ខ្លី ខ្លឹម ខ្លាំង គ្មានឃ្លាណាដែលថាគ្មានប្រយោជន៍ ភាគ២

$5.1 $4.25

Publish date: 2021-12-17

Category: Self development

Publisher: រោងពុម្ពព្រៃស

Author Name: គ្រឹះស្ថាន ដាំដើមជីវិត (DDJ)

99 Books Available.

Description:

លោកអ្នកបានអានមកដល់ភាគទី២ហើយ ជាដំបូងខ្ញុំសូមអបអរសាទរចំពោះការព្យាយាមនិងការទទួលបាននូវអត្ថប្រយោជន៍នានាដែលអ្នកបានសម្រេចតាមរយៈអំណានក្នុងសៀវភៅនេះ។ មានពាក្យមួយគេនិយាយថា «អំណានធ្វើឱ្យយើងរស់ស្រួលពេញមួយជីវិត»។ មនុស្សដែលគ្មានអំណាននឹងមិនអាចទទួលបានទិន្នន័យគ្រប់គ្រាន់និងគ្រប់ជ្រុងជ្រោយឡើយ កាលណាគេមិនបានទទួលនូវទិន្នន័យគ្រប់គ្រាន់និងគ្រប់ជ្រុងជ្រោយ នោះទេ គេនឹងមិនអាចសម្រេចចិត្តធ្វើអ្វីៗឱ្យសម្រេចជោគជ័យបានឡើយ។ ទិន្នន័យគឺជាព្រះអាទិត្យ ជាព្រះចន្ទ ជាភ្លើងហ្វា ជាអំពូលភ្លើង ឬជាពិលសម្រាប់បំភ្លឺផ្លូវឱ្យដើរទៅកាន់ទីដែលមានសុវត្ថិភាព។

មួយវិញទៀត អ្នកដែលគ្មានទិន្នន័យនឹងមិនអាចដាស់ប្រដាប់គិតគឺខួរក្បាលឱ្យធ្វើការដោយជោគជ័យបានឡើយ។ ប្រដាប់គិតគឺខួរក្បាលរបស់គេ ជំនួសឱ្យគេប្រើប្រាស់ បែរជាវិលមកប្រឆាំងនឹងគេវិញមិនខាន។

ទម្រង់បែបបទនៃសៀភៅភាគទី២នេះ ក៏មិនខុសពីភាគទី១ដែរ គឺជាទម្រង់ទស្សនៈសុទ្ធសាធ ជាពាក្យខ្លីដែលមានន័យបរិបូរដោយសិល្បៈវិធីសាស្ត្រ យុទ្ធសាស្ត្រ ដែលបំពាក់បំប៉នផ្នែកបញ្ញាស្មារតីនាំផ្លូវជីវិតឱ្យស្ទុះងើបផុតចាកពីភាពស្ពឹកស្រពន់ទុរន់ទុរាបាន។

ពិតណាស់ សៀវភៅនេះនឹងក្លាយជារបស់គ្មានន័យឡើយបើអានហើយមិនយកទៅអនុវត្តនោះ ព្រោះផលនឹងមិនសម្រេចបានឡើយ ដោយការធ្វើខ្លួនត្រឹមជាអ្នកអាននោះ។ ការអនុវត្តគឺជាការពិសោធដ៏ត្រឹមត្រូវជាក់ស្ដែងមួយលើទស្សនៈដែលខ្ញុំបានសរសេរចុះក្នុងសៀវភៅនេះ។

ក៏សូមបញ្ជាក់ផងដែរថា ការដែលខ្ញុំលើកទឹកចិត្តឱ្យអានសៀភៅនេះ មិនមែនខ្ញុំប្រាកដដោយអំនួតថា បើអ្នកបានអាននិងបានអនុវត្តលើគំនិតទាំងនេះហើយ មួយរយភាគរយនឹងទទួលបានជោគជ័យនោះទេ ឬថា បើចង់ជោគជ័យដាច់ខាតត្រូវតែអានសៀវភៅនេះឡើយ ឬក៏ថា សៀវភៅរបស់ខ្ញុំនេះជារបស់សក្ដិសិទ្ធិក៏ទេដែរ។ ខ្ញុំគ្មានចេតនាលើកតម្កើងខ្លួនដល់ថ្នាក់នេះទេ តែអ្វីដែលខ្ញុំមានចេតនានោះគឺថា បើសិនអ្នកអាន អ្នកនឹងបានប្រយោជន៍ពីគំនិតទាំងនេះ។ គំនិតនៅតែជាគំនិតបើមិនអនុវត្ត ហើយគំនិត ក៏គ្មានដៃគ្មានជើងធ្វើដែរ វាអាស្រ័យលើគំនិតនិងរាងកាយទាំងទ្វេរបស់អ្នករួមសហការគ្នានិងសាងផលប្រយោជន៍រួមគ្នា។

ដើម្បីកុំឱ្យខាតពេលក្នុងសំណេរអារម្ភកថានេះ ខ្ញុំសូមបញ្ចប់ត្រឹមនេះចុះ ខ្ញុំជូនដំណើរអ្នកត្រឹមនេះសិនចុះ។

ទំព័រ 211
ទំហំខ្នាត H= 20.5cm , W= 14.5cm