MIDAS TOUCH សហគ្រិនដៃមាស

$13.5 $11.25

Publish date: 2021-12-17

Category: Business & Investment

Publisher: រោងពុម្ពព្រៃស

Author Name: រស់ សុខលៀង

99 Books Available.

Description:

មនុស្សពូកែស្រមៃ ឬសហគ្រិន

មានសហគ្រិនម្នាក់គឺជាមនុស្សដែលចាប់អារម្មណ៍លើគ្រឿងចក្រតាំងពីនៅតូច ដោយគេមើលឃើញឱកាសក្នុងការផ្លាស់ប្ដូរពិភពលោកឱ្យល្អប្រសើរបាន ទើបគេតាំងចិត្តថា គេនឹងធ្វើឱ្យក្ដីស្រមៃរបស់គេក្លាយជាការពិត មិនមែនដើម្បីសាងភាពមានបានឱ្យខ្លួនឯងទេ ប៉ុន្តែដើម្បីសាងវិថីជីវិតបែបថ្មីឱ្យមនុស្សទូទៅ។

គេបានព្យាយាមយ៉ាងខ្លាំងក្នុងការគិតនិងសាងគំរូចេញមកជាច្រើនបែប បន្ទាប់មកទើបគេកែប្រែឱ្យបានល្អប្រសើរឡើង ហើយនៅត្រូវកសាងក្រុមហ៊ុនឡើងទៀតផង។ បញ្ហាធំរបស់គេគឺ មនុស្សរមែងមើលមិនឃើញអ្វីដែលគេមើលឃើញ។ អ្នកដទៃមិនអាចមើលឱ្យបានទូលាយដើម្បីឱ្យឃើញភាពដែលអាចទៅរួច ប៉ុន្តែអ្នកដទៃមើលឃើញតែអ្វីដែលជាបច្ចុប្បន្នប៉ុណ្ណោះ។ គេត្រូវតស៊ូគ្រប់ពេល ប៉ុន្តែមិនដែលព្រមចុះចាញ់ឡើយ។ ពេលខ្លះគេធ្លាប់គិតសង្ស័យចំពោះខ្លួនឯង ធ្លាប់បាត់បង់អ្វីៗជាច្រើន ធ្លាប់ប្ដូរចិត្តទៅធ្វើអ្វីផ្សេងជាច្រើនលើកច្រើនសា ហើយជាញឹកញាប់ដែលគេបរាជ័យ ប៉ុន្តែគេប្រកាន់យកគំនិតថា បរាជ័យ «គឺជាឱកាសដើម្បីចាប់ផ្ដើមម្ដងទៀតក្នុងលក្ខណៈដែលឆ្លាតជាងមុន»។

គេមិនមែនជាមនុស្សដែលរៀនពូកែទេ ដូច្នេះហើយទើបគេមិនសូវទទួលបានអ្វីច្រើនពីសាលារៀន។ គេចូលចិត្តបំបែករបស់របរផ្សេងៗចេញពីគ្នាដើម្បីមើលថា តើវាដំណើរការដូចម្ដេច។ ការងារពេលទំនេររបស់គេគឺ ការរើនាឡិកាចេញមកមើល។ គេមិនមានបរិញ្ញាបត្រអ្វីទេ ប៉ុន្តែគេបានទៅរៀនពេលយប់ដើម្បីបន្ថែមជំនាញ គេគឺជាមនុស្សឆ្លាតណាស់។ ទីបំផុតគេបានក្លាយជាគ្រូបង្រៀនមុខវិជ្ជាដែលគេចូលចិត្ត ហើយសិស្សដែលមានការខិតខំប្រឹងប្រែងដូចគេក៏ចូលចិត្តគេខ្លាំងណាស់ ដោយពួកគេរមែងជួយការងារនៅក្នុងគម្រោងការនៅពេលយប់ដើម្បីបានសិក្សាទៅព្រមៗគ្នា។ គេមានសមត្ថភាពក្នុងការអូសទាញមនុស្សពូកែៗឱ្យចូលមកធ្វើការជាមួយ ហើយគេរមែងមានមនុស្សដែលដឹងនូវអ្វីដែលគេមិនដឹងនៅជុំវិញខ្លួនជានិច្ចនៅក្នុងធុរកិច្ចរបស់គេ។

គេទទួលបានជោគជ័យក្នុងការរកដើមទុនពីវិនិយោគិនដែលជឿជាក់លើទំនិញរបស់គេ ប៉ុន្តែបញ្ហាគឺ វិនិយោគិនមិនសូវជឿលើទស្សនវិស័យរបស់គេប៉ុន្មានទេ។ គេចាប់ផ្ដើមអស់សង្ឃឹម ព្រោះវិនិយោគិនចាប់អារម្មណ៍តែរឿងមាសប្រាក់ ទីបំផុតគេក៏ត្រូវ​បណ្ដេញចេញពីក្រុមហ៊ុនរបស់ខ្លួនឯង ចេញពីក្រុមហ៊ុនដែលប្រើឈ្មោះរបស់គេ។ ប្រសិនបើជាអ្នកផ្សេងវិញប្រហែលជាបោះបង់ចោលការតាំងចិត្តក្នុងការសាងធុរកិច្ចហើយទៅរកការងារធ្វើបាត់ទៅហើយ។​

ច្រើនឆ្នាំមុន គេបានលាឈប់ពីការងារដែលមានស្ថិរភាពនៅក្នុងក្រុមហ៊ុនដ៏មានឈ្មោះល្បី។ ការធ្វើធុរកិច្ចរបស់គេមិនសូវបានផលល្អប៉ុន្មានទេ ទើបគ្រួសាររបស់គេត្រូវរើចេញទៅរស់នៅក្នុងកន្លែងដែលមានសភាពកាន់តែអាក្រក់ទៅៗជាច្រើនដង។ សំណាងល្អដែលគេបានទទួលកម្លាំងជំរុញចិត្តពេលដែលនៅធ្វើការងារឱ្យនិយោជកដែលគួរឱ្យគោរព ជាមនុស្សដែលគេកោតសរសើរតាំងពីនៅតូច ហើយមានឱកាសបានជួបគ្នាម្ដងក្នុងរយៈពេលខ្លី។ ពេលនោះគេប្រើពេលតែមួយស្របក់ប៉ុណ្ណោះក្នុងការគូររូបនវកម្មរបស់គេឱ្យបុរសម្នាក់នោះមើល។ បុរសម្នាក់នោះទះតុប៉ាំង ហើយនិយាយថា «អ្នកកំលោះ ហ្នឹងហើយ ឯងមានសមត្ថភាពណាស់ ព្យាយាមគិតជាបន្តទៀតណា៎»។

«សំឡេងទះតុនោះមានន័យចំពោះខ្ញុំណាស់» គេនិយាយឱ្យ​ភរិយារបស់គេស្ដាប់ «ឆ្នាំក្រោយខ្ញុំនឹងមិនសូវមានពេលសម្រាប់គ្រួសារប៉ុន្មានទេ» តាមពិតទៅ ទម្រាំគេទទួលបានជោគជ័យនោះត្រូវចំណាយពេលរាប់សិបឆ្នាំ។

មិនញឹកញាប់ប៉ុន្មានទេដែលមនុស្សយើងគិតឃើញអ្វីក្នុងពេលដ៏ខ្លី ហើយរឿងបែបនេះមិនដែលកើតឡើងចំពោះ ហ៊ែនរី ហ្វត ឡើយ។ គេបង្កើតអ្វីៗគ្រប់យ៉ាងដែលនៅជុំវិញខ្លួនដោយសន្សឹមៗ ហើយទីបំផុតគេអាចចាប់យកឱកាសនិងគោលដៅរបស់ខ្លួនគេបាន។ គេបានបង្ហាញឱ្យឃើញថា សហគ្រិនមិនចាំបាច់ត្រូវតែជាអ្នកស្រាវជ្រាវរកបច្ចេកវិទ្យាថ្មីៗទេ។ ជោគ​ជ័យរបស់គេបានមកពីរបស់ដែលមានតម្លៃជាងនេះគឺ និមិត្តសញ្ញាអាជីវកម្ម ហើយទំនិញមាត្រដ្ឋាននៅក្នុងសម័យនោះគឺ រថយន្តដែលធ្វើតាមការកុម្ម៉ង់ ប៉ុន្តែវាមិនមែនជាអ្វីដែល ហ៊ែនរី ហ្វត មើលឃើញអនាគតទេ។ គេចង់ឱ្យគ្រប់គ្នា អាចទិញភាពហ៊ឺហដែលកាលពីអតីតកាលធ្លាប់មានតែសម្រាប់អ្នកមានប៉ុណ្ណោះ។

គេចង់ផ្លាស់ប្ដូរពិភពលោកនេះ ដោយគេជឿថា «នឹងអាចធ្វើបាន» ដោយគេធ្វើរថយន្តដែលប្រើម៉ាស៊ីនបែបដុតបំផ្លាញប្រេងឥន្ធនៈដែលធ្វើឡើងនៅក្នុងរោងចក្រ។ គេផលិតចេញមកមានរូបរាងដូចគ្នាទាំងអស់។ និយោជកដ៏ពូកែរបស់គេ ថូម៉ាស អាល់វ៉ា អេឌីសាន់ ក៏គិតបែបនេះដែរ នោះគឺជាមូលហេតុដែលគេទះតុ ដើម្បីផ្ដល់កម្លាំងចិត្តនិងគាំទ្រឱ្យ ហ៊ែនរី ពុះពារឧបសគ្គបន្តទៀត​។

ហ៊ែនរី ហ៊ានស្រមៃទៅឆ្ងាយ ដោយមានគ្រាមួយគេបានស្ដាប់ឮព្រះសង្ឃទេសនានៅក្នុងព្រះវិហារថា «ចូរហៅឡានទៅកាន់ភពផ្កាយ»។ គេបានត្រឡប់មកប្រាប់ប្អូនស្រីថា «នោះហើយគឺជាអ្វីដែលបងនឹងធ្វើ»។ ហេតុការណ៍កើតឡើងនៅក្នុងឆ្នាំ១៨៩៣ ហើយ១០ឆ្នាំក្រោយមកនៅថ្ងៃទី២៣ ខែ​កក្ក​ដា ឆ្នាំ១៩០៣ លោកវេជ្ជបណ្ឌិត អឺរ៍នស៍ ហ្វេននីង ដែលជាទន្តពេទ្យនៅ Chicago បានទិញឡានរបស់ក្រុមហ៊ុ​ន Ford ស៊េរី Model A ដំបូងគេរបស់ពិភពលោក។

ហ៊ែនរី ហ្វត ធ្វើបានសម្រេចហើយ គេមិនបានមានឈ្មោះថាជា​មនុស្សពូកែស្រមៃតទៅទៀតឡើយ គឺគេបានក្លាយជាសហគ្រិនពិតប្រាកដហើយ។

ទំព័រ 427
ទំហំខ្នាត H= 20.5cm , W= 14.5cm
ប្រែសម្រួលដោយ រស់ សុខលៀង
បណ្ណាធិការ ប្រាជ្ង វិជ័យ