គិតហើយមាន

$9 $7.50

Publish date: 2021-12-17

Category: Business & Investment

Publisher: រោងពុម្ពព្រៃស

Author Name: គ្រឹះស្ថាន ដាំដើមជីវិត (DDJ)

99 Books Available.

Description:

មនុស្សជាច្រើនបានបដិសេធសៀវភៅប្រភេទអភិវឌ្ឍខ្លួននិងសាងកម្លាំងជំរុញចិត្តដោយការប្រាប់ពីមូលហេតុងាយៗថា «អានសៀវភៅដូច្នេះនឹងអាចក្លាយជាអ្នកមានដូចម្ដេចទៅ! គ្មានផ្លូវអាចទៅរួចឡើយ! បើគ្រាន់តែអានហើយមាននោះ មនុស្សគ្រប់គ្នានៅក្នុងលោកនេះប្រហែលជាក្លាយជាអ្នកមានអស់ទៅហើយ!» ឬ «គ្រាន់តែគិត…ហើយមាន បើងាយដល់ម្លឹង ថ្មើរ​នេះប្រហែលជាគ្មានអ្នកក្រនៅក្នុងលោកនេះទេ»។ បើមានមនុស្សមកឃើញអ្នកកំពុងអានសៀវភៅដែលនៅលើក្របសរសេរថា «គិតហើយមាន» ឬ​ Think & Grow Rich នោះ អ្នកអាចនឹងមានអារម្មណ៍ខ្មាសអៀន ខ្លាចមានគេឃើញ ឬមិនជឿជាក់ តែសូមជម្រាបទៅចុះថា អារម្មណ៍បែបនេះគឺជាបិសាច១ក្នុងចំណោមបិសាចទាំង៦នៃភាពភ័យខ្លាចដែល ណាប៉ូឡេអុង ហ៊ីល បាននិយាយនៅក្នុងសៀវភៅមួយនេះ នោះគឺខ្លាចត្រូវគេរិះគន់នោះឯង ហើយការភ័យខ្លាចនេះនឹងធ្វើឱ្យមនុស្សភាគច្រើនមិនហ៊ានប្រថុយធ្វើធុរកិច្ច ខ្លាចបរាជ័យ និងបោះបង់ចោលនូវបំណងប្រាថ្នារបស់ខ្លួនឯងទៀតផង។

យើងទាំងអស់គ្នាដឹងស្រាប់ហើយថា នៅក្នុងជីវិតពិត យើងសិក្សាដោយការអនុវត្ត (Learning by doing) ​ដូច្នេះទើបការអនុវត្តសំខាន់ជាងទ្រឹស្ដី ប៉ុន្តែកុំភ្លេចថា តាមពិតទៅទ្រឹស្ដីគឺជាការអនុវត្តរបស់អតីតកាលដែលត្រូវបានយកមករួបរួមជាប្រព័ន្ធនោះឯង ជាពិសេសការរួបរួមអ្នកដែលទទួលបានជោគជ័យក្នុងធុរកិច្ច ដូចដែល ណាប៉ូឡេអុង ហ៊ីល បានធ្វើ។

អត្ថន័យរបស់«សេដ្ឋី» និង «អ្នកដែលទទួលបានជោគជ័យនៅក្នុងធុរ-កិច្ច»ខុសគ្នាឆ្ងាយណាស់ ព្រោះថាសេដ្ឋីអាចនឹង​បានប្រាក់ដោយសារតែសំណាង បានដោយមិនសុចរិតនិងគ្មានគុណធម៌ ឬបានពីកេរមរតក ប៉ុន្តែអ្នកដែលទទួលបានជោគជ័យនៅក្នុងធុរកិច្ចត្រូវខិតខំព្យាយាមជាខ្លាំង ដូច​ដែល ថូម៉ាស អេឌីសាន់ ដែលជាអ្នកប្រឌិតនិងជាអ្នកធុរកិច្ចបាននិយាយថា «អច្ឆរិយៈកើតឡើងពីកម្លាំងជំរុញចិត្តត្រឹមតែមួយភាគរយប៉ុណ្ណោះ អ្វីដែលនៅសល់គឺកើតឡើងពីការខិតខំព្យាយាម» ឬពាក្យសម្ដីដែលថា គិតហើយមិនធ្វើ គឺប្រៀបដូចជានៅមិនទាន់បានចេញនាវាទៅក្នុងសមុទ្រឡើយ ប៉ុន្តែបើធ្វើដោយមិនគិត(មិនចាប់អារម្មណ៍នឹងទ្រឹស្ដីទាល់តែសោះ) គឺប្រៀបដូច​ជាចេញដំណើរទៅក្នុងមហាសមុទ្រដោយគ្មានត្រីវិស័យនាំផ្លូវ។

គ្រប់វិជ្ជានៅក្នុងលោកសុទ្ធតែអាចបង្រៀនគ្នាបានស្ទើរតែទាំងអស់ ដូចជា វិស្វកម្ម វេជ្ជសាស្រ្ត នីតិសាស្រ្ត លើកលែងតែមុខវិជ្ជាមួយប៉ុណ្ណោះគឺ វិជ្ជាបង្រៀនមនុស្សឱ្យក្លាយជាអ្នកមាន ឬនិយាយក្នុងន័យមួយទៀតថា បង្រៀនមនុស្សឱ្យធ្វើធុរកិច្ចឬធ្វើជំនួញ(entrepreneur)ឱ្យបានជោគជ័យ​​ ដោយហោចទៅ​សូម្បីតែមុខវិជ្ជាគ្រប់គ្រងធុរកិច្ចក៏មិនមែនជាចម្លើយសម្រាប់អ្វីៗគ្រប់យ៉ាងដែរ។ ការបង្រៀនមនុស្សឱ្យ«គិតហើយមាន»គឺជារឿងពិបាកណាស់ ប៉ុន្តែបើមានតម្រាណាដែលល្មមអាចនឹងធ្វើជាគំរូជោគជ័យនិងសាងកម្លាំងជំរុញចិត្តឱ្យមនុស្សទូទាំងពិភពលោកនោះ ក៏គួរសាកល្បងអាននិងស្វែងរកសច្ចភាពដែរ ហើយខ្ញុំជឿថាសៀវភៅគិតហើយមាននេះនឹងស្ថិតនៅក្នុងក្រុមនោះដូច​ដែល រ៉ូបឺត ឃីយ៉ូសាគី បាននិយាយពី Think & Grow Rich ថា គឺជាសៀវភៅមួយក្បាលដែលគាត់សូមណែនាំនិងបានបង្ហាញនៅក្នុងសៀវភៅ ឪពុកអ្នកមានបង្រៀនកូន # 2​ ប្រាក់បួនផ្នែក ដូចទៅនេះ «ខ្ញុំសូមណែនាំសៀវភៅThink & Grow Rich ដែលនិពន្ធដោយ ណាប៉ូឡេអុង ហ៊ីល ព្រោះលោកប៉ាអ្នកមានគឺជាអ្នកអានសៀវភៅមួយក្បាលនេះឱ្យខ្ញុំស្ដាប់តាំងពីខ្ញុំនៅតូច ដោយសៀវភៅនេះជួយកំណត់វិថីជីវិតឱ្យខ្ញុំ ហើយន័យរបស់ Think & Grow Rich មិនមែនធ្វើការធ្ងន់ទើបក្លាយជាអ្នកមាននោះទេ ប៉ុន្តែអ្នកត្រូវ“គិត” ហើយត្រូវគិតឱ្យខុសពីអ្នកដទៃ»។

សៀវភៅ«គិតហើយមាន»ដែលជាស្នាដៃរបស់ ណាប៉ូឡេអុង ហ៊ីល នេះក្រៅពីមានទស្សនៈគំនិតជោគជ័យនិងករណីសិក្សានៃវិស័យធុរកិច្ចនៅក្នុងសម័យបច្ចុប្បន្នដើម្បីយកទៅអនុវត្តហើយ នៅមានរឿង​រ៉ាវនៃប្រវត្តិសាស្រ្ត សាសនាវិទ្យាសាស្រ្ត ចិត្តវិទ្យា និងគោលការណ៍សម្រាប់គ្រប់​គ្រងជីវិតទៀតផង ដោយអ្នកអាចពិសោធពីតម្លៃនិងភាពជាអមតៈរបស់សៀវភៅមួយក្បាលនេះបានដោយខ្លួនអ្នកផ្ទាល់។

ទំព័រ 324
ទំហំខ្នាត H= 20.5cm , W= 14.5cm