ចិត្តវិទ្យាជំរុញចិត្ត

$3.3 $2.75

Publish date: 2021-12-17

Category: Management and Leadership

Publisher: រោងពុម្ពព្រៃស

Author Name: គ្រឹះស្ថាន ដាំដើមជីវិត (DDJ)

99 Books Available.

Description:

អារម្ភកថា

គ្រប់អង្គភាពទាំងអស់ ធនធានដែលត្រូវបានប្រើតិចបំផុតនិងថ្លៃបំផុតគឺបុគ្គលិករបស់អង្គភាពនោះ។ សក្ដានុពលខ្ពស់បំផុតនៃការរីកចម្រើនការបង្កើតផលិតផល ការធ្វើការ ការទទួលបានជោគជ័យ និងការបានទទួលផលកម្រៃ គឺសុទ្ធតែបានមកពីជំនាញនិងសមត្ថភាពរបស់មនុស្ស     ធម្មតាទាំងអស់។ នៅក្នុងសៀវភៅមួយក្បាលនេះ អ្នកនឹងបានដឹងពីតួនាទី     ដ៏សំខាន់បំផុតនៃការគ្រប់គ្រងនិងសមត្ថភាពដើម្បីសាងកម្លាំងជំរុញចិត្តឱ្យអ្នកដទៃ ដើម្បីបន្ថែមសមត្ថភាពឱ្យខ្ពស់បំផុតនិងដើម្បីធ្វើឱ្យបុគ្គលិករបស់អ្ន​កអាចសាងស្នាដៃបានពេញទំហឹង។

រឿងមួយដែលយើងដឹងគឺ អ្នកមិនអាចសាងកម្លាំងជំរុញចិត្តឱ្យអ្នកដទៃបានដោយផ្ទាល់ទេ ប៉ុន្តែអ្នកអាចកម្ចាត់ឧបសគ្គដែលជាកត្តារារាំងកម្លាំងជំរុញចិត្តរបស់ពួកគេបាន។

ការសាងកម្លាំងជំរុញចិត្តដែលសំខាន់គឺ ការសាងកម្លាំងជំរុញចិត្តឱ្យខ្លួនឯង ហើយក្នុងនាមជាអ្នកគ្រប់គ្រង អ្នកគួរសាងបរិយាកាសដែលមាន ផលល្អសម្រាប់ការសាងកម្លាំងជំរុញចិត្តឱ្យខ្លួនឯង ហើយកម្លាំងជំរុញចិត្តនេះនឹងបង្ហាញចេញមកទៅតាមធម្មជាតិនិងតាមសញ្ជាតិញ្ញាណ។ ជាលទ្ធផល នឹងញុំាងឱ្យអ្នកដទៃនៅជុំវិញខ្លួនទទួលបានកម្លាំងជំរុញដូចគ្នាដែរ។

ទិន្នន័យពី Robert Half Associates បានបង្ហាញថា មនុស្សធម្មតា នឹងធ្វើការ៥០%នៃសមត្ថភាព ចំណែក៥០%ដែលនៅសល់ត្រូវបានបាត់បង់ ទៅដោយការជជែកជាមួយមិត្តរួមការងារក្នុងពេលធ្វើការឬយើងត្រូវខាតពេលវេលាទៅលើអ៊ីនធើណែត ការចូលធ្វើការងារយឺតពេល ចេញពីធ្វើការមុនម៉ោង ពន្យារពេលសម្រាកហូបកាហ្វេនិងអាហារថ្ងៃត្រង់ ព្រមទាំងធ្វើរឿងផ្ទាល់ខ្លួន។

ការខាតពេលគឺជាមូលហេតុមួយដែលធ្វើឱ្យអង្គភាពបាត់បង់ប្រាក់ច្រើនបំផុត ហើយមនុស្សដែលមិនបានទទួលកម្លាំងជំរុញចិត្តនិងមិនបានផ្ដល់ភាពសំខាន់ទៅលើការងាររបស់ខ្លួនឯងនោះ គឺជាមនុស្សដែលខ្វះភាពខ្នះខ្នែងនិងគ្មានលំដាប់នៃភាពសំខាន់របស់ការងារ ដែលនេះគឺជាបញ្ហាប្រឈមដែលអ្នកគ្រប់គ្រងដ៏ល្អអាចដោះស្រាយបាន។

ទាញយកផ្នែកដែលមិនបានប្រើ៥០%

ការងាររបស់អ្នកគឺ ទាញយកផ្នែកដែលមិនបានប្រើ៥០%ដើម្បីឱ្យផលិតការងារបានកាន់តែច្រើននិងកាន់តែល្អប្រសើរឡើង។

វត្ថុបំណងរបស់ធុរកិច្ចគឺ ការបានទទួលផលតបស្នងខ្ពស់បំផុតពីដើមទុនដែលបានវិនិយោគទៅលើក្រុមហ៊ុន។ ចំណែកគោលដៅរបស់ការគ្រប់គ្រងគឺ ការបានទទួលផលតបស្នងខ្ពស់បំផុតពីមនុស្សដែលធ្វើការឱ្យ      យើង ដែលដើមទុនផ្នែកហិរញ្ញវត្ថុត្រូវគណនាជាដុល្លារ ប៉ុន្តែដើមទុនមនុស្សវិញត្រូវគណនាដោយ ចិត្ត អារម្មណ៍ និងកម្លាំងរបស់បុគ្គលិកម្នាក់​ៗ។ ការងាររបស់អ្នកក្នុងនាមជាអ្នកគ្រប់គ្រងគឺ ប្រើដើមទុនមនុស្សឱ្យបានច្រើនបំផុតនិងផ្ដល់ភាពសំខាន់ទៅលើគោលដៅសំខាន់ឱ្យបានច្រើនបំផុតតាមដែលអាចធ្វើបានដើម្បីអង្គភាព។

កម្ចាត់កត្តាដែលកាត់បន្ថយកម្លាំងជំរុញចិត្ត

មានកត្តាដែលកាត់បន្ថយកម្លាំងជំរុញចិត្តសំខាន់ៗពីរយ៉ាងនៅក្នុងជីវិតនិងការងារ ដែលទាំងពីរយ៉ាងនេះគឺជាបច្ច័យដែលចាប់ផ្ដើមមានតាំងពីនៅជាយុវវ័យនិងជាប់ខ្លួនយើងរហូតដល់ពេលពេញវ័យ ហើយទាំងពីរយ៉ាងនេះរមែងទាក់ទងនឹងទម្លាប់អវិជ្ជមានឬលក្ខខណ្ឌនៃការមានប្រតិកម្មចំពោះវត្ថុដែលនៅជំវិញខ្លួនជាយូរយារណាស់មកហើយ។

កត្តាកាត់បន្ថយកម្លាំងជំរុញចិត្តដំបូងគេគឺ ការខ្លាចបរាជ័យ ដែលជាឧបសគ្គដ៏ធំបំផុតរបស់ភាពជោគជ័យនិងការសម្រេចគោលដៅនៅក្នុងជីវិតពេលដែលពេញវ័យ ព្រោះថាការកាត់បន្ថយកម្លាំងជំរុញចិត្តកាលពីនៅជាយុវវ័យនោះបានធ្វើឱ្យមនុស្សយើងធំមកព្រមជាមួយនឹងការខ្លាចធ្វើខុសឬបរាជ័យ។ នៅក្នុងការបំពេញការងារ ការភ័យខ្លាចទាំងនេះមានតួនាទីធ្វើឱ្យមនុស្សមិនហ៊ានប្រថុយនិងមិនទទួលខុសត្រូវចំពោះអ្វីដែលថ្មីៗ ឬមិនអភិវឌ្ឍខ្លួន ហើយការសាងភាពបរាជ័យបានរកមូលហេតុឬរកលេសជានិច្ចដើម្បីមិនធ្វើការងារ។

កត្តាកាត់បន្ថយកម្លាំងជំរុញចិត្តទីពីរគឺ ខ្លាចការបដិសេធ ដែលឧបសគ្គនេះកើតឡើងកាលពីនៅក្មេងពេលដែលឪពុកម្ដាយបដិបត្តចំពោះកូន ដោយ ការ«ស្រឡាញ់ដែលមានលក្ខខណ្ឌ» ដោយពួកគេបានផ្ដល់ក្ដីស្រឡាញ់និងការគាំទ្រដោយមានលក្ខខណ្ឌនិងដោយការប្រៀបធៀបទង្វើរបស់ក្មេងទៅនឹងមាត្រដ្ឋានខ្ពស់បំផុត ដូច្នេះហើយទើបពេលដែលក្មេងធំពេញវ័យឆាប់មានអារម្មណ៍ប៉ះពាល់ចំពោះគំនិត សំណើ និងការរិះគន់របស់អ្នកដទៃ ជាពិសេសចំពោះចៅហ្វាយនាយនៅកន្លែងធ្វើការ។

ការខ្លាចបដិសេធទីនេះក៏នៅសំដៅផងដែរដល់ការខ្លាចការរិះគន់ការដាក់ទោស ឬការទិតៀនផងដែរ នោះគឺខ្លាចការធ្វើខុសហើយនឹងត្រូវគេបោះបង់ចោល។ អ្នកគ្រប់គ្រងដ៏ល្អគឺជាមនុស្សដែល«ព្រមទទួលដោយគ្មានលក្ខខណ្ឌ»ចំពោះបុគ្គលិកម្នាក់ៗ ព្រមទាំងសាងអារម្មណ៍មានសុវត្ថិភាព ដល់បុគ្គលិក ស្ថិរភាពពេលដែលគេនៅជាមួយនឹងចៅហ្វាយនាយ និងពេល ធ្វើការងាររបស់ពួកគេ។

កម្ចាត់ភាពភ័យខ្លាចចោល

មានមូលហេតុជាច្រើនទៀតដែលធ្វើឱ្យកាត់បន្ថយកម្លាំងជំរុញចិត្តនិងការអនុវត្តដែលមានប្រសិទ្ធភាពទាប។ អង្គភាពនិងអ្នកគ្រប់គ្រងដែលចង់ឱ្យទទួលបានជោគជ័យ ត្រូវតែជាមនុស្សដែលមានស្មារតីនិងប្ដេជ្ញាចិត្តយកឈ្នះឧបសគ្គ ដោយធ្វើយ៉ាងណាឱ្យបុគ្គលិកមានវប្បធម៌និងគិតថា ការបរាជ័យឬការធ្វើខុសគឺជារឿងធម្មតា ដោយមិនត្រូវគេបដិសេធ បោះបង់ចោល ត្រូវគេរិះគន់ ឬត្រូវគេគំរាមកំហែងដោយការធ្វើខុសឡើយ។ អ្នកគ្រប់គ្រងដែលល្អបំផុតនឹងសាងបរិយាកាសដែលធ្វើឱ្យមនុស្សមានអារម្មណ៍ថាមានសេរីភាពនិងជឿជាក់លើខ្លួនឯងបានល្អបំផុត។

នៅក្នុងសៀវភៅមួយក្បាលនេះ អ្នកនឹងបានសិក្សាពីការអនុវត្ត វិធីដែលគេពិសោធរួចហើយ និងទិចនិកដែលអ្នកអាចយកទៅប្រើដើម្បីកាត់បន្ថយការខ្លាចបរាជ័យនិងការបដិសេធ ព្រមទាំងបន្ថែមនិន្នាការក្នុងការព្យាយាមធ្វើឱ្យបានច្រើននិងធ្វើឱ្យមនុស្សមានអារម្មណ៍ល្អចំពោះខ្លួនឯងពេលដែលពួកគេធ្វើការឱ្យអ្នក ហើយពេលដែលមនុស្សយើងមានអារម្មណ៍ល្អចំពោះខ្លួនឯងហើយនោះ ពួកគេនឹងបានទទួលកម្លាំងជំរុញចិត្តដើម្បីធ្វើការងារប្រកបដោយភាពខ្នះខ្នែងនិងដើម្បីជោគជ័យ។

គំនិតទាំងនេះមានមូលដ្ឋានមកពីការស្រាវជ្រាវនិងការហ្វឹកហាត់អស់រយៈពេលជាច្រើនឆ្នាំ។ ពេលខ្លះការប្រើគំនិតណាមួយពីគំនិតទាំងនេះអាចផ្លាស់ប្ដូរបរិយាកាសក្នុងការធ្វើការងារធម្មតាៗឱ្យក្លាយទៅជាបរិយាកាស ដ៏ល្អបានភ្លាមៗ។

បច្ច័យសំខាន់

បច្ច័យសំខាន់ក្នុងការសាងកម្លាំងជំរុញចិត្តដើម្បីឱ្យលទ្ធផលនៃការបដិបត្តិការងារល្អប្រសើរនោះមានតែមួយគត់គឺទំនាក់ទំនងរវាងអ្នកគ្រប់គ្រង និងកូនចៅ ដែលទំនាក់ទំនងនេះនឹងជាគន្លឹះសំខាន់នៃលទ្ធផលរបស់ការបដិបត្តិការ ការមានប្រសិទ្ធភាព ការបន្ថែមផលិតផល និងការបានកម្រៃរបស់អង្គភាព។ ការទំនាក់ទំនងគឺជារឿងសំខាន់និងជាសរសៃឈាមតភ្ជាប់      ពីតំបន់មួយទៅតំបន់មួយក្នុងរាងកាយ វាគឺជាកត្តាកំណត់លទ្ធផលនៃការបដិបត្តិនៅក្នុងអតីតកាល បច្ចុប្បន្ន និងអនាគតរបស់បុគ្គលនិងអង្គភាព។

បើទំនាក់ទំនងរវាងចៅហ្វាយនាយជាមួយនឹងកូនចៅវិជ្ជមាននិងពោរពេញទៅដោយការគាំទ្រនោះ លទ្ធផលរបស់ការងារនិងការបន្ថែមផលិតផលរបស់បុគ្គលិកនីមួយៗ នឹងឆ្ពោះទៅរកគោលដៅដែលខ្ពស់បំផុត ប៉ុន្តែបើទំនាក់ទំនងរវាងអ្នកគ្រប់គ្រងនិងកូនចៅអវិជ្ជមានមិនថាដោយសារមូលហេតុអ្វីក៏ដោយ លទ្ធផលនៃការបដិបត្តការងារនិងលទ្ធផលការងារនឹងមិនរលូនឡើយ ព្រោះសម្ពន្ធភាពអវិជ្ជមានជាមួយនឹងចៅហ្វាយនាយគឺជាកត្តាដែលធ្វើឱ្យខ្លាចបរាជ័យ ខ្លាចការបដិសេធ និងការមិនព្រមទទួលយក។

គំនិតនៅក្នុងសៀវភៅមួយក្បាលនេះ ផ្ដោតជាសំខាន់ទៅលើការអភិវឌ្ឍគុណភាពនៃទំនាក់ទំនងនិងការជួបគ្នារវាងអ្នកគ្រប់គ្រងជាមួយនឹងបុគ្គលិក ហើយអ្វីៗគ្រប់យ៉ាងដែលអ្នកធ្វើដើម្បីអភិវឌ្ឍគុណភាពជារួមនៅក្នុងជីវិតការងារនោះ អ្នកអាចធ្វើបានទោះជាអ្នកស្ថិតនៅលើកាំជណ្ដើរមួយណានៃការគ្រប់គ្រងក៏ដោយ។

រឿងចុងក្រោយដែលគួរចង់ចាំគឺពំនោលរបស់ Einstein ដែលបាននិយាយថានឹងគ្មានអ្វីកើតឡើងទេលុះត្រាតែមានវត្ថុណាមួយមានចលនា។  ដូចគ្នានេះដែរ នឹងគ្មានអ្វីកើតឡើងទេ លុះត្រាតែមាននរណាម្នាក់ធ្វើចលនា។ គំនិតទាំងនេះគ្មានតម្លៃឡើយ លុះត្រាតែអ្នកអនុវត្តឱ្យបានរហ័សបំផុតតាមដែលអាចធ្វើបាន។

អ្នកគ្រប់គ្រងដែលមានប្រសិទ្ធភាពនឹងចាប់អារម្មណ៍ទៅលើទង្វើជាពិសេស ហើយពេលដែលពួកគេបានឮគំនិតដ៏ល្អ ពួកគេនឹងធ្វើចលនាយ៉ាងរហ័សដើម្បីយកគំនិតនោះមកអនុវត្ត ដូច្នេះនៅខណៈដែលអ្នកអានសៀវភៅមួយក្បាលនេះ បើអ្នកបានសិក្សារឿងអ្វីក៏ដោយដែលអ្នកគិតថា វានឹងជួយឱ្យអ្នកសាងកម្លាំងជំរុញចិត្តដល់បុគ្គលិកបាននោះ អ្នកត្រូវធ្វើភា្លមដោយហ្វឹកហាត់និងអនុវត្តឱ្យបានញឹកញាប់ នោះអ្នកនឹងភ្ញាក់ផ្អើលចំពោះលទ្ធផលដែលនឹងទទួលបាន។

ទំព័រ 145
ទំហំខ្នាត H= 20.5cm , W= 14.5cm