យុទ្ធសាស្ត្រអាជីវកម្ម Business Strategy

$3.6 $3.00

Publish date: 2021-12-17

Category: Strategies & Challenges

Publisher: រោងពុម្ពព្រៃស

Author Name: យ៉ែម វណ្ណា

99 Books Available.

Description:

​​សេចក្តីផ្តើម

មនុស្សយើងសុទ្ធតែមានចំណុចចាប់ផ្តើមនៅក្នុងជីវិតរបស់ខ្លួនដូចគ្នា តែក្រោយមកគ្មានអ្វីដែលដូចគ្នានោះទេ។ នៅពេលដែលខ្ញុំអាយុ២០ឆ្នាំខ្ញុំបានប្រទះឃើញប្រធានបទនៃគោលដៅដោយចៃដន្យ។ ក្នុងរយៈពេល៣០ថ្ងៃ ជីវិតរបស់ខ្ញុំបានផ្លាស់ប្តូររហូតមក។

ជាច្រើនឆ្នាំមកនេះ ខ្ញុំបានសិក្សាពីគោលដៅ ហើយបានដឹងថាវាសំខាន់ខ្លាំងប៉ុនណាសម្រាប់ធុរកិច្ចនិងជីវិតជោគជ័យ។ របកគំហើញដ៏សំខាន់មួយដែលបានធ្វើឱ្យខ្ញុំភ្ញាក់ផ្អើល គឺរកឃើញថា មានមនុស្សតិចជាង៣%នៅគ្រប់ធុរកិច្ចនិងឧស្សាហកម្មមានគោលដៅច្បាស់លាស់ ជាក់លាក់ បានសរសេរទុក និងមានកាលបរិច្ឆេទជាក់លាក់សម្រាប់ជីវិតរបស់ពួកគេដែលពួកគេកំពុងតែព្យាយាមក្នុងការធ្វើឱ្យវាបានសម្រេចជារៀងរាល់ថ្ងៃ។

នៅពេលខ្ញុំចាប់ផ្តើមប្រតិបត្តិវិធីសាស្ត្រកំណត់គោលដៅក្នុងជីវិតផ្ទាល់ខ្លួនរបស់ខ្ញុំ ខ្ញុំបានប្រទះឃើញការផ្លាស់ប្តូរដ៏មិនគួរឱ្យជឿដែលកំពុងធ្វើដំណើរឆ្ពោះទៅរកការពិត។ ជាបន្តបន្ទាប់ ខ្ញុំក៏បានចាប់អារម្មណ៍ទៅលើប្រធានបទយុទ្ធសាស្ត្រអាជីវកម្ម គឺការកំណត់គោលដៅអាជីវកម្មឱ្យបានប្រាកដប្រជាដើម្បីសាងកម្រៃនិងជោគជ័យ។ ខ្ញុំបានសិក្សាពីប្រវត្តិសាស្ត្រនៃការដឹកនាំកងទ័ពអស់រយៈពេលជាច្រើនឆ្នាំ ហើយសិក្សាថា តើពួកគេបានប្រើការគិតបែបយុទ្ធសាស្ត្រដើម្បីឱ្យទទួលបានជោគជ័យដ៏ធំធេងយ៉ាងដូចម្តេច ទាំងជួនកាលប្រឈមជាមួយកម្លាំងសត្រូវយ៉ាងច្រើនលើសលុបបំផុតផងក៏មានដែរ។

ជាងបីទសវត្សរ៍មកនេះ ខ្ញុំបានធ្វើការជាមួយក្រុមហ៊ុនសាជីវកម្មធំៗរបស់ពិភពលោកជាង១០០០ក្រុមហ៊ុននិងក្រុមហ៊ុនខ្នាតតូចនិងមធ្យមជាង១០,០០០ក្រុមហ៊ុនផ្សេងទៀត។ ខ្ញុំបានចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើប្រធានបទផែនការយុទ្ធសាស្ត្រ ថាតើវាអាចជះឥទ្ធិពលទៅលើអង្គភាពយ៉ាងដូចម្តេច។

អ្វីដែលខ្ញុំបានរកឃើញគឺថា ក្រុមហ៊ុនភាគច្រើនមិនមានផែនការយុទ្ធសាស្ត្រអីនោះទេ។ អ្វីដែលពួកគេមានគឺ ផែនការថវិកា។ ពួកគេមានផែនការលក់។ ពួកគេមានផែនការប្រតិបត្តិ។ ពួកគេមានក្តីសង្ឃឹម សុបិន និងបំណងប្រាថ្នា ប៉ុន្តែបើនិយាយពីគោលដៅអនាគតរបស់អង្គភាពនិងការសម្រេចចិត្តថា តើពួកគេនឹងចាកចេញពីកន្លែងដែលពួកគេស្ថិតនៅ ទៅរកកន្លែងដែលពួកគេចង់ទៅដោយប្រការដូចម្ដេច គឺថាមានក្រុមហ៊ុនតិចតួចប៉ុណ្ណោះដែលមានផែនការយុទ្ធសាស្ត្រច្បាស់លាស់លើរឿងហ្នឹង។

ការច្នៃប្រតិដ្ឋផែនការធុរកិច្ចថ្មី

យើងកំពុងរស់នៅក្នុងយុគសម័យនៃការផ្លាស់ប្តូរយ៉ាងឆាប់រហ័សបំផុតនៅក្នុងប្រវត្តិសាស្ត្រ។ អ្វីដែលដំណើរការល្អបំផុតសម្រាប់ក្រុមហ៊ុនមួយចំនួនអស់រយៈពេលមួយដ៏យូរ គឺមិនបានដំណើរការល្អទៀតទេនៅថ្ងៃនេះ។ ក្រុមហ៊ុនដូចជា Blockbuster និង Borders Books បានធ្លាក់តំណែងពីអ្នកនាំមុខគេលើទីផ្សារឈានទៅរកការដួលរលំក្នុងរយៈពេលត្រឹមតែពីរឆ្នាំប៉ុណ្ណោះនៅពេលដែលបរិយាកាសធុរកិច្ចបានផ្លាស់ប្តូរ។

នៅថ្ងៃនេះ ការច្នៃប្រតិដ្ឋផែនការធុរកិច្ចថ្មីគឺជាប្រធានបទដ៏ក្តៅគគុកមួយដែលកំណត់ធុរកិច្ចជោគជ័យឬបរាជ័យ។ យោងលើអ្នកជំនាញបានឱ្យដឹងថា ៨០%នៃក្រុមហ៊ុននៅថ្ងៃនេះកំពុងតែព្យាយាមចង់មានស្ថិរភាពនិងមានការរីកចម្រើន ប៉ុន្តែពួកគេធ្វើជាមួយនឹងផែនការយុទ្ធសាស្ត្រដែលហួសសម័យ។ ចូរក្រឡេកមើលអ្វីដែលកំពុងចុះផ្សាយនៅលើទំព័រកាសែត ទស្សនាវដ្តី និងប្រព័ន្ធផ្សព្វផ្សាយគ្រប់ប្រភេទ។​ ពួកគេកំពុងតែមានបញ្ហាធ្ងន់ធ្ងរបំផុត។

កិច្ចការដ៏សំខាន់បំផុតរបស់អ្នក

តើអ្វីជាកិច្ចការដ៏សំខាន់បំផុតដែលអ្នកត្រូវធ្វើ? ចម្លើយគឺ «ការគិត»។ សមត្ថភាពរបស់អ្នកក្នុងការគិតឱ្យបានច្បាស់លាស់ថាតើអ្នកជានរណា អ្នកចង់បានអ្វី និងអ្នកសាងអនាគតដ៏អស្ចារ្យបំផុតសម្រាប់ធុរកិច្ចរបស់អ្នកបានដោយវិធីណាសំខាន់ជាងអ្វីៗផ្សេងទៀតដែលអ្នកអាចធ្វើ។

នៅទំព័រខាងមុខ ខ្ញុំនឹងចែករំលែកជាមួយអ្នកនូវគំនិតដ៏មានឥទ្ធិពលមានប្រយោជន៍ និងសំខាន់ៗដែលធ្លាប់បានរកឃើញនៅក្នុងប្រធានបទផែនការយុទ្ធសាស្ត្រ។ អ្នកនឹងរៀនពីវិធីគិតឱ្យបានល្អប្រសើរ ប្រកបដោយភាពច្បាស់លាស់ និងសម្រេចចិត្តឱ្យបានប្រសើរបំផុតពីអនាគតអង្គភាពរបស់អ្នកជាងដែលអ្នកធ្លាប់មានពីមុន។

ជាមួយគំនិតឬចំណេះដឹងនេះ អ្នកនឹងអាចគិតពីគំនិតផ្ទាល់ខ្លួនរបស់អ្នកចំពោះសកម្មភាពដែលអ្នកអាចធ្វើភ្លាមៗដើម្បីទទួលបានលទ្ធផលដ៏ប្រសើរបំផុត។ អ្នកនឹងឃើញនូវអ្វីៗជាច្រើនដែលអ្នកអាចផ្លាស់ប្តូរឬធ្វើឱ្យធុរកិច្ចរបស់អ្នកកាន់តែប្រសើរឡើង ហើយចាប់ផ្តើមធ្វើភ្លាម។ មិនថាអ្នកមានក្រុមហ៊ុនដែលមានម្ចាស់ម្នាក់ឬមានម្ចាស់ច្រើននាក់ក៏ដោយ នៅពេលដែលអ្នកនិងមនុស្សជុំវិញអ្នកប្រតិបត្តិគោលការណ៍នៃផែនការយុទ្ធសាស្ត្រ អ្នកនឹងឃើញថា អ្នកអាចសម្រេចជោគជ័យកាន់តែច្រើននៅក្នុងរយៈពេលខ្លីជាងអង្គភាពដែលគ្មានសមត្ថភាពអាចសម្រេចបានក្នុងរយៈពេល៥ឆ្នាំឬ១០ឆ្នាំឯណោះ។

តាមរយៈការគិតនិងធ្វើសកម្មភាពប្រកបដោយយុទ្ធសាស្ត្រ អ្នកនឹងបង្កើនប្រាក់ចំណូលរបស់ខ្លួននិងកម្រិតនៃការពេញចិត្តដែលអ្នកទទួលបានពីក្រុមហ៊ុននិងអាជីពរបស់ខ្លួន។ អ្នកនឹងបង្កើនគុណភាពនិងភាពឆ្លាតវៃខាងទីផ្សាររបស់ខ្លួននៅគ្រប់ស្ថានភាព។ អ្វីដែលសំខាន់បំផុតគឺអ្នកនឹងមានអារម្មណ៍អស្ចារ្យបំផុតដែលបានធ្វើជាម្ចាស់ជីវិតនិងគ្រប់គ្រងលើជោគវាសនាអាជីវកម្មរបស់អ្នកតែម្ដង។ ទីបំផុត អ្នកអាចមើលថយក្រោយរៀងរាល់ឆ្នាំឬពីរឆ្នាំម្តង ហើយនិយាយយ៉ាងមានមោទនភាពថា «នេះពិតជាកន្លែងដែលយើងចង់ទៅដល់ពិតប្រាកដ»។

ទំព័រ 121
ទំហំខ្នាត H= 20.5cm , W= 14.5cm
ប្រែសម្រួលដោយ យ៉ែម វណ្ណា
សម្រួលអត្ថបទ ប្រាជ្ង វិជ័យ