វិធីនិយាយ សាងប្រាក់ចំណូលអតិបរមា

$3 $2.50

Publish date: 2021-12-17

Category: Business & Investment

Publisher: រោងពុម្ពព្រៃស

Author Name: គ្រឹះស្ថាន ដាំដើមជីវិត (DDJ)

99 Books Available.

Description:

សេចក្តីផ្តើម

តើអ្នកក្លាយជាអ្នកនិយាយដ៏ល្អ ដ៏ងាយ សាងឥទ្ធិពលរបស់ខ្លួន មានភាពទាក់ទាញ សាងកម្លាំងចិត្ត ជំរុញទឹកចិត្ត និងទទួលបានភក្តីភាពពីអ្នកស្តាប់របស់អ្នកហើយឬនៅ?

សំណួរសួរថា តើអ្នកចង់វិនិយោគទៅលើជំនាញមួយដែលវាមិនត្រឹមតែបើកទ្វារនៃឱកាសសម្រាប់អ្នកប៉ុណ្ណោះទេ តែវានឹងធ្វើឱ្យអ្នកស្តាប់ជឿថា អ្នកជាមនុស្សដែលមានទេពកោសល្យនិងសមត្ថភាពផងដែរឬទេ?

ជឿចុះ! ការរៀននិយាយឱ្យបានល្អទើបជាអ្វីដែលអ្នកត្រូវការពិតប្រាកដនៅក្នុងជីវិត។

ចិត្តរបស់អ្នកគឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុត។ ជំនាញដ៏សំខាន់បំផុតមួយរបស់អ្នកគឺ សមត្ថភាពរបស់អ្នកក្នុងការគិតឱ្យបានល្អនិងបង្ហាញនូវគំនិតរបស់ខ្លួនឱ្យបានច្បាស់លាស់។ ជំនាញនេះនឹងបង្ហាញពីភាពប៉ិន-ប្រសប់របស់អ្នកទៅលើប្រធានបទដែលអ្នកបានព្រាង។

តាមរយៈការបង្ហាញនូវគំនិតនិងទស្សនៈរបស់ខ្លួនបានច្បាស់លាស់អ្នកនឹងទទួលបានការចាប់អារម្មណ៍ពីបណ្ដាអ្នកស្តាប់និងអូសទាញពួកគេឱ្យមកយល់នូវគំនិតរបស់អ្នក។ អ្នកនឹងទាញបានការចាប់អារម្មណ៍របស់គេនិងមានឥទ្ធិពលទៅលើពួកគេទៀតផង។ ការរៀនធ្វើជាអ្នកនិយាយដ៏កំពូល គឺជាជំនាញដ៏សំខាន់បំផុតដែលអាចឱ្យអ្នកសម្រេចជោគជ័យតាមដែលខ្លួនចង់បាន ហើយវានឹងធ្វើឱ្យអ្នកកាន់តែឆ្លាតវៃផងដែរ។

សាងចំណូលបានច្រើន

ការធ្វើជាអ្នកនិយាយដ៏ល្អម្នាក់ នឹងមិនត្រឹមតែធ្វើឱ្យអ្នកទទួលបាននូវការគោរពនិងការឱ្យតម្លៃពីអ្នកដទៃនិងទទួលបានការចាប់អារម្មណ៍ពីមនុស្សដែលអាចជួយនិងបើកទ្វារឱកាសឱ្យអ្នកប៉ុណ្ណោះទេ វាថែមទាំងសាងប្រាក់ចំណូលដល់អ្នកជាស្វ័យប្រវត្តិផងដែរ។

មានលុយច្រើនមានន័យថាមានជម្រើសច្រើន វាមានន័យថាមានសេរីភាព សុវត្ថិភាព និងពេលវេលាច្រើនសម្រាប់ធ្វើអ្វីដែលអ្នកស្រឡាញ់។

ការរៀនធ្វើជាអ្នកនិយាយដ៏មានឥទ្ធិពលម្នាក់អាចជាការសម្រេចចិត្តដែលអ្នកត្រូវធ្វើដើម្បីសម្រេចជោគជ័យខាងហិរញ្ញវត្ថុតាមដែលខ្លួនត្រូវការ។

ពេញមួយសៀវភៅនេះ អ្នកនឹងបានរៀននូវគំនិតជាច្រើនដែលខ្ញុំធ្លាប់ប្រើ ដើម្បីធ្វើជាអ្នកនិយាយដ៏ជោគជ័យម្នាក់និងរហូតដល់អាចរកចំណូល បានរាប់លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗទៀតផង។

បំបាត់ការភ័យខ្លាចនិងធ្វើឱ្យធុរកិច្ចរបស់អ្នក                         រីកចម្រើន

ការធ្វើជាអ្នកនិយាយដ៏ល្អម្នាក់ ក៏នឹងធ្វើឱ្យការឱ្យតម្លៃលើខ្លួនឯងរបស់អ្នកប្រសើរឡើងផងដែរ។ ជាមួយគ្នានេះ អ្នកនឹងរៀនពីវិធីយកឈ្នះលើការភ័យខ្លាចនិងធ្វើឱ្យធុរកិច្ចរបស់ខ្លួនប្រសើរឡើង។

កាលប៉ុន្មានឆ្នាំមុននេះ ខ្ញុំបានធ្វើសិក្ខាសាលាមួយថ្ងៃពេញទៅលើភាពជាអ្នកដឹកនាំដែលមានប្រសិទ្ធភាពទៅដល់អ្នកធុរកិច្ចមួយចំនួន ខ្ញុំបាននិយាយអំពីសារៈសំខាន់នៃការធ្វើជាអ្នកនិយាយដ៏ល្អនិងជាមនុស្សមាន     ឥទ្ធិពល។

នៅចុងបញ្ចប់នៃថ្ងៃនោះ​ មានបុគ្គលិកក្រុនហ៊ុនដ៏អៀនខ្មាសម្នាក់បានឡើងមកជិតខ្ញុំហើយប្រាប់ខ្ញុំថា ជាលទ្ធផលនៃការបង្រៀនរបស់ខ្ញុំ គេបានតាំងចិត្តរៀនធ្វើជាអ្នកនិយាយដ៏មានឥទ្ធិពលម្នាក់។ គេមិនដែលទទួលបានការយកចិត្តទុកដាក់ពីចៅហ្វាយរបស់គេទេ ហើយតំណែងក៏ចេះតែកន្លងហួសទៅជានិច្ច។ គេពិបាកចិត្តជាខ្លាំងនិងព្រមធ្វើគ្រប់យ៉ាង មិនថាត្រូវធ្វើអ្វីក៏ដោយ ដើម្បីធ្វើឱ្យការងាររបស់គេប្រសើរឡើង។

មួយឆ្នាំក្រោយមក ខ្ញុំក៏បានទទួលសំបុត្រពីគេថា គេបានធ្វើទៅតាមការតាំងចិត្តរបស់ខ្លួន។ គេបានចូលរៀននៅសាលាដែលបង្រៀនពីវិធីនិយាយនិងអង្គភាពដែលបានលះបង់ក្នុងការជួយធ្វើឱ្យជំនាញនិយាយរបស់គេប្រសើរឡើង។ គេក៏បានរៀន១៤សប្តាហ៍សម្រាប់ការនិយាយរបស់គេពីវាគ្មិនដ៏ល្បីលំដាប់ពិភពលោកគឺលោក Dale Carnegie ផងដែរ។

នៅក្នុងរយៈពេល៦ខែ គេបានធ្វើបទបង្ហាញនិងការនិយាយជាច្រើន ដែលធ្វើឱ្យការភ័យខ្លាចនិងទុក្ខកង្វល់នៃការនិយាយរបស់គេធ្លាក់ចុះ ហើយ     វាបានជំនួសមកវិញនូវការជឿជាក់លើសមត្ថភាពរបស់គេក្នុងការធ្វើបង្ហាញខ្លួនគេនៅមុខទស្សនិកជន។ គេបានក្លាយជាមនុស្សថ្មីម្នាក់ទៀត។ ការធ្វើជាអ្នកនិយាយដ៏ល្អនឹងមិនត្រឹមតែផ្លាស់ប្តូរអាជីពរបស់អ្នកប៉ុណ្ណោះទេ វាក៏អាចផ្លាស់ប្តូរជីវិតរបស់អ្នកបានផងដែរ។

ប្រការ៤យ៉ាងដើម្បីនិយាយមានប្រសិទ្ធភាព

គោលដៅរបស់ខ្ញុំក្នុងការសរសេរសៀវភៅនេះ គឺដើម្បីជួយធ្វើឱ្យ    ដំណើរការនៃការធ្វើជាអ្នកនិយាយដ៏កំពូលកាន់តែងាយស្រួលឡើងសម្រាប់អ្នក។ នៅក្នុងបទពិសោធរបស់ខ្ញុំដើម្បីធ្វើជាអ្នកនិយាយដ៏មានឥទ្ធិពលម្នាក់អ្នកត្រូវមានរូបមន្ត៤ប្រការនេះ៖

១.ក្តីប្រាថ្នា(Desire) ជាដំបូង អ្នកត្រូវមានបំណងនិងក្តីប្រាថ្នាដ៏ពុះពោរក្នុងការនិយាយឱ្យបានល្អ។ ប្រសិនបើក្តីប្រាថ្នារបស់អ្នកខ្ពស់ ហើយអ្នកចង់ធ្វើជាអ្នកនិយាយដ៏មានឥទ្ធិពលម្នាក់ខ្លាំងបំផុត នឹងគ្មានអ្វីអាចរារាំងអ្នកពីការសម្រេចនូវគោលដៅរបស់ខ្លួនឡើយ។ ប៉ុន្តែមានក្តីប្រាថ្នាមិនទាន់គ្រប់គ្រាន់ទេ។

២.ការសម្រេចចិត្ត(Decision) អ្នកត្រូវធ្វើការសម្រេចចិត្តនៅថ្ងៃនេះថា​ អ្នកនឹងខិតខំប្រឹងប្រែង យកឈ្នះឧបសគ្គ និងធ្វើមិនថាវាជាអ្វីក៏ដោយដើម្បីធ្វើជាអ្នកនិយាយដ៏កំពូល។

៣.វិន័យ(Discipline) អ្នកត្រូវមានវិន័យក្នុងការធ្វើផែនការ ការត្រៀមខ្លួន ហើយឡើងនិយាយនិងធ្វើបទបង្ហាញម្តងហើយម្តងទៀតរហូតទាល់តែអ្នកសម្រេចជោគជ័យ។

៤.ការតាំងចិត្ត(Determination) ប្រការចុងក្រោយ អ្នកត្រូវមានការប្តេជ្ញាចិត្តក្នុងការតស៊ូព្យាយាមពុះពារនិងជម្នះរាល់ឧបសគ្គ បញ្ហា ឬការលំបាកដែលអ្នកអាចជួបប្រទះជាយថាហេតុ។

អ្នកជាអ្នកកំណត់ដោយខ្លួនឯង

នៅក្នុងជីវិត សត្រូវដ៏ធំបំផុតរបស់យើងគឺភាពស្ទាក់ស្ទើរនិងភាពភ័យខ្លាចរបស់យើងនេះឯង ប៉ុន្តែអ្នកអាចធ្វើ អាចទទួលបាន ឬទៅជាអ្វីក៏ បានគ្មានដែនកំណត់ លើកលែងតែយើងកំណត់ដោយខ្លួនឯងប៉ុណ្ណោះ។

ច្រើនឆ្នាំកន្លងមកនេះ ខ្ញុំធ្លាប់ធ្វើបទបង្ហាញនិងនិយាយជាង៥,០០០ដងទៅអ្នកស្តាប់ជាង៥,០០០,០០០នាក់នៅក្នុង៥៧ប្រទេសរួចមកហើយ។នៅក្នុងសៀវភៅនេះ ខ្ញុំនឹងនាំនិងបង្ហាញអ្នកនូវជំហាននីមួយៗពីរបៀបសាងទំនុកចិត្ត ភាពក្លាហាន និងសមត្ថភាពក្នុងការធ្វើជាអ្នកនិយាយឈ្នះគ្រប់ស្ថានការណ៍។ ខ្ញុំនឹងបង្ហាញអ្នកនូវផែនទីផ្ទាល់ខ្លួនរបស់អ្នកក្នុងការធ្វើជាអ្នកនិយាយដ៏កំពូល។

តើអ្នកត្រៀមខ្លួនហើយឬនៅ? តោះ! មកចាប់ផ្តើមទាំងអស់គ្នា!