៥២ វិជ្ជា ប្ដូរពី មនុស្សធម្មតាឱ្យទៅជា មនុស្សអច្ឆរិយៈ

$4.2 $3.50

Publish date: 2021-12-17

Category: Self development

Publisher: រោងពុម្ពព្រៃស

Author Name: ប្រាជ្ញ វិជ័យ

99 Books Available.

Description:

កាលពីច្រើនឆ្នាំកន្លងមក មានទស្សនាវដ្តីមួយច្បាប់បានឱ្យខ្ញុំធ្វើ​ដំណើរទៅទស្សនាមជ្ឈមណ្ឌលបណ្តុះបណ្តាលមនុស្សពូកែ ជាកន្លែងតូច​ៗដែលបង្កើត​មនុស្សពូកែលំដាប់ពិភពលោកនៅក្នុងវិស័យជាច្រើន ដូចជា កីឡា សិល្បៈ តន្ត្រី ធុរកិច្ច គណិតសាស្រ្ត ។ល។ ឧទាហរណ៍ដូចជា ៖

សមាគម តេននីស្ត ដែលមានសភាពទ្រុឌទ្រោមក្នុងទីក្រុង មូស្គូ ប្រទេស រុស្ស៊ី ដែលអាចបង្កើតកីឡាការិនីឱ្យជាប់ក្នុងលំដាប់ ពិភពលោកចំនួន ២០ នាក់​ដំបូង​ ក្នុងអំឡុងពេល ៣ ឆ្នាំ កន្លងមកនេះ​បាន​ច្រើន​​ជាងសហរដ្ឋអាមេរិកទាំងមូលទៅទៀត។

សាលាបង្រៀនតន្ត្រីតូចមួយនៅលើភ្នំ អឌិរ៉នឌែក នៃក្រុងញូយ៉ក ដែល​អាចធ្វើឱ្យសិស្សមានស្នាដៃរីកចម្រើន ដោយហ្វឹកហាត់ត្រឹមតែ​ ៧ សប្តាហ៍តែប៉ុណ្ណោះ តែហាក់ដូចជាហ្វឹកហាត់មួយឆ្នាំពេញអ៊ីចឹង។

សាលារៀននៅក្នុងទីប្រជុំជនក្រីក្រនៃស្រុកសានចូសេ រដ្ឋ​កាលី-​ហ្វ័រ​ញ៉ា អាចផ្លាស់ប្តូរសិស្សដែលប្រលងមុខវិជ្ជាគណិត​វិទ្យា​បាន​ពិន្ទុ​ទាប​បំផុតរហូតមក ឱ្យអាចឈានទៅជាប់​លំដាប់ក្រុមសិស្ស​ ៤% ដំបូងដែលធ្វើពិន្ទុបានខ្ពស់បំផុត។
សាលាបង្រៀនតន្ត្រីនៅក្នុងស្រុកដាឡាស រដ្ឋតិចសាស់ អាចបង្កើត​អ្នកចម្រៀង Pop ដែលមានឈ្មោះល្បីជាច្រើនក្នុងអំឡុងពេល ១០ ឆ្នាំកន្លងមកនេះ។
សាលាបង្រៀនស្គីនៅក្នុងរដ្ឋ វើរ៍ម៉ន​ (Vermont) ដែលមានសិស្សចុះឈ្មោះ​ចូល​រៀន​​ត្រឹម​តែ ១០០ នាក់​ប៉ុណ្ណោះ ប៉ុន្តែ អាចបណ្តុះអ្នកតំណាង​ទៅ​ប្រកួតកីឡាអូឡាំពិកបានដល់ទៅ ៥០ នាក់ក្នុងអំឡុងពេល ១០ ឆ្នាំ​កន្លងមកនេះ។

ក្រៅពីនេះ ការធ្វើដំណើរបាននាំខ្ញុំឱ្យទៅស្គាល់នូវមជ្ឈមណ្ឌលបណ្តុះបណ្តាល​មួយប្រភេទទៀត នោះគឺបន្ទប់ប្រតិបត្តិការ និងមន្ទីរស្រាវជ្រាវទូទាំងសហរដ្ឋ​អាមេរិក ដែលបានស្រាវជ្រាវមុខវិជ្ជាថ្មីៗ ដែលស្តីពីការអភិវឌ្ឍជំនាញឱ្យពូកែ។​ មនុស្សភាគច្រើនបានជឿមករាប់រយឆ្នាំហើយថា​ ភាពពូកែ​ជាទេព­កោសល្យ​ដែល​​មាន​ជាប់​ខ្លួន​មកតាំងពីកំណើត ប៉ុន្តែ អ្នកវិទ្យាសាស្រ្តជាច្រើន​ដូចជា លោកបណ្ឌិត ខេ. អាន់ដឺស អ៊ីរិកសាន់ លោកបណ្ឌិត ដាក់ឡាស ហ្វីល និងលោកបណ្ឌិត រ៉ូបឺត ប៊ីយ៉ក កំពុងតែធ្វើឱ្យជំនឿ​ទាំង​នេះ​ត្រូវ​ជំនួស​ដោយ​​ជំនឿថ្មីដែលថា ភាពពូកែរបស់មនុស្សយើង គឺបានទទួលឥទ្ធិពលពីទង្វើច្រើនជាងតំណពូជ ជាពិសេសការហ្វឹកហាត់ដ៏ខ្លាំងក្លានិងពោរពេញទៅដោយកម្លាំងជំរុញចិត្ត នឹង​អាចធ្វើឱ្យខួរក្បាលរីកចម្រើន*។ ខ្ញុំបានប្រមូលយកទិន្នន័យ ពីការធ្វើដំណើរ​មក​សរសេរសៀវភៅរឿង The Talent Code និយាយពីវិធីដែលមជ្ឈមណ្ឌល​បណ្តុះ​បណ្តាលមនុស្សពូកែទាំងឡាយ នាំយកវិធីតាម ធម្មជាតិរបស់ខួរក្បាល​មក​បដិបត្តិប្រើជាមួយនឹងការហ្វឹកហាត់ជំនាញ។

យ៉ាងណាក៏ដោយ ការធ្វើដំណើរគ្រានោះបានទទួល​ផលជាច្រើន​ហួស​ពីការគិត។ តាមពិតទៅ ក្រៅពីធ្វើជាអ្នកកាសែតហើយ ខ្ញុំនៅមាន​តួនាទី​ធ្វើជាឪពុករបស់កូន ៤ នាក់ ជាគ្រូបង្វឹកស្ម័គ្រចិត្តឱ្យក្រុម Baseball យុវជន​និង​ជាស្វាមីរបស់ភរិយាដែលចូលចិត្តលេងកីឡា​ Hockey ទៀតផង។ គ្រួសារ​របស់​យើងក៏ដូចជាគ្រួសារដទៃទៀតដែរ ដែលមានការកង្វល់ទាក់ទងនឹងការ​បណ្តុះបណ្តាលនិងអភិវឌ្ឍជំនាញ ដូចជា ៖

តើយើងអាចជួយឱ្យកូនស្រីទន្ទេញ​មេគុណដោយរបៀបណា?

តើវិធីដែលល្អបំផុតក្នុងការធ្វើឱ្យមានកម្លាំងជំរុញ​នោះ​គឺជា​អ្វី?

តើយើងអាចធ្វើការវែកញែកសមត្ថភាពពិតប្រាកដចេញពីសមត្ថភាពបណ្តោះ­អាសន្នបានដោយរបៀបណា?

​តើយើងអាចជួយឱ្យកូនៗ​អភិវឌ្ឍ​ខ្លួន​ឯង​ដោយកុំឱ្យយើងក្លាយទៅជាឪពុកម្តាយដែលពូកែបង្គាប់ ឬធ្វើ​ឱ្យពួក​គេ​តប់​ប្រមល់ក្លាយទៅជាក្មេងដែលពោរពេញទៅដោយក្តីទុក្ខបានដោយរបៀបណា?

លទ្ធផលនោះគឺ ការធ្វើ​ដំណើរទៅទស្សនាមជ្ឈមណ្ឌលបណ្តុះបណ្តាលមនុស្សពូកែ មិនត្រឹមតែ​​ផ្តល់​ឱកាស​ឱ្យ​ខ្ញុំបានធ្វើតួនាទីជាអ្នកកាសែតប៉ុណ្ណោះទេ តែបានធ្វើឱ្យខ្ញុំក្លាយ​ទៅជាឪពុក​និង​ជាគ្រូបង្វឹកដ៏ល្អទៀតផង។

គ្រប់យ៉ាងបានចាប់ផ្តើមពេលដែលខ្ញុំបានទៅកាន់មជ្ឈមណ្ឌល​បណ្តុះ​បណ្តាលដំបូងគេ នោះគឺ សមាគមតេននីស្តស្ប៉ាតាក់ក្នុងក្រុង មូស្គូ។ នៅព្រឹក​ថ្ងៃដំបូងដែលបានទៅដល់ ខ្ញុំបានឃើញកីឡាករឈរតម្រង់គ្នាជាជួរកំពុងតែប្រើ​រ៉ាកែតតេននីស្តហាត់វាយខ្យល់យឺតៗ ដោយមានគ្រូបង្វឹកចាំកែប្រែរបៀប​លេង​​​​ឱ្យបានត្រឹមត្រូវ។ ខណៈនោះខ្ញុំសង្កេតឃើញថា កីឡាករមួយក្រុមៗមានអាយុខុសៗគ្នានិង​លាយចម្រុះគ្នា ហើយថែមទាំងបានឃើញយុវកីឡាករសម្លឹងមើលកីឡាករ​ដែលមានអាយុច្រើនជាងមិនដាក់ភ្នែកឡើយ ប្រៀបដូចជាកំពុងតែកត់ត្រារូបភាព​ ឫកពា ពេលដែលកំពុងតែវាយ forehand និង backhand (forehand វាយបណ្ដោយដៃ backhand វាយបញ្ច្រាសដៃ) ទាំងនោះទុកនៅក្នុង​ខួរ​ក្បាល ភ្លាមនោះមានគំនិតមួយផុសឡើងមកនៅក្នុងខួរក្បាលរបស់ខ្ញុំ។

វិធីនេះយើងក៏អាចយកទៅប្រើនៅឯផ្ទះបានដែរ។

ចាប់តាំងពីពេលនោះមក ពេលណាដែលខ្ញុំបានជួបនឹងពាក្យណែនាំ​ឬ​វិធីដែលអាចយកធ្វើជាប្រយោជន៍បាន ខ្ញុំតែងតែកត់ត្រាទុកក្នុងសៀវភៅ​ហើយ​ធ្វើសញ្ញាដោយប្រើក្រដាស post-it (ក្រដាសកត់ត្រា) ពណ៌ផ្កាឈូកស្រស់។ ឧទាហរណ៍ សិក្សានូវអ្វីដែលថ្មីៗ ដោយការប្រតិបត្តិឱ្យបានខ្ជាប់ខ្ជួន ហ្វឹកហាត់នៅកន្លែង​ចង្អៀត និង​ដេកមួយស្រឡេត (នេះគឺជាវិធីដែលខ្ញុំចូលចិត្តធ្វើបំផុត) ក្នុងរយៈ​ពេលត្រឹមតែ ១ ឆ្នាំតែប៉ុណ្ណោះ ក្រដាស post-it ពណ៌ផ្កាឈូកនោះក៏បាន​រីករាល​ដាលពេញសៀវភៅរបស់ខ្ញុំ។

លទ្ធផលគឺ ពាក្យណែនាំដែលបានកត់ត្រាមកនោះ អាចប្រើការបាន​ពិតមែន…​ទទួល​បាន​ផលដ៏គួរឱ្យស្ញប់ស្ញែងទៀតផង ដោយមើលតាមរយៈ​ការអភិវឌ្ឍបែបលោតផ្លោះចំពោះការលេងវីយ៉ូឡុងនិងព្យ៉ាណូរបស់កូនៗ ការ​លេង Hockey របស់ភរិយានិងស្នាដៃរបស់ក្រុម Baseball ដែលខ្ញុំ​ជា​អ្នកបង្ហាត់ (ឈ្នះ ១០ ដង ចាញ់ ៣ ដង ហើយស្ទើរតែបានទៅប្រកួតបន្ត​ថ្នាក់​ភូមិភាគទៀតផង ដែលកាលពីមុនស្នាដៃមិនអាចប្រើការបានឡើយ)។ ក្រោយ​ពីសៀវ​ភៅរឿង The Talent Code ចេញលក់មក ខ្ញុំក៏បានឮដំណឹងពីអ្នក​ដែលបានយកគោលការណ៍នៅក្នុងសៀវភៅនោះទៅប្រើ និងសាងរូបមន្ត​អភិវឌ្ឍភាពពូកែតាមលក្ខណៈរបស់ខ្លួន។ ពួកគេមកពីវិស័យជាច្រើនដូចជា សាលានៅក្នុងរដ្ឋមេន សាលា​បង្រៀនវាយកូនហ្គោលរដ្ឋហ្វ្លរីដា មុខវិជ្ជាត្រៀមប្រឡងជំនាញនៅ​រដ្ឋ​កាលីហ្វ័រ​ញ៉ា ក្រុមបាល់បោះថ្នាក់​មហា​វិទ្យាល័យ ក្រុមហ៊ុន Softwareមន្ទីរ​ហ្វឹកហ្វឺនក្រុមប្រតិបត្តិការ​ពិសេស​របស់​កងទ័ព និងក្រុមកីឡាករ​អាជីព​។

ក្រោយមក ខ្ញុំបានធ្វើដំណើរទៅមជ្ឈមណ្ឌលបណ្តុះបណ្តាលមនុស្ស​​ពូកែៗដទៃទៀតជាច្រើន ហើយបានជជែកជាមួយនឹងគ្រូពូកែៗជាច្រើននាក់ ធ្វើឱ្យក្រ​ដាស post-it ពណ៌ផ្កាឈូកនៅក្នុងសៀវភៅរបស់ខ្ញុំចាប់ផ្តើមហៀរចេញមក​ លុះដល់ថ្ងៃមួយខ្ញុំបានគិតឃើញថា ដល់ពេលដែលត្រូវប្រមូលពាក្យណែ​នាំ​​ទាំង​ឡាយទុកនៅកន្លែងតែមួយហើយ ហើយសៀវភៅមួយក្បាលនេះជា          ​លទ្ធ​​ផលរបស់វា។

នៅក្នុងសៀវភៅពោរពេញទៅដោយអាថ៌កំបាំងងាយៗ ដែលអាចធ្វើ​បានយ៉ាងពិតប្រាកដក្នុងការផ្លាស់ប្តូរខ្លួនឯង ពីមនុស្សធម្មតាឱ្យក្លាយជាមនុស្សដែល​មានសមត្ថភាពពូកែលំដាប់អច្ឆរិយៈ ដែលបានប្រមូលមកពីមជ្ឈមណ្ឌលបណ្តុះបណ្តាល​មនុស្សពូកែ និងអ្នកវិទ្យាសាស្រ្តដែលបានសិក្សានៅកន្លែងទាំងនេះ។

ខ្ញុំជឿជាក់ថា អាថ៌កំបាំងគ្រប់ចំណុច សុទ្ធតែបានឆ្លងកាត់ការពិសោធរួចមកហើយថា​ប្រើ​បានផលពិត ត្រឹមត្រូវទៅតាមគោលការណ៍វិទ្យាសាស្រ្ត ហើយ អ្វីដែលសំខាន់​បំផុតនោះគឺខ្លី ព្រោះមិនថាឪពុកម្តាយ គ្រូបង្រៀន សិល្បករ ឬអ្នកប្រកប​ជំនួញជួញដូរនោះទេ គ្រប់គ្នាសុទ្ធតែមានជីវិតដែលច្របូកច្របល់និងស្មុគស្មាញទាំង​អស់ ដែលពួកគេរមែងចង់ប្រើពេលវេលានិងថាមពលឱ្យមានតម្លៃបំផុត។ ដូច្នេះ នៅពេលដែលចង់អភិវឌ្ឍសមត្ថភាពឱ្យពូកែ យើងត្រូវការសៀវភៅតូចៗដែល​អាចដាក់តាមកាបូបបានដែលអាចផ្តល់ពាក្យណែនាំថាត្រូវ ធ្វើបែបនេះ ត្រូវធ្វើ​បែបនោះ។ យើងត្រូវការអ្នកចេះដឹងដែលអាចដាក់តាមខ្លួនទៅគ្រប់កន្លែង​ យើងត្រូវការវិជ្ជាដែលអាចយកចេញមកប្រើបានគ្រប់ពេល។

ទំព័រ 154
ទំហំខ្នាត H= 20.5cm , W= 14.5cm