យុទ្ធសាស្រ្តផ្តួលគូសត្រូវ

$3.756 $3.13

Publish date: 2021-12-17

Category: Business & Investment

Publisher: រោងពុម្ពព្រៃស

Author Name: គ្រឹះស្ថាន ដាំដើមជីវិត (DDJ)

99 Books Available.

Description:

សៀវភៅ«យុទ្ធសាស្រ្តផ្តួលគូសត្រូវ»នេះគឺជាការធ្វើឡើងសម្រាប់សហគ្រិនគ្រប់លំដាប់ថ្នាក់ សម្រាប់អ្នកចង់ក្លាយជាសហគ្រិន អាជីវករ អ្នកគ្រប់គ្រង អ្នកដឹកនាំ និងសម្រាប់អ្នកនយោបាយ អ្នកសិក្សាអំពីច្បាប់ អ្នកសិក្សាទស្សនវិជ្ជា និងភាសាវិជ្ជា ដោយផ្តោតជាសំខាន់ទៅលើការគ្រប់គ្រងអាជីវកម្ម ការដឹកនាំអង្គភាព ឬការរៀបចំយុទ្ធសាស្រ្តដើម្បីវាយផ្តួលសត្រូវ ឬគូប្រជែង ដោយការប្រើសិល្បៈនៃសង្រ្គាមដែលគេច្រើនតែនិយាយថា «ដឹ អាត អូហ្វ វ៉រ័ (The art of war)» នោះ។

យ៉ាងណាក៏ដោយ សិល្បៈនៃសង្រ្គាមនោះ នៅក្នុងសៀវភៅនេះ គឺខ្ញុំបានប្រែសម្រួលពាក្យពេចន៍ចេញពីសិល្បៈនៃសង្រ្គាមរបស់លោក ស៊ុន ជឺ (Sun Tzu) ខ្លះ របស់លោក នីកូឡូ ម៉ាឆៀវីលី (Niccolo Machiavelli) ខ្លះ ទ្រឹស្តីសង្រ្គាមនៃបុគ្គលសំខាន់ៗទៀតខ្លះ និងបង្កើតឡើងដោយខ្លួនខ្ញុំ ផ្ទាល់ខ្លះ ហើយប្រមូលចងក្រងវាធ្វើជាសៀវភៅមួយក្បាលដោយដាក់ចំណងជើងថា «យុទ្ធសាស្រ្តផ្តួលគូសត្រូវ» ដែលមានគោលដៅសំខាន់ចម្បង គឺឆ្ពោះទៅដណ្តើមយកជ័យជម្នះពីសមរភូមិអាជីវកម្មនិងការរកលុយនៅគ្រប់ទីកន្លែងនិងជុំវិញពិភពលោក។

គួរជម្រាបជូនថា យុទ្ធសាស្រ្តនិងសិល្បៈនេះមានភាពសំខាន់ខ្លាំង ណាស់។ វាជាចំណេះដឹងដ៏ជ្រាលជ្រៅ បើបុគ្គលណាបានសិក្សាហើយនោះ នឹងបែកប្រាជ្ញា ផ្លាស់ប្តូរគំនិត ចង់ក្លាយជាអ្នកឈ្នះជាមិនខាន។ ក្នុងការចង់ឈ្នះនោះទៀតសោត ក៏មិនមែនចង់ឈ្នះដោយមិនមានរបៀបឬបែបផែនអ្វីនោះដែរ គឺសុទ្ធតែចង់ឈ្នះដោយមានរបៀបឬបែបផែនជាពិតប្រាកដ និងមានគោលដៅច្បាស់លាស់ ដោយខ្លួនបុគ្គលនោះអាចនឹងដឹងបានថា ការចង់ឈ្នះរបស់ខ្លួននោះ ថាតើខ្លួនត្រូវរៀបចំយុទ្ធសាស្រ្តបែបណានិងត្រូវរៀបចំសិល្បៈអមនឹងយុទ្ធសាស្រ្តនោះដូចម្តេចដូច្នេះជាដើម ទើបខ្លួនអាចយកឈ្នះសត្រូវបាន។

មួយវិញទៀត យុទ្ធសាស្រ្តនិងសិល្បៈនោះគឺអ្នកត្រូវប្រើវាអស់មួយ ជីវិតដើម្បី​នឹងធ្វើឱ្យជីវិតរបស់អ្នកបានស្ថាបនាកាន់តែខ្ពស់ឡើងដោយការប្រើនូវយុទ្ធសាស្រ្តនិងសិល្បៈរបស់អ្នកនោះ។ ពាក្យនេះគឺសមដូច ស៊ុន ជឺ និយាយថា យុទ្ធសាស្រ្តនិងសិល្បៈនោះមិនគួរមនុស្សគ្រប់រូបមិនស្គាល់ មិនចេះ និងមិនដឹងនោះឡើយ។ យុទ្ធសាស្រ្តនិងសិល្បៈ មនុស្សគ្រប់រូបគួរតែស្គាល់ គួរតែចេះ និងគួរតែដឹង ព្រោះថាបើមនុស្សទាំងនោះបានយល់ដឹង ដោយល្អនៅក្នុងយុទ្ធសាស្រ្តនិងសិល្បៈហើយ នោះនឹងធ្វើឱ្យមនុស្សទាំងនោះរីកចម្រើនក្នុងពេលឆាប់ៗ ហើយនឹងរឹងមាំដោយសេដ្ឋកិច្ច មានលុយច្រើន មានទ្រព្យសម្បត្តិ មានកិត្តិយស កេរ្តិ៍ឈ្មោះ និងអំណាច ពេញមួយខ្សែជីវិត​។ ប៉ុន្តែបើសិក្សាមិនបានល្អទេ នោះសេចក្តីវិនាសធំក៏នឹងកើតឡើងដល់មនុស្ស ទាំងនោះផងដែរ។ ដូច្នេះដើម្បីជីវិតបានខ្ពង់ខ្ពស់ មានលុយច្រើន និងមាន ទ្រព្យសម្បត្តិ… មនុស្សគ្រប់រូបត្រូវសិក្សាឱ្យបានល្អនិងយកចិត្តទុកដាក់ជាទីបំផុតទៅលើយុទ្ធសាស្រ្តនិងសិល្បៈនោះ។

ជាការពិតណាស់ ក្នុងជីវិតរបស់អ្នកគឺត្រូវតែសម្រេចយកការឈ្នះឱ្យបានដោយការប្រើយុទ្ធសាស្រ្តនិងសិល្បៈរបស់អ្នក។ លុះអ្នកឈ្នះហើយ នោះ អ្នកនឹងក្លាយជាអ្នកធំនិងខ្ពង់ខ្ពស់។ ចំណែកអ្នកចាញ់នឹងត្រូវរស់នៅក្នុងទីថោកទាប។

ចំពោះអ្នកក៏មិនចង់ឱ្យខ្លួនឯងក្លាយជាអ្នកចាញ់ដែរ តើមែនទេ?