ចិត្តសាស្ត្រនៃការលក់

$9 $7.50

Publish date: 2021-12-17

Category: Sales and Marketing

Publisher: រោងពុម្ពព្រៃស

Author Name: គ្រឹះស្ថាន ដាំដើមជីវិត (DDJ)

99 Books Available.

Description:

សេចក្តីផ្តើម

មនោគតិគឺជាកន្លែងគូសវាសរាល់គោលដៅទាំងអស់   ដែលបានសាងឡើងដោយមនុស្ស។

Napoleon Hill

គោលបំណងនៃសៀវភៅនេះ គឺដើម្បីផ្តល់ឱ្យអ្នកនូវគំនិតយុទ្ធសាស្ត្រ និងទិចនិកដែលអ្នកអាចយកទៅប្រើបានភ្លាមៗ ដើម្បីបង្កើនការលក់របស់អ្នកឱ្យបានកាន់តែច្រើន ឆាប់រហ័ស និងងាយស្រួលជាងមុន។ នៅទំព័របន្ទាប់ អ្នកនឹងបានរៀនពីវិធីទាញយកប្រយោជន៍ពីខ្លួនអ្នកនិងអាជីពលក់របស់អ្នកបានច្រើនជាងដែលអ្នកគិតទៅទៀត។ អ្នកនឹងរៀនពីវិធីបង្កើនការលក់និងប្រាក់ចំណូលរបស់អ្នកឱ្យបានពីរដងទៅបីដង ឬក៏បួនដងនៅក្នុងរយៈពេលដ៏ខ្លីសឹងមិនគួរនឹងជឿ។

សៀវភៅនេះបានដកស្រង់ចេញពីខ្សែអាត់ «ចិត្តសាស្ត្រនៃការលក់» ដែលទទួលជោគជ័យលំដាប់ពិភពលោករបស់ខ្ញុំ។ ចាប់តាំងពីខ្សែអាត់នេះបានផលិតលើកដំបូង វាត្រូវបានយកទៅបកប្រែរហូតដល់ទៅ១៧ភាសានិងប្រើប្រាស់នៅក្នុង២៤ប្រទេស។ វាគឺជាកម្មវិធីបណ្តុះបណ្តាលលក់ដែលលក់ដាច់បំផុតនៅក្នុងប្រវត្តិសាស្ត្រ។

ធ្វើជាមហាសេដ្ឋី!

យោងទៅតាមការស្រាវជ្រាវជាបន្តបន្ទាប់អំពីចំណាត់ថ្នាក់នៃខ្សែអាត់បានឱ្យដឹងថា មានអ្នកលក់ជាច្រើនបានក្លាយជាសេដ្ឋីដោយសារស្តាប់និងអនុវត្តតាមគំនិតនៅក្នុងខ្សែអាត់នេះជាងខ្សែអាត់ដទៃទៀតដែលធ្លាប់បានផលិត។ ខ្ញុំធ្លាប់ធ្វើកម្មវិធីបណ្តុះបណ្តាលផ្ទាល់ខ្លួនជាមួយនឹងអ្នកលក់ជាង៥សែននាក់ រាប់ពាន់ក្រុមហ៊ុន និងស្ទើរតែគ្រប់ឧស្សាហកម្មនៅទូទាំងពិភពលោក។ វាពិតជាមានដំណើរការពិតប្រាកដមែន!

ជីវិតផ្ទាល់ខ្លួនរបស់ខ្ញុំ

ខ្ញុំមិនបានរៀនចប់ខ្ពង់ខ្ពស់នោះទេ។ កាលពីនៅក្មេង ខ្ញុំនឹកស្រមៃចង់ដើរលេងជុំវិញពិភពលោក។ ខ្ញុំបានខិតខំប្រឹងប្រែងធ្វើការយ៉ាងខ្លាំងរហូតទាល់តែខ្ញុំមានប្រាក់គ្រប់គ្រាន់សម្រាប់ដំណើរកម្សាន្តនេះ។ ខ្ញុំបានទៅកន្លែងដែលខ្ញុំចង់ទៅ បានជិះកប៉ាល់ឆ្លងសមុទ្ទអាត្លង់ទិចខាងជើង បន្ទាប់មក បានធ្វើដំណើរដោយជិះកង់ រថយន្តក្រុង រថយន្តដឹកទំនិញ និងរថភ្លើងជុំវិញទ្វីបអឺរ៉ុប ឆ្លងកាត់ទ្វីបអាហ្វ្រិក និងទីបំផុតបានមកដល់ទ្វីបអាស៊ី។ ខ្ញុំមិនដែលអត់អាហារនោះទេ តែខ្ញុំបានពន្យារពេលវេលាញ៉ាំវាជាញឹកញាប់។

នៅពេលដែលខ្ញុំមិនអាចរកការងារប្រើកម្លាំងតទៅទៀតបាននិងស្ថិតនៅក្នុងភាពអស់សង្ឃឹម ខ្ញុំក៏បានឈានចូលទៅក្នុងការលក់។ វាជាកន្លែងដែលអាចសាងខ្លួនឯងឱ្យក្លាយជាមនុស្សថ្មី គឺជាមនុស្សដូចដែលអ្នកបានឃើញជាប្រត្យក្សនៅពេលនេះអ៊ីចឹង។

ការបណ្តុះបណ្តាលដ៏សំខាន់

ខ្ញុំត្រូវបានជួលឱ្យលក់ ក្នុងនោះខ្ញុំទទួលបាននូវកម្រៃជើងសានិងទទួលបានការបណ្តុះបណ្តាល ដែលគ្រាន់តែចង្អុលបង្ហាញអំពីការលក់ជាបីផ្នែក៖ «នេះគឺជានាមបណ្ណរបស់អ្នក នេះគឺជាខិត្តបណ្ណរបស់អ្នក នោះគឺជាទ្វារ!»។ បន្ទាប់ពីការបង្វឹកនេះ ខ្ញុំបានចាប់ផ្តើមការលក់របស់ខ្ញុំពីផ្ទះមួយទៅផ្ទះមួយតាំងពីព្រលឹមទាល់ព្រលប់។

មនុស្សដែលប្រាប់ខ្ញុំមិនមែនជាកំពូលអ្នកលក់ទេ ប៉ុន្តែគេបានប្រាប់ខ្ញុំថា ការលក់គឺជា«ហ្គេមតួលេខ»។ គេបាននិយាយថា អ្វីដែលខ្ញុំត្រូវធ្វើ គឺនិយាយជាមួយមនុស្សឱ្យបានច្រើន ហើយខ្ញុំនឹងរកអ្នកទិញឃើញនៅទីបំផុត។

បន្ទាប់មក មានអ្នកខ្លះប្រាប់ខ្ញុំថា ការលក់មិនមែនជា«ហ្គេមតួលេខ» នោះទេ។ វាជា«ហ្គេមបដិសេធ»ច្រើនជាង។ អ្នកទទួលបានការបដិសេធកាន់តែច្រើនប៉ុនណា អ្នកនឹងលក់បានកាន់តែច្រើនប៉ុណ្ណោះដែរ។ ចំពោះដំបូន្មាននេះ ខ្ញុំបានដើរចេញពីកន្លែងមួយទៅកន្លែងមួយ ដូច្នេះទើបខ្ញុំទទួលបានការបដិសេធជាញឹកញាប់។ ពួកគេនិយាយថា ខ្ញុំមាន«សមត្ថភាព និងសិល្បៈក្នុងការនិយាយ» ដូច្នេះខ្ញុំត្រូវប្រើវា។ នៅពេលដែលអតិថិជនមិនសូវចាប់អារម្មណ៍ ខ្ញុំនឹងនិយាយខ្លាំងៗនិងរហ័ស។ ប៉ុន្តែទោះជាខ្ញុំប្រញាប់ជួបមនុស្សពីម្នាក់ទៅម្នាក់ និងបាននិយាយខ្លាំងនិងរហ័សជាមួយនឹងមនុស្សម្នាក់ៗក៏ដោយ ក៏ខ្ញុំលក់មិនដាច់ដែរ។

ចំណុចនៃការផ្លាស់ប្តូរ

បន្ទាប់ពីខិតខំប្រឹងប្រែង៦ខែកន្លងទៅ ការលក់ស្ទើរតែបង់ថ្លៃបន្ទប់ជួលដ៏តូចមួយរបស់ខ្ញុំមិនគ្រប់ផង។ ទីបំផុត ខ្ញុំក៏បានធ្វើរឿងមួយដែលបានផ្លាស់ប្តូរជីវិតរបស់ខ្ញុំគឺ៖​ ខ្ញុំបានទៅរកអ្នកលក់ដ៏ជោគជ័យម្នាក់នៅក្នុងក្រុម-ហ៊ុនរបស់ខ្ញុំ ហើយបានសួរគេនូវអ្វីដែលគេបានធ្វើខុសពីខ្ញុំ។

ខ្ញុំមិនខ្លាចធ្វើការងារធ្ងន់នោះទេ។ ខ្ញុំក្រោកពីគេងនៅម៉ោង៥ឬ៦ព្រឹក រៀបចំខ្លួន និងរង់ចាំចេញដំណើរនៅម៉ោង៧ព្រឹក។ ខ្ញុំប្រឹងប្រែងធ្វើការពេញមួយថ្ងៃ ដើរលក់ពីកន្លែងមួយទៅកន្លែងមួយ និងពីក្រុមហ៊ុនមួយទៅក្រុមហ៊ុនមួយ។ នៅពេលល្ងាច ខ្ញុំដើរលក់តាមផ្ទះរហូតដល់ម៉ោង៩ឬ១០យប់។ នៅពេលភ្លឺ ខ្ញុំហៅទូរសព្ទទៅអតិថិជនទៀត។

អ្នកលក់កំពូលនៅក្នុងក្រុមហ៊ុនរបស់ខ្ញុំដែលចូលធ្វើការមុនខ្ញុំត្រឹមពីរឆ្នាំប៉ុណ្ណោះ ប៉ុន្តែគេមានទិចនិកជាច្រើន។ គេទៅធ្វើការប្រមាណជាម៉ោង៩ព្រឹក។ ប៉ុន្មាននាទីក្រោយមក អតិថិជននឹងចូលទៅ ហើយពួកគេបានអង្គុយជជែកគ្នា។ បន្ទាប់ពីជជែកពីរបីនាទី​ អតិថិជននឹងយកសៀវភៅសែករបស់គេ ហើយសរសេរសែកដើម្បីទិញទំនិញ។ បន្ទាប់មក អ្នកលក់កំពូលនឹងចេញទៅក្រៅ ហើយលក់បានពីរបីទៀត។ បន្ទាប់មកទៀត ទៅញ៉ាំអាហារថ្ងៃត្រង់ជាមួយអតិថិជនដទៃទៀត។ នៅពេលល្ងាច គេនឹងលក់បានពីរបីទៀត​ ហើយបន្ទាប់មកទៀត ក៏បានទៅទទួលទានអាហារពេលល្ងាចជាមួយនឹងអតិថិជនដទៃទៀត។ គេលក់បានលើលខ្ញុំនិងអ្នកដទៃទៀតនៅក្នុងក្រុមហ៊ុនរបស់យើងពី៥ទៅ១០ដងឯណោះ ហើយគេហាក់ដូចជាមិនសូវខំប្រឹងប្រែងធ្វើការប៉ុន្មានទេ។

ការបណ្តុះបណ្តាលធ្វើឱ្យមានការផ្លាស់ប្តូរ

កាលប្បវត្តិ បានឱ្យដឹងថា កាលពីគេនៅក្មេង គេធ្លាប់ធ្វើការនៅក្នុងក្រុមហ៊ុនលំដាប់ហ្វរធូន៥០០([1])។ ក្រុមហ៊ុននេះបានចំណាយពេលក្នុងការបណ្តុះបណ្តាលគេ១៦ខែអំពីដំណើរការនៃការលក់។ ជាមួយនឹងជំនាញនេះ បន្ទាប់មក គេអាចទៅធ្វើការនៅក្នុងក្រុមហ៊ុនឬឧស្សាហកម្មជាច្រើន ហើយលក់ទំនិញឬសេវាកម្មជាច្រើននៅលើទីផ្សារ។ ដោយសារគេបានដឹងពីវិធីលក់​ គេអាចលក់បានច្រើនជាងអ្នកដទៃ មានដូចជាខ្ញុំជាដើម​ ទោះជាគេធ្វើការត្រឹមតែកន្លះថ្ងៃឬតិចជាងនេះក៏ដោយ។ របកគំហើញនេះបានផ្លាស់ប្តូរជីវិតរបស់ខ្ញុំ។

នៅពេលដែលខ្ញុំបានសួរគេនូវអ្វីដែលគេកំពុងធ្វើខុសពីខ្ញុំ គេបាននិយាយថា «ដូច្នឹងផង! ចូរបង្ហាញខ្ញុំពីបទបង្ហាញការលក់របស់អ្នកទៅមើល៍ ហើយខ្ញុំនឹងធ្វើការកែតម្រូវវាឱ្យអ្នក»។

ខ្ញុំបាននិយាយថា​ «ចូរអ្នកបង្ហាញខ្ញុំពីវិធីរបស់អ្នកមក៍ ហើយខ្ញុំនឹងបង្ហាញអ្នកពីវិធីរបស់ខ្ញុំ»។

គេនៅស្ងៀមនិងមានទឹកមុខញញឹម។ បន្ទាប់មក គេនិយាយថា «យល់ព្រម! នេះគឺជាមូលដ្ឋាននៃការធ្វើបទបង្ហាញលក់តាំងពីចាប់ផ្តើមរហូតដល់ចប់»។ បន្ទាប់មក គេបានដើរមករកខ្ញុំ ដើរមួយៗ ដោយធ្វើនូវបទបង្ហាញពីទំនិញរបស់យើង។

ជំនួសឱ្យការនិយាយលេងដើម្បីធ្វើឱ្យមានការចាប់អារម្មណ៍ ជម្នះលើភាពសូញសាញ ឬភាពធុញទ្រាន់ គេបានសួរសំណួរប្រកបទៅដោយ    ហេតុផលជាច្រើនពីភាពទូទៅ ឆ្ពោះទៅរកភាពជាក់លាក់ដែលគូសបញ្ជាក់ពីដំណោះស្រាយដ៏ល្អឱ្យអតិថិជន។​ នៅចុងបញ្ចប់នៃការសួរសំណួរនេះ វាបានធ្វើឱ្យអតិថិជនដឹងច្បាស់ថា តើគេអាចប្រើនិងទទួលបានប្រយោជន៍ពីទំនិញរបស់យើងយ៉ាងណាខ្លះ។ សំណួរចុងក្រោយបានឈានចូលទៅដល់បិទការលក់យ៉ាងងាយបំផុត។

ធ្វើសកម្មភាពភ្លាម

ខ្ញុំបានសរសេរនូវអ្វីគ្រប់យ៉ាង ហើយជាមួយនឹងវិធីសាស្ត្រលក់ថ្មីនេះ ខ្ញុំបានចេញទៅក្រៅ ហើយចាប់ផ្តើមនិយាយជាមួយអតិថិជនជាច្រើន។ ប៉ុន្តែនៅពេលនេះ ជំនួសឱ្យការនិយាយ ខ្ញុំសួរសំណួរវិញម្តង។

វិធីថ្មីនេះ ខ្ញុំព្យាយាមយកឈ្នះចិត្តអតិថិជនជាមួយនឹងលក្ខណៈពិសេសនិងប្រយោជន៍នៃទំនិញរបស់ខ្ញុំប្រសើរជាងដែលខ្ញុំប្រឹងផ្តោតតែទៅលើការរៀនពីស្ថានភាពអតិថិជនតែម្យ៉ាង ថាតើខ្ញុំអាចជួយគាត់ឬនាងដោយវិធីណា? ជាមួយនឹងវិធីសាស្ត្រថ្មីនេះ ការលក់របស់ខ្ញុំបានកើនឡើងជាស្វ័យប្រវត្តិ។

បន្ទាប់មក ខ្ញុំបានរៀនពីសៀវភៅទាក់ទងនឹងការលក់។ ខ្ញុំមិនបានដឹងថា អ្នកលក់កំពូលនៅក្នុងពិភពលោកបានសរសេរនូវគំនិតល្អៗទាក់ទងនឹងការលក់នៅក្នុងសៀវភៅនោះទេ។ ខ្ញុំចាប់ផ្តើមអាននូវអ្វីគ្រប់យ៉ាងដែលខ្ញុំអាចរកឃើញទាក់ទងនឹងការលក់និងបានចំណាយពេលពីរម៉ោងនៅរៀងរាល់ថ្ងៃដើម្បីសិក្សានិងកត់ត្រាទុកនូវចំណុចសំខាន់។

បន្ទាប់មក ខ្ញុំបានរៀនតាមរយៈខ្សែអាត់។ វាបានផ្លាស់ប្តូរជីវិតរបស់ខ្ញុំ។ ខ្ញុំចាប់ផ្តើមស្តាប់ខ្សែអាត់ពីមួយម៉ោងទៅមួយម៉ោងនៅពេលខ្ញុំដើរពីកន្លែងមួយទៅកន្លែងមួយ។ ខ្ញុំបានស្តាប់វានៅពេលព្រឹកនិងបានស្តាប់វានៅពេលល្ងាច។ ខ្ញុំបានប្រតិបត្តិនិងអនុវត្តតាមគំនិតនិងឃ្លាសំខាន់ៗពីអ្នកលក់កំពូលរហូតទាល់តែខ្ញុំអាចស្រមៃឃើញវានៅពេលខ្ញុំដេក ហើយការលក់របស់ខ្ញុំក៏បានកើនឡើងជាលំដាប់ដែរ។

បន្ទាប់មក​ ខ្ញុំក៏បានចូលរៀននៅក្នុងសិក្ខាសាលាទាក់ទងនឹងការលក់។ វាធ្វើឱ្យខ្ញុំមានអារម្មណ៍ថា ខ្ញុំបានស្លាប់និងឡើងទៅដល់ឋានសួគ៌។ ខ្ញុំមិនដែលដឹងសោះថា ខ្ញុំអាចរៀននៅក្នុងសិក្ខាសាលាទាក់ទងនឹងការលក់នោះទេ។ ខ្ញុំចាប់ផ្តើមចូលរៀននៅគ្រប់កម្មវិធីនិងសិក្ខាសាលាដែលខ្ញុំបានដឹង ទោះជាខ្ញុំត្រូវធ្វើដំណើរឆ្ងាយប៉ុនណាក៏ខ្ញុំទៅដែរ។ ហើយការលក់របស់ខ្ញុំបន្តកើនឡើងជាលំដាប់។

ការឈានទៅធ្វើអ្នកគ្រប់គ្រង

ការលក់របស់ខ្ញុំកើនឡើងខ្ពស់បំផុត ក្រុមហ៊ុនរបស់ខ្ញុំបានដំឡើងឱ្យខ្ញុំធ្វើជាអ្នកគ្រប់គ្រងផ្នែកលក់។ គេបាននិយាយថា «មិនថាអ្នកធ្វើអ្វីក៏ដោយ ចូរស្វែងរកមនុស្សដែលចង់ធ្វើជាអ្នកលក់ ហើយចែករំលែកវាទៅឱ្យពួកគេ»។

ខ្ញុំចាប់ផ្តើមជ្រើសរើសអ្នកលក់និងបានផ្សព្វផ្សាយនៅតាមទំព័រកាសែត។ ខ្ញុំបានបង្ហាញពួកគេពីវិធីសាស្ត្រនិងទិចនិកនៃការលក់របស់ខ្ញុំ។ ពួកគេបានដើរទៅក្រៅនិងចាប់ផ្តើមលក់ភ្លាម។ នៅថ្ងៃនេះ ពួកគេភាគច្រើនបានក្លាយជាសេដ្ឋីនិងមហាសេដ្ឋីអស់ហើយ។

ធ្វើឱ្យបានល្អបំផុត

ជោគជ័យពុំមែនជាការចៃដន្យនោះទេ។ បរាជ័យក៏ពុំមែនជាការចៃដន្យនោះដែរ។ តាមពិតទៅ ជោគជ័យគឺជាអ្វី​ ដែលអាចព្យាករបាន។
គំនិតងាយៗដែលបានផ្លាស់ប្តូរជីវិតរបស់ខ្ញុំ គឺជារបកគំហើញនៃច្បាប់«ហេតុនិងផល»។ អ្វីដែលច្បាប់នេះបាននិយាយគឺថា គ្រប់ហេតុរមែងមានផល។ អ្វីគ្រប់យ៉ាងដែលកើតឡើងរមែងតែមានហេតុ។ ជោគជ័យមិនមែនជាការចៃដន្យនោះទេ។ បរាជ័យក៏ពុំមែនជាការចៃដន្យនោះដែរ។ តាមពិតទៅ ជោគជ័យគឺជាអ្វីដែលអាចព្យាករបាន។ វាបានបន្សល់ទុកនូវដានជើងសម្រាប់សម្គាល់។

«បើអ្នកធ្វើអ្វីដែលមនុស្សជោគជ័យធ្វើម្តងហើយម្តងទៀត គ្មានអ្វីមួយនៅក្នុងលោកនេះដែលអាចរារាំងអ្នកពីការទទួលបានលទ្ធផលដូចដែលអ្នកធ្វើនោះទេ។ ហើយប្រសិនបើអ្នកមិនបានធ្វើទេ គ្មានអ្វីមួយអាចជួយអ្នកបានទេ»​ នេះគឺជាច្បាប់ដ៏អស្ចារ្យបំផុត។

ចូរចាំទុកថា មនុស្សទាំងអស់ដែលនៅក្នុងចំណុចកំពូល១០%នៅក្នុងការលក់នៅថ្ងៃនេះបានចាប់ផ្តើមពីបាតក្រោម១០%ហ្នឹងឯង។ មនុស្សទាំងអស់ដែលកំពុងធ្វើល្អបំផុតនៅថ្ងៃនេះ ធ្វើបានអន់បំផុតកាលពីមុន។ មនុស្សទាំងអស់ដែលបានឡើងដល់ចំណុចកំពូលនៃជីវិតនៅថ្ងៃនេះ បានចាប់ផ្តើមពីបាតក្រោមនៃជីវិតនោះឯង។ ហើយនៅគ្រប់ករណីទាំងអស់ អ្វីដែលកំពូលមនុស្សបានធ្វើ​ គឺរៀនពីអ្នកជំនាញហ្នឹងឯង។ ពួកគេបានរកឃើញនូវអ្វីដែលកំពូលមនុស្សដទៃទៀតកំពុងធ្វើដើម្បីសម្រេចជោគជ័យ ហើយពួកគេព្យាយាមធ្វើដូចនឹងអ្វីដែលកំពូលមនុស្សបានធ្វើម្តងហើយម្តងទៀតរហូតទាល់តែពួកគេបានទទួលលទ្ធផលដូចគ្នាដែរ។

ប្រើអ្វីដែលអ្នកបានរៀន

ពេលខ្លះ ខ្ញុំបានសួរអ្នកស្តាប់របស់ខ្ញុំថា «តើឧបករណ៍ដ៏ទំនើបបំផុតនៅក្នុងក្លឹបហាត់ប្រាណនៅអាមេរិកជាអ្វី? បន្ទាប់ពីនៅស្ទាក់ស្ទើរ ខ្ញុំក៏បានប្រាប់ពួកគេថា វាគឺជាឧបករណ៍រត់ហាត់ប្រាណ។ ពលរដ្ឋអាមេរិកបានចំណាយប្រាក់ជាងមួយពាន់លានដុល្លារទៅលើឧបករណ៍រត់ហាត់ប្រាណក្នុងមួយឆ្នាំៗ។ បន្ទាប់មក ខ្ញុំបានសួរសំណួរទីពីរថា តើអ្នកនឹងទទួលបានប្រយោជន៍ពីឧបករណ៍រត់ហាត់ប្រាណនោះប៉ុនណា?

ចម្លើយគឺ ប្រយោជន៍ដែលអ្នកទទួលបាននឹងអាស្រ័យទៅលើថា អ្នកប្រើវាញឹកញាប់ប៉ុនណា ហើយរាល់លើកអ្នកប្រើវាយូរប៉ុនណា។

នេះគឺជាចំណុចសំខាន់របស់ខ្ញុំ។ នេះមិនមែនជាសំណួរដែលត្រូវសួរថា ឧបករណ៍រត់ហាត់ប្រាណនឹងផ្តល់ឱ្យអ្នកនូវលទ្ធផលដែលអ្នកចង់បានឬអត់នោះទេ។ មនុស្សទាំងអស់ដឹងថា បើអ្នកប្រើឧបករណ៍រត់ហាត់ប្រាណញឹកញាប់និងប្រើវាយូររាល់ពេលដែលអ្នកហាត់ប្រាណ អ្នកនឹងទទួលបានប្រយោជន៍ផ្នែកសុខភាពជាមិនខាន។

យុទ្ធសាស្រ្តនិងទិចនិកដែលអ្នកបានរៀននៅក្នុងសៀវភៅនេះ ដូចគ្នានឹងឧបករណ៍រត់ហាត់ប្រាណដែរ។ នេះមិនមែនជាសំណួរដែលថា តើវាប្រើបានឬអត់នោះទេ។ វាត្រូវបានប្រើដោយគ្រប់អ្នកលក់ដែលមានប្រាក់ចំណូលខ្ពស់នៅគ្រប់ឧស្សាហកម្មទាំងអស់ទូទាំងពិភពលោក។ វាត្រូវបានពិសោធនិងសាកល្បងរួចហើយ។ អ្នកប្រើវិធីសាស្រ្តនេះញឹកញាប់ប៉ុនណា អ្នកនឹងធ្វើវាបានកាន់តែល្អ ហើយអ្នកនឹងសម្រេចបានលទ្ធផលល្អនិងកាន់តែរហ័សប៉ុណ្ណោះដែរ។ ដោយការអនុវត្តនូវអ្វីដែលអ្នកបានរៀននៅទំព័របន្ទាប់ អ្នកនឹងឈានឡើងទៅដល់ចំណុចកំពូល១០%នៅក្នុងការលក់និងក្លាយជាមនុស្សម្នាក់ដែលមានប្រាក់ចំណូលខ្ពស់នៅក្នុងពិភពលោកជាមិនខាន។

តើគោលដៅដ៏ល្អនេះល្អសម្រាប់អ្នកដែរឬទេ? បើអ្នកមានអារម្មណ៍ថា វាជាគោលដៅរបស់អ្នក ចូរចាប់ផ្តើមភ្លាមទៅ!

[1] ក្រុមហ៊ុនលំដាប់ហ្វរធូន៥០០ សំដៅដល់ក្រុមហ៊ុនស្ដង់ដារទាំង៥០០របស់អាមេរិកដែលគេចាត់ទុកថា មានកិច្ចសហប្រតិបត្តិការធំជាងគេនិងមាននយោបាយដឹកនាំក្រុមហ៊ុនល្អជាងគេក្នុងប្រទេស ហើយដែលត្រូវទស្សនាវដ្ដីហ្វរធូនប្រមូល ចាត់ចំណាត់ថ្នាក់ និងបោះពុម្ពផ្សាយជារៀងរាល់ឆ្នាំ។ ទស្សនាទានរបស់ក្រុមហ៊ុនលំដាប់ហ្វរធូន៥០០បង្កើតឡើងដោយ Edgar P. Smith ដែលជាបណ្ណាធិការរបស់ទស្សនាវដ្ដីហ្វរធូន នៅឆ្នាំ១៩៩៥។

ទំព័រ 347
ទំហំខ្នាត H= 20.5cm , W= 14.5cm