វិធីសាស្ត្រសម្រេចគោលដៅ Goals!

$9 $7.50

Publish date: 2021-12-17

Category: Strategies & Challenges

Publisher: រោងពុម្ពព្រៃស

Author Name: យ៉ែម វណ្ណា

99 Books Available.

Description:

ជោគជ័យគឺជាគោលដៅ

សូមស្វាគមន៍មកកាន់ការបោះពុម្ពលើកទីពីរនៃសៀវភៅ Goals! ចាប់តាំងពីសៀវភៅនេះបានបោះពុម្ពលើកដំបូងក្នុងឆ្នាំ២០០៣ វាបានលក់ដាច់រាប់សែនក្បាលនិងបានបកប្រែជាង២០ភាសា។ វាបានក្លាយជាសៀវភៅលក់ដាច់បំផុតទាក់ទងនឹងការសម្រេចគោលដៅនៅក្នុងប្រវត្តិសាស្ត្រ។

ពេលនេះ យើងបានសម្រេចចិត្តធ្វើការកែលម្អនិងកែប្រែសៀវភៅ Goals! ឡើងវិញ ដើម្បីធ្វើឱ្យវាកាន់តែមានប្រយោជន៍និងកាន់តែរហ័សសម្រាប់មនុស្សដែលរស់នៅក្នុងសម័យសេដ្ឋកិច្ចផ្លាស់ប្តូរយ៉ាងឆាប់រហ័សនេះ។ អ្នកនិពន្ធនិងអ្នកវាយតម្លៃប្រកបដោយវិជ្ជាជីវៈបីរូបបានត្រួតពិនិត្យសៀវភៅនេះពីដើមដល់ចប់ ហើយផ្តល់គំនិតដ៏ល្អបំផុតដើម្បីធ្វើឱ្យវាកាន់តែមានប្រយោជន៍សម្រាប់មនុស្សជាច្រើន។

ខ្ញុំសូមថ្លែងអំណរគុណ Katheine Armstrong, Sara Jane Hope និង Janice Rutledge យ៉ាងជ្រាលជ្រៅសម្រាប់ទស្សនៈនិងគតិរបស់ពួកគេ។ ការបោះពុម្ពលើកនេះបានធ្វើឱ្យលទ្ធផលកាន់តែប្រសើរឡើងជាអតិបរមា។ខ្ញុំក៏សូមថ្លែងអំណរគុណជាពិសេសផងដែរចំពោះមិត្តនិងសហការី Cord Cooper របស់ខ្ញុំសម្រាប់ការសរសេរអត្ថបទបន្ថែមបន្ថយ សរសេរឡើងវិញ បន្ថែមគំនិតថ្មីៗ និងសម្រួលអត្ថបទឱ្យកាន់តែងាយអាននិងងាយយល់។

សៀវភៅនេះ បានរៀបរៀងឡើងសម្រាប់មនុស្សដែលមានមហិច្ឆតាចង់រីកចម្រើនយ៉ាងឆាប់រហ័ស។ បើនេះជាអ្វីដែលអ្នកគិតនិងមានអារម្មណ៍អ្នកជាមនុស្សដែលសក្ដិសមនឹងសៀវភៅនេះបំផុត។ គំនិតដែលមានក្នុងសៀវភៅនេះ នឹងជួយសន្សំពេលវេលារបស់អ្នកក្នុងការសម្រេចគោលដៅដ៏សំខាន់បំផុតក្នុងជីវិតអ្នក។

ខ្ញុំធ្លាប់និយាយជាង៥ពាន់ដងនៅក្នុង៥៤ប្រទេស ទៅកាន់អ្នកស្តាប់ជាង២៥០,០០០នាក់មកហើយ។ ការបណ្តុះបណ្តាលនិងការនិយាយរបស់ខ្ញុំមានផ្សេងៗគ្នា ចាប់ពី៥នាទីរហូតដល់៥ថ្ងៃក៏មាន។ នៅគ្រប់ករណី ខ្ញុំបានផ្តោតទៅលើការចែករំលែកគំនិតសំខាន់ៗដែលខ្ញុំបានរកឃើញទាក់ទងនឹងប្រធានបទអ្វីមួយទៅអ្នកស្តាប់នៅខណៈនោះ។

បន្ទាប់ពីនិយាយយ៉ាងច្រើនទៅលើប្រធានបទផ្សេងៗគ្នា បើខ្ញុំមានពេលត្រឹមតែ៥នាទីដើម្បីនិយាយជាមួយអ្នក ខ្ញុំនឹងបង្ហាញតែគំនិតមួយប៉ុណ្ណោះដែលនឹងជួយឱ្យអ្នកទទួលជោគជ័យដ៏ធំធេងបំផុត គឺ«ចូរសរសេរគោលដៅរបស់អ្នក ធ្វើផែនការដើម្បីធ្វើឱ្យបានសម្រេច​ និងអនុវត្តតាមផែនការរបស់អ្នកជារៀងរាល់ថ្ងៃ»

ដំបូន្មាននេះ​ បើអ្នកធ្វើតាម នឹងជួយដល់អ្នកច្រើនជាងអ្វីដទៃទៀតដែលអ្នកធ្លាប់រៀន។ និស្សិតមហាវិទ្យាល័យជាច្រើនបានរៀបរាប់ប្រាប់ខ្ញុំថាគំនិតដ៏សាមញ្ញនេះ ពិតជាមានប្រយោជន៍ចំពោះពួកគេច្រើនជាងរៀននៅមហាវិទ្យាល័យ៤ឆ្នាំទៅទៀត។ គំនិតនេះបានផ្លាស់ប្តូរជីវិតរបស់ខ្ញុំនិងជីវិតមនុស្សរាប់លាននាក់ដទៃទៀត។ វានឹងផ្លាស់ប្តូរជីវិតរបស់អ្នកដូចគ្នាដែរ។

ចំណុចផ្លាស់ប្តូរ

ប៉ុន្មានឆ្នាំមុននេះ មនុស្សជោគជ័យមួយក្រុមបានមកជួបជុំគ្នានៅ Chicago ដើម្បីនិយាយពីបទពិសោធជីវិតរបស់ពួកគេ។ ពួកគេគ្រប់គ្នាគឺជាសេដ្ឋីនិងអភិមហាសេដ្ឋី។ ពួកគេម្នាក់ៗបានសាងជីវិតពីបាតដៃទទេអស់រយៈពេលជាច្រើនឆ្នាំ។ ដូចបុគ្គលដែលទទួលជោគជ័យជាច្រើនទៀតដែរពួកគេមានទាំងការឱនលំទោននិងដឹងគុណចំពោះអ្វីដែលពួកគេសម្រេចបាននិងអរគុណដែលជីវិតផ្តល់ឱ្យពួកគេនូវរឿងល្អៗ។

នៅពេលពួកគេរៀបរាប់ពីមូលហេតុដែលនាំឱ្យពួកគេសម្រេចជោគជ័យដ៏ធំធេងនៅក្នុងជីវិត មានបុរសដ៏ឆ្លាតវៃម្នាក់ក្នុងចំណោមពួកគេបានក្រោកឡើង ហើយនិយាយថា តាមការសន្មតរបស់គាត់គឺ «ជោគជ័យគឺជាគោលដៅ អ្វីផ្សេងទៀតគ្រាន់តែជាការនិយាយឱ្យតែរួចពីមាត់ប៉ុណ្ណោះ»។ បន្ទាប់ពីស្ងប់ស្ងាត់ពីរបីវិនាទី អ្នកដទៃទៀតក៏បានងក់ក្បាលនិងយល់ស្របតាម។

ពេលវេលានិងជីវិតរបស់អ្នកគឺជារបស់ដ៏មានតម្លៃបំផុត។ ការខ្ជីខ្ជាពេលវេលានិងជីវិតដ៏ធំបំផុតគឺ ចំណាយពេលវេលាជាច្រើនឆ្នាំដើម្បីធ្វើឱ្យអ្វីមួយបានសម្រេច ដែលតាមពិត អ្នកអាចសម្រេចក្នុងរយៈពេលត្រឹមតែពីរបីខែប៉ុណ្ណោះ។ តាមរយៈការអនុវត្តដំណើរការនៃការកំណត់និងធ្វើឱ្យគោលដៅ បានសម្រេច ដែលមានរៀបរាប់ក្នុងសៀវភៅនេះ អ្នកនឹងសម្រេចជោគជ័យដ៏ធំធេងក្នុងរយៈពេលខ្លីជាងដែលអ្នកធ្លាប់នឹកស្មាន។ ល្បឿនដែលអ្នកនឹងសម្រេចបានអ្វីមួយនៅក្នុងជីវិត នឹងធ្វើឱ្យអ្នកនិងអ្នកដទៃជុំវិញអ្នកនឹកស្មានមិនដល់សោះឡើយ។

ធ្វើតាមអ្នកដឹកនាំ មិនមែនអ្នកដើរតាមទេ

តាមរយៈការអនុវត្តវិធីសាស្ត្រនិងទិចនិកសាមញ្ញៗនិងងាយអនុវត្តអ្នកអាចរំដោះខ្លួនចេញពីភាពក្រលំបាកទៅរកភាពមានបាននៅក្នុងខែនិងឆ្នាំខាងមុខយ៉ាងឆាប់រហ័ស។ អ្នកអាចផ្លាស់ប្តូរបទពិសោធពីភាពក្រីក្រនិងការកើតទុក្ខទៅរកភាពសម្បូរសប្បាយនិងមានសេចក្តីសុខ។ អ្នកអាចទៅហួសមិត្តភក្តិនិងគ្រួសាររបស់អ្នក ហើយសម្រេចជោគជ័យក្នុងជីវិតច្រើនជាងអ្នកដទៃទៀតដែលអ្នកធ្លាប់ស្គាល់។

ខ្ញុំបានរកឃើញម្តងហើយម្តងទៀតថា មនុស្សមានសមត្ថភាពធម្មតាម្នាក់ បើមានគោលដៅច្បាស់លាស់នឹងធ្វើបានល្អជាងមនុស្សដ៏អស្ចារ្យដែលមិនបានដឹងច្បាស់ថា គាត់ឬនាងចង់បានអ្វីឱ្យប្រាកដ។

ពំនោលបេសកកម្មក្នុងជីវិតរបស់ខ្ញុំដែលមិនបានផ្លាស់ប្តូរអស់រយៈពេល ជាច្រើនឆ្នាំគឺ «ដើម្បីជួយមនុស្សឱ្យបានសម្រេចគោលដៅរបស់ពួកគេលឿនជាង​ដែលពួកគេធ្លាប់គិតពេលមានវត្តមាននៃការជួយរបស់ខ្ញុំ»

សៀវភៅមួយក្បាលនេះបានសម្រិតសម្រាំងរាល់បច្ច័យសំខាន់ៗដែលខ្ញុំបានរៀននៅក្នុងវិស័យជោគជ័យ ការសម្រេចគោលដៅ និងសមិទ្ធផល។ តាមរយៈការអនុវត្តជំហានដែលបានពន្យល់នៅក្នុងទំព័រខាងមុខ អ្នកនឹងឆ្ពោះទៅមុខគេក្នុងជីវិត។

ចំពោះកូនរបស់ខ្ញុំ សៀវភៅនេះជាមគ្គទេសក៍និងជាផែនទីជួយប្រាប់ផ្លូវគេឱ្យចេញពីកន្លែងដែលគេស្ថិតនៅ ឆ្ពោះទៅរកកន្លែងដែលគេចង់ទៅ។

ចំពោះមិត្តរបស់ខ្ញុំនិងមិត្តអ្នកអានសៀវភៅនេះ មូលហេតុដែលនាំឱ្យខ្ញុំសរសេរសៀវភៅនេះគឺ ផ្តល់នូវយុទ្ធសាស្ត្រដែលអ្នកអាចយកទៅប្រើការដើម្បីឆ្ពោះទៅរកជោគជ័យនៅក្នុងជីវិតរបស់អ្នក។

សូមស្វាគមន៍! ការផ្សងព្រេងដ៏ធំបំផុតនឹងចាប់ផ្តើមបន្តិចទៀតនេះ។

ទំព័រ 380
ទំហំខ្នាត H= 20.5cm , W= 14.5cm
បកប្រែដោយ យ៉ែម វណ្ណា
សម្រួលអត្ថបទដោយ ប្រាជ្ង វិជ័យ