ញ៉ាំកង្កែបនោះទៅ!

$3 $2.50

Publish date: 2021-12-17

Category: Self development

Publisher: រោងពុម្ពព្រៃស

Author Name: រស់ សុខឡាង

99 Books Available.

Description:

សូមអរគុណដែលជ្រើសរើសយកសៀវភៅនេះឡើងមក ខ្ញុំសង្ឃឹមថា គំនិតនានានៅក្នុងសៀវភៅនឹងជាប្រយោជន៍ចំពោះអ្នកបានច្រើនស្មើនឹងខ្ញុំនិងអ្នកដទៃរាប់ម៉ឺននាក់ដែលធ្លាប់ជួបមកដោយខ្លួនឯង។ បើនិយាយតាមត្រង់ទៅ ខ្ញុំពិតជាសង្ឃឹមមែនទែនថា សៀវភៅមួយក្បាលនេះនឹងផ្លាស់ប្ដូរជីវិតអ្នករហូត។


អ្នកគ្មានពេលវេលាឱ្យសមល្មមធ្វើអ្វីគ្រប់យ៉ាងដែលអ្នកចង់ធ្វើនោះឡើយ ព្រោះអ្នកអាចមានការងារនិងភារៈតួនាទីច្រើនពេញដៃ អ៊ីមែលរាប់មិនអស់ គម្រោងការជាច្រើន រួមទាំងគំនរសៀវភៅនិងទស្សនាវដ្ដីដែលអ្នកតាំងចិត្តចង់អានថ្ងៃណាមួយ…ពេលទំនេរភ្លាម។


ប៉ុន្តែការពិតគឺ គ្មានថ្ងៃនោះទេ ព្រោះអ្នកនឹងគ្មានពេលវេលាធ្វើអ្វីៗគ្រប់យ៉ាងឱ្យ​សម្រេច ហើយអ្នកគ្មានថ្ងៃសល់ពេលឆ្លើយតបអ៊ីមែល អានសៀវភៅ ទស្សនាវដ្ដីឬកិច្ចការកម្សាន្ដដែលអ្នកស្រមៃគ្រប់នោះទេ។


បន្ទាប់មកអ្នកក៏ភ្លេចរឿងរកវិធីគ្រប់គ្រងពេលវេលាដើម្បីធ្វើរឿងផ្សេងៗឱ្យមានប្រសិទ្ធភាពខ្លាំងឡើង ព្រោះមិនថាអ្នកបន្ថែមប្រសិទ្ធភាពបានច្រើនប៉ុន​ណាទេ រឿងដែលអ្នកត្រូវធ្វើក៏នៅតែមានច្រើនជាងពេលវេលាដែលអ្នកមានដដែល។


អ្នកអាចគ្រប់គ្រងពេលវេលានិងជីវិតរបស់អ្នកបានដោយការផ្លាស់ប្ដូរវិធីគិត វិធីធ្វើការងារ និងវិធីទប់ទល់នឹងការទទួលខុសត្រូវផ្សេងៗដែលចូលមកឥតឈប់ឈររាល់ថ្ងៃ។ អ្នកអាចគ្រប់គ្រងភារៈកិច្ចនិងសកម្មភាពផ្សេងៗបានលុះត្រាតែអ្នកឈប់ធ្វើរឿងខ្លះ ហើយងាកទៅចំណាយពេលច្រើនឡើងជា​មួយរឿងដែលអាចផ្លាស់ប្ដូរជីវិតរបស់អ្នកបានពិតប្រាកដ។


ខ្ញុំសិក្សារឿងការគ្រប់គ្រងពេលវេលាមកយូរជាង៤០ឆ្នាំ ខ្ញុំជ្រួតជ្រាបពីគំនិតរបស់ Peter Drucker , Alan Lakein, Steven Covey  និងបុគ្គលដទៃទៀតជាច្រើន។​ ខ្ញុំអានសៀវភៅរាប់រយក្បាលនិងអត្ថបទរាប់ពាន់ទាក់ទងនឹងការបន្ថែមប្រសិទ្ធភាពផ្ទាល់ខ្លួនបុគ្គល ហើយសៀវភៅមួយនេះគឺជាលទ្ធផលដែលចេញមក។


រាល់លើកដែលជួបនឹងគំនិតល្អៗ ខ្ញុំនឹងយកមកសាកល្បងប្រើក្នុងការធ្វើការនិងជីវិតផ្ទាល់ខ្លួន ហើយប្រសិនបើវាប្រើបានផល ខ្ញុំនឹងបញ្ចូលវាទៅក្នុងផ្នែកមួយនៃការអធិប្បាយនិងសិក្ខាសាលាដែលខ្ញុំរៀបចំឡើងដើម្បីផ្ដល់ចំណេះដឹងដល់អ្នកដទៃ។


Galileoធ្លាប់សរសេរថា «អ្នកមិនអាចបង្រៀនអ្វីដល់អ្នកដទៃបានទេ អ្នកធ្វើបានត្រឹមតែជួយឱ្យគេរកឃើញរឿងនោះដោយខ្លួនឯងប៉ុណ្ណោះ»។


បើអ្នកមានចំណេះដឹងនិងបទពិសោធមកខ្លះហើយ អ្នកប្រហែលជាស៊ាំនឹងគំនិតទាំងនេះ តែសៀវភៅមួយនេះនឹងជួយឱ្យអ្នកដឹងពីភាពសំខាន់របស់វាខ្លាំងឡើង។ នៅពេលយល់ដឹងនិងយកទិចនិកទាំងឡាយទៅបំប្លែងប្រើជាញឹកញាប់ អ្នករមែងតែផ្លាស់ប្ដូរជីវិតរបស់ខ្លួនឱ្យល្អឡើងបាននៅទីបំផុត។


 


យល់ដឹងពីមនុស្សសម្រេចជោគជ័យ


ខ្ញុំសុំចាប់ផ្តើមដោយរឿងរ៉ាវតិចតួចទាក់ទងនឹងខ្លួនឯងនិងដំណើរដើមទងនៃសៀវភៅមួយនេះ។ ជីវិតរបស់ខ្ញុំមានចំណុចចាប់ផ្តើមដែលអាក្រក់បំផុត ចំណែកឯចំណុចល្អមានត្រឹមតែម្យ៉ាងប៉ុណ្ណោះគឺ ការស្រេកឃ្លានចង់ដឹងអ្វីដែលនៅពេញក្នុងខ្លួនខ្ញុំ។ នៅពីក្មេង ខ្ញុំរៀនអន់ខ្លាំងណាស់ ត្រូវឈប់ពី​សាលារៀនទាំងនៅមិនទាន់រៀនចប់មធ្យមសិក្សាផង ហេតុនេះហើយទើបខ្ញុំត្រូវទៅធ្វើការងារដែលប្រើកម្លាំងជាច្រើនឆ្នាំ​។ បើនិយាយឱ្យងាយស្ដាប់ទៅ ខ្ញុំជាមនុស្សប្រភេទមនុស្សដែល«គ្មានអនាគត»នោះឯង។


កាលពីខ្ញុំនៅជាយុវវ័យ ខ្ញុំធ្វើការងារលើទូកដឹកទំនិញនិងមានឱកាសបានធ្វើដំណើរទៅឃើញពិភពលោកដ៏ធំល្វឹងល្វើយ។ ដំណើរអស់រយៈពេល៨ឆ្នាំនោះ ខ្ញុំធ្វើដំណើរនិងធ្វើការងារមួយជុំហើយមួយជុំទៀត រហូតទីបំផុតខ្ញុំបានទៅកាន់ប្រទេសផ្សេងៗជាង៨០ប្រទេសក្នុង៥ទ្វីប។


ដល់ពេលអត់ការងារធ្វើ ខ្ញុំក៏ផ្លាស់ប្ដូរខ្លួនឯងមកធ្វើជាអ្នកលក់ ដោយខ្ញុំដើរគោះទ្វារលក់តាមផ្ទះនិងមានប្រាក់ចំណូលពីកម្រៃជើងសា។ ក្នុងការលក់ម្ដងៗ ខ្ញុំបានត្រូវប្រឹងប្រែងស្ទើរតែញើសក្លាយជាស្ទឹងទៅហើយ រហូតថ្ងៃមួយទើបខ្ញុំចាប់ផ្តើមមើលទៅជុំវិញខ្លួនហើយលើកជាសំណួរថា «ហេតុអ្វីបានជាអ្នកដទៃធ្វើបានល្អជាងយើង»។


បន្ទាប់មកខ្ញុំបានធ្វើរឿងខ្លះដែលផ្លាស់ប្ដូរជីវិតរបស់ខ្ញុំទាំងស្រុង​ នោះគឺ​ខ្ញុំចាប់ផ្តើមសួរបណ្ដាអ្នកជោគជ័យទាំងឡាយថា តើពួកគេធ្វើការនិងរកលុយបានច្រើនជាងខ្ញុំដោយរបៀបណា។ ទីបំផុតខ្ញុំបានឡើងតំណែងជាអ្នកចាត់ការផ្នែកលក់ ហើយខ្ញុំនៅតែប្រើវិធីចាស់ដោយសួរបណ្ដាអ្នកចាត់ការដែលជោគជ័យទាំងឡាយថា តើពួកគេសាងនូវលទ្ធផលដ៏អស្ចារ្យបានដូចម្ដេច។​ នៅពេលខ្ញុំទទួលបានចម្លើយ ខ្ញុំក៏យកមកបដិបត្តិតាម។ មិនយូរប៉ុន្មានខ្ញុំក៏ចាប់ផ្ដើមទទួលលទ្ធផលដែលមិនខុសពីពួកគេឡើយ។


នីតិវិធីនៃការយល់ដឹងនិងយកមកបំប្លែងប្រើដូចបាននិយាយខាងលើបានផ្លាស់ប្ដូរជីវិតរបស់ខ្ញុំពីបាតដៃទៅជាខ្នងដៃ។ ខ្ញុំនៅភ្ញាក់ផ្អើលនឹងភាពងាយៗនិងច្បាស់លាស់របស់វារហូតដល់សព្វថ្ងៃនេះ ដោយគ្រាន់តែរកមើលថា តើមនុស្សដែលសម្រេចជោគជ័យគេធ្វើអ្វី ហើយក៏ធ្វើតាមនោះរហូតបានលទ្ធផលដូចគ្នា។ ដូច្នេះចូរយល់ដឹងពីអ្នកជំនាញ ព្រោះថាពិតជាគំនិតដែលអស្ចារ្យខ្លាំងណាស់!


ជោគជ័យជារឿងដែលអាចប៉ាន់ស្មានបាន


អ្នកខ្លះសាងស្នាដៃបានល្អជាងអ្នកដទៃ ព្រោះពួកគេធ្វើរឿងផ្សេងៗដែលខុសពីអ្នកដទៃ និងធ្វើរឿងដែលត្រឹមត្រូវបានយ៉ាងត្រឹមត្រូវសមរម្យ ជាពិសេសបណ្ដាអ្នកជោគជ័យ អ្នកមាន និងអ្នកមានសេចក្ដីសុខទាំងឡាយ ពួកគេសុទ្ធតែប្រើពេលវេលាបានល្អនិងមានប្រសិទ្ធភាពជាងមនុស្សទូទៅដោយមិនអាចប្រៀបធៀបគ្នាបានឡើយ។


ដោយសារតែប្រវត្តិមិនសូវល្អប៉ុន្មាន ទើបខ្ញុំយល់ថា ខ្លួនឯងមិនល្អគ្រប់គ្រាន់ឡើយ។ ខ្ញុំជាប់គាំងនឹងគំនិតដែលថា «មនុស្សដែលធ្វើល្អជាងខ្ញុំដោយ​សារ​តែពួកគេពូកែជាងខ្ញុំពិតមែន»​ ប៉ុន្តែនោះជាអន្ទាក់ខាងគំនិតដែលខ្ញុំយល់ដឹងក្នុងពេលក្រោយថា«មិនមែនជាការពិតឡើយ ពួកគេគ្រាន់តែធ្វើរឿងផ្សេងៗក្នុងរបៀបដែលខុសគ្នាប៉ុណ្ណោះ»។ ប៉ុន្តែបើមើលតាមគោលការណ៍ហេតុផលវិញ នៅពេលពួកគេយល់ដឹងដែលនឹងធ្វើរឿងទាំងនោះបាន ខ្លួនខ្ញុំក៏អាចធ្វើបានដូចគ្នា។


នេះជាការរកឃើញដ៏សំខាន់សម្រាប់ខ្ញុំ វាធ្វើឱ្យខ្ញុំភ្ញាក់ផ្អើលនិងរំភើប ហើយខ្ញុំនៅតែមានអារម្មណ៍បែបនោះរហូតដល់សព្វថ្ងៃនេះ។ ខ្ញុំដឹងហើយថា ខ្លួនឯងអាចផ្លាស់ប្ដូរជីវិតនិងសម្រេចគោលដៅណាមួយដែលប្រាថ្នា ដោយសុំត្រឹមតែស្វែងរកឱ្យឃើញថា អ្នកដទៃដែលសម្រេចជោគជ័យក្នុងផ្នែកនោះគេធ្វើអ្វី ហើយធ្វើតាមនោះរហូត យើងនឹងទទួលបានលទ្ធផលដូចគ្នានៅទីបំផុត។


ក្នុងរយៈពេល១ឆ្នាំដែលខ្ញុំចាប់ផ្តើមធ្វើការងារជាអ្នកលក់ ខ្ញុំក្លាយជាមនុស្សម្នាក់ក្នុងចំណោមមនុស្សដែលលក់បានច្រើនបំផុត ឆ្នាំបន្ទាប់ខ្ញុំក៏បានឡើងតំណែងជាអ្នកចាត់ការ ហើយក្នុងរយៈពេល៣ឆ្នាំ ខ្ញុំក៏បានឡើងទៅកាន់តំណែងអនុប្រធានដែលធ្វើតួនាទីគ្រប់គ្រងក្រុមអ្នកលក់៩៥នាក់ក្នុង៦ប្រទេស សូម្បីតែពេលនោះខ្ញុំអាយុត្រឹមតែ២៥ឆ្នាំក៏ដោយ។


អស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ខ្ញុំបានធ្វើការច្រើនដល់ទៅ២២មុខ ខ្ញុំចាប់ផ្តើមនិងបង្កើតក្រុមហ៊ុនជាច្រើនកន្លែង ខ្ញុំចប់ថ្នាក់ប​រិញ្ញាបត្រពីមហាវិទ្យាល័យល្បីឈ្មោះ រៀននិយាយភាសាបារាំង អាល្លឺម៉ង់ និងអេស្ប៉ាញ ខ្ញុំជាអ្នកនិយាយ គ្រូបង្វឹក និងទីប្រឹក្សាឱ្យក្រុមហ៊ុនជាង១.០០០កន្លែង ក្នុងមួយឆ្នាំៗខ្ញុំអធិប្បាយនិងរៀបចំសិក្ខាសាលាដើម្បីផ្តល់ចំណេះដឹងដល់មនុស្សច្រើនជាង២៥០.០០០នាក់ ហើយជាច្រើនលើកខ្ញុំត្រូវនិយាយចំពោះមុខអ្នកស្ដាប់ច្រើនដល់ទៅ២០.០០០នាក់។


ការពិតដ៏សាមញ្ញ


មួយជីវិតនៃការធ្វើការងារ ខ្ញុំបានរកឃើញការពិតដ៏សាមញ្ញមួយប្រការម្ដងហើយម្ដងទៀតនោះគឺ សមត្ថភាពនៃការផ្តោតយ៉ាងយកចិត្តទុក​ដាក់លើភារកិច្ចដែលសំខាន់បំផុត ដោយព្យាយាមធ្វើវាឱ្យល្អនិងពេញលេញ។  ម្យ៉ាងទៀតចាត់ថាជាកូនសោដ៏សំខាន់ដែលនឹងបើកទ្វារទៅកាន់ភាពជោគជ័យ ការសម្រេចគោលដៅ ការបានទទួលការគោរពរាប់អាន​ ការមានឋានៈក្នុងសង្គម​និងសេចក្ដីសុខក្នុងជីវិត។ កូនសោដែលនិយាយនេះចាត់ជាចំណុចសំខាន់នៃសៀវភៅក្នុងដៃអ្នកមួយក្បាលនេះ។


ខ្ញុំសរសេរសៀវភៅមួយក្បាលនេះដើម្បីបង្ហាញឱ្យឃើញថា អ្នកនឹងរីកចម្រើនយ៉ាងឆាប់រហ័សក្នុងតួនាទីការងារនិងមានសេចក្ដីសុខក្នុងជីវិតផ្ទាល់ខ្លួនទៅព្រមគ្នាបានយ៉ាងម៉េច។ ទំព័រនីមួយៗដែលអ្នកបើកទៅ អ្នកនឹងបានជួបនឹងច្បាប់២១ប្រការដ៏មានថាមពលបំផុត ដែលខ្ញុំរកឃើញនិងប្រើជា​មួយខ្លួនឯងរហូតទទួលលទ្ធផលរួចមកហើយ។


វិធី ទិចនិក និងកលល្បិចទាំងនេះសុទ្ធតែឆ្លងកាត់ការសាកល្បងរួចហើយថាប្រើបានងាយនិងបានផលពិតប្រាកដ។​ ដើម្បីកុំឱ្យខាតពេល ខ្ញុំនឹងមិនលម្អិតលើពាក្យអធិប្បាយក្នុងផ្នែកចិត្តវិទ្យាឬខាងអារម្មណ៍ទាក់ទងនឹងការពន្យារពេលនិងការគ្រប់គ្រងពេលវេលាដែលគ្មានប្រសិទ្ធភាពនោះទេ ហើយអ្នកក៏នឹងមិនបានឃើញទ្រឹស្ដីឬការស្រាវជ្រាវដែលវែងអន្លាយនោះដែរ តែនឹងបានយល់ដឹងវិធីបដិបត្តិដែលសំដៅចំពោះ ដែលអ្នកអាចចាប់ផ្ដើមធ្វើបានភ្លាម ដើម្បីឱ្យបានលទ្ធផលក្នុងការធ្វើការងារដែលល្អឡើងយ៉ាងឆាប់រហ័ស និងបន្ថែមសេចក្ដីសុខឱ្យខ្លួនអ្នក។


គំនិតទាំងឡាយក្នុងសៀវភៅមួយក្បាលនេះផ្តោតលើការលើកកម្ពស់សមត្ថភាព ប្រសិទ្ធភាព និងស្នាដៃរបស់អ្នក រួមទាំងការធ្វើឱ្យខ្លួនអ្នកមានតម្លៃខ្លាំងឡើងមិនថាអ្នកជ្រើសរើសធ្វើអ្វីក៏ដោយ​។ ម្យ៉ាងទៀត អ្នកនៅអាច​យកគំនិតទាំងនេះទៅបំប្លែងប្រើជាមួយនឹងជីវិតផ្ទាល់ខ្លួនបានដូចគ្នា។

ច្បាប់ទាំង២១ប្រការនេះសុទ្ធតែមានភាពសំខាន់និងពេញលេញក្នុងខ្លួនវា ច្បាប់មួយអាចសក្ដិសមនឹងស្ថានការណ៍មួយ ប៉ុន្តែពេលយកច្បាប់ទាំងអស់មករួមគ្នា ច្បាប់ទាំង២១ប្រការប្រៀបដូចជាប្រអប់ដាក់ឧបករណ៍បន្ថែមប្រសិទ្ធភាព ដែលអ្នកអាចយកចេញមកប្រើបានគ្រប់ពេល ដោយអាចជ្រើស​​-រើសប្រើមុនក្រោយយ៉ាងម៉េចក៏បានតាមស្ថានការណ៍ខណៈនោះ។

គន្លឹះទៅកាន់ភាពជោគជ័យគឺការចាប់ផ្តើមធ្វើ ហើយច្បាប់២១ប្រការនេះនឹងជួយឱ្យស្នាដៃនិងលទ្ធផលរបស់អ្នកល្អឡើងបានយ៉ាងឆាប់រហ័សនិងច្បាស់លាស់។ អ្នកកាន់តែយល់ដឹងនិងយកវាទៅបំប្លែងប្រើបានឆាប់ប៉ុនណា អ្នកកាន់តែរីកចម្រើនក្នុងតួនាទីការងារឆាប់រហ័សប៉ុណ្ណឹងដែរ។ ខ្ញុំសុំធានានៅត្រង់នេះ។

អ្នកនឹងជួបនឹងភាពជោគជ័យគ្មានដែនកំណត់ នៅពេលអ្នកយល់ដឹងនិងញ៉ាំកង្កែបមួយក្បាលនោះ!


ទំព័រ 146

ទំហំខ្នាត H= 20.5cm , W= 14.5cm

ប្រែសម្រួលដោយ រស់ សុខឡាង

សម្រួលអត្ថបទដោយ ឌុំ ដាវុយ