ព្រះចៅហ្វ្រេដឺរិក មហារាជ

$6.3 $5.25

Publish date: 2021-12-17

Category: People & Biography

Publisher: រោងពុម្ពព្រៃស

Author Name: រស់ សុខលៀង

99 Books Available.

Description:

អារម្ភកថាអ្នកនិពន្ធ

យល់ដឹងពីកំពូលមនុស្ស ដើម្បីក្លាយជាកំពូលមនុស្ស ឬដើម្បីក្លាយជាអ្នកណាម្នាក់ដែលល្អជាងការបានកើតមកជាមនុស្សគ្មានកិត្តិយសនៃភាពជាមនុស្ស។

មេរៀនជីវិតរបស់អ្នកតស៊ូ ប្រវត្តិរឿងរ៉ាវរបស់កំពូលមនុស្ស ឬមហាបុរសដែលកើតមកហើយមិនធ្វើខ្លួនជាមោឃបុរស ប៉ុន្ដែគឺជាបុគ្គលដ៏ឆ្នើមដែលបានសាងរឿងផ្សេងៗដោយការមើលឃើញថាជារបស់ល្អ មានប្រយោជន៍ដល់ប្រទេសជាតិរបស់ខ្លួន ជារបស់មានតម្លៃ ធ្វើឱ្យកើតមោទនភាពលើមនុស្ស​ជាតិ មោទនភាពលើបុព្វបុរស មោទនភាពលើប្រទេសជាតិរបស់ខ្លួន បាននូវវិធីច្នៃប្រឌិតដល់សង្គមនិងប្រទេសជាតិ និងកិច្ចការរួមផ្សេងៗ បាននូវគំរូនៃការសាងជីវិតនិងការងារឱ្យ​រុងរឿង និងជួយកាត់បន្ថយរយៈចម្ងាយ ពេលវេលាក្នុងការដំណើរទៅកាន់សេចក្ដីសុខ រុងរឿងឱ្យឆាប់រហ័សឡើង។

ប្រវត្តិព្រះចៅ ហ្វេ្រដឺរិក មហារាជ កំពូលព្រះមហាក្សត្រ ដែលសាងប្រទេសតូចៗឱ្យក្លាយជាមហាអំណាចស្មើនឹងអរិយប្រទេសក្នុងលោក។ កំពូលមនុស្សដែលប្រឹងប្រែងព្យាយាមអត់ធ្មត់ ក្លាហាន ដែលពិបាកនឹងរកមនុស្សប្រៀបស្មើ​បាន។ កំពូលអ្នកដឹកនាំអង្គភាពឈានទៅកាន់ភាពជោគជ័យខ្ពស់បំផុត និងចេះគ្រប់គ្រាន់មិនលោភលន់។ ដូច្នេះហើយទើបរក្សាប្រយោជន៍រួមបាន។

ទ្រង់ជាអ្នកអានតាំងពីនៅក្មេង រហូតបានក្លាយជាម្ចាស់ផែនដី​ ហើយទ្រង់ចូលចិត្តកិច្ចការតែងនិពន្ធ រហូតដល់ប្រឹងប្រែងព្យាយាមនិពន្ធ​កំណាព្យ សរសេរសំបុត្រជាច្រើន។

ទ្រង់ចូលចិត្តសេពគប់ជាមួយអ្នកចេះដឹង អ្នកប្រាជ្ញ ក្សត្រ អ្នកគ្រប់គ្រង អ្នកនយោ​បាយ។ ម្យ៉ាងទៀត ក្សត្រអង្គនេះចូលចិត្តសេពគប់អ្នកស្វែងរកចំណេះ​ដឹង និយាយជាមួយអ្នកប្រាជ្ញរាល់ថ្ងៃរាល់យប់ រហូតដល់ថ្នាក់ឧបត្ថម្ភគាំទ្រ បណ្ឌិត Voltaire ឱ្យមកសោយសុខជាមួយគ្នាក្នុងព្រះរាជវាំង។

ទ្រង់ជាកំពូលអ្នកយុទ្ធសាស្រ្តផ្លេកបន្ទោរក្នុងឋានៈដែលព្រះចៅហ្វ្រេដឺរិក។ ទ្រង់ជាទាហាន តែមិនមែនជាទាហានធម្មតានោះទេ ទ្រង់គឺជាអ្នកយុទ្ធសាស្រ្តដ៏សំខាន់ម្នាក់ ហើយបានទទួលការលើកកម្កើងឱ្យជាអ្នកយុទ្ធសាស្រ្តផ្លេកបន្ទោរ ព្រោះទ្រង់គិតវិធីវាយលុក និងវាយប្រហារសត្រូវមិនឱ្យដឹងខ្លួន ដោយចំណាយពេលត្រឹមតែរយៈពេលខ្លីៗប៉ុណ្ណោះ។

ទ្រង់ជាក្សត្រដែលផ្លាស់ប្ដូរមុខមាត់អឺរ៉ុប ទ្រង់ធ្វើឱ្យ Prussia ដែលជាប្រទេសតូចក្លាយជាមហាអំណា​ចស្មើ​នឹងប្រទេសមហាអំណាច ដទៃ​។

ទ្រង់ប្រកាន់នូវគតិថា «ព្រះរាជាគឺជាប្រធានក្រុមអ្នកបម្រើប្រទេសជាតិ»។ នៅពេលដេលទ្រង់ប្រកាន់នូវគតិបែបនេះ ទើបទ្រង់ត្រូវធ្វើការងារធ្ងន់ តាំងពីពេលទ្រង់ចេញច្បាំងដើម្បីពង្រីកអាណាចក្រឱ្យទូលំទូលាយ រៀបចំអភិវឌ្ឍការគ្រប់គ្រងប្រទេសជាតិឱ្យរីកចម្រើនខ្លាំងឡើង ដោយការកែលម្អអភិវឌ្ឍទាំងផ្នែកសង្គម នយោបាយ ការគ្រប់គ្រង ច្បាប់ សេដ្ឋកិច្ច។

ព្រះអង្គទ្រង់ធ្វើការងារតាំងពីព្រឹកងងឹតដោយក្នុងរដូវក្ដៅទ្រង់នឹងក្រោកតាំងពីម៉ោង៣ព្រឹក ក្នុងរដូវរងាទ្រង់ក្រោកម៉ោង៤ព្រឹក ក្រោកហើយទ្រង់នឹងធ្វើការងារទៅរឿយៗ ដោយគ្មានពាក្យថាក្រោកខកឬធ្វើការងារយឺតឡើយ។ ដោយសារទ្រង់ខ្លាចថាធ្វើការងារបានតិច ទើបទ្រង់ក្រោកតាំងពីព្រលឹម ព្រោះការក្រោកតាំងពីព្រលឹមអាចធ្វើការងារបានច្រើន។

ព្រះអង្គទ្រង់លះបង់ជីវិតដើម្បីប្រទេសជាតិយ៉ាងពេញទំហឹង រហូតកើតនូវភាពរីកចម្រើនរុងរឿងជាងពីមុនខ្លាំងណាស់។

នៅពេលឡើងគ្រងរាជ្យសម្បត្តិ Prussia មានអាណាចក្រត្រឹមតែ១សែន១ម៉ឺនគីឡូម៉ែត្រការ៉េប៉ុណ្ណោះ។

នៅពេលទ្រង់ចូលទិវង្គត Prussia មានអាណាចក្រដល់ទៅ២សែនគីឡូម៉ែត្រការ៉េ កើនឡើងជិតពីរដង។

នៅពេលទ្រង់ឡើងគ្រងរាជ្យ Prussia មានពលរដ្ឋ២លាន៥សែននាក់

ពេលទ្រង់ចូលទិវង្គត់ Prussia មានពលរដ្ឋដល់ទៅ៦លាននាក់ កើនឡើងដល់ទៅ៣ដង

នៅពេលឡើងគ្រងរាជ្យ Prussia មានទាហាន៨ម៉ឺននាក់

នៅពេលចូលទិវង្គត Prussia មានទាហាន១សែន៦ម៉ឺននាក់

នេះចាត់ថា ទ្រង់ប្រកបករណីយកិច្ចបានយ៉ាងអស្ចារ្យ ដូច្នេះសក្ដិសមហើយដែលប្រជាជននាំគ្នាលើកតម្កើងថា«ហ្វ្រេដឺរិក មហារាជ»។

ទំព័រ 217
ទំហំខ្នាត H= 20.5cm , W= 14.5cm