យើងក្រគួរបន្ទោសនរណា?

$7.2 $6.00

Publish date: 2021-12-17

Category: Self development

Publisher: រោងពុម្ពព្រៃស

Author Name: គ្រឹះស្ថាន ដាំដើមជីវិត (DDJ)

99 Books Available.

Description:

ឪពុកម្ដាយបន្ទោសកូន កូនបន្ទោសគ្រួសារ ភរិយាបន្ទោសស្វាមី ស្វាមីបន្ទោសភរិយា មន្ត្រីរាជការបន្ទោសរាស្ត្រ រាស្ត្របន្ទោសថ្នាក់ដឹកនាំប្រទេស ចៅហ្វាយនាយបន្ទោសបុគ្គលិក បុគ្គលិកបន្ទោសព្រហ្មលិខិត ។ល។ យើងរមែងតែឃើញពាក្យស្ដីបន្ទោសនេះស្ទើរតែគ្រប់ទីកន្លែង ដោយម្នាក់ៗសុទ្ធតែយកត្រូវរៀងៗខ្លួន គ្មានមានទំនួលខុសត្រូវលើខ្លួនឯងឬតួនាទីរបស់ខ្លួនសោះពេលដែលមានបញ្ហាឬជួបនឹងវិបត្តិអ្វីមួយដែលដោះស្រាយមិនចេញ។

ហេតុអ្វីមនុស្សយើងចូលចិត្តបន្ទោសគ្នាទៅវិញទៅមក? តើការបន្ទោសគ្នាដូច្នេះបានប្រយោជន៍អ្វី? ហេតុអ្វីយើងមិនប្រព្រឹត្តទៅតាមតួនាទីនិងមុខងារដែលយើងត្រូវទទួលខុសត្រូវទៅ?

ពាក្យស្ដីបន្ទោសឱ្យគ្នាទៅវិញទៅមកនេះ យើងឮស្ទើរតែហ៊ឹងត្រចៀកទៅហើយ ដោយត្រចៀករបស់យើងម្នាក់ៗមិនចង់ឮ មិនចង់ស្ដាប់ មិនចង់ប៉ះខ្ទប់នឹងពាក្យស្ដីបន្ទោសនេះឡើយ ហើយយើងគ្រប់គ្នាក៏ដឹងដែរថា ការបន្ទោសគ្នាទៅវិញទៅមក វាមិនមែនជាដំណោះស្រាយដ៏ល្អនោះទេ ប៉ុន្តែធ្វើម៉េចបើមាត់របស់មនុស្សយើងម្នាក់ៗចូលចិត្តបន្ទោសអ្នកដទៃដូច្នេះនុះ។

ការស្ដីបន្ទោសឱ្យគ្នាទៅវិញទៅមក វាបានក្លាយជាលក្ខណៈធម្មជាតិរបស់មនុស្សក្នុងលោកនេះទៅហើយ ព្រោះមនុស្សយើងភាគច្រើនតែងតែស្ដីបន្ទោសនិងរិះគន់ថា អ្នកដទៃប្រឡាក់លាមក(អាចម៍) តែអ្នកដែលរិះគន់គេនោះបែរជាអ្នកខ្លះអង្គុយលើលាមក ខ្លះជាន់លាមក ខ្លះដៃកាន់លាមក និងខ្លះទៀតមាត់កំពុងបៀមលាមកក៏មាន ហើយមកស្រែកប្រាប់ថា ស្អុយណាស់ ស្អុយណាស់! រួចចង្អុលឬបន្ទោសថា អ្នកនេះស្អុយ អ្នកនោះស្អុយ មិនចេះអស់មិនចេះហើយ។

យ៉ាងណាមិញ រឿងក្រីក្រក៏ដូច្នោះដែរ ព្រោះនៅពេលដែលបុគ្គលណាបានជួបប្រទះនឹងភាពក្រីក្រឬមានបញ្ហាអ្វីដែលដោះស្រាយមិនចេញ បុគ្គលនោះតែងតែបន្ទោសថា​ មកពីអ្នកនេះឬមកពីអ្នកនោះជាដើម។

ឧទាហរណ៍ដូចជា ៖

នៅពេលដែលប្រជាជនក្រីក្រ ប្រជាជនបន្ទោសមេដឹកនាំ មេដឹកនាំបន្ទោសប្រជាជន។

នៅពេលដែលមានបញ្ហាសិក្សា គ្រូបន្ទោសសិស្ស សិស្សបន្ទោសគ្រូ។

នៅពេលដែលមានបញ្ហាការងារ ចៅហ្វាយនាយបន្ទោសបុគ្គលិក បុគ្គលិកបន្ទោសចៅហ្វាយនាយ។

នៅពេលដែលមានបញ្ហាគ្រួសារ ឪពុកបន្ទោសម្ដាយ ម្ដាយបន្ទោសកូន ឬឪពុកម្ដាយបន្ទោសកូន កូនបន្ទោសឪពុកម្ដាយ។

នៅពេលដែលសេចក្ដីសុខផ្លូវភេទមិនសូវទទួលបាន ប្ដីបន្ទោសប្រពន្ធ ប្រពន្ធបន្ទោសប្ដី និងមិនសូវចុះសម្រុងនឹងគ្នានោះឡើយ។

នៅពេលមានទុក្ខលំបាកអ្វីមួយកើតឡើងដោះស្រាយមិនចេញ យើងតែងតែបន្ទោសទៅលើព្រហ្មលិខិត ឬជោគវាសនារបស់ខ្លួន ឬក៏ជឿជាក់លើការបន់ស្រន់ដោយគ្មានហេតុផល។

បើនិយាយពីកំហុស មនុស្សយើងម្នាក់ៗសុទ្ធតែមានកំហុសដូចៗគ្នា គ្មាននរណាម្នាក់ដែលថាមិនមានកំហុសនោះឡើយ គ្រាន់តែតិចនិងច្រើនប៉ុណ្ណោះ សំខាន់ឱ្យតែយើងមានការទទួលខុសត្រូវលើខ្លួនឯង លើការងារ លើតួនាទីរបស់ខ្លួនដែលខ្លួនកំពុងធ្វើ ព្រោះបើមនុស្សយើងម្នាក់ៗសុទ្ធតែដឹងនិងសប្បាយចិត្តនឹងអ្វីដែលខ្លួនកំពុងធ្វើនោះ ពិភពលោកនេះនឹងពោរពេញដោយភាពរីកចម្រើន ស្រស់ស្រាយ សន្តិភាព សុវត្ថិភាព និងមានរឿងល្អៗទាំងឡាយកើតឡើងជាមិនខាន។

រឿងកំហុសនេះ ដោយហោចទៅសូម្បីតែអ្នកដែលចូលចិត្តបន្ទោស ចូល​ចិត្តបញ្ជាគេ ចូលចិត្តចាប់កំហុសគេ ចូលចិត្តចង្អុលថា អ្នកនេះយ៉ាងនេះ អ្នកនោះយ៉ាងនោះ ក៏មានកំហុសដែរ គឺមានកំហុសត្រង់ថា ព្រមបន្ទោសគេ តែមិនព្រមបន្ទោសខ្លួនឯង ព្រមបញ្ជាគេ តែមិនព្រមបញ្ជាខ្លួនឯង ព្រមចាប់កំហុសគេ តែមិនព្រមចាប់កំហុសខ្លួនឯង ព្រមចង្អុលប្រាប់គេ តែមិនព្រមចង្អុលប្រាប់ខ្លួន ។ល។

ដោយសារតែមនុស្សយើងម្នាក់ៗចូលចិត្តរបស់បន្ទោសគេ មិនព្រមមើលខ្លួនឯងដូច្នេះហើយ ទើបកើតចេញជាសៀវភៅនេះឡើង ដោយដាក់ចំណងជើងថា «យើងក្រគួរបន្ទោសនរណា?»ដើម្បីបង្ហាញឱ្យឃើញថា ការដែលមនុស្សយើងចូលចិត្តបន្ទោសគ្នាទៅវិញទៅមក ថាតើបានអ្វីមកវិញក្រៅតែពីបានជម្លោះនិងការស្អប់គ្នានុះ? ម្យ៉ាងទៀតជាការបង្ហាញឱ្យមិត្តអ្នកអានទាំងឡាយមើលឃើញថាតើកំហុសពិតប្រាកដមកពីនរណា?

សៀវភៅមួយនេះមានការសរសេរនិងត្រួតពិនិត្យយ៉ាងផ្ចិតផ្ចង់ជាទីបំផុត ព្រមទាំងមានការដកស្រង់ជាពាក្យសម្ដីនៃបុគ្គលអច្ឆរិយៈ បុគ្គលល្បីៗ និងពាក្យឬសុភាសិតទាំងឡាយ ដើម្បីជួយជំរុញដល់ការអនុវត្តយ៉ាងណាឱ្យជីវិតយើងមានបាននិងជោគជ័យ។ ប៉ុន្តែយ៉ាងណាក៏សូមខន្តីអភ័យទោសពីសម្នាក់មិត្តអ្នកអានទាំងឡាយ ក្រែងលោមានកំហុសឆ្គងដោយប្រការណាមួយដោយអចេតនា។

ដូច្នេះក្នុងនាមជាអ្នកនិពន្ធសង្ឃឹមយ៉ាងមុតមាំងថា សៀវភៅ«យើងក្រគួរបន្ទោសនរណា?»នេះ នឹងបានជាមាគ៌ា ជាវិធី ជាការណែនាំ ក្នុងការណែនាំចិត្តរបស់មិត្តអ្នកអានទាំងឡាយឱ្យស្ថិតក្នុងផ្លូវដ៏ត្រឹមត្រូវជានិច្ច និងបានប្រើប្រាស់ក្នុងចំណែកណាមួយនៃសៀវភៅមកធ្វើជាប្រយោជន៍របស់ខ្លួនជាក់ជាពុំខានឡើយ។

ទំព័រ 214
ទំហំខ្នាត H= 20.5cm , W= 14.5cm