ដឹងគេ ដឹងយើង

$5.7 $4.75

Publish date: 2021-12-17

Category: Management and Leadership

Publisher: រោងពុម្ពព្រៃស

Author Name: គ្រឹះស្ថាន ដាំដើមជីវិត (DDJ)

99 Books Available.

Description:

អារម្ភកថា

Management : ការគ្រប់គ្រង ការចាត់ការ និងការដឹកនាំ ឬមិនថាហៅឈ្មោះអ្វីទេ ប៉ុន្ដែបច្ច័យដ៏សំខាន់បំផុតរបស់ភារកិច្ចទាំងនេះគឺ ការគ្រប់​គ្រងមនុស្ស។

មិនថាអ្នកគឺជាអ្នកគ្រប់គ្រងក្រុមហ៊ុនអន្តរជាតិឬហាងគុយទាវនៅ​តាមផ្លូវទេ ប៉ុន្ដែរឿងមួយដែលគេចមិនផុតនិងជាគន្លឹះសំខាន់ដែលធ្វើឱ្យយើងបានសម្រេច នោះគឺ ការគ្រប់គ្រងមនុស្ស។ 

នៅពេលដែលការគ្រប់គ្រង គឺជាគន្លឹះដ៏សំខាន់សម្រាប់ភាពជោគជ័យ នៅក្នុងពិភពលោក ដែលសម័យប្រជាធិបតេយ្យកំពុង​រីកចម្រើន រីឯសម័យ​នៃ​ការ​ប្រើអំណាចផ្តាច់ការបានកន្លងផុតទៅហើយ ការ​គ្រប់គ្រងមនុស្ស​តាមបែប​ចិត្ត​វិទ្យាកាន់តែមានភាពសំខាន់ទ្វេដង។ អ្នកដែល​មានមូល​ដ្ឋាន​ចំណេះដឹង​ផ្នែកចិត្តវិទ្យាមកពីមុននឹងមានប្រៀប ប៉ុន្តែគួរឱ្យ​ឆ្ងល់​ណាស់​ ​​​អ្នកគ្រប់គ្រង អ្នកចាត់ការ ប្រធានក្រុមឬអ្នកដែលមានអំណាច​ក្នុង​ការគ្រប់​គ្រង​អ្នកដទៃជាច្រើន មិនដែលដឹងការគ្រប់គ្រងតាមបែបចិត្តវិទ្យានេះឡើយ។ ​សំណាងល្អ​ដែលប្រទេសកម្ពុជាជាប្រទេសដែលប្រកាន់នូវព្រះពុទ្ធសាសនា​ ទោះបីជា​ភាគច្រើនគឺជាពុទ្ធសាស​និកជនតែក្នុងសៀវភៅគ្រួសារក៏ដោយ ក៏​​វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់និងបរិដ្ឋានជុំវិញបានអប់រំកូនខ្មែរយើងតាំង​ពីតូចរហូត​ដល់​ធំ ធ្វើឱ្យសម្ពន្ធភាពរវាងបុគ្គលនិងបុគ្គលប្រកបដោយភាព​ទន់ភ្លន់ ចេះជួយគ្នា សាមគ្គីគ្នា និងពឹងអាស្រ័យគ្នាទៅវិញទៅមក។ ទម្លាប់ដ៏ល្អទាំងនេះ គឺជាការជួយកាត់បន្ថយនូវ​ទំនាស់និងអំពើហិង្សា​ក្នុង​ការគ្រប់គ្រងបានមួយកម្រិត ព្រមទាំងធ្វើឱ្យមានការ​ងាយស្រួលក្នុង​ការសម្រុះសម្រួលគ្នាជាខ្លាំងទៀតផង។

ប៉ុន្តែការគ្រប់គ្រងនៅមានលក្ខណៈផ្សេងៗជាច្រើនទៀតដែលត្រូវ​ប្រើសមត្ថភាពរបស់អ្នកដឹកនាំ។ ការធ្វើឱ្យអ្នកដទៃ (បុគ្គលិក) ធ្វើនូវអ្វី​ដែលយើង (អ្នកគ្រប់គ្រង) ត្រូវការ នោះត្រូវតែប្រើចំណេះដឹងខាងចិត្តវិទ្យា​មកជួយ។

ខ្លឹមសារនៅក្នុងសៀវភៅនេះ គឺជាការយកចិត្តវិទ្យាមកបដិបត្តិប្រើជា​មួយ​នឹងការគ្រប់គ្រងការងារក្នុងផ្នែកធុរកិច្ចនិងឧស្សាហកម្ម។ គោលការណ៍ទាំង​​អស់ក្នុងសៀវភៅនេះ គឺជា​ការផ្សែផ្សំឡើងរវាងការងារស្រាវជ្រាវផ្នែកចិត្តវិទ្យា បទពិសោធផ្នែកបដិបត្តិ និងការ​សិក្សាពីហេតុការណ៍ដែលកើតឡើងជាក់ស្តែង យកមករួមគ្នាបង្កើត​ជា​វិធីសាស្ដ្រមួយដែល​មិត្ត​អ្នក​អានអាចយកទៅប្រើការបានភ្លាម ដោយការសរសេរខ្លីៗ ងាយអាន និងមិនមាន​ពាក្យបច្ចេកទេស ឬពាក្យដែលពិបាកយល់នោះទេ។

អត្ថន័យនិងខ្លឹមសារខ្លះក្នុងសៀវភៅមួយក្បាលនេះ បានស្រង់ចេញពី​សៀវភៅរឿង Effective Psychology for Managers ដែលជាការនិពន្ធ​របស់ ម៉ទិម័រ អា.ហ្វេន​ប៊ឺក ជាសាស្រ្តាចារ្យចិត្តវិទ្យាសាខាចិត្តវិទ្យាឧស្សាហកម្ម និងអតីតប្រធាន​ចិត្តវិទ្យានៃស្ថាប័នស្រាវជ្រាវរបស់សហរដ្ឋអាមេរិក ដែលធ្លាប់សរសេរទុកជា​យូរមកហើយ។ ប៉ុន្តែគោលការណ៍នៅមិនទាន់អាចយកមកប្រើបាន ទើបអ្នក​និពន្ធយកមកកែសម្រួលខ្លឹមសារជាថ្មី ដើម្បីឱ្យទាន់សម័យ និងស្របទៅនឹង​ហេតុការណ៍បច្ចុប្បន្ន។

ទំព័រ 314
ទំហំខ្នាត H= 20.5cm , W= 14.5cm