ទស្សនវិជ្ជាសាមញ្ញនៃបរមគ្រូខុងជឺ

$7.2 $6.00

Publish date: 2021-12-17

Category: Philosophy

Publisher: រោងពុម្ពព្រៃស

Author Name: តឹក រដ្ឋា

99 Books Available.

Description:

បើនិយាយអំពីខុងជឺ ខ្ញុំជឿជាក់ថា អ្នករាល់គ្នា ជាពិសេសអ្នកដែលមានជាប់ខ្សែស្រឡាយចិនភាគច្រើនប្រាកដជាធ្លាប់បានឮឈ្មោះឬបានស្គាល់ច្បាស់ពីឋានៈដែលលោកគឺជាអ្នកដែលបង្កើតសាសនាខុងជឺបុន្តែការស្គាល់លោកច្បាស់លាស់ច្រើនប៉ុនណានោះ វាជារឿងដែលមិនទាន់ជាល្អិនល្អន់ប៉ុន្មានទេ។ ជាពិសេសក្មេងៗសម័យបច្ចុប្បន្ននៅក្នុងប្រទេសចិន ហុងកុង និងតៃវ៉ាន់ បានយល់ថា ហេតុផលជាច្រើននៅក្នុងផ្នែកមួយចំនួននៃពាក្យប្រៀនប្រដៅរបស់បរមគ្រូខុងជឺ ជារឿងដែលហួសសម័យនិងជារឿងដែលគួរឱ្យធុញទ្រាន់ទៅវិញ។

មួយវិញទៀត សម្រាប់អ្នកដែលកើតនៅក្នុងយុគសម័យដែលពោរពេញទៅដោយទស្សនវិស័យនិងវប្បធម៌របស់លោកខាងលិចដែលកំពុងហូរចូលឥតឈប់ឈរគ្រប់ទីកន្លែង បូករួមទាំងមានទស្សនវិទូរបស់លោកខាងលិចនិងលោកខាងកើតបាននិងកំពុងនាំគ្នាធ្វើការវាយប្រហារថា សាសនាខុងជឺគឺជាឫសគល់នៃភាពចាស់គំរិលនិងជាឫសគល់នៃការគ្រប់គ្រងបែបស៊ីសំណូកសូកប៉ាន់របស់អំណាចសក្តិភូមិចិនអស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយផងនោះ​ ធ្វើឱ្យមានការរង្គោះរង្គើផ្នែកខ្លះនៃការបង្រៀនរបស់លោក ប៉ុន្តែយ៉ាងណានោះ ស្រេចតែលើលោកអ្នកអានគិតនិងពិចារណាដោយខ្លួនឯងទៅចុះ។ ក្នុងនាមជាអ្នកប្រែសម្រួលសង្ឃឹមថា លោកអ្នកនឹងប្រើវិចារញ្ញាណប្រកបដោយបញ្ញាបំផុត។

វាមិនមែនជារឿងដែលគួរឱ្យចម្លែកអ្វីទេដែលអ្នកប្រវត្តិសាស្ត្រមួយចំនួនយល់ឃើញថា ប្រវត្តិនិងពាក្យប្រៀនប្រដៅរបស់បរមគ្រូខុងជឺមានការកែសម្រួលសាជាថ្មីឡើងវិញ ដើម្បីឱ្យស្របទៅតាមស្ថានការណ៍ និងស្របទៅតាមតម្រូវការរបស់ថ្នាក់ដឹកនាំនៅក្នុងយុគសម័យនីមួយៗ ឬមួយក៏ជាការនិពន្ធបែបថ្មី ដោយពឹកផ្អែកទៅលើការចងចាំរបស់សាវ័កមួយចំនួនរបស់លោក ព្រោះថាក្បួនតម្រាដើមត្រូវបានដុតបំផ្លាញចោលអស់ទៅហើយនៅក្នុងរជ្ជកាលនៃព្រះបាទជិនស៊ីនិងព្រះបាទថប៉ាអង់។

រឿងរ៉ាវជាប្រវត្តិនិងដំបូន្មានរបស់បរមគ្រូខុងជឺបែបជារឿងនិទានដែលគួរឱ្យចង់អានបំផុតមួយក្បាលនេះ មានការរួបរួមនិងនិពន្ធដោយលោកអងសុក(វ៉ាងស៊ូ)ជាអ្នកប្រាជ្ញប្រចាំនគរវុយកុក។ លោកជាកូនរបស់អងឡង ដែលមានតួនាទីជាមេបញ្ជាការកងទ័ពនៅក្នុងរជ្ជកាលរបស់ព្រះបាទចូយ៉យក្នុងយុគសម័យសាមកុក។ ក្រោយមក មានអ្នកប្រវត្តិសាស្ត្រមួយចំនួនបានថ្កោលទោសគាត់ថា ការនិពន្ធក្បួនច្បាប់នេះឡើង គឺមានភាពលម្អៀងទៅតាមគោលគំនិតរបស់គាត់នៅក្នុងឋានៈជាអ្នកតំណាងនៃក្រុមអ្នកមានអំណាចសម័យថ្មី ហើយមានមួយចំណុចទៀតថា និពន្ធឡើងដើម្បីលុបបំបាត់នូវគោលគំនិតរបស់លោកចើងស្វៀន ដែលជាអ្នកប្រាជ្ញនៅក្នុងយុគសម័យតុងហាន់ គាត់គឺជាអ្នកតំណាងនៅក្នុងក្រុមអ្នកមានអំណាចជំនាន់ចាស់។ ដោយឡែក ការថ្កោលទោសនេះ ខុសឬត្រូវយ៉ាងណាស្រេចតែលើអ្នកអានគិតនិងពិចារណាដោយវិចារញ្ញាណរបស់ខ្លួនឯងចុះ ព្រោះម្នាក់ៗមានប្រដាប់គិត(ខួរក្បាល)ដែលជាឧបករណ៍ដ៏សំខាន់ ដោយមិនបាច់ពឹងលើការវិនិច្ឆ័យរបស់អ្នកដទៃឡើយ។

សៀវភៅមួយក្បាលនេះក៏អាចចាត់ទុកបានថាជាសៀវភៅមួយដែលបង្ហាញដល់រូបភាពរបស់ខុងជឺក្នុងលក្ខណៈជាអ្នកប្រាជ្ញដែលមានភាពជាមនុស្សឈ្លាសវៃ ស្របពេលគ្នានោះដែរ វាក៏ជារឿងមួយដែលឆ្លុះបញ្ចាំងពីលក្ខណៈរបស់ខុងជឺថាជាបណ្ឌិតដែលពោរពេញទៅដោយឧត្តមគតិនិងឆ្លុះបញ្ចាំងឱ្យអាចមើលឃើញពីសុខទុក្ខរបស់ប្រជារាស្ត្រនៅក្នុងយុគសម័យដែលមានភាពចលាចល។ ម្យ៉ាងទៀត អ្នកនិពន្ធបានរៀបរៀងឡើងដោយពាក្យពេចន៍ដែលគួរឱ្យចាប់អារម្មណ៍ ដោយមិនប្រកាន់យកតាមគោលទ្រឹស្តីឬគម្ពីរ ដែលមិនធ្វើឱ្យមិត្តអ្នកអានមានភាពធុញទ្រាន់និងងោកងុយឡើយ។

ក្រៅពីនេះ បើយើងសម្លឹងមើលនៅក្នុងចំណុចនៃការគ្រប់គ្រងខាងផ្នែកពាណិជ្ជកម្មនិងការគ្រប់គ្រងតាមបែបសម័យទំនើបវិញនោះយើងនឹងឃើញថា គោលការណ៍ គោលគំនិត វិធីសាស្ត្រ គុណធម៌ និងការប្រព្រឹត្តរបស់ខុងជឺ ដែលសៀវភៅមួយក្បាលនេះបានខិតខំព្យាយាមបង្ហាញឱ្យឃើញនោះ គឺជាប្រទីបមួយសម្រាប់ជួយបំភ្លឺផ្លូវដល់យើងផងដែរ។ យើងអាចនាំយកពាក្យប្រៀនប្រដៅរបស់បរមគ្រូមកច្នៃប្រឌិតប្រើប្រាស់ជាមួយសភាពពិតជាក់ស្ដែងនៅបច្ចុប្បន្នជីវិតនេះបានយ៉ាងប្រសើរ។

ខ្ញុំមានជំនឿថា វាមិនចេះហួសសម័យអ្វីឡើយ ប៉ុន្តែផ្ទុយទៅវិញវាមានអត្ថប្រយោជន៍ច្រើនបំផុតដល់មិត្តអ្នកអាន ទាំងផ្នែកការងារជាអាជីពនិងផ្នែកជីវិតផ្ទាល់ខ្លួនរបស់អ្នក​ ព្រមទាំងជួយធ្វើឱ្យសង្គមដែលអ្នករស់នៅបានទទួលសុខសន្តិភាពជានិច្ចនិរន្តរ៍តរៀងទៅបានទៀតផងព្រោះកុំថាឡើយទស្សនវិជ្ជាដ៏មានតម្លៃបែបនេះ សូម្បីអ្វីក៏ដោយបើយើងចេះយកទៅច្នៃប្រឌិតប្រើ នឹងមានប្រយោជន៍ជាអនេក ដោយហោចទៅសូម្បីសំរាមដែលគេបោះចោលក៏មានប្រយោជន៍ដែរ ប៉ុន្តែសំណួរសួរថា តើអ្នកចេះច្នៃវាកម្រិតណា?

ទំព័រ 294
ទំហំខ្នាត H= 20.5cm , W= 14.5cm