Samsung’s Way វិធីសាស្ត្ររបស់អ្នកឈ្នះ

$4.8 $4.00

Publish date: 2021-12-17

Category: Management and Leadership

Publisher: រោងពុម្ពព្រៃស

Author Name: ប្រាជ្ញ វិជ័យ

99 Books Available.

Description:

វិធីធ្វើការលំដាប់លេខមួយដែលអាចឈានរំលងកំផែងពេលវេលា និងយកឈ្នះលក្ខខណ្ឌកំណត់នៃការធ្វើការងារ

បុគ្គលិកក្រុមហ៊ុនជាច្រើនតែងតែនិយាយថា «ការងារច្រើនរហូតគ្មានពេលវេលា» ពេលធ្វើការច្រើនពេកនឹងមានអារម្មណ៍ធុញទ្រាន់ចំពោះការងាររហូតគិតចង់ប្តូរការងារតែម្តង។ ប៉ុន្តែ នោះគ្រាន់តែជាគំនិតដែលកើតឡើងក្នុងអារម្មណ៍មួយភ្លែតៗតែប៉ុណ្ណោះ ​ដែលនាំឱ្យពួកគេជួបនូវការពិបាកចិត្តមួយគឺ «តើខ្លួនធ្វើការងារដែលត្រឹមត្រូវហើយ មែនទេ?»។

ទោះបីជាបរិមាណការងារស្មើគ្នា តែលទ្ធផលការងារតែងខុសគ្នាទៅតាមសមត្ថភាពរបស់អ្នកធ្វើ។ អ្នកខ្លះអាចធ្វើការងារដែលអ្នកដទៃប្រើពេលធ្វើមួយថ្ងៃរួចក្នុងរយៈពេលត្រឹមតែ ២ ម៉ោង។ អ្នកខ្លះទទួលស្តាប់ Feedback (មតិរិះគន់) ពីអ្នកដទៃដើម្បីឱ្យការងាររបស់ខ្លួនសម្រេចជោគជ័យ។ អ្នកខ្លះបែរជាដាក់ការងារនៅចំពោះមុខ ​ហើយអង្គុយពិបាកចិត្ត និងខ្វល់ខ្វាយចិត្ត។           អ្នកខ្លះធ្វើការងារល្អរហូតចៅហ្វាយនាយឆ្លើយ «យល់ព្រម» ហើយកិច្ចការចេះតែបន្តទៅដោយរលូន។ ប៉ុន្តែ ក៏មានអ្នកខ្លះធ្វើឱ្យចៅហ្វាយគ្រវីក្បាល ហើយរកវិធីចេញពីភាពស្មុគស្មាញក៏មិនឃើញ។ តាមពិត មិនមែនដោយសារពួកគេមាន «ការងារច្រើនរហូតដល់គ្មានពេលវេលាគ្រប់គ្រាន់» នោះទេ ប៉ុន្តែពួកគេមិនដឹងពីវិធីធ្វើការងារឱ្យមានប្រសិទ្ធភាព និងឆាប់រហ័សតែប៉ុណ្ណោះ។​ ភាពខុសគ្នានេះកើតឡើងដោយរបៀបណា? រឿងដែលគួរប្រុងប្រយ័ត្ន​គឺ មិនគួរពិចារណាត្រឹមតែ «ភាពខុសគ្នាផ្នែកសមត្ថភាព» តែម្យ៉ាងប៉ុណ្ណោះទេ។

Albert Einstein ធ្លាប់ពោលថា «ចូរប្តូរនីតិវិធីធ្វើការងារដើម្បីផ្លាស់ប្តូរលទ្ធផលការងារ» នីតិវិធីធ្វើការងារគឺជារបៀបធ្វើការងារនោះឯង ហើយរឿងដែលធ្វើឱ្យ​កើតនូវភាពខុសគ្នាគឺ​ «កត្តាសមត្ថភាពក្នុងការធ្វើការងារ» របស់មនុស្សម្នាក់ៗនោះឯង។

ឆ្នាំ ២០០៦ ពេលមានតួនាទីជាប្រធានក្រុមក្នុងក្រុមហ៊ុន Samsung SDI ខ្ញុំអាយុត្រឹមតែជាង ៣០ ឆ្នាំប៉ុណ្ណោះ ពេលនោះប្រកួតប្រជែងមានភាពខ្លាំងក្លាបំផុតក្នុងក្រុមហ៊ុន Samsung។ ក្រុមការងាររបស់ខ្ញុំមានទាំងអស់ ៤០ នាក់ ធ្លាប់បានផ្លាស់ប្តូរសមាជិកដល់ទៅ ២០ នាក់ ដោយហេតុផលតែម្យ៉ាងគឺមិនអាច​ធន់នឹងវិធីធ្វើការងាររបស់ Samsung SDI បាន។

សមាជិកម្នាក់ជាប្រធានផ្នែក​ ​ដែលធ្លាប់ធ្វើការងារនៅក្នុងក្រុមហ៊ុនផ្សេងក្នុងបណ្តាញ Samsung ជាង ១៧ ឆ្នាំមកហើយ ហើយត្រូវបានគេទទួលស្គាល់ថាជាមនុស្សធ្វើការងារបានល្អ ប៉ុន្តែ ក្រោយពី​ចាប់ផ្តើមធ្វើការងារជាមួយSamsung SDI បានប៉ុន្មានខែប៉ុណ្ណោះ បែរជាឈប់សម្រាក ៣ ថ្ងៃដោយមិនបានប្រាប់មុន គ្មានហេតុផលអ្វីផ្សេងក្រៅពី​ទ្រាំនឹងការងារបែបនេះមិនរួចនោះទេ។ រហូតដល់ពេលនេះ​មិនថាគេធ្វើការក្នុងផ្នែកណាមួយរបស់ Samsung ទេ គេតែងនិយាយថា គេទើបតែបានឃើញក្រុមហ៊ុនដែលត្រូវធ្វើការដោយខ្លួនឯងតាំងពីដើមរហូតដល់ចប់​ជាលើកដំបូង​។​

ក្នុងឆ្នាំ ២០០៦ កើតនូវហេតុការណ៍ «សង្គ្រាមទូរទស្សន៍» ឡើង ជាអំឡុងពេលដែលទូរទស្សន៍ LCD ដែលជាទំនិញស្នូលរបស់ក្រុមហ៊ុន ​Sharpនិង Sony ជាមួយនឹងទូរទស្សន៍ PDP ដែលជាទំនិញស្នូលរបស់ក្រុមហ៊ុនSamsung SDI និង Panasonic ប្រកួតប្រជែងគ្នាយ៉ាងខ្លាំងក្លាបំផុត។ ក្នុងពេលនោះ Samsung SDI អាចឡើងមកជាក្រុមហ៊ុននាំមុខគេ ជាក្រុមហ៊ុនដែល ឡើងទៅនៅជួរមុខគេបំផុត និងផលិតនូវផលិតផលបានច្រើនបំផុត។ វិធីធ្វើការរបស់ពួកយើងគឺ ការបន្ថែមបរិមាណនៃការលក់ក្នុងទ្វីបអឺរ៉ុប​ ដែលធ្លាប់មានត្រឹម តែ ៣ ម៉ឺនលានវ៉ុន បានកើនឡើងដល់ ៥ សែនលានវ៉ុន។

រឿងនេះ​ បញ្ជាក់ឱ្យឃើញថា ការធ្វើការងារដែលខុសគ្នារមែងតែផ្តល់លទ្ធផលខុសគ្នាទៅតាមនោះដែរ។ លទ្ធផលល្អ កើតឡើងពីការធ្វើការងារដោយយកចិត្តទុកដាក់ ការធ្វើការបែបនេះប្រៀបដូចជា «ឡរំលាយ» ដែលបង្ហាត់មនុស្សក្នុងក្រុមឱ្យធ្វើការងារក្នុងទិសដៅតែមួយ​។​

ពិតណាស់ថា វិធីធ្វើការងាររបស់ Samsung មិនមែនជាវិធីល្អបំផុតក្នុងប្រទេសកូរ៉េខាងត្បូងទេ ​ព្រោះក្រុមហ៊ុននីមួយៗ មានគោលការណ៍ខុសៗគ្នា មនុស្សម្នាក់ៗមានរបៀបធ្វើការងារជារបស់ខ្លួនរៀងៗខ្លួន គ្រប់វិធីត្រូវស្ថិតនៅលើមូលដ្ឋានគ្រឹះដែលថា វាផ្តល់ផលដល់ក្រុមហ៊ុនច្រើនប៉ុនណា មានភាពជាសកលកម្រិតណា ឬធ្វើបានលឿនប៉ុនណា។ ក្រុមហ៊ុននីមួយៗអាចមាន             ទស្សនៈចំពោះសំណួរទាំងនេះខុសប្លែកពីគ្នា តែវិធីធ្វើការងាររបស់ Samsung ប្រើសំណួរទាំងបីនេះជាមាត្រដ្ឋាន។

វិធីធ្វើការរបស់ Samsung ចាត់ថាមានភាពជា​សកល ហើយរបៀបធ្វើការបែបនោះក៏បង្ហាញកម្លាំងដ៏អស្ចារ្យចេញមកឱ្យឃើញរួចហើយ។ ភាពរហ័សបានធ្វើឱ្យ Samsung ក្លាយជាក្រុមហ៊ុនដែលក្រុមហ៊ុនសញ្ជាតិកូរ៉េដទៃទៀតតាមមិនទាន់ ហើយក៏ផ្តល់ផលដល់ក្រុមហ៊ុន​របស់ខ្លួនផងដែរ គឺនៅក្នុងត្រីមាសទី ៣ ក្នុងឆ្នាំ ២០១០ ក្រុមហ៊ុន Samsung Electronics អាចបង្កើនបរិមាណនៃការលក់ខ្ពស់បំផុតគឺ ៤០ លានលានវ៉ុន បើមើលតាមតារាងបរិមាណនៃការលក់របស់ក្រុមហ៊ុន។ នេះសបញ្ជាក់ឱ្យឃើញថា «របៀបធ្វើការងារ» បែប Samsung គួរតែស្វែងយល់ខ្លាំងណាស់។​

មូលដ្ឋានគ្រឹះដែលបុគ្គលិករបស់ Samsung បានយល់ដឹង និងបានធ្វើឱ្យក្រុមហ៊ុនជាច្រើនចាប់អារម្មណ៍ចំពោះបុគ្គលិករបស់ Samsung ជាខ្លាំង។រឿងដែលពួកគេចង់បានពីបុគ្គលិករបស់ Samsung មិនមែនដោយសារកេរ្តិ៍ឈ្មោះក្រុមហ៊ុននោះទេ តែដោយសារពួកគេចង់បាន «DNA របស់ Samsung​» ទៅទុកនៅក្នុងក្រុមហ៊ុនរបស់ពួកគេ​ ដើម្បីឱ្យកើតនូវកំណែទម្រង់និងផ្លាស់ប្តូរ វិធីធ្វើការងារ។ វិធីធ្វើការងារដែលមានប្រសិទ្ធភាពខ្ពស់តាមវិធីរបស់ Samsung នោះ ក្រៅពីជួយពង្រឹងសមត្ថភាពក្នុងការធ្វើការងាររបស់បុគ្គលិកម្នាក់​ៗហើយនៅធ្វើឱ្យអាចឈានរំលង «កំផែងពេលវេលា» ដែលបុគ្គលិកក្រុមហ៊ុនជាច្រើននាក់តែងតែរអ៊ូរទាំនោះបានទៀតផង។​

សៀវភៅមួយក្បាលនេះ មិនមែនចង់ផ្តល់នូវពាក្យ «ណែនាំ» ទាក់ទងនឹងវិធីធ្វើការងារដោយទ្រឹស្តីទូទៅ ដែលគ្មានភាពច្បាស់លាស់នោះទេ បើអ្នកចង់បានការណែនាំបែបនោះមិនចាំបាច់អានសៀវភៅមួយនេះក៏បានដែរ ព្រោះអ្នកអាចយល់ដឹងពីសៀវភៅដទៃទៀតជាច្រើន។ តែរឿងសំខាន់គឺ «ការបដិបត្តិ»និង «វិធីបដិបត្តិ» ដូចជា នៅពេលនិយាយដល់របាយការណ៍ ក៏លើកយករបាយការណ៍មកបង្ហាញ នៅពេលនិយាយដល់ «វិធីទប់ទល់ជាមួយអ្នកគ្រប់គ្រងក្នុងរបៀបផ្សេង​ៗ» ក៏និយាយប្រាប់ពីប្រវត្តិនៃអ្នកគ្រប់គ្រងទាំងនោះដើម្បី​ឱ្យយល់ពីនិស្ស័យរបស់ពួកគេផងដែរ។​

សៀវភៅមួយនេះ បង្ហាញពីគោលបំណង និងទិសដៅនៃការផ្លាស់ប្តូរ យ៉ាងច្បាស់លាស់ ហើយខ្ញុំមានគំនិតសុទិដ្ឋិនិយមថា ប្រសិនបើបុគ្គលិកក្រុមហ៊ុនខ្នាតមធ្យមនិងខ្នាតតូចបានដឹងពីវិធីឬរបៀបធ្វើការបែប Samsung ហើយលទ្ធផលការងារនឹងមានប្រសិទ្ធភាពខ្លាំងឡើង។​

ខ្ញុំសង្ឃឹមថា សៀវភៅមួយក្បាលនេះនឹងជួយអភិវឌ្ឍសមត្ថភាពក្នុងការធ្វើការងាររបស់អ្នក​ មិនថាអ្នកធ្វើការងារក្នុងក្រុមហ៊ុនណាក៏អាចទទួលបាននូវការទទួលស្គាល់និងឡើងតំណែងខ្ពស់ជាបន្តបន្ទាប់ ថែមទាំងអាចជួយបន្ថែមនូវគុណភាពជីវិតរបស់អ្នកបានផងដែរ។​

បើសៀវភៅមួយនេះ ជួយឱ្យអ្នករកឃើញនូវគន្លឹះនៃការធ្វើការងារ            ​និងកម្លាំងជំរុញចិត្តក្នុងការធ្វើការងារ ហើយពេលយកអនុវត្តតាម ទទួលបានជោគជ័យនោះ ខ្ញុំពិតជាសប្បាយនិងរំភើបចិត្តខ្លាំងណាស់។​

ខ្ញុំសូមអរគុណចំពោះភរិយារបស់ខ្ញុំដែលតែងតែនៅជិតខ្ញុំ លោកឪពុកអ្នកម្តាយគ្រប់គ្នាក្នុងក្រុមគ្រួសារ និង វ៉នហូ និង ដុងហូ កូនប្រុសទាំងពីរដែលខ្ញុំមិនធ្លាប់មានពេលវេលាគ្រប់គ្រាន់ដើរកម្សាន្តជាមួយពួកគេ ព្រោះរវល់ខ្លាំងពេក ខ្ញុំចង់ប្រាប់តាមសំណេរនេះថា ខ្ញុំស្រឡាញ់អ្នកទាំងអស់គ្នាខ្លាំងណាស់។​

កំណត់សម្គាល់ :

ដោយសារតែសៀវភៅមួយនេះ ភាគច្រើនជារឿងដែលកើតឡើងពិត ប៉ុន្តែ បុគ្គលដែលនិយាយដល់ទាំងឡាយភាគច្រើននៅធ្វើការនៅឡើយ ទើបសូមអនុញ្ញាតប្រើឈ្មោះសន្មតជំនួស។

ទំព័រ 242
ទំហំខ្នាត H= 20.5cm , W= 14.5cm
ប្រែសម្រួលអត្ថបទ ប្រាជ្ង វិជ័យ