វិធីយកឈ្នះការបដិសេធរបស់អតិថិជន

$5.1 $4.25

Publish date: 2021-12-17

Category: Sales and Marketing

Publisher: រោងពុម្ពព្រៃស

Author Name: យ៉ែម វណ្ណា

99 Books Available.

Description:

នេះគឺជាសៀវភៅនិយាយអំពីវិធីយកឈ្នះការបដិសេធ និយាយពីអ្វីមួយដែលអ្នកលក់ភាគច្រើន ជាពិសេសអ្នកដែលទើបចាប់ផ្តើមលក់ថ្មីថ្មោងដែលមានការភ័យខ្លាចច្រើន។ គោលបំណងមិនមែនគ្រាន់តែដើម្បីជួយអ្នកដែលទើបចាប់ផ្តើមលក់ថ្មីថ្មោងយកឈ្នះការបដិសេធ ដោយការអនុវត្តតាមជំហាននិងទិចនិកដែលមាននៅក្នុងសៀវភៅនេះប៉ុណ្ណោះទេ ប៉ុន្តែដើម្បីយល់ពីដំណើរការទាំងមូល ដើម្បីយល់ពីរូបភាពធំ ដូច្នេះអ្នកនឹងដឹងមូលហេតុដែលអតិថិជននិយាយបដិសេធនៅពេលចាប់ផ្តើមលក់ដំបូងៗនិងដើម្បីយល់ពីវិធីលុបបំបាត់ការបដិសេធជាច្រើន មុននឹងវាកើតឡើង។

អ្នកលក់ជាច្រើនភ័យខ្លាចក្នុងការឮអតិថិជននិយាយថាទេ ដូច្នេះទើបពួកគេមិនបានសួរសំណួរពិបាកៗ ជាសំណួរដែលកំណត់ថា អតិថិជននឹងសម្រេចចិត្តទិញឬមានថវិកាគ្រប់គ្រាន់ដើម្បីទិញផលិតផលនិងសេវាកម្ម ឬអត់។ ពួកគេខ្លាចក្នុងការសុំការបញ្ជាទិញ ព្រោះពួកគេអាចនឹងទទួលបានការបដិសេធដែលពួកគេមិនដឹងពីវិធីដើម្បីយកឈ្នះវា។

បច្ច័យភាគច្រើនដែលពួកគេខ្លាច ព្រោះពួកគេមិនចង់ប្រឈមមុខនឹងការបដិសេធ។​ អ្វីដែលពួកគេមិនយល់និងអ្វីដែលសៀវភៅនេះនឹងបើកបង្ហាញគឺ ការបដិសេធជាឱកាសដ៏ពិតប្រាកដដើម្បីនាំឱ្យការលក់ទៅហួសពីអ្វីដែលអតិថិជនមើលឃើញថាជាឧបសគ្គ។

វាជាការយល់ខុសនិងសន្មតការបដិសេធខុសនេះឯង ដែលបង្កើនការភ័យខ្លាចរបស់អ្នកលក់។ យ៉ាងណាក្ដី នេះគឺជារឿងពីរដែលខ្ញុំបានរៀននៅក្នុងជីវិតដែលបានជួយឱ្យខ្ញុំឆ្លងផុតពេលវេលាដែលពិបាក៖

ការភ័យខ្លាចអាចរារាំងអ្នក ប្រសិនបើអ្នកបណ្តោយវា។
មនុស្សគ្រប់គ្នាសុទ្ធតែជួបការបដិសេធ បញ្ហា និងឧបសគ្គជានិច្ច។ អ្នកមិនអាចជៀសវាងវាបានរហូតទេ ប៉ុន្តែអ្នកអាចរៀនសូត្រពីវា និងធ្វើឱ្យប្រសើរឡើងនូវអ្វីដែលអ្នកបានធ្វើនិងកំពុងធ្វើ។
ការប្រឈមមុខនឹងការបដិសេធ

មនុស្សម្នាក់ធ្លាប់បានប្រាប់ខ្ញុំថា ការភ័យខ្លាច(Fear)គឺជាអក្សរកាត់មកពីពាក្យថា «False Evidence Appearing Real= ភស្តុតាងក្លែងក្លាយដែលហាក់ដូចជាការពិត»។ ដូច្នេះជំហានទីមួយដើម្បីយកឈ្នះការភ័យខ្លាចគឺ ប្រឈមមុខនឹងវា ហើយវិភាគវាដើម្បីរកឱ្យឃើញអ្វីដែលជាការពិតនិងអ្វីដែលមិនមែនជាការពិត។ នៅពេលដែលយើងមិនដឹងអ្វីដែលជាការពិតនិងអ្វីដែលមិនមែនជាការពិត ការនឹកគិតនៅក្នុងចិត្តរបស់យើងចាប់ដំណើរការគ្រប់ពេល។ វាគឺជាការមិនដឹងនេះឯងដែលញុំាងឱ្យយើងភ័យខ្លាច។

អ្នកកំពុងបោះជំហានទៅរកការមិនដឹងគ្រប់ពេលដែលអ្នកធ្វើការលក់។ នេះមិនមែនជាវិធី(មិនថាអ្នកដឹងពីទិចនិកដោះស្រាយការបដិសេធច្រើនប៉ុនណាទេ)ដើម្បីធានាពីលទ្ធផលនោះទេ។ ប៉ុន្តែនេះគឺជាវិធីនៃការប្រឈមមុខនឹងការភ័យខ្លាច។ Teddy Atlas គឺជាគ្រូបង្វឹកកីឡាប្រដាល់ដ៏ល្អបំផុតបាននិយាយថា «ការភ័យខ្លាចប្រៀបដូចជាភ្លើងអ៊ីចឹង។ នៅពេលវាត្រូវបានគ្រប់គ្រង វានឹងជួយចម្អិនអាហារឱ្យអ្នក វានឹងធ្វើឱ្យផ្ទះរបស់អ្នកកក់ក្តៅ វានឹងធ្វើរឿងល្អៗបានជាច្រើន។ នៅពេលដែលវាមិនបានគ្រប់គ្រង វានឹងដុតបំផ្លាញគ្រប់យ៉ាងដែលនៅជុំវិញអ្នក វានឹងបំផ្លាញគ្រប់យ៉ាង។

ភាពក្លាហានមិនមែនគ្មានវត្តមាននៃការភ័យខ្លាចទេ  វាជាការយកឈ្នះលើភាពភ័យខ្លាច។ ពេលអ្នកហ៊ានប្រឈមមុខនឹងវា វានឹងធ្វើឱ្យអ្នកគ្រប់គ្រងលើភាពភ័យខ្លាចរបស់អ្នកបាន។
William H. Danforth

«ដូចគ្នានឹងការភ័យខ្លាចដែរ។ នៅពេលវាត្រូវបានគ្រប់គ្រង វានឹងធ្វើឱ្យអ្នកកាន់តែប្រសើរឡើង។ វានឹងធ្វើឱ្យអ្នកបានត្រៀមខ្លួន…វានឹងធ្វើឱ្យអ្នកធ្វើអ្វីដែលអ្នកត្រូវធ្វើដើម្បីចិញ្ចឹមជីវិត។ ហើយប្រសិនបើវាមិនត្រូវបានគ្រប់គ្រងទេ វានឹងដុតបំផ្លាញអ្នកប្រៀបដូចជាភ្លើងអ៊ីចឹង វានឹងបំផ្លាញអ្នក។អ្នកត្រូវយល់…ការភ័យខ្លាចគឺជាមិត្ត មិនមែនជាសត្រូវទេ»។

ការបដិសេធមិនមែនមានន័យថាមិនទិញ

ការភ័យខ្លាចគឺជាមិត្តនៅពេលដែលអ្នកលក់។ មិនថាជឿវាឬអត់ទេ ការបដិសេធចាត់ទុកថាជារឿងល្អបំផុត។ ដូចដែលអ្នកនឹងបានរៀននៅក្នុងសៀវភៅនេះ ការបដិសេធគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ដែលអាចឱ្យអ្នកបង្កើតការលក់ ពីព្រោះវាបានផ្តល់ឱ្យអ្នកនូវព័ត៌មានអំពីតម្រូវការនិងបញ្ហារបស់អតិថិជន។ ជាមួយព័ត៌មាននេះនៅក្នុងដៃ​ អ្នកអាចឈានទៅមុខដើម្បីបង្ហាញអតិថិជនថា​ ផលិតផលឬសេវាកម្មរបស់អ្នកអាចបំពេញតម្រូវការដល់ពួកគេបានឬអត់។

ក៏ត្រូវទទួលស្គាល់ដែរថា ការបដិសេធមិនមែនមានអារម្មណ៍ដូចជាការកសាងជញ្ជាំងដ៏មានប្រយោជន៍ជានិច្ចនោះទេ។ ការបដិសេធគឺជាការ  បដិសេធ។​ ប៉ុន្តែប្រសិនបើអ្នកចង់ធ្វើជាអ្នកលក់ដ៏ជោគជ័យ អ្នកត្រូវយល់ថា ការបដិសេធគឺជារឿងដែលមិនអាចជៀសវាងបាន។ ខ្ញុំមានបទពិសោធនៅក្នុងការលក់ជាង២៥ឆ្នាំមកហើយរហូតមកទល់បច្ចុប្បន្ន ហើយខ្ញុំលក់ផលិតផលផ្សេងៗជាច្រើន។ ខ្ញុំលក់សេវាកម្មរបស់ខ្ញុំក្នុងឋានៈជាវាគ្មិននិងជាគ្រូបណ្តុះបណ្តាល ខ្ញុំលក់ឱ្យអតិថិជនរបស់ខ្ញុំក្នុងឋានៈជាភ្នាក់ងារឱ្យអ្នកដឹកនាំធុរកិច្ច ម្ចាស់ផលិតកម្ម និងអត្តពលិក ហើយខ្ញុំលក់និងធ្វើទីផ្សារផលិតផលដូចជា FoldzFlat Pen ជាដើម។ ខ្ញុំបានជួបការបដិសេធនិងការនិយាយថាទេជារៀងរាល់ថ្ងៃ។ បើអ្នកនៅក្នុងការលក់(តាមពិតបើអ្នកមានជីវិត) អ្នកនឹងជួបការបដិសេធ បញ្ហា ឧបសគ្គ តវ៉ា និងការមិនយល់ស្របជានិច្ច។

ពាក្យចាស់បានប្រាប់យើងថា ជីវិតគឺជាថ្មសំលៀងកាំបិត… វានឹងដុសខាត់អ្នកឬសំលៀងអ្នកចុះឡើងៗ។ ដំណឹងល្អគឺថា គ្រប់ពេលដែលយើងបានជួបបញ្ហាឬការបដិសេធ យើងក៏ទទួលបានព័ត៌មានថ្មីផងដែរ។ ប្រសិនបើយើងប្រើព័ត៌មាននោះនិងរៀនសូត្រពីវា យើងកាន់តែរឹងមាំនិងខ្លាំងក្លាឡើងជាប្រាកដ។ បញ្ហានឹងធ្វើឱ្យយើងកាន់តែរឹងមាំជាបន្តបន្ទាប់។បរាជ័យនាំទៅរកជោគជ័យ ដរាបណាយើងរៀនសូត្រពីវា។ យើងរៀនពីបរាជ័យច្រើនជាងយើងរៀនពីជោគជ័យ។ យើងសាងភាពរឹងមាំពីខាងក្នុងនៅពេលដែលអ្វីៗហិនហោចអស់នៅខាងក្រៅ។ គ្រប់ពេលដែលយើងប្រឈមមុខនឹងបញ្ហាឬឧបសគ្គ​ យើងអាចឆ្លងផុតវាប្រសិនបើយើងស្វែងរកមេរៀនដែលវាផ្តល់ឱ្យយើង។

គោលបំណងនៃសៀវភៅនេះ មិនមែនគ្រាន់តែដើម្បីបង្ហាញអ្នកពីវិធីផ្លាស់ប្តូរការបដិសេធទៅជាឱកាសប៉ុណ្ណោះទេ ប៉ុន្តែដើម្បីឱ្យអ្នកដឹងថា សូម្បីតែអ្នកលក់ដែលទទួលបានជោគជ័យ ក៏ត្រូវប្រឈមនឹងការបដិសេធនិងបញ្ហាដែលកើតឡើងដែរ។ វាគឺជាការខកបំណងនៅពេលដែលអ្វីៗមិនដំណើរការតាមផែនការ។ នេះគឺជាអ្វីដែលអ្នកច្នៃប្រឌិតដឹងច្បាស់បំផុត។ នៅពេល Thomas Edison កំពុងតែច្នៃប្រឌិតបង្កើតអំពូលភ្លើង គាត់បានបរាជ័យ១,២០០ដង មុននឹងគាត់បង្កើតវាបានជោគជ័យ។ អ្នកកាសែតម្នាក់បានសួរគាត់ថា «តើអ្នកប្រឈមនឹងបរាជ័យ១,២០០ដងបានដោយវិធីណា?» Edison បានឆ្លើយថា «ខ្ញុំមិនមែនបរាជ័យ១,២០០ដងទេ។ ខ្ញុំជោគជ័យដែលរកឃើញថា ១,២០០វិធីហើយដែលខ្ញុំមិ​នអាចបង្កើតអំពូលភ្លើងបាន»

អ្នកច្នៃប្រឌិតរំពឹងថានឹងបរាជ័យ អ្នកលក់ក៏គួរតែរំពឹងថាអតិថិជននឹងបដិសេធដែរ។ គ្រប់ពេលដែលអ្នកច្នៃប្រឌិតបានជួបបរាជ័យ គាត់អាចរកឃើញសញ្ញាឬដំណើរការដែលស្ថិតលើផ្លូវនៃដំណោះស្រាយ។ គ្រប់ពេលដែលអ្នកលក់ជួបការបដិសេធ អ្នកមានឱកាសលុបបំបាត់បញ្ហាដែលស្ថិតលើផ្លូវនៃដំណោះស្រាយរបស់អ្នក។

អ្នកលក់ដែលទទួលជោគជ័យធ្លាប់ប្រឈមនឹងការបដិសេធ បញ្ហា និងការលក់ដែលបរាជ័យ ហើយគ្រប់អ្នកលក់ដែលទទួលជោគជ័យសុទ្ធតែបានរៀនក្នុងការធ្វើឱ្យការភ័យខ្លាចនិងបរាជ័យទៅជាឱកាសដើម្បីទទួលបានភាពខ្លាំងនិងចំណេះដឹងពីបញ្ហា។ អ្នកលក់បែបនេះចេះប្រើប្រាស់បញ្ហារបស់ពួកគេឱ្យទៅជាប្រយោជន៍… តាមពិតពួកគេទទួលបានប្រយោជន៍ពីវាយ៉ាងច្រើន។ ពួកគេដឹងថា ជោគជ័យកើតមកពីការយកឈ្នះលើបញ្ហា។

គ្រប់គ្នាសុទ្ធតែធ្លាប់ឆ្លងកាត់ពេលវេលាដ៏លំបាក។ អ្នកដែលមិនបានយកឈ្នះបញ្ហាត្រូវបានហូរកួចទៅតាមខ្សែទឹកនិងគ្មានជំនាញដើម្បីហែលទៅកាន់ច្រាំងវិញទេ។ មិនត្រឹមតែប៉ុណ្ណោះ ពួកគេធ្លាក់ទៅក្នុងទឹកដដែលៗ នៅក្នុងក​ន្លែងដដែលៗ ហើយចេះតែងឿងឆ្ងល់នៅពេលដែលខ្សែទឹកបានហូរកួចនាំពួកគេទៅកន្លែងនោះម្តងទៀត។

អ្នកលក់ដែលទទួលជោគជ័យក៏បានជួបបញ្ហានេះដូចគ្នាដែរ។ ប៉ុន្តែពួកគេបានរៀនសូត្រពីបទពិសោធរបស់ខ្លួន។ ពួកគេមិនធ្លាក់ទៅក្នុងទឹកដដែលម្តងទៀតទេ។ ប៉ុន្តែប្រសិនបើពួកគេធ្លាក់ទៅក្នុងទឹកម្តងម្កាល ពួកគេបានប្រើជំនាញដែលពួកគេបានរៀនពីបទពិសោធដំបូងៗរបស់ពួកគេដើម្បីនាំពួកគេឡើងគោកវិញ។

មិនមែនមនុស្សភាគច្រើនព្រមធ្វើឱ្យបរាជ័យទៅជាឱកាសលើកទីពីរនោះទេ។ ប្រសិនបើអ្នកព្រមទទួលស្គាល់បរាជ័យ ហើយរៀនសូត្រពីវា ប្រសិនបើអ្នកព្រមទទួលស្គាល់ថាបរាជ័យដូចជាពរជ័យដែលលាក់ខ្លួន ហើយចាប់ផ្តើមជម្នះវាអ្នកនឹងទទួលបានលទ្ធផលដ៏ជោគជ័យបំផុតមួយ។Joseph Sugaman​  អ្នកធុរកិច្ចនិងសហគ្រិនជនជាតិអាមេរិក
គ្មាននរណាម្នាក់ធ្វើអ្វីមួយងាយៗ ហើយជោគជ័យពេញមួយជីវិតនោះទេ។ គ្រប់គ្នាត្រូវប្រើការព្យាយាមទើបជោគជ័យ។ អ្នកសម្រេចចិត្តធ្វើអ្វីស្ថិតលើអ្នក។ អ្នកអាចផ្តោតទៅលើរណ្ដៅដែលអ្នកកំពុងជីកឬភ្នំដែលអ្នកកំពុងបង្កើត។ អ្នកអាចចំណាយជីវិតរបស់អ្នកដើម្បីជីករកមាស ដេញដណ្តើមមាស បោកប្រាស់​ និងកុហកពេញមួយថ្ងៃ ឬអ្នកអាចប្រើប៉ែលដើម្បីសាងមូលដ្ឋានដ៏រឹងមាំ ដែលនឹងនាំឱ្យអ្នកអាចទទួលបានជោគជ័យក៏ស្រេចតែអ្នក។

អ្នកត្រូវកសាងអនាគតរបស់អ្នកពីមូលដ្ឋានដែលអ្នកត្រូវមើលថែជាប្រចាំ ជាកិច្ចការដែលត្រូវធ្វើឱ្យបានសម្រេចពីមួយថ្ងៃទៅមួយថ្ងៃ។

ខ្ញុំបានដឹងថា ជោគជ័យមិនមែនត្រូវបានវាស់វែងដោយតំណែងដែលមនុស្សសម្រេចបាននៅក្នុងជីវិតនោះទេ ប៉ុន្តែដោយឧបសគ្គដែលគាត់បានយកឈ្នះខណៈដែលកំពុងព្យាយាមដើម្បីទទួលបានជោគជ័យទៅវិញទេ។
Booker T. Washington អ្នកនិពន្ធនិងធម្មជាតិវិទូ

រណ្ដៅតំណាងឱ្យផ្លូវកាត់នៅក្នុងជីវិត បំពេញតម្រូវការភ្លាមៗ មិនបានត្រៀមខ្លួនដើម្បីលក់ មិនបានខ្វល់ពីអតិថិជនរបស់អ្នក និងទទួលផលក្នុងរយៈពេលខ្លី។ ភ្នំតំណាងឱ្យភាពស្មោះត្រង់ ការប្រឹងប្រែង មូលដ្ឋានគ្រឹះការបំពេញតម្រូវការអតិថិជនរបស់អ្នក និងទទួលបានផលរយៈពេលវែង។ នៅពេលអ្នកកំពុងជីករណ្ដៅជាបន្តបន្ទាប់ អ្នកនឹងឃើញខ្លួនឯងធ្លាក់ទៅក្នុងវាមួយរំពេច។ ប៉ុន្តែទោះជាវាពិបាកក្នុងការកសាងភ្នំក៏ដោយ​ នៅពេលអ្នកទៅដល់កំពូល អ្នកអាចមានមោទនភាពនៃអ្វីដែលអ្នកបានសម្រេច។

នៅពេលអ្នកបណ្ដោយឱ្យការភ័យខ្លាចនិងឧបសគ្គរារាំងអ្នកពីការធ្វើនិងការធ្វើឱ្យខ្លួនអ្នកប្រសើរឡើង អ្នកកំពុងតែជីករណ្ដៅជាបន្តបន្ទាប់។ យ៉ាងណាមិញ នៅពេលអ្នកកសាងភ្នំ ចូកដីពីមួយប៉ែលទៅមួយប៉ែលជាបន្តបន្ទាប់ ហើយពូនលើគ្នា។ រំពេចនោះ អ្នកនឹងឃើញខ្លួនឯងនៅលើកំពូលភ្នំ ហើយវាខ្ពស់បំផុត។ មនុស្សអាចនឹងងឿងឆ្ងល់ថា អ្នកឡើងទៅដល់កំពូលភ្នំបានដោយវិធីណា។​ វានឹងមានតែអ្នកម្នាក់គត់ដែលដឹងថា​ ភ្នំនោះបានកសាងឡើងដោយរបៀបណា។

ទំព័រ 164
ទំហំខ្នាត H= 20.5cm , W= 14.5cm
ប្រែសម្រួលដោយ យ៉ែម វណ្ណា
សម្រួលអត្ថបទ ប្រាជ្ង វិជ័យ