កំពូលទិចនិកចរចា

$3.3 $2.75

Publish date: 2021-12-17

Category: Management and Leadership

Publisher: រោងពុម្ពព្រៃស

Author Name: គ្រឹះស្ថាន ដាំដើមជីវិត (DDJ)

99 Books Available.

Description:

អារម្ភកថា

ជំនាញក្នុងការចរចាគឺជាកត្តាកំណត់ជោគជ័យផ្នែកធុរកិច្ចនិងការរស់នៅបានយ៉ាងល្អ។​ ការចរចា គឺជាជំនាញសំខាន់ដែលផ្ដល់ផលចំពោះគ្រប់ទង្វើឬពាក្យសម្ដី ព្រមទាំងប្រតិកម្មស្ទើរតែទាំងអស់ ទាំងរឿងផ្ទាល់ខ្លួននិងធុរកិច្ច។ បើអ្នកធ្វើជាអ្នកតំណាងឱ្យការចរចាមិនបានល្អទេ អ្នកនឹងក្លាយជា​នុយរបស់អ្នកចរចាភ្លាម ប៉ុន្តែអ្នកនឹងមានចំណូលបានកាន់តែច្រើនឬទទួលបានកិច្ចព្រមព្រៀងដ៏ល្អប្រសិនបើអ្នកក្លាយជាអ្នកចរចាដ៏ពូកែ។

ជីវិតមានតែមួយប៉ុណ្ណោះ ប៉ុន្តែយើងចាំបាច់ត្រូវប្រើជំនាញក្នុងការចរចារហូតអស់មួយជីវិតតាំងពីកើតរហូតដល់ស្លាប់។​ ការចរចាគ្មានទីបញ្ចប់ទេ ហើយវាគឺជាផ្នែកមួយនៃការធ្វើធុរកិច្ចនិងទំនាក់ទំនងជាមួយនឹងអ្នកដទៃ និងជាវិធីធ្វើឱ្យបុគ្គលអាចរស់នៅនិងធ្វើការជាមួយគ្នាបានយ៉ាងល្អ ទោះបីមានចំណាប់អារម្មណ៍ខុសគ្នាយ៉ាងណាក៏ដោយ។ សមត្ថភាពក្នុងការចរចាគឺជារឿងសំខាន់ក្នុងការកំណត់ជោគជ័យដើម្បីទំនាក់ទំនងជាមួយនឹងបុគ្គលដទៃ។

ការចរចាកើតឡើងតាំងពីការចាប់ផ្ដើមនៃអរិយធម៌មកម្ល៉េះ ព្រោះមនុស្សយើងរមែងចាប់អារម្មណ៍លើការអភិវឌ្ឍជីវិតឱ្យល្អប្រសើរឡើង ដូចជា សេច​ក្ដីសុខ ភាពមានបាន តំណែង ស្នេហា ស្ថិរភាព ស្ថានភាព កេរ្តិ៍ឈ្មោះ និងជោគជ័យ ហើយមនុស្សគ្រប់គ្នាចង់បានអ្វីៗទាំងអស់នេះដោយវិធីដែលរហ័សនិងងាយស្រួលដោយត្រូវចំណាយពេលវេលានិងប្រាក់តិចបំផុត។

ជាមួយគ្នានេះដែរ យើងគ្រប់គ្នាប្រកួតប្រជែងជាមួយនឹងមនុស្សជាច្រើនដែលសុទ្ធតែជាអ្នកមានគោលដៅ លទ្ធផល និងដំណោះស្រាយតែមួយ។

ដើម្បីសេចក្ដីប្រាថ្នាទាំងនេះ យើងត្រូវចេះសម្របសម្រួល ចេះចរចា និងចេះផ្លាស់ប្ដូរ ដើម្បីឱ្យទទួលបានលទ្ធផលដ៏ល្អបំផុតតាមដែលអាចទៅរួច។

យុទ្ធសាស្រ្តនិងវិធីដែលប្រើបានពិតប្រាកដ

ជាច្រើនឆ្នាំមកហើយ ខ្ញុំធ្លាប់ចរចាលើកិច្ចសន្យាតម្លៃរាប់លានដុល្លារ ដែលមានដូចជា កិច្ចសន្យាទាក់ទងនឹងកន្លែងស្នាក់អាស្រ័យ ជំនួញ ឧស្សាហកម្ម អចលនទ្រព្យ ដែលរួមបញ្ចូលទាំងផ្សារទំនើប អគារសម្រាប់ការិយា​ល័យ និងការអភិវឌ្ឍដីធ្លី ហើយខ្ញុំធ្លាប់ចរចារឿងការនាំចូលនិងការចែកចាយរថ-យន្តដែលមានតម្លៃដល់ទៅ២៥លានដុល្លារ ព្រមទាំងកិច្ចសន្យាការបោះពុម្ព ការពិភាក្សា ការអប់រំ ការផ្សាយពាណិជ្ជកម្ម កិច្ចប្រជុំធំ ប្រជុំទូទៅ និងការលក់ទំនិញផ្សេងៗដែលមានតម្លៃរាប់លានដុល្លារ។

ដូច្នេះទើបគំនិតរបស់សៀវភៅមួយក្បាលនេះបានយកបទពិសោធដ៏ជោកជាំទាំងល្អនិងអាក្រក់ និងតាមរយៈការសិក្សាស្រាវជ្រាវដែលចំណាយពេលអស់ជាច្រើនឆ្នាំទាំងផ្នែកវិធីសាស្រ្តនិងសិល្បៈក្នុងការចរចាដើម្បីឱ្យមិត្តអ្នកអានបានសិក្សាពីយុទ្ធសាស្រ្តនិងល្បិចកលជាច្រើនដែលសំខាន់បំផុតតាមដែលបានជួបមកទាក់ទងនឹងការចរចា។

គំនិតនីមួយៗអាចយកទៅប្រើការបានពិតប្រាកដ ព្រោះបានទទួលការពិសោធរួចហើយ ហើយអាចយកទៅប្រើការបានភ្លាមៗ ដែលគំនិតទាំងនេះប្រើបានផលនិងជួយឱ្យអ្នកទទួលបានលក្ខខណ្ឌដែលល្អស្ទើរតែគ្រប់ស្ថានការណ៍។ ខ្ញុំធ្លាប់បង្រៀនជំនាញទាំងនេះឱ្យមនុស្សដែលធ្វើការនៅក្នុងវិស័យធុរកិច្ចរាប់លាននាក់ទូទាំងពិភពលោក ហើយលទ្ធផលដែលគួរជាទីពេញចិត្តដែលពួកគេបានទទួលក្នុងការចរចានោះបានក្លាយជាចំណុចផ្លាស់ប្ដូររបស់ជីវិតពួកគេ។ បើមិត្តអ្នកអានយករឿងដែលកំពុងនិងបានសិក្សាជាបន្តទៅនេះទៅប្រើប្រកបដោយប្រព័ន្ធសូម្បី​តែបន្តិចក៏ដោយ ក៏អ្នកបានទទួលលទ្ធផលក្នុងការអភិវឌ្ឍទាំងផ្នែកគុណភាពនិងបរិមាណយ៉ាងមហាសាលដែរ។​

ការចរចាគឺជារឿងដែលអាចសិក្សាបាន

សូម្បីតែក្មេងតូចៗក៏ចេះចរចាដែរ ដោយពួកគេដឹងថា ការឱបនិងការបង្ហាញនូវក្ដីស្រឡាញ់គឺជាតម្លៃដែលពួកគេប្រើដើម្បីចរចាជាមួយនឹងឪពុកម្ដាយនិងសាច់ញាតិ។ ការចរចា(ឬការបដិសេធការចរចា) ការសម្របសម្រួល(ឬការមិនព្រមសម្របសម្រួល) និងការព្យាយាមសម្របសម្រួលប្រយោជន៍ដែលមិនចុះសម្រុងគ្នាសុទ្ធតែជាផ្នែកសំខាន់នៅក្នុងជីវិត។ សមត្ថភាពក្នុងការចរចាបានល្អ អាចធ្វើឱ្យមានភាពខុសគ្នាយ៉ាងច្បាស់ទាក់ទងនឹងហិរញ្ញវត្ថុ អាជីព សម្ពន្ធភាព និងអ្វីៗស្ទើរតែគ្រប់យ៉ាងដែលអ្នកបានទទួលឬប្រគល់ឱ្យក្នុងមួយថ្ងៃៗ។

សំណាងល្អដែលការចរចាគឺជាជំនាញម្យ៉ាង ហើយគ្រប់ជំនាញទាំងអស់អាចសិក្សាបាន។ អ្នកចរចាដ៏ពូកែនៅក្នុងថ្ងៃនេះ មានគ្រាមួយក៏ធ្លាប់ធ្វើជាអ្នកចរចាដែលមិនបានការនិងបញ្ចប់ដោយកិច្ចព្រមព្រៀងមិនល្អដែរ។ អ្នកកាន់តែសិក្សា គិត និងហ្វឹកហាត់ការចរចាច្រើនប៉ុនណា អ្នកនឹងក្លាយជាអ្នកចរចាដែលពូកែខ្លាំងប៉ុណ្ណោះដែរ ហើយពេលដែលអ្នកទទួលបានជោគជ័យកាន់តែច្រើន អ្នកនឹងកាន់តែមានសេចក្ដីសុខ ជឿជាក់ និងមានជីវិតដែលប្រសើរឡើងដែរ។

ចូរគិតពីរឿងផ្ទាល់ខ្លួនឬធុរកិច្ចសំខាន់ៗដែលអ្នកកំពុងចរចានៅក្នុងថ្ងៃនេះ ហើយខណៈដែលអ្នកកំពុងអានសៀវភៅមួយក្បាលនេះ សាកល្បងគិតមើលថា តើអ្នកនឹងយកទិចនិកទាំងនេះទៅអនុវត្តដូចម្ដេចដើម្បីទទួលបានលទ្ធផលដែលល្អជាងបច្ចុប្បន្ន? ហើយខណៈដែលអ្នកកំពុងយកគំនិតនេះទៅអនុវត្តនោះ អ្នកនឹងចម្លែកចិត្តនៅពេលដែលប្រទះឃើញថា ការចរចានោះបានផលល្អកម្រិតណា ហើយអ្នកមានសេចក្ដីសុខកម្រិតណា?

ទំព័រ 127
ទំហំខ្នាត H= 20.5cm , W= 14.5cm