញុំនៅបំពេញការងារនៅវិទ្យុនៅឡើយ កាលនោះប្រហែលជា៩ឆ្នាំមុន ខ្ញុំជាអ្នកចូលចិត្តអានសៀវភៅ យ៉ាងខ្លាំង ហើយកាលនោះខ្ញុំមិនទាន់ចេញជាសៀវភៅផ្ទាល់ខ្លួននៅឡើយទេ ខ្ញុំតែងតែអានសៀវភៅជានិច្ច ជាពិសេសសៀវភៅទាក់ទងនឹងបរមគ្រូ ទាំង៣ ហើយយកគំនិតល្អៗទៅនិយាយក្នុងវិទ្យុ ជាលទ្ធផលមានការគាំទ្រនូវគំនិតខ្ញុំយ៉ាងច្រើន ទើបខ្ញុំព្យាយាមបកប្រែសៀវភៅរបស់ពួកលោកនៅពេលទំនេរដើម្បីយកទៅនិយាយ គឺមិនមែនដើម្បីធ្វើជាសៀវភៅបោះពុម្ពផ្សាយទេ។ កាលនោះខ្ញុំបានព្យាយាមអភិវឌ្ឍចំណេះដឹងផ្នែកចិត្តវិទ្យាយ៉ាងខ្លាំងក្លា ដើម្បីឱ្យដឹងកាន់តែច្បាស់លាស់និងត្រឹមត្រូវទាក់ទងនឹងគោលការណ៍ នៃជោគជ័យទាំងឡាយផ្សារភ្ជាប់ជាមួយចិត្តវិទ្យា។

ថ្ងៃនេះ ខ្ញុំក៏គិតប្រមូលនូវរឿងចាស់ៗមកបោះពុម្ពផ្សាយឡើងវិញព្រោះខ្ញុំគិតថាវាមានប្រយោជន៍ គឺថាបើអ្នកស្ដាប់គិតថាមានប្រយោជន៍ អ្នក អានក៏នឹងមានប្រយោជន៍ដូចគ្នា ហើយសូម្បីខ្លួនខ្ញុំក៏គិតថាមានប្រយោជន៍ដែរ នេះជាមូលហេតុដែលនាំឱ្យកើតសៀវភៅនេះឡើង។

រឿងដែលខ្ញុំលួចគិតតិចៗនៅក្នុងចិត្តរបស់ខ្ញុំគឺថា បើអ្នកអាននូវសៀវភៅនេះ នឹងធ្វើឱ្យអ្នកទទួលបានជោគជ័យគ្រប់ផ្នែកក្នុងជីវិត ប្រកប ដោយស្ថិរភាពនិងកាន់តែរហ័សឡើងជាក់ជាប្រាកដបើអ្នកយកទៅអនុវត្តដោយយកចិត្តទុកដាក់បន្ថែមទៀតនោះ។

គោលការណ៍ដែលមានក្នុងសៀវភៅនេះ មិនមែនជារឿងដែលខ្ញុំគិតឡើងដោយខ្លួនឯងទេ ប៉ុន្តែគឺជាគោលការណ៍ដែលបានរៀនបន្តមកពីបរមគ្រូទាំងឡាយរបស់ពិភពលោកតាំងតែពីអតីតកាលរហូតដល់​បច្ចុប្បន្ន ដោយខ្ញុំបានអានជាច្រើន ហើយក៏យកមករៀបជាសៀវភៅបែបនេះទៅ។ ក្នុងនេះដែរ ខ្ញុំនឹងនាំមកនូវគោលការណ៍ដាស់ថាមពលពីបរមគ្រូផ្នែកគំនិតថ្នាក់ពិភពលោកទាំង៣នាក់ដើម្បីមកជួយដាស់ថាមពលដែលកំពុងតែគេងលក់យ៉ាងស្កប់ស្កល់នៅក្នុងខ្លួនរបស់អ្នកឱ្យភ្ញាក់ឡើងនិងធ្វើឱ្យឃើញថា នរណាៗក៏អាចដើរឆ្លងព្រំដែនដើម្បីឆ្ពោះទៅរកជោគជ័យដែលមិនគួរឱ្យជឿបានដែរ។ ជាពិសេស ការប្ដូរទស្សនៈប្រភេទដែលថា «មិនអាចធ្វើបាន» «មិនអាចទៅរួច» «ចាំសិន» «យើងមិនល្អគ្រប់គ្រាន់» ។ល។ ឱ្យរលាយបាត់ពីជីវិតទៅដោយគ្មានថ្ងៃត្រឡប់មកវិញឡើយ។ ចូរជឿលើខ្លួនឯងចុះថា…អ្នកប្រាកដជាអាចធ្វើបាន!

សូមឱ្យមិត្តអ្នកអានទាំងអស់គ្នាមានសេចក្ដីសុខនឹងជោគជ័យគ្រប់ប្រការដែលបម្រុងនឹងកើតឡើងចំពោះអ្នកចាប់ពីវិនាទីនេះទៅ។

ទំព័រ 230
ទំហំខ្នាត H= 20.5cm , W= 14.5cm