ទស្សនៈទម្លុះជីវិត

$4.2 $3.50

Publish date: 2021-12-17

Category: Self development

Publisher: រោងពុម្ពព្រៃស

Author Name: គ្រឹះស្ថាន ដាំដើមជីវិត (DDJ)

99 Books Available.

Description:

មនុស្សគ្រប់រូបតែងតែប្រាថ្នាចង់បានចំណេះដឹងនិងការគិតដ៏ប្រសើរមួយសម្រាប់ខ្លួនឯងនិងសង្គមជាតិទាំងមូល។ ក៏ប៉ុន្តែអ្វីដែលអាចឈានទៅរកចំណុចកំពូលទាំងអស់អស់នោះបាន គឺយើងត្រូវតែពឹងផ្អែកលើរឿងពិតទាំងពីរយ៉ាង“ការសិក្សាស្រាវជ្រាវនិងការអនុវត្តជាក់ស្ដែង” ទើបអាចទទួល លទ្ធផលគាប់ប្រសើរទៅកើត។

ចំពោះការសិក្សារៀនសូត្រវិញ គឺមិនមែនសំដៅតែការរៀននៅសាលារៀនតែមួយមុខគត់ប៉ុណ្ណោះទេ។ អ្វីៗគ្រប់យ៉ាងនៅជុំវិញខ្លួនយើងទាំងអស់គឺសុទ្ធសឹងតែជាគ្រូរបស់យើងទាំងអស់ បូករួមទាំងធម្មជាតិនិងមជ្ឈដ្ឋានទូទៅផងដែរ។ ការរៀនមិនតម្រូវឱ្យយើងរៀនសព្វមុខវិជ្ជានោះទេ ក៏ប៉ុន្តែត្រូវរៀនយកចំណុចដែលល្អ សុចរិត និងត្រឹមត្រូវនៅក្នុងសង្គមទៅអនុវត្តនិងត្រូវជៀសវាងអំពើឧបាយមុខផ្សេងៗ ដែលនាំឱ្យហិនហោចដល់ទ្រព្យសម្បត្តិ និងពេលវេលាដ៏មានតម្លៃរបស់យើងថែមទៀតផង។

នៅសម័យបុព្វកាល ដូនតាខ្មែរយើងលោកបានខិតខំកត់ត្រានិងចងក្រងគម្ពីរនិងក្បួនតម្រាផ្សេងៗជាច្រើន និងបានឆ្លាក់នៅតាមប្រាសាទនានាជាដើមនៅក្នុងស្រុកនិងក្រៅស្រុកក៏មានដែរ គឺដើម្បីបន្សល់ទុកដល់យើងជាកូនចៅជំនាន់ក្រោយបានសិក្សាស្រាវគ្រប់ៗគ្នាគួរជាទីមោទនភាពក្រៃលែងបំផុត។

ខ្មែរយើងបានបាត់បង់គម្ពីរសាស្ត្រា គម្ពីរស្លឹករឹត និងក្បួនច្បាប់ជាច្រើនទៀតដែលដូនតាយើងខំខិតចងក្រង ប៉ុន្តែត្រូវបានឆាបឆេះដោយសារតែភ្លើងសង្គ្រាមដណ្តើមអំណាចគ្នា ជាពិសេសគឺសង្គ្រាមផ្ទៃក្នុង ដែលរ៉ាំរៃស៊ីរូង ដល់ខួរឆ្អឹងស្ទើរតែទាំងស្រុង។ សង្គ្រាមទាំងអស់នេះបានធ្វើឱ្យប្រទេសជាតិទាំងមូលជួបនូវវិបត្តិជាច្រើនរាប់មិនអស់ បាត់បង់ទឹកដី និងជីវិតប្រជាជនខ្មែរអស់រាប់លាននាក់ ដែលវាជារឿងគួរឱ្យសង្វេគជាពន់ពេក។

ចំពោះសៀវភៅមួយក្បាលនេះផងដែរ បានជាខ្ញុំខិតខំសម្រិតសម្រាំងយកតែពាក្យខ្លី ខ្លឹម ងាយៗ ព្រោះថាមិនចង់ឱ្យមិត្តអ្នកអានទាំងអស់គ្នាមានភាពតានតឹង ធុញទ្រាន់ និងមានភាពស៊ាំញ៉ាំច្រើនក្នុងការអាន។ មួយទៀត ខ្ញុំមិនបានធ្វើជាមាតិការឿងទេ ដោយសារថាបើធ្វើទៅនឹងនាំឱ្យវែងអន្លាយព្រោះនេះជាកម្រងទស្សនៈចម្រុះដែលមានច្រើនទស្សនៈពេក។

ខ្ញុំរីករាយនឹងទទួលយកការរិះគន់របស់អ្នកទាំងអស់គ្នាដើម្បីស្ថាបនា នៅលើកក្រោយៗទៀត ដើម្បីធ្វើឱ្យសៀវភៅនេះកាន់តែមានតម្លៃនិងប្រសើរជាងនេះទ្វេដង។ ជាពិសេសគឺសូមអភ័យទោសទុកមុនរាល់កំហុសឆ្គងនូវអក្ខរាវិរុទ្ធត្រង់ចំណុចណាមួយដោយអចេតនាក្តីឬកង្វះខាតក្ដី ក៏ដូចជា ពាក្យពេចន៍សម្តីផងដែរ។

ពាក្យចាស់បុរាណពោលថា “ដំរីជើងបួនគង់មានភ្លាត់ អ្នកប្រាជ្ញចេះស្ទាត់គង់មានភ្លេច”។ ប្រសិនបើនិយាយឱ្យចំតែម្តងគឺខ្ញុំនៅមានការខ្វះខាតច្រើនដោយសារតែខ្ញុំជាអ្នកចំណូលថ្មី (អ្នកសរសេរថ្មី) គឺត្រូវការការណែនាំពីសំណាក់រៀមច្បង លោកគ្រូ អ្នកគ្រូ និងចាស់ព្រឹទ្ធាចារ្យជាដើម ដើម្បីបំពេញបន្ថែមរាល់កង្វះខាតទាំងនោះ។

“មនុស្សដែលធ្វើ រមែងជៀសមិនផុតពីកំហុសនោះទេ បើសិនខ្លាចខុសលុះត្រាតែអ្នកកុំធ្វើអ្វីទាំងអស់”។ ប៉ុន្តែអ្វីដែលសំខាន់គឺខុសត្រង់ណាយើងត្រូវកែតម្រូវវិញនៅត្រង់នោះភ្លាមៗ ទើបជាទង្វើរបស់អ្នកប្រាជ្ញនិងអ្នកមានឧត្តមគតិខ្ពង់ខ្ពស់រឹងមាំ មិនខ្លាចការលំបាក និងមិនខ្លាចមានកំហុស ព្រោះតែការលំបាកបង្រៀនមនុស្សឱ្យជោគជ័យ។  កំហុសបង្រៀនយើងឱ្យរកផ្លូវត្រូវឃើញឡើងវិញ។

ស្របតាមគោលដៅដែលធំបំផុតដែលបានបណ្តាលឱ្យខ្ញុំសរសេរសៀវភៅនេះឡើងគឺដើម្បីចង់ឱ្យមនុស្សចេះប្រើនូវអ្វីដែលខ្លួនឯងមាន (ការគិតដ៏ត្រឹមត្រូវដោយការប្រើវិចារណញ្ញាណ​ ប្រាជ្ញា និងគំនិតនៅក្នុងខួរក្បាលដែលមានស្រាប់)  ជាងការប្រើប្រាស់កម្លាំងកាយ “កម្លាំងបាយ” និងកសាងកំហុសឆ្គងដោយងងឹតងងុលមិនយល់ការរាក់ជ្រៅ។

មនុស្សល្ងង់និងមនុស្សឆ្លាត គឺពួកគេទាំងពីរនាក់គិតខុសគ្នាទើបបែងចែកជាមនុស្សល្ងង់និងមនុស្សឆ្លាតបាន។ អ្នកឆ្លាតតែងគិតវិជ្ជមាន រីឯ មនុស្សល្ងង់តែងភ័យខ្លាចនិងតែងគិតតែភាពអវិជ្ជមានជានិច្ច ទើបញុំាងឱ្យពួកគេមិនអាចទទួលបានលទ្ធផលល្អនៅក្នុងជីវិតបាន។

ជាអវសាននៃអារម្ភកថាដ៏ខ្លីមួយនេះ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់អស់លោក លោកស្រី អ្នកនាងកញ្ញា និងមិត្តអ្នកអានទាំងអស់ឱ្យប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ទំព័រ 168
ទំហំខ្នាត H= 20.5cm , W= 14.5cm