គិតបែបជនជាតិជ្វីហ្វ

$5.1 $4.25

Publish date: 2021-12-17

Category: Self development

Publisher: រោងពុម្ពព្រៃស

Author Name: គ្រឹះស្ថាន ដាំដើមជីវិត (DDJ)

99 Books Available.

Description:

ជនជាតិជ្វីហ្វគឺជាជនជាតិមួយដែលមានប្រវត្តិដ៏យូរលង់ក្នុងប្រទេសអ៊ីស្រាអែល។

បើតាមប្រវត្តិនៅក្នុងគម្ពីរតូរ៉ា (Torah) របស់សាសនាយូដា (ព្រះគម្ពីរសញ្ញាចាស់) ជាគម្ពីរសាសនារបស់ជនជាតិជ្វីហ្វឬជនជាតិហេប្រឺបាននិយាយថា ប្រវត្តិសាស្រ្តរបស់ជនជាតិជ្វីហ្វនិងសាសនានេះចាប់ផ្ដើមពីបុរសម្នាក់ដែលមានឈ្មោះថា អាប្រាហាំ រស់នៅក្នុងក្រុងបាប៊ីឡូន ដែលក្នុងខណៈនោះក្រុងសំខាន់ៗមានការគោរពបដិមានិងព្រះជាម្ចាស់របស់ខ្លួនរៀងៗខ្លួន ប៉ុន្តែអាប្រាហាំគិតថា ព្រះជាម្ចាស់ពិតប្រាកដមានតែមួយអង្គគត់។

អាប្រាហាំបានជួបនឹងព្រះជាម្ចាស់ ហើយព្រះអង្គបានឱ្យ​គ្រួសារនិងរូបគេផ្ទាល់ចេញដំណើរទៅកាន់ទឹកដីនៃកិច្ចសន្យាដែលព្រះអង្គនឹងប្រទានដល់គេនិងពូជពង្សរបស់គេ។ ពេលនោះហើយទើបជាកំណើតនៃជនជាតិ       អ៊ីស្រាអែលនិងសាសនាថ្មីដែលដឹងថា ព្រះជាម្ចាស់មានតែមួយអង្គគត់។

គម្ពីរBibleនិងគម្ពីរកូរ៉ានបាននិយាយអំពីជនជាតិជ្វីហ្វឬកូនចៅរបស់អ៊ីស្រាអែលដែលជាបុត្ររបស់អ៊ីសាក់(Isaac) ​ដោយចាប់ផ្ដើមពីអាប្រាហាំបានកូនប្រុសតាមអ្វីដែលព្រះជាម្ចាស់បានប្រទានឱ្យមកចាប់កំណើតជាមួយនឹងនាងសារ៉ាដែលមានឈ្មោះថា អ៊ីសាក់។

ក្រោយមកអ៊ីសាក់មានបុត្រ២នាក់គឺ អេសាវ (Esau) និងយ៉ាកុប (Jacob) ជាពិសេស យ៉ាកុប ជាប្អូនបានជួបនិងប្រយុទ្ធជាមួយនឹងបុរសម្នាក់នៅ Penuel ទាំងដែលគេមើលមិនយល់មុខបុរសម្នាក់នោះឡើយ។ គេប្រយុទ្ធគ្នារហូតជិតភ្លឺ បន្ទាប់មកយ៉ាកុបក៏បានសួរឈ្មោះរបស់បុរសម្នាក់នោះ ប៉ុន្តែមិនបានចម្លើយអ្វីច្រើនឡើយ ដោយគេគ្រាន់តែប្រាប់ថា ចាប់តាំងពីពេលនេះទៅ យ៉ាកុបនឹងមានឈ្មោះថ្មីថា «អ៊ីស្រាអែល» ដែលមានន័យថា អ្នកដែលប្រយុទ្ធជាមួយនឹងព្រះជាម្ចាស់។

ប៉ុន្តែនៅពេលដែលបុរសនោះប្រយុទ្ធចាញ់យ៉ាកុប និងស្នើសុំអង្វរឱ្យយ៉ាកុប ដោះលែងខ្លួននោះ យ៉ាកុបបានប្រាប់ថា«លុះត្រាតែអ្នកជូនពរដល់យើងជាមុនសិន ទើបយើងដោះលែងឱ្យអ្នកទៅ»។ ចាប់តាំងពីពេលនោះមកយ៉ាកុបឬ​ឈ្មោះថ្មីថា អ៊ីស្រាអែល ជឿជាក់ថា គេបានជួបនឹងព្រះជាម្ចាស់ពិតមែន។ កូនរបស់យ៉ាកុបមាន១២នាក់ ហើយមួយនៅក្នុងនោះគឺ ចូសេហ្វដែលរស់នៅក្នុងអាណាចក្រអេហ្ស៊ីប។

ប៉ុន្តែក្រោយមកស្ថានការណ៍នយោបាយបានផ្លាស់ប្ដូរទៅ ហើយកូនចៅរបស់អ៊ីស្រាអែលត្រូវបានជិះជាន់រហូតក្លាយជាទាសករដល់ទៅ៤០០ឆ្នាំ ដែលខណៈនោះគេហៅជាតិសាសន៍អ៊ីស្រាអែលថា ហេប្រឺ រហូតដល់ ម៉ូសេស៍ កូនប្រុសរបស់ជនជាតិហេប្រឺដែលត្រូវ ហ្វារ៉ូ ចិញ្ចឹមនិងក្លាយជាព្រះរាជបុត្រនៃអេហ្ស៊ីបបានទទួលបញ្ជាពីព្រះជាម្ចាស់ឱ្យរំដោះជនជាតិអ៊ីស្រាអែលឬជនជាតិហេប្រឺធ្វើដំណើរចេញពីអេហ្ស៊ីបដើម្បីត្រឡប់ទៅប៉ាលេស្ទីនដែលជាដែនដីនៃកិច្ចសន្យា(កិច្ចសន្យាជាមួយព្រះ)វិញ​។

ទោះបីត្រូវកងទ័ពរបស់អេហ្ស៊ីបរារាំងក៏ដោយ ប៉ុន្តែព្រះជាម្ចាស់ក៏បានបើកទន្លេក្រហមឱ្យជនជាតិអ៊ីស្រាអែលឆ្លងកាត់ទៅដែរ ហើយបានពន្លិចទាហានអេហ្ស៊ីបដែលបានតាមមកវាយប្រហារនោះឱ្យស្លាប់អស់។ ក្រោយមកនៅតាមផ្លូវដែលម៉ូសេស៍បាននាំជនជាតិហេប្រឺត្រឡប់ទៅកាន់ទឹកដីនៃបុព្វបុរសវិញនោះ គេបានជួបនឹងព្រះជាម្ចាស់នៅលើភ្នំស៊ីណៃ(Sinai) ហើយបានទទួលបញ្ញត្តិ១០ប្រការពីព្រះជាម្ចាស់ ប៉ុន្តែដោយសារជនជាតិអ៊ីស្រាអែលមិនព្រមធ្វើតាមបញ្ញត្តិ១០ប្រការរបស់ព្រះជាម្ចាស់ ទើបត្រូវដាក់ទោសឱ្យវង្វេងផ្លូវនៅក្នុងសមុទ្រខ្សាច់អស់រយៈពេល៤០ឆ្នាំ។ ក្រោយពីធ្វើដំណើរទៅដល់ទឹកដីកាណានឬដែនដីនៃកិច្ចសន្យាហើយ ម៉ូសេស៍ ក៏ស្លាប់ទៅ ហើយជនជាតិហេប្រឺក៏បានរស់នៅទឹកដីកាណានឬអ៊ីស្រាអែលជាបន្តទៀត។

ក្រោយមក ជនជាតិអ៊ីស្រាអែលបានបង្កើតប្រទេសឡើង ដែលកាលណោះ ជាកុលសម្ពន្ធរបស់យ៉ាកុបឬអ៊ីស្រាអែលទាំងអស់មាន១២កុលសម្ពន្ធ។ក្នុងពេលដែលជនជាតិហេប្រឺមានក្សត្រ ជនជាតិនេះបានក្លាយជាទាសកររបស់បាប៊ីឡូននិងពែក្ស ប៉ុន្តែក្រោយពីត្រូវចាប់ធ្វើជាឈ្លើយសឹកអស់រយៈពេលជាច្រើនឆ្នាំមក ទើបធ្វើដំណើរត្រឡប់ទៅសាងប្រទេសជាតិសាជាថ្មីម្ដងទៀត។

រហូតមកដល់សម័យព្រះគម្ពីរសញ្ញាថ្មី កងទ័ពរ៉ូមាំងដែលជាមហាអំណាចរបស់ពិភពលោកបានចូលមកកាន់កាប់ក្រុងយេរូសាឡឹម ហើយមុននឹងអ៊ីស្រាអែលបាត់បង់ប្រទេសនោះ ព្រះយេស៊ូបានប្រសូតឡើងនិងប្រាប់ថា ព្រះអង្គគឺជាបុត្ររបស់ព្រះជាម្ចាស់ រហូតត្រូវគេយកទៅចងឆ្កាងដៃដោយសាវ័កក្បត់របស់ព្រះអង្គដែលមានឈ្មោះថា យូដាស អ៊ីស្ការីយ៉ូត (Judas Iscariot) ហើយពាក្យថា ជ្វីហ្វ (Jew) ប្រហែលជាបំប្លែងមកពីពាក្យថា យូដាស (Judas) នេះឯង។

មុនពេលដែលអ៊ីស្រាអែលត្រូវបាត់បង់ប្រទេសជាតិនៅក្នុងឆ្នាំ៧០ នៃគ្រិស្ដសករាជនោះ ជនជាតិអ៊ីស្រាអែលឬហេប្រឺដែលជឿលើព្រះយេស៊ូត្រូវបំបែកចេញពីជនជាតិអ៊ីស្រាអែលដែលកាន់លទ្ធិយូដា ហើយការប្រកាសព្រះកិត្តិគុណរបស់ព្រះជាម្ចាស់ក៏បានអនុញ្ញាតឱ្យជនបរទេសជឿលើព្រះអង្គដែរ។

ជនជាតិអ៊ីស្រាអែលនៅសម័យនោះជឿថា ពួកគេគឺជាជនជាតិដែលព្រះជាម្ចាស់ជ្រើសរើសនិងស្គាល់ព្រះជាម្ចាស់ ចំណែកជនបរទេសវិញគ្រាន់តែជាសុនខមួយក្បាលប៉ុណ្ណោះ មិនសក្តិសមនឹងស្គាល់ព្រះជាម្ចាស់ដែលជាអ្នកកសាងដ៏អស្ចារ្យឡើយ។

ក្រោយពីរ៉ូមាំងបានចូលទៅវាយក្រុងយេរូសាឡឹមរហូតដល់វិនាសអស់ ជនជាតិអ៊ីស្រាអែលបានខ្ចាត់ព្រាត់ទៅតាមកន្លែងផ្សេងៗដែលត្រូវតាមព្រះគម្ពីរបានសរសេរថា ដាវនឹងដេញតាមពីក្រោយពួកជ្វីហ្វ។

ចំណែកទឹកដីកាណានបានរាំងស្ងួតហើយត្រូវគេប្ដូរដៃគ្នាគ្រប់គ្រងជាច្រើនដង ដូចជា អាណាចក្ររ៉ូមាំង អាណាចក្រ​ Constantine និងកងទ័ពមុស្ល៊ីម។ សង្គ្រាមដណ្ដើមដែនដីដ៏សក្តិសិទ្ធនេះ អ្នកដែលរងគ្រោះនោះគឺជាជនជាតិជ្វីហ្វ ដូចជា សង្គ្រាមសាសនា ដែលពេលកើតឡើងម្ដងៗធ្វើឱ្យជនជាតិជ្វីហ្វក្លាយជាឈ្លើយសឹក ត្រូវគេសម្លាប់ និងត្រូវភៀសខ្លួនទៅរស់នៅតាមប្រទេសផ្សេងៗទាំងនៅអឺរ៉ុប អាស៊ី និងអាមេរិក ប៉ុន្តែជនជាតិជ្វីហ្វក៏នៅតែប្រកាន់ខ្ជាប់កិច្ចសន្យារវាងពួកគេជាមួយនឹងព្រះជាម្ចាស់ដែលថា ព្រះជាម្ចាស់នឹងនាំពួកគេត្រឡប់ទៅកាន់ទឹកដីដែលព្រះជាម្ចាស់បានជ្រើសរើសគឺ អ៊ីស្រាអែល។ ជនជាតិជ្វីហ្វនៅក្នុងប្រវត្តិសាស្រ្តទទួលរងទុក្ខវេទនាពីសង្គ្រាមជាច្រើនលើកច្រើនសា ដូចជា ពីកងទ័ពបាប៊ីឡូន ពែក្ស និងកងទ័ពរ៉ូមាំង។

សង្គ្រាមដ៏សំខាន់និងកាចសាហាវបំផុតដែលពិភពលោកមិនអាចបំភ្លេចបានគឺ ការប្រល័យពូជសាសន៍ជនជាតិជ្វីហ្វនៅក្នុងសង្គ្រាមលោកលើកទី២ ដោយអ៊ីត្លែរ៍និងបក្សណាហ្ស៊ី ដែលជនជាតិជ្វីហ្វត្រូវបានគេសម្លាប់អស់ប្រហែលជា៧លាននាក់។

នៅទីបំផុត ការព្យាយាមរបស់ជនជាតិជ្វីហ្វដើម្បីកសាងរដ្ឋឯករាជ្យក៏បានទទួលការអនុញ្ញាតពីរដ្ឋាភិបាលអង់គ្លេស ដែលពេលនោះអង់គ្លេសមានឥទ្ធិពលនៅលើទឹកដីប៉ាលេស្ទីន ហើយបានអនុញ្ញាតឱ្យជនជាតិជ្វីហ្វត្រឡប់ចូលទៅរស់នៅក្នុងប្រទេសប៉ាលេស្ទីនម្ដងទៀតក្រោយសង្គ្រាមលោកលើកទី២ នោះគឺប្រទេសអ៊ីស្រាអែលបច្ចុប្បន្ននេះឯង។

ពួកគេបានប្រើសារនៅក្នុងព្រះគម្ពីរដើម្បីអះអាងភាពជាម្ចាស់ ដែលជនជាតិដើមគឺជនជាតិប៉ាលេស្ទីននិងជនជាតិអារ៉ាប់នៅជុំវិញនោះមិនយល់ស្របឡើយ រហូតកើតអំពើហិង្សានៃការដណ្ដើមយកប្រទេសនេះ។

អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះគឺ ពួកគេបានកសាងប្រទេសនិងប្ដូរពីសមុទ្រខ្សាច់ទៅជាតំបន់កសិកម្មខៀវខ្ចី ដែលត្រូវតាមព្រះគម្ពីរបៃប៊ើលបាននិយាយថា ពួកគេនឹងត្រឡប់មកបង្រួបបង្រួមជាតិនិងធ្វើឱ្យទឹកដីនេះមានជីវិតម្ដងទៀតតាមព្រះបំណងព្រះជាម្ចាស់។

សព្វថ្ងៃនេះ ជនជាតិអ៊ីស្រាអែលតស៊ូដើម្បីការពារនិងពង្រីកដែនដីទៅកាន់អាណាចក្រដែលនៅក្បែរនោះជាច្រើនលើកច្រើនសាដោយមានការគាំទ្រពីប្រទេសមហាអំណាច ជាពិសេសសហរដ្ឋអាមេរិក។

សូម្បីតែបច្ចុប្បន្ននេះក៏នៅមានបញ្ហាជម្លោះនៅតំបន់ហ្កាហ្សានិងតំបន់ West Bank រវាងជនជាតិជ្វីហ្វនិងជនជាតិអារ៉ាប់ដែរ ដែលរាប់ថាអង្គការសហប្រជាជាតិបរាជ័យជាខ្លាំង ព្រោះរហូតដល់សព្វថ្ងៃនេះក៏នៅមិនទាន់អាចបញ្ឈប់ឬដោះស្រាយឱ្យមានសន្តិភាពបាននៅឡើយដែរ។

ភាសារបស់ជនជាតិជ្វីហ្វគឺ ភាសាហេប្រឺ និងត្រូវប្រើនៅក្នុងពិធីកម្មខាងសាសនារបស់ជនជាតិជ្វីហ្វនៅបណ្ដាប្រទេសផ្សេងៗទូទាំងពិភពលោក។

បច្ចុប្បន្ននេះ មានជនជាតិជ្វីហ្វនៅគ្រប់វិស័យ ដូច្នេះការអានគំនិតនិងប្រវត្តិរបស់ជនជាតិជ្វីហ្វនោះនឹងធ្វើឱ្យអ្នកបានដឹងខ្លះៗ ថាតើជនជាតិជ្វីហ្វដែលល្បីល្បាញរបស់ពិភពលោកមានអ្នកណាខ្លះ។