ខ្លី ខ្លឹម ខ្លាំង គ្មានឃ្លាណាដែលថាគ្មានប្រយោជន៍ ភាគ១

$5.1 $4.25

Publish date: 2021-12-17

Category: Self development

Publisher: រោងពុម្ពព្រៃស

Author Name: គ្រឹះស្ថាន ដាំដើមជីវិត (DDJ)

99 Books Available.

Description:

ដើមហេតុដែលនាំឱ្យខ្ញុំសរសេរសៀវភៅនេះ ដើមឡើយមិនមែនជាការព្រាងទុកនោះទេ គឺនៅថ្ងៃទី១៦ ខែ៦ ឆ្នាំ២០១៦ ជាថ្ងៃដែលគ្រឹះស្ថានបោះពុម្ពផ្សាយដាំដើមជីវិត​ត្រូវរើទៅកាន់ឃ្លាំងថ្មី ដែលមានទីតាំងនៅព្រៃស ជាឃ្លាំងដែលមានទំហំធំនិងជារបស់ផ្ទាល់គ្រឹះស្ថាន ដែលធ្លាប់តែជួលគេអស់រយៈពេលជាច្រើនឆ្នាំមកហើយ គឺចាប់តាំងពីកកើតជាគ្រឹះស្ថានមក។

នៅថ្ងៃដែលរើឃ្លាំងនោះមានបុគ្គលិកម្នាក់បានប្រទះឃើញសៀវភៅ ឈុតចំនួន១៨ក្បាល ជាសៀវភៅផ្នែកគំនិតសរសេរដោយដៃ​ ជាលក្ខណៈDiary​ (សៀវភៅកំណត់ហេតុ) ដែលខ្ញុំបានសរសេរតាំងតែពីឆ្នាំ២០០៥ដោយខ្ញុំបានតាំងចិត្តសរសេរមិនដែលដាច់។ ជាមួយគ្នានោះ ខ្ញុំតែងកត់ទុកនូវគំនិតល្អៗពីបណ្ដាវង់សន្ទនាជាមួយមិត្តភក្ដិ ទាំងមិត្តជាជនជាតិខ្មែរយើងទាំងមិត្តជាជនបរទេស ហើយក៏មានដែរ ពីបណ្ដាសៀវភៅដែលបានអាននិងពីព្រឹត្តិការណ៍នានាដែលជួបប្រទះប្រចាំថ្ងៃ។

សំណេរជាសំណៅដើមនោះ ខ្ញុំមិនបានសរសេរជាលក្ខណៈគំនិតសុទ្ធសាធទេ គឺសរសេរហូរហែជាលក្ខណៈពិពណ៌នាវែងអន្លាយ ដែលមានតែខ្ញុំម្នាក់គត់ដែលអានដាច់ឱ្យសព្វអស់បាន ព្រោះខ្ញុំសរសេរខ្វៀក ហើយរហ័សតាមតែអារម្មណ៍មនោគតិដែលពាល់ត្រូវភ្លាមៗ។ បុគ្គលិកខ្ញុំដែលបានឃើញសៀវភៅទាំងអស់នោះក៏យកមកអានទាំងដាច់ខ្លះមិនដាច់ខ្លះ ហើយពិនិត្យឃើញថា មានគំនិតខ្លះល្អ ខ្លឹម និងមានប្រយោជន៍ដល់សាធារណៈនោះ ទើបបានសំណូមពរឱ្យខ្ញុំយកសៀវភៅទាំងនោះមកបោះពុម្ពផ្សាយ។

ជាដំបូង ខ្ញុំមិនបានឆ្លើយតបចំពោះសំណើនេះទេ ព្រោះសៀវភៅទាំងនេះខ្ញុំមិនបានសរសេរដើម្បីផ្សព្វផ្សាយឯណា គឺខ្ញុំគ្រាន់តែសរសេរមកដើម្បីដាស់តឿនសតិខ្លួនឯងប៉ុណ្ណោះ។

ពិតមែនហើយ នៅពេលណាដែលខ្ញុំពិបាកចិត្តឬអស់សង្ឃឹម ខ្ញុំតែងតែយកសៀវភៅទាំងនេះមកអាន ហើយខ្ញុំតែងសប្បាយចិត្តនិងមានសង្ឃឹមឡើងវិញរាល់លើក។ ឆ្នាំ២០១៧នេះជាឆ្នាំដែលមានអ្នកអាននិយមអានសៀវភៅដាំដើមជីវិតភ្លូកទឹកភ្លូកដីនិងបោះពុម្ពផ្សាយស្ទើរមិនទាន់ ខ្ញុំក៏សម្រេចចិត្តកាត់ខ្លឹមសារនិងប្រមូលយកតែទស្សនៈខ្លីខ្លឹមប៉ុណ្ណោះពីបណ្ដារឿងទាំងឡាយដែលខ្ញុំបានសរសេរចុះក្នុងសៀវភៅទាំង១៨ក្បាលនេះ មកសម្រួលជាសៀវភៅផ្លូវការ (តែនៅមិនទាន់ដឹងនៅឡើយទេថា នឹងកាត់ឱ្យនៅសល់ប៉ុន្មានភាគឬប៉ុន្មានក្បាលឡើយ) ហើយខ្ញុំសូមដាក់ចំណងជើងវាថា ខ្លី ខ្លឹម ខ្លាំង គ្មានឃ្លាណាដែលថាគ្មានប្រយោជន៍។ ចំពោះមិត្តអ្នកអានចង់ដាក់ចំណងជើងថាយ៉ាងម៉េចក៏បានតាមអធ្យាស្រ័យទៅចុះ។

ក្នុងចំណោមសៀវភៅទាំងឡាយប្រមាណ៣០០ចំណងជើងនៃគ្រឹះស្ថានបោះពុម្ពផ្សាយដាំដើមជីវិត សៀវភៅ ខ្លី ខ្លឹម ខ្លាំង គ្មានឃ្លាណាដែលថាគ្មានប្រយោជន៍នេះ ជាសៀវភៅដែលមានរសជាតិប្លែកនិងផ្ដល់នូវភាពងាយស្រួលជាខ្លាំងដល់មិត្តអ្នកអាន ក៏ព្រោះថាខ្ញុំបានកាត់យកតែគន្លឹះខ្លីៗ ដែលមានន័យជារួមស្រេចអស់ហើយ ពោលគឺ ងាយអាន ងាយយល់ និងងាយយកទៅអនុវត្តក្នុងជីវិតប្រចាំថ្ងៃ។

អ្វីដែលខ្ញុំចង់និយាយគឺនិយាយស្រេចហើយ នៅឡើយតែមិត្តអ្នកអានប៉ុណ្ណោះ ចង់ដឹងថាតើសៀវភៅដែលដកស្រង់ចេញពីកំណត់ហេតុរបស់ ប្រាជ្ញ-វិជ័យ មានអត្ថន័យយ៉ាងណានោះ សូមអញ្ជើញអានដោយក្ដីរីករាយ។ ក៏សូមបញ្ជាក់ផងដែរថា ខ្ញុំមិនបានញែកទស្សនៈទាំងអស់ជាចង្កោម ជាផ្នែក ជាជំពូក ជាប្រភេទទេ ដោយសារតែក្នុងនេះមានទស្សនៈលាយបញ្ចូលគ្នាច្រើនពេក ព្រោះកាលនោះ ខ្ញុំជួបអ្វីសរសេរហ្នឹង ដោយប្រការនេះក៏នាំឱ្យមិនបានធ្វើជាមាតិកាទៅ តែខ្ញុំសង្ឃឹមថា សៀវភៅនេះពិតជាមានប្រយោជន៍ ខ្លាំងណាស់សម្រាប់អ្នកទាំងអស់គ្នា៕

ទំព័រ 207
ទំហំខ្នាត H= 20.5cm , W= 14.5cm