គិតឱ្យធំ កុំគិតតូច

$7.8 $6.50

Publish date: 2021-12-17

Category: Self development

Publisher: រោងពុម្ពព្រៃស

Author Name: គ្រឹះស្ថាន ដាំដើមជីវិត (DDJ)

99 Books Available.

Description:

ដើម្បីឱ្យដឹងពីមូលហេតុនៃសៀវភៅមួយនេះ សុំអនុញ្ញាតឱ្យខ្ញុំបានរៀប​រាប់ឱ្យអ្នកស្ដាប់ពីប្រវត្តិរបស់វាបន្តិចទៅចុះ។

ជាច្រើនឆ្នាំមកហើយ ខ្ញុំបានជួបសិក្ខាសាលាស្ដីពីការលក់ដ៏គួរឱ្យចាប់អារម្មណ៍ជាខ្លាំងមួយ។ អ្នកគ្រប់គ្រងថ្នាក់កំពូលនៃក្រុមហ៊ុនដ៏មានអារម្មណ៍ពុះពោរនិងមានថាមពលម្នាក់ហាក់ចង់ប្រាប់អ្វីម្យ៉ាងដល់សិក្ខាកាមទាំងអស់ឱ្យបានដឹង។ បុរសម្នាក់នេះបើមើលតាមរយៈមុខមាត់ទៅ គឺជាមនុស្សសាមញ្ញបំផុតប៉ុន្តែគេអាចរកប្រាក់ពីការលក់នៅក្នុងឆ្នាំកន្លងមកបានជិត២លានដុល្លារ ចំណែក បុគ្គលិកផ្នែកលក់ដទៃទៀតអាចលក់បានប្រហែល៤០០.០០០ដុល្លារក្នុងមួយឆ្នាំប៉ុណ្ណោះ។

អ្នកគ្រប់គ្រងបាននិយាយនៅក្នុងសិក្ខាសាលាកាលនោះថា «ខ្ញុំចង់ឱ្យពួកយើងមើល ហ៊ែរី ឱ្យបានច្បាស់ បន្ទាប់មកសាកល្បងសួរខ្លួនឯងថា តើ ហ៊ែរី មានអ្វីដែលពួកយើងគ្មានទៅ? ហ៊ែរីអាចរកចំណូលបានលើសពីចំណូលជាមធ្យមដល់ទៅ៥ដងឯណោះ ដូច្នេះថាតើ ហ៊ែរី ឆ្លាតជាងពួកយើង៥ដងឬទេ? ចម្លើយថា «អត់ទេ»។ តាមរយៈលទ្ធផលនៃការប្រឡងរបស់ ហ៊ែរី ដែលខ្ញុំបានពិនិត្យរួចហើយនោះឃើញថា គេធ្វើពិន្ទុបានស្មើនឹងពិន្ទុជាមធ្យមរបស់បុគ្គលិកដទៃទៀតនៅក្នុងផ្នែកលក់ដែរ ឬថា ហ៊ែរីធ្វើការធ្ងន់ជាងយើង៥ដង? វាក៏មិនមែនដែរ។ របាយការណ៍ដែលខ្ញុំមាននេះ តាមពិតទៅ ហ៊ែរី បានសុំឈប់សម្រាកច្រើនជាងពួកយើងទៅទៀត»។

«តើ ហ៊ែរី បានកន្លែងលក់ដែលល្អជាងនិងច្រើនជាងឬ? ចម្លើយថានៅតែមិនមែន ព្រោះបរិមាណនៃការលក់ក្នុងមួយលើកៗក៏ស្មើអ្នកដទៃ។ តើ ហ៊ែរី មានការសិក្សាល្អជាងឬ? មិនមែនទាំងអស់ ហ៊ែរីមានអ្វីៗគ្រប់យ៉ាងស្ថិតនៅក្នុង​កម្រិតដូចគ្នានឹងបុគ្គលិកទូទៅ»។

«ប៉ុន្តែយើងត្រូវដឹងថា ភាពខុសគ្នារវាង ហ៊ែរី និងពួកអ្នកគឺ ហ៊ែរី គិតធំជាងពួកអ្នកទាំងអស់គ្នាដល់ទៅ៥ដងឯណោះ»។

បន្ទាប់មក អ្នកគ្រប់គ្រងក៏បាននិយាយបន្តដោយបង្ហាញឱ្យឃើញថា ភាពជោគជ័យមិនត្រូវបានកំណត់ដោយទំហំរបស់ខួរក្បាលទេ ប៉ុន្តែត្រូវកំណត់ដោយទំហំនៃគំនិតរបស់មនុស្សម្នាក់នោះឯង។

នេះគឺជាគំនិតដែលគួរឱ្យស្ងើចសរសើរ ហើយវាបានដក់ជាប់នៅក្នុងចិត្តរបស់ខ្ញុំរហូតមក។ ខ្ញុំកាន់តែបានជជែកជាមួយនឹងមនុស្សកាន់តែច្រើន វាបញ្ជាក់ប្រាប់ខ្ញុំកាន់តែច្បាស់ ថាតើអ្វីដែលស្ថិតនៅពីក្រោយភាពជោគជ័យពិតប្រាកដ។ គ្រប់ករណីដែលបានកើតឡើងបានបញ្ជាក់ឱ្យឃើញថា ចំនួនទឹកប្រាក់នៅក្នុងបញ្ជីធនាគារ ទំហំនៃសេចក្ដីសុខ និងទំហំនៃការពេញចិត្តជាទូទៅរបស់មនុស្សម្នាក់ត្រូវបានកំណត់ដោយទំហំនៃគំនិតរបស់គេទាំងអស់ ដែលវាពិតជាមានភាពអស្ចារ្យក្នុងការគិតឱ្យធំ។

«បើការគិតធំអាចផ្ដល់ផលសម្រេចបានជាច្រើននោះ ហេតុអ្វីទើបមនុស្សគ្រប់គ្នាមិនគិតឱ្យធំ?» នោះគឺជាសំណួរដែលខ្ញុំត្រូវគេសួរជាញឹកញាប់។ សម្រាប់ចម្លើយវិញ ខ្ញុំជឿថា ដោយសារតែយើងគ្រប់គ្នាគឺជាផលិតផលនៃគំនិតរបស់អ្នកដទៃដែលនៅជុំវិញខ្លួនច្រើនជាងអ្វីដែលយើងគិត ហើយគំនិតជាច្រើនទាំងនេះគឺជាការគិតតូចមិនមែនជាការគិតធំទេ។ អ្វីដែលនៅជុំវិញខ្លួនយើងទាំងអស់គឺជាកត្តាដែលព្យាយាមរារាំងក្ដីស្រមៃរបស់យើង ហើយយើងត្រូវគេប្រាប់ស្ទើរតែរាល់ថ្ងៃថា មានកន្លែងទំនេរសម្រាប់បុគ្គលិកថ្នាក់ក្រោម ប៉ុន្តែមានឱកាសតិចណាស់សម្រាប់តំណែងចៅហ្វាយនាយ ដូច្នេះថាតើឱ្យយើងនឹងមានអារម្មណ៍ខិតខំប្រឹងប្រែងដើម្បីតំណែងដែលមិនទំនេរនេះធ្វើអ្វី?

បរិបទទាំងនេះនឹងធ្វើឱ្យយើងយល់ថា «អ្វីដែលនឹងកើត វាត្រូវតែកើត» ហើយអ្វីដែលយើងមិនអាចគ្រប់គ្រងបានគឺ«វាសនា» ដែលវាជាអ្នកកំណត់ទាំងអស់។ បើអ៊ីចឹង ចូរបំភ្លេចក្ដីស្រមៃទាំងនោះចោលឱ្យអស់ បំភ្លេចផ្ទះទំនើបបំភ្លេចការសិក្សាល្អៗដែលអ្នកបានរៀបចំគម្រោងសម្រាប់កូន បំភ្លេចការមានជីវិតដែលប្រសើរ ព្រមចុះចាញ់ទៅតាមសម្រួល និងរង់ចាំមើល ថាតើនឹងមានអ្វីកើតឡើងចំពោះអ្នកពីមួយថ្ងៃទៅមួយថ្ងៃ។

អ្នកប្រហែលជាធ្លាប់ឮប្រយោគដែលថា «ជោគជ័យវាមិនសមនឹងតម្លៃនៃអ្វីដែលអ្នកបានលះបង់ទៅទេ»។ ប្រយោគនេះស្ដាប់ទៅហាក់ដូចជាអ្នកត្រូវលះបង់អ្វីៗគ្រប់យ៉ាង ដូចជា ចិត្តរបស់អ្នក ជីវិតគ្រួសាររបស់អ្នក ការដឹងល្អអាក្រក់របស់អ្នក និងជំនឿរបស់អ្នកដើម្បីឈានទៅរកចំណុចខ្ពស់បំផុត ប៉ុន្តែតាមពិតទៅ ភាពជោគជ័យមិនត្រូវការអ្វីទាំងអស់ ហើយគ្រប់ជំហានដែលបោះទៅមុខ វារមែងផ្ដល់ផលតបស្នង។

ម្យ៉ាងទៀតវាក៏មិនមែនជាការពិតដែរថា មានកន្លែងទំនេរសម្រាប់តំណែងខ្ពស់ៗតិចពេក ឬការប្រកួតប្រជែងសម្រាប់តំណែងល្អៗមានច្រើនពេក។ អ្នកជ្រើសរើសបុគ្គលិកម្នាក់បានប្រាប់ខ្ញុំថា គេបានទទួលពាក្យស្នើសុំការងារសម្រាប់តំណែងធម្មតាៗប្រហែល​ជា៥០ទៅ២៥០ដងនៃការដាក់ពាក្យធ្វើការក្នុងតំណែងដែលផ្ដល់ប្រាក់ខែដែលគួរឱ្យចាប់អារម្មណ៍ ដែលនេះបញ្ជាក់ឱ្យឃើញថា មនុស្សភាគច្រើនមិនហ៊ានដាក់ពាក្យកន្លែងខ្ពស់ៗ ល្អៗ មានប្រាក់ខែច្រើននោះទេ តែតាមពិតទៅមានតំណែងទំនេរជាច្រើនរង់ចាំមនុស្សដែលហ៊ានគិតឱ្យធំ។

គោលការណ៍និងគំនិតមូលដ្ឋានដែលគាំទ្រ ភាពមហស្ចារ្យនៃការគិតឱ្យ​ធំ បានមកពីអ្នកដែលបានទទួលជោគជ័យខ្ពស់បំផុតនិងបានមកពីចិត្តដែលគិតតែរឿងល្អៗនិងគិតធំបំផុតនៅពេលដែលមានជីវិតនៅក្នុងលោកនេះ។ សាស្ដា ដេវិតបានសរសេរថា «មនុស្សដែលគិតអ្វីនៅក្នុងចិត្ត គេនឹងក្លាយទៅជាមនុស្សដូច្នោះ» ឬដូចដែល Emerson បាននិយាយថា «​មនុស្សដែលអស្ចារ្យគឺជាមនុស្សដែលមើលឃើញថា គំនិតគឺជាការគ្រប់គ្រងពិភពលោក» ឬក៏ដូចដែល Milton បានសរសេរនៅក្នុងសៀវភៅរឿង«Paradise Lost»ថា «ចិត្តគឺជាអ្នកសាងខ្លួនវាឡើង ហើយនៅក្នុងចិត្តនោះ វាអាចនឹងបង្កើតឋានសួគ៌ឬឋាននរកក៏បាន» ឬក៏ដូច Shakespeare បានសង្កេតឃើញថា «គ្មានអ្វីដែលល្អឬអាក្រក់ទេ លើកលែងតែគំនិតឱ្យវាក្លាយទៅជា​ដូច្នោះ»។

រឿងមួយទៀតដែលមនុស្សតែងតែឆ្ងល់ថាតើការពិសោធបានមកពីណា? តើយើងអាចដឹងបានដូចម្ដេចទៅ​ថា អ្នកគិតដ៏អស្ចារ្យទាំងនោះគិតបានត្រឹមត្រូវ? យើងត្រូវដឹងថា ការពិសោធបានមកពីជីវិតរបស់មនុស្សដែលនៅជុំវិញខ្លួនយើង។ អ្នកដែលទទួលបានជោគជ័យនៅក្នុងជីវិតដោយការទទួលបានជោគជ័យនៅក្នុងការងារនិងមានសេចក្ដីសុខ ជាការបញ្ជាក់ឱ្យឃើញថា ការគិតធំអាចប្រើបានផលពិតប្រាកដមែន។

ដំណាក់កាលងាយៗដែលយើងកំណត់ឡើងនៅទីនេះ មិនមែនជាទ្រឹស្ដីដែលនៅមិនទាន់បានទទួលការពិសោធនិងមិនមែនជាការប៉ាន់ស្មានឬមកពីការយល់ឃើញរបស់មនុស្សតែម្នាក់ទេ ប៉ុន្តែគឺជាវិធីនៃស្ថានការណ៍នៅក្នុងជីវិតដែលបានទទួលការពិសោធរួច ហើយវាក៏ជាដំណាក់កាលទូទៅដែលអាចប្រើបានផល និងបានផលដ៏មហស្ចារ្យទៀតផង​។

ការដែលអ្នកកំពុងអានសៀវភៅទំព័រនេះបង្ហាញថា អ្នកចាប់អារម្មណ៍លើជោគជ័យដ៏អស្ចារ្យ ហើយអ្នកត្រូវការធ្វើឱ្យក្ដីប្រាថ្នារបស់អ្នកក្លាយទៅជាការពិត។ អ្នកចង់ឱ្យមានមាត្រដ្ឋាននៃការរស់នៅកាន់តែខ្ពស់ អ្នកចង់ឱ្យជីវិតនេះផ្ដល់នូវអ្វីដែលល្អៗដល់អ្នកនិងគ្រួសារតាមដែលអ្នកគួរតែបានទទួល និងការយកចិត្តទុក​ដាក់លើភាពជោគជ័យ គឺជាគុណ​សម្បត្តិដ៏អស្ចារ្យដែលអ្នកគួរតែមាន។

អ្នកនៅមានគុណសម្បត្តិដែលគួរឱ្យកោតសរសើរមួយចំណុចទៀត នោះគឺ ការអានសៀវភៅនេះ ហើយការដែលអ្នកកំពុងកាន់សៀវភៅមួយនេះអាន គឺជាការបង្ហាញឱ្យឃើញថា អ្នកមានប្រភពទិន្នន័យដើម្បីស្វែងរកវិធីជួយនាំអ្នកទៅកន្លែងដែលអ្នកចង់ទៅ។ ក្នុងការបង្កើតអ្វីមួយ មិនថាជា រថយន្ត ស្ពាន ឬយានអវកាសទេ សុទ្ធតែត្រូវប្រើវិធីដោះស្រាយឬឧបករណ៍ដើម្បីបង្កើតទាំងអស់។ មានមនុស្សជាច្រើនដែលព្យាយាមសាងភាពជោគជ័យនៅក្នុងជីវិត ប៉ុន្តែគេបែរជាភ្លេចថា មានឧបករណ៍ដែលអាចជួយគេបាន។ អ្នកត្រូវសន្យាថា អ្នកនឹងមិនភ្លេចគុណឧបករណ៍ជោគជ័យដ៏សំខាន់ដែលនឹងបានទទួលប្រយោជន៍ពីសៀវភៅមួយក្បាលនេះទេ ដែលនេះគឺជាក្ដីប្រាថ្នាលើជោគជ័យដែលនឹងធ្វើឱ្យកាន់តែអស្ចារ្យឡើងការផ្ដល់ព័ត៌មានក្នុងការជ្រើសរើសជម្រើសដែលអ្នកពេញចិត្ត និងឧបករណ៍ដែលជួយឱ្យអ្នកទទួលបានជោគជ័យចំពោះអ្វីដែលប្រាថ្នាយ៉ាងពិតប្រាកដ។

នៅពេលអ្នកគិតធំហើយ អ្នកនឹងមានជីវិតដែលកាន់តែអស្ចារ្យឡើង អ្នកនឹងមានជីវិតកាន់តែអស្ចារ្យឡើង ទាំងសេចក្ដីសុខ ការងារ ប្រាក់ចំណូល មិត្តភក្តិ ហើយត្រូវគេទទួលស្គាល់និងលើកតម្កើងទៀតផង។

ចាប់ផ្ដើមពីឥឡូវនេះ នាទីនេះ កន្លែងនេះ អ្នកត្រូវតែរកវិធីធ្វើឱ្យគំនិតរបស់អ្នកសាងភាពមហស្ចារ្យដល់អ្នក។ ចាប់ផ្ដើមដោយគំនិតរបស់ Disraeli អ្នកប្រាជ្ញដ៏អស្ចារ្យដែលនិយាយថា «ជីវិតមនុស្សយើងខ្លីហួសពីការធ្វើជាមនុស្សគិតតូច»

ទំព័រ 348
ទំហំខ្នាត H= 20.5cm , W= 14.5cm