ធ្វើសង្គ្រាមបែប Sun Tzu ធ្វើជំនួញបែប Dan Lok

$6.3 $5.25

Publish date: 2021-12-17

Category: Business & Investment

Publisher: រោងពុម្ពព្រៃស

Author Name: យ៉ែម វណ្ណា

99 Books Available.

Description:

សេចក្តីផ្តើម

អ្នកចម្បាំងធុរកិច្ចអាយុ១៤ឆ្នាំ

ឪពុករបស់ខ្ញុំបានឱ្យ«តម្រាពិជ័យសង្គ្រាម»មកខ្ញុំកាលពីខ្ញុំអាយុ១៤ឆ្នាំ។ គាត់បាននិយាយថា «សៀវភៅនេះប្រមូលផ្តុំគំនិតដ៏អស្ចារ្យមួយចំនួននៅក្នុងពិភពលោកនេះ។ ឯងត្រូវតែអានវា។ ប្រសិនបើឯងយល់និងដឹងច្បាស់ពីអ្វីដែលស៊ុនជឺ(Sun Tzu)ធ្វើ ឯងនឹងទទួលបានជោគជ័យហួស        ពីក្តីសុបិនដ៏ធំបំផុតរបស់ឯងទៅទៀត ហើយឯងនឹងគោរពទេពកោសល្យដែលស៊ុនជឺមាន»។

បើក្រឡេកទៅមើលអតីតកាល សៀវភៅនេះបានជះឥទ្ធិពលមកលើជីវិតរបស់ខ្ញុំយ៉ាងខ្លាំង។ មានសៀវភៅពីរក្បាលដែលបានជះឥទ្ធិពលជាវិជ្ជមានមកលើជីវិតរបស់ខ្ញុំ ហើយ«តម្រាពិជ័យសង្គ្រាម»គឺជាសៀវភៅមួយក្នុងចំណោមសៀវភៅទាំងពីរនោះ។

ខ្ញុំទទួលបានជោគជ័យនៅថ្ងៃនេះ ដោយសារខ្ញុំបានប្រតិបត្តិតាមយុទ្ធសាស្ត្រ…

នេះគឺជាមូលហេតុដែលខ្ញុំបាននាំយកសៀវភៅនេះមកប្រាប់អ្នក។នេះគឺជាមូលហេតុដែលខ្ញុំបានសរសេរវាឡើង ហើយធ្វើឱ្យវាកាន់តែងាយស្រួលប្រើប្រាស់។ នេះគឺជាមូលហេតុដែលខ្ញុំព្យាយាមធ្វើឱ្យវាកាន់តែងាយស្រួលអនុវត្តនៅក្នុងពិភពធុរកិច្ចថ្ងៃនេះ។

ខ្ញុំចង់ធ្វើឱ្យវាកាន់តែដូចសៀវភៅវិធីសាស្ត្រធ្វើធុរកិច្ច ជាងសៀវភៅទស្សនវិជ្ជាធ្វើសង្រ្គាម ដោយសារតែខ្ញុំជឿជាក់ថា យើងអាចទទួលបានគ្រប់ប្រយោជន៍ពីគំនិតរបស់ស៊ុនជឺ។

«តម្រាពិជ័យសង្រ្គាម»មានការសរសេរឡើងវិញថ្មីៗ(Version) ខុសៗគ្នាជាច្រើន។ ខ្ញុំមិនហ៊ានធានាថា នេះគឺជាការសរសេរឡើងវិញដ៏ល្អបំផុតទេ ប៉ុន្តែខ្ញុំជឿថា វាជាការសរសេរឡើងវិញដែលកាន់តែងាយអនុវត្ត។ ខ្ញុំបានបន្ថែមគំនិតផ្ទាល់ខ្លួនរបស់ខ្ញុំនិងបានបញ្ចូលយុទ្ធសាស្ត្រមួយចំនួនដែលជាបទពិសោធផ្ទាល់ខ្លួនរបស់ខ្ញុំ…ហើយបានបន្ថែមជំហានសកម្មភាព ផងដែរ ដូច្នេះអ្នកអាចចាប់ផ្តើមអនុវត្តយុទ្ធសាស្ត្រទាំងនេះយ៉ាងងាយ។

ប្រសិនបើអ្នកធ្លាប់អាន«តម្រាពិជ័យសង្រ្គាមរបស់ស៊ុនជឺ» អ្នកប្រហែលជាបោះបង់វាចោលត្រឹមពាក់កណ្តាលទី ហើយនោះជារឿងគួរឱ្យស្តាយបំផុត ដោយសារតែ«តម្រាពិជ័យសង្រ្គាម»ប្រៀបបានទៅនឹង«នារីដ៏ចំណាស់ម្នាក់ដែលមានបុគ្គលិកលក្ខណៈដ៏ប្រពៃ»។

អ្នកដឹងពីមនុស្សដែលខ្ញុំចង់និយាយហើយ គឺនារីដែលមានភាពរួសរាយ ឆ្លាតវៃ ស្មោះត្រង់ និងយកចិត្តទុកដាក់… ប៉ុន្តែនាងមើលទៅដូចជានារីដ៏អន់ម្នាក់។ បុរសជាច្រើនមិនបានចំណាយពេលដើម្បីបានស្គាល់ចិត្តនាងទេ ដោយសារពួកគេធ្វើការសម្រេចចិត្តដោយផ្អែកទៅលើសម្បកក្រៅ។ប៉ុន្តែសម្រាប់បុរសដែលបានចំណាយពេលវេលាដើម្បីបានស្គាល់ចិត្តនារីដែលមានឫកពាល្អប្រពៃ លទ្ធផលអាចក្លាយជាអ្នកមានបំផុតបាន។

តាមពិត មានសៀវភៅផ្សេងៗជាច្រើនដែលបានអះអាងថា បានបង្រៀនអ្នកពីគ្រប់យ៉ាងដែលអ្នកត្រូវដឹងពីការធ្វើទីផ្សារនិងសាងឥទ្ធិពល។ពួកគេមានក្របដ៏ស្រស់ស្អាតនិងចំណងជើងដ៏ទាក់ទាញបំផុត។ ជាអកុសលពួកវាភាគច្រើនប្រៀបបាននឹងនារីដ៏ស្រស់ស្អាតដែលមើលទៅស្អាត ប៉ុន្តែបើបានសន្ទនាជាមួយតែ៥នាទី នឹងអាចដឹងថាតើនាងអន់ចរិតប៉ុនណា។

«តម្រាពិជ័យសង្រ្គាម» ប្រៀបបាននឹងនារីដែលមានចរិយាសម្បត្តិដ៏ប្រពៃ។ វាពិបាកក្នុងការដឹង។ វាមានភាពអាថ៌កំបាំង។ ពាក្យពេចន៍មួយចំនួនបានហួសសម័យ (បាទ, ពិតជាមិនគួរឱ្យជឿ… វាត្រូវបានសរសេរកំលុង៥០០ឆ្នាំមុនគ.ស ប្រហែលជា២៥០០ឆ្នាំមកហើយ)។ ដើម្បីរៀនពីមេរៀនដ៏មានតម្លៃដែលវាបានបង្រៀន អ្នកត្រូវសិក្សាពីក្បួនសឹកចិនបុរាណជាមុនសិន ហើយត្រូវលះបង់ពេលវេលា…ពេលវេលាដែលហាក់ដូចជាគ្មាននរណាម្នាក់ទំនេរនៅក្នុងសតវត្សទី២១នេះ។

ដូច្នេះខ្ញុំបានធ្វើការជាទម្ងន់ដើម្បីជួយអ្នក។ សៀវភៅនេះបានយកមេរៀនទាំងអស់ទាក់ទងនឹង Samurai ហើយកែប្រែវាឱ្យក្លាយជាមេរៀនជីវិតទំនើបដែលអ្នកអាចប្រើបាន ដើម្បីបង្កើនឥទ្ធិពលទីផ្សាររបស់ខ្លួន។

ហេតុអ្វីបានជាសិក្សាពីមេរៀនស៊ុនជឺ? ដោយសារតែបុរសម្នាក់ដែលខ្ញុំធ្លាប់ធ្វើការជាមួយបានម្តង។ ឈ្មោះរបស់គាត់គឺ Jack ។ ខ្ញុំធ្លាប់ងឿងឆ្ងល់ជានិច្ចថា ហេតុអ្វីបានជាក្រុមហ៊ុនចូលចិត្តជ្រើសរើសមនុស្សដែលធ្លាប់មានបទពិសោធប្រយុទ្ធ។​ ដោយគិតតែក្នុងផ្លូវអាក្រក់ ខ្ញុំគិតថា វាមានរឿងអីត្រូវធ្វើទាក់ទងនឹងនយោបាយ។ បន្ទាប់មក ខ្ញុំបានជួប Jack ។

Jack ជាអ្នកគ្រប់គ្រងដែលទទួលខុសត្រូវខាងទីផ្សារឱ្យក្រុមហ៊ុនផលិតកម្មវិធីកុំព្យូទ័រដែលខ្ញុំធ្វើការ។ គាត់ជាអតីតកងទ័ពជើងទឹក មានវ័យ៤០ឆ្នាំស្តើង ហើយនៅលើតុរបស់គាត់ គាត់បានទុកសៀវភៅ«តម្រាពិជ័យ សង្រ្គាម»ដ៏កញ្ចាស់មួយនិងមានទក់កែងៗ។ ខ្ញុំមិនបានចាប់អារម្មណ៍លើសៀវភៅនោះច្រើនទេ… រហូតទាល់តែមានរឿងមួយបានកើតឡើងចំពោះអ្នកស្ម័គ្រចិត្តពីរនាក់។

អ្នកស្ម័គ្រចិត្តរៀននៅមហាវិទ្យាល័យ៦នាក់ត្រូវបានជួលមកអនុវត្តយុទ្ធសាស្ត្រទីផ្សាររបស់យើង។ ក្រោយពីបណ្តុះបណ្តាលពួកគេចប់ Jack បានឱ្យពួកគេពីរនាក់ Mary Sue និង Pete​ ចាប់ផ្តើមការងារដំបូងរបស់ពួកគេភ្លាម។

«នេះជាបញ្ជីឈ្មោះក្រុមហ៊ុនដែលបានប្រើប្រាស់កម្មវិធីគូប្រជែងរបស់យើង» គាត់បានប្រាប់ពួកគេ។ «ចូរចាត់ចែងអ្នកស្ម័គ្រចិត្តរបស់អ្នកជាក្រុម ទូរសព្ទទៅក្រុមហ៊ុនទាំងនេះ សុំនិយាយជាមួយអ្នកគ្រប់គ្រងផ្នែកទិន្នន័យ ហើយបន្ទាប់មក និយាយពីចំណុចសំខាន់ៗជាមួយពួកគេ ដើម្បីលក់កម្មវិធីទិន្នន័យរបស់យើងឱ្យពួកគេ»។

Mary Sue ចោលកន្ទុយភ្នែកទៅ Pete គាត់ក៏បានសម្លឹងមកវិញហើយពួកគេទាំងពីរនាក់បានសើចស្ញូញស្ញាញ ហាក់បីដូចជានេះគ្រាន់តែជារឿងកំប្លែង។ ខ្ញុំមានអារម្មណ៍មិនល្អចំពោះអ្នកទាំងពីរទេ ប៉ុន្តែខ្ញុំមិននិយាយចេញ។

នៅថ្ងៃចុងសប្តាហ៍ Jack បានដើរយ៉ាងស្វាហាប់ទៅរកកន្លែងដែលPete និង​ Mary Sue កំពុងធ្វើការ «តើអ្នកហៅទូរសព្ទបានប៉ុន្មានក្រុមហ៊ុន ហើយអ្នកលក់កម្មវិធីបានប៉ុន្មាន?» គាត់បានសួរ។

ម្តងទៀត ពួកគេបានសម្លឹងមើលមុខគ្នាទៅវិញទៅមក ហើយសើចស្ញូញស្ញាញ ហើយខ្ញុំងឿងឆ្ងល់ថាតើរឿងនេះកំពុងធ្វើឱ្យ Jack ធុញទ្រាន់ដូចជាខ្ញុំអត់។

«បាទ, យើងបានហៅទូរសព្ទទៅបានពីរបីក្រុមហ៊ុនដែរនៅថ្ងៃចន្ទ ប៉ុន្តែទទួលបានសារជាសំឡេងស្ទើរតែទាំងអស់ ដូច្នេះយើងបានសម្រេចចិត្តប្តូរមកប្រើអ៊ីមេលវិញ» Pete បាននិយាយឮៗ។

«ខ្ញុំបានឃើញហើយ» Jack បានឆ្លើយតប «ហើយតើអ្នកលក់កម្មវិធីបានប៉ុន្មាន?»។

Mary ប្រែជាមិនសប្បាយចិត្ត «បាទ, យើងបានផ្ញើសារទៅហើយប្រហែលជា១០០អ៊ីមេល ដូច្នេះយើងសង្ឃឹមថា យើងនឹងបានឮការឆ្លើយតបមកវិញពីមនុស្សមួយចំនួននៅសប្តាហ៍ក្រោយ…»។

«ដូច្នេះចម្លើយគឺ គ្មានទេមែនទេ?» Jack បានសួរ។

«បាទ, រហូតមកដល់ពេលនេះគ្មានទេ»​ Pete បានឆ្លើយពង្វាង។

Jack ធ្វើទឹកមុខធម្មតា «ប្រហែលជាខ្ញុំពន្យល់អ្នកមិនទាន់ច្បាស់ទេ។ការធ្វើទីផ្សារតាមអ៊ីមេលងាយស្រួល ប៉ុន្តែមិនមែនចេះតែធ្វើត្រូវនោះទេ។ខ្ញុំចង់ឱ្យអ្នកខលទៅពួកគេតាមទូរសព្ទ។ ប្រសិនបើអ្នកទទួលបានសារជាសំឡេង ចូរទុកសារនៅហ្នឹងទៅ ហើយបន្តធ្វើការហៅទូរសព្ទផ្សេងទៀតនៅថ្ងៃបន្ទប់។ អ្នកអាចផ្ញើអ៊ីមេលអមជាមួយការហៅទូរសព្ទរបស់អ្នក តែវិធីសាស្ត្រទីមួយនៃការទំនាក់ទំនងរបស់អ្នកគួរតែហៅទូរសព្ទ។

ពួកគេបានចោលកន្ទុយភ្នែក ហើយសើចដាក់គ្នាម្តងទៀត។

Jack មិនបានយកចិត្តទុកដាក់នឹងប្រតិកម្មនេះទេ។ គាត់មានជំនាញច្រើនជាងខ្ញុំមាន។ «សប្តាហ៍ក្រោយ ខ្ញុំចង់ឱ្យអ្នកទូរសព្ទទៅគ្រប់ក្រុមហ៊ុនទាំងអស់នៅលើបញ្ជីរបស់អ្នក ហើយចូរធ្វើអ្វីដែលខ្ញុំទើបតែបានប្រាប់អ្នកអម្បាញ់មិញនេះ»។

មួយសប្តាហ៍បានកន្លងផុតទៅ។ ខ្ញុំមិនបានឃើញអ្នកស្ម័គ្រចិត្តប្រើប្រាស់ទូរសព្ទច្រើនទេ ដូច្នេះខ្ញុំចង់ដឹងនិងចង់ឃើញថា តើអ្វីនឹងកើតឡើងនៅថ្ងៃសុក្រ?

នៅរសៀលថ្ងៃសុក្រ Jack បានបង្ហាញមុខនៅកន្លែងអ្នកស្ម័គ្រចិត្តម្តងទៀត។ «តើអ្នកបានទូរសព្ទទៅពួកគេគ្រប់គ្នាមែនទេ?» គាត់បានសួរទាក់ទងនឹងការងារ។

Pete បានឆ្លើយតប «បាទ, តាមពិតទៅ Mary Sue និងខ្ញុំបានពិភាក្សាគ្នា ហើយយើងបានសម្រេចចិត្តថា អ្វីដែលយើងត្រូវធ្វើពិតប្រាកដគឺធ្វើឱ្យយុទ្ធសាស្ត្រអ៊ីមេលរបស់យើងប្រសើរឡើង ដូច្នេះយើងបានចំណាយពីរថ្ងៃធ្វើរឿងនេះ ហើយបន្ទាប់មក គ្រប់គ្នាបានចូលរួមធ្វើការយ៉ាងស្វាហាប់និងបានជួយឱ្យយើងរៀបចំលិខិតផ្សព្វផ្សាយផ្ញើតាមអ៊ីមេល ដែលសរសេរបានយ៉ាងល្អ​ ហើយ…។

Jack បាននិយាយកាត់ពួកគេ។ «ដូច្នេះតើអ្នកមិនបានហៅទូរសព្ទទេមែនទេ? »។

«អ៎, អត់ទេ យើង…»។

«Pete, Mary Sue… អ្នកត្រូវបានបញ្ឈប់ពីការងារ»។

នៅពេលដែល Pete និង Mary Sue បានអង្គុយនៅទីនេះចំហមាត់Jack បានណែនាំអ្នកស្ម័គ្រ៤នាក់ទៀតឱ្យធ្វើការហៅទូរសព្ទនៅថ្ងៃចន្ទ…ពួកគេទាំងបួននាក់ទទួលប្រតិបត្តិ…។

នៅរសៀលថ្ងៃចន្ទ Jack បានវិលត្រឡប់ទៅកន្លែងអ្នកស្ម័គ្រចិត្ត។ «តើមានធ្វើការហៅទូរសព្ទទេ?» គាត់បានសួរអ្នកស្ម័គ្រចិត្ត។ អ្នកទាំងបួនបានងក់ក្បាលរបស់ខ្លួន ហើយអ្នកស្ម័គ្រចិត្តម្នាក់បានហុចក្រដាសឈ្មោះក្រុមហ៊ុនឱ្យ Jack ។ លើសពីនេះ ឈ្មោះនីមួយៗមានកាលបរិច្ឆេទ ម៉ោង និងកំណត់ត្រាអ្វីដែលទាក់ទងក្នុងការហៅទូរសព្ទច្បាស់លាស់។

ប៉ុន្តែអ្វីដែលប្រសើរ អ្នកស្ម័គ្រចិត្តលក់កម្មវិធីបាន២០កម្មវិធី។

នៅក្នុងសៀវភៅជាច្រើនដែលសរសេរអំពី«តម្រាពិជ័យសង្រ្គាម»​ អ្នកនឹងឃើញរឿងមួយដែលហៅថា «មេរៀនស្រីស្នំ»។ វាប្រហាក់ប្រហែលនឹងអ្វីដែលបានកើតឡើងចំពោះអ្នកស្ម័គ្រចិត្តដែរ វាទាក់ទងទៅនឹងស្រីស្នំជនជាតិចិន។

ក្រោយពីស៊ុនជឺ​បានសរសេរ«តម្រាពិជ័យសង្រ្គាម»រួច ស្តេចនគរវៃ (We) ទ្រង់មានព្រះនាមថា Ho Lu បានឮដំណឹងអំពីវា ហើយទ្រង់ក៏បានសម្រេចព្រះទ័យធ្វើការសាកល្បងវា។

ព្រោះព្រះអង្គមិនចង់បាត់បង់អ្នកប្រយុទ្ធដ៏សំខាន់ ព្រះអង្គចង់ធ្វើការសាកល្បងវាទៅលើស្រីស្នំមួយចំនួនមកពីព្រះបរមរាជវាំងរបស់ទ្រង់ ពី          ព្រោះស្ត្រីត្រូវបានគេទុកថាជាមនុស្សទន់ខ្សោយតាំងពីអតីតកាលមកម្ល៉េះ។

ស៊ុនជឺបានបែងចែកស្រីស្នំ១៨០នាក់ទៅជាពីរក្រុម ហើយទុកស្រីស្នំឯករបស់ព្រះអង្គធ្វើជាប្រធាននៃក្រុមនីមួយៗ។ ក្នុងករណីបើអ្នកមិនទាន់ស្គាល់ច្បាស់ពី«ស្រីស្នំ»ទេ ចូរគិតអំពីស្រីកំណាន់ចិត្តឬស្ត្រីពេស្យាទៅយល់ហើយ។

និយាយឱ្យខ្លី… ស៊ុនជឺបានសួរស្រីទាំងអស់នោះថាតើពួកគេបានដឹងថា«ណាមុខ» «ណាក្រោយ» «ណាឆ្វេង»​ «ណាស្តាំ» អស់ហើយមែនទេ?ពួកគេបានឆ្លើយថា ពួកគេបានដឹងអស់ហើយ ដូច្នេះពួកគេត្រូវឱ្យកាន់ដាវនិងលំពែង ហើយចាប់ផ្តើមហ្វឹកហាត់។

ស៊ុនជឺបានស្រែកខ្លាំងៗថា«ស្តាំបែរ!»។

ប៉ុន្តែពួកស្រីៗមិនបានយកចិត្តទុកដាក់ធ្វើរឿងនេះឱ្យបានហ្មត់ចត់ទេ ដូច្នេះពួកគេចាប់ផ្តើមសើចគឹល។ វាហាក់បីដូចជារឿងគួរឱ្យអស់សំណើចណាស់ចឹង តើមែនទេ? មិនប្រាកដទេ…

ដោយមើលទៅឃើញសើចស្ញូញស្ញាញ ស៊ុនជឺ​បានប្រកាសខ្លាំងៗថា «ប្រសិនបើចេញបញ្ជាមិនច្បាស់ឬប្រសិនបើពួកគេមិនយល់ទេ វាគឺជាកំហុសរបស់មេទ័ព។ ប៉ុន្តែប្រសិនបើចេញបញ្ជាច្បាស់ហើយ កងទ័ពមិន   ស្តាប់បង្គាប់ នោះគឺជាកំហុសរបស់ប្រធានក្រុម»។

បន្ទាប់មក គាត់បានចេញបញ្ជាឱ្យចាប់ស្រីស្នំឯកទាំងពីរនាក់មកកាត់ក្បាល។

នៅពេលដែលស្តេចទតឃើញអ្វីដែលបានកើតឡើង ព្រះអង្គមានព្រះទ័យតក់ស្លុតជាខ្លាំង។ «ឈប់ហ្វឹកហាត់ទៅ» ព្រះអង្គមានបន្ទូល «អ្នកមិនចាំបាច់ហ្វឹកហាត់ទៀតទេ!​ ខ្ញុំដឹងពីបំណងរបស់អ្នកហើយ ហើយខ្ញុំដឹងថា អ្នកអាចដឹកនាំកងទ័ពបាន។ ប្រសិនបើអ្នកប្រហារជីវិតស្នំឯកទាំងពីររបស់ខ្ញុំ ខ្ញុំនឹងខូចព្រះទ័យមិនស្ទើរទេ។ ចូរកុំប្រហារជីវិតអី!»។

ប៉ុន្តែស៊ុនជឺបាននិយាយថា «គ្មានផ្លូវទេ។ ព្រះអង្គបានប្រគល់ដាវអាជ្ញាសឹកឱ្យទូលបង្គំហើយ។ នៅពេលដែលទូលបង្គំកំពុងដឹកនាំកងទ័ពនៅទីនេះ ទូលបង្គំមិនអាចអនុវត្តតាមគ្រប់បទបញ្ជារបស់ទ្រង់បានទេ»។ ហើយគាត់បានបញ្ជាឱ្យកាត់ក្បាលស្រីស្នំទាំងពីរ។ បន្ទាប់មក គាត់បានលើកស្រីស្នំពីរនាក់បន្ទាប់ឱ្យធ្វើជាប្រធានដើម្បីដឹកនាំក្រុម ហើយចាប់ផ្តើមបង្វឹកសាជាថ្មី។

ម្តងនេះ ស្រីទាំងនោះព្យាយាមហ្វឹកហាត់យ៉ាងយកចិត្តទុកដាក់។ ពួកគេបានបែរឆ្វេងតាមបញ្ជា បន្ទាប់មកបែរស្តាំ ពួកគេបានដើរទៅមុខ ពួកគេបានដើរថយក្រោយ… ដោយគ្មានរឡេះរឡោះឬសើចស្ញូញស្ញាញនោះទេ។ ច្បាស់ណាស់ថា ពួកគេខ្លាចស្លាប់ ប៉ុន្តែពួកគេហ្វឹកហាត់បានយ៉ាងល្អឥតខ្ចោះនៅទីបំផុត។

ស៊ុនជឺបានផ្ញើសារទៅស្តេច បានរាយការណ៍ប្រាប់ព្រះអង្គថា កងទ័ពស្រីរបស់គាត់នៅពេលនេះហ្វឹកហាត់បានយ៉ាងល្អនិងមានវិន័យ ហើយថា ពួកគេនឹងតាំងចិត្តយ៉ាងមោះមុតប្រសិនបើបញ្ជាពួកគេ។

ប្រតិកម្មរបស់ស្តេចជាអ្វីមួយដូចជា «បាទ, ខ្ញុំមើលទៅឃើញថា ល្អណាស់។ ឈប់និយាយទៀតទៅ។ ការសម្តែងមើលទៅល្អណាស់…»។

ស៊ុនជឺបាននិយាយរអ៊ូរទាំថា «មាត់របស់ព្រះអង្គនិយាយអ៊ីចេះ តែចិត្ត(ព្រះទ័យ)របស់ព្រះអង្គនិយាយអ៊ីចុះទៅវិញ!»។

សេ្តចទ្រង់បានខ្ញាល់ ប៉ុន្តែទ្រង់ត្រូវទទួលស្គាល់ថា នៅពេលដែលមានសង្រ្គាម ស៊ុនជឺជាមេទ័ពដ៏ពូកែ។ ក្រោយពីព្រះអង្គមានព្រះទ័យស្ងប់ ព្រះអង្គបានតែងតាំង​ស៊ុនជឺឱ្យធ្វើជាមេទ័ពធំ។

កុំដើរតាមអ្នកដឹកនាំក្លែងក្លាយ
រឿងនេះនិយាយអំពីការស្លាប់នៃស្នំឯកទាំងពីរដែលបានបង្ហាញពីចំណុចដ៏សំខាន់ដែលយើងនឹងបកស្រាយលម្អិតនៅពេលក្រោយ។ គម្ពីរចិនសម័យបុរាណបានពោលថា «មានបទបញ្ជារបស់ស្តេចជាច្រើនដែលមិនគួរអនុវត្តតាម»។ គម្ពីរសម័យថ្មីគឺ៖

នៅក្នុងមេរៀនក្រោយ ខ្ញុំនឹងពន្យល់ពី«តម្រាពិជ័យសង្រ្គាម»ឱ្យកាន់តែងាយយល់សម្រាប់អ្នកនិងបង្ហាញអ្នកពីមួយជំហានទៅមួយជំហាន​ថាតើអ្នកអាចប្រើគោលការណ៍មូលដ្ឋានដែលទទួលបានជោគជ័យរាប់មិនអស់នៅលើសមរភូមិជាង២៥០០ឆ្នាំមកហើយដើម្បីធ្វើឱ្យលក្ខណៈពិសេសនៃក្បួនសឹកនេះប្រសើរឡើងបានយ៉ាងម៉េច។

ហើយនៅក្នុងមេរៀនដែលអ្នកនឹងអាន អ្នកនឹងដឹងថា តើអ្នកអាចធ្វើឱ្យខ្លួនមានប្រៀបលើគូប្រកួតប្រជែងរបស់ខ្លួនតាមរយៈការប្រើប្រាស់កលល្បិចធ្វើសង្រ្គាមរបស់ចិនយ៉ាងដូចម្តេច? តើចង់ដឹងឬទេថា វាធ្វើបានដោយរបៀបណា? ខ្ញុំគិតថា អ្នកនឹងចង់ដឹង! ចូរចំណាយពេលអាន…

ទំព័រ 210
ទំហំខ្នាត H= 20.5cm , W= 14.5cm
ប្រែសម្រួលដោយ យ៉ែម វណ្ណា
សម្រួលអត្ថបទ ប្រាជ្ង វិជ័យ