ប្រវត្តិមនុស្សសំខាន់ក្នុងលោក

$2.556 $2.13

Publish date: 2021-12-17

Category: People & Biography

Publisher: រោងពុម្ពព្រៃស

Author Name: គ្រឹះស្ថាន ដាំដើមជីវិត (DDJ)

99 Books Available.

Description:

សៀវភៅ«ប្រវត្តិមនុស្សសំខាន់ក្នុងលោក»នេះ ខ្ញុំបាទប្រែសម្រួលពីភាសាបរទេសមកជាភាសាជាតិដើម្បីជាជំនួយដល់ការសិក្សារបស់សិស្សានុសិស្សថ្នាក់មធ្យមសិក្សានិងអ្នកសិក្សាទូទៅ ព្រោះសៀវភៅប្រភេទនេះ នៅបរទេសគេនិយមដាក់ចូលក្នុងកម្មវិធីសិក្សាថ្នាក់មធ្យម។ ឯនៅស្រុកខ្មែរយើង ដូចជា ពុំទាន់ឃើញមានជាភាសាជាតិនៅឡើយទេ ឃើញមានរៀនខ្លះៗជាភាសាបរទេស។

សៀវភៅ «ប្រវត្តិមនុស្សសំខាន់ក្នុងលោក» ជាសៀវភៅស្តែងពីជីវប្រវត្តិរបស់មនុស្សសំខាន់ៗក្នុងសាកលលោក គឺអ្នកដែលខំប្រឹងគិតស្រាវជ្រាវរាវរកទ្រឹស្តីផ្សេងៗ សម្រាប់បង្កើតរបស់ឱ្យសកលលោកប្រើប្រាស់បានស្រួលក្នុងសង្គមនៃមនុស្សជាតិ។

ការអាន ការរៀន «ប្រវត្តិមនុស្សសំខាន់ក្នុងលោក» ជាវិធីសិក្សាមួយដ៏ល្អ ព្រោះក្រៅពីការធ្វើឱ្យអស់លោកអ្នកអានបានជ្រាបពីមនុស្សដែលសាងនូវគុណប្រយោជន៍ជូនសង្គមមនុស្ស ជីវភាព ឥរិយាបថ លក្ខណៈ និងព្រឹត្តិការណ៍ផ្សេង​ៗ   ក្នុងសម័យនោះហើយ នៅជួយអប់រំបណ្តុះនិស្ស័យលោកអ្នកអានទំាងឡាយឱ្យមានសេចក្តីក្លាហាន ព្យាយាម តស៊ូ ព្រមទំាងយកតម្រាប់តាមមនុស្សដែលសកលលោកលើកតម្តើងថា ជាមនុស្សសំខាន់នោះថែមទៀតផង។ ត្បិតអ្នកដែលមានឈ្មោះល្បីល្បាញក្នុងសាកលលោកនេះ សុទ្ធតែជាអ្នកមានការលះបង់ខ្ពស់ដោយមិនគិតប្រយោជន៍ផ្ទាល់ខ្លួន សូម្បីតែជាតិរបស់ខ្លួនក៏មិនគិតផង គឺគិតរហូតដល់សង្គមមនុស្សទូទៅតែម្តង ឧទាហរណ៍ អ្នកវិទ្យាសាស្រ្តដែលខំគិតស្រាវជ្រាវរាវរកទ្រឹស្តីផ្សេងៗទុកឱ្យសកលលោកនោះ អ្នកខ្លះព្យាយាមទាល់តែភ្លេចគិតគូរដល់ប្រពន្ធកូនរបស់ខ្លួន សូម្បីតែសក់ ពុកមាត់ ពុកចង្ការបស់ខ្លួនក៏មិនហ៊ានកោរផង ព្រោះខ្លាចអស់ពេលវេលាស្រាវជ្រាវ។

សៀវភៅនេះ ខ្ញុំបានធ្វើឡើងយ៉ាងសម្រិតសម្រាំងបំផុតដើម្បីឱ្យលោកអ្នកអានយកទៅធ្វើជាគតិនិងអាចប្រតិបត្តិបាននៅពេលអនាគតនិងបច្ចុប្បន្ន។

ការប្រើពាក្យឬហៅឈ្មោះនិងទីកន្លែងក្នុងសៀវភៅនេះ  ខ្ញុំបានប្រើពីរភាសា គឺភាសាអង់គ្លេសនិងភាសាបារំាង ពាក្យខ្លះក៏ហៅជាភាសាអង់គ្លេស ឯពាក្យខ្លះក៏ហៅជាភាសាបារំាង ព្រោះខ្ញុំយល់ឃើញថា ត្រូវតែហៅតាមភាសារបស់គេល្អជាង ឧទាហរណ៍ បើជាឈ្មោះអ្នកប្រាជ្ញបារំាងក៏ហៅជាភាសាបារំាងទៅ បើអ្នកប្រាជ្ញអង់គ្លេសឬអ្នកប្រាជ្ញជាតិដទៃក្រៅពីបំារំាង ក៏ហៅជាភាសាអង់គ្លេស។ ប៉ុន្តែបើពាក្យណាដែលខ្មែរយើងធ្លាប់ស្គាល់ជាភាសាបារំាងហើយ ក៏ហៅតាមខ្មែរយើងធ្លាប់ហៅដែរ។ ខ្ញុំគិតថា លោកអ្នកអានសម័យនេះ គង់នឹងមិនពិបាកក្នុងការហៅពាក្យទំាងពីរភាសានេះឡើយ ព្រោះស្រុកខ្មែរយើងសព្វថ្ងៃនេះ កំពុងតែចម្រើនដោយការសិក្សាភាសាអង់គ្លេសទៅហើយ។

ក្នុងការធ្វើសៀវភៅនេះ ខ្ញុំសូមសម្ដែងនូវអំណរអរគុណដ៏ជ្រាលជ្រៅដល់មិត្តរបស់ខ្ញុំ ដែលមានព្រះតេជព្រះគុណស្រី-សំ, យឹម-សំអឿន , លោកធុច-យ៉ាត និងលោកកេត-ស៊ន់ ដែលបានខំប្រឹងពេញសមត្ថភាពរៀងៗខ្លួនក្នុងការជួយខ្វល់​-ខ្វាយនិងជ្រោមជ្រែងដើម្បីឱ្យសៀវភៅនេះកើតឡើងប្រាកដដល់លោកអ្នកអាន។

ខ្ញុំសូមអភ័យទោសចំពោះលោកអ្នកអានទំាងឡាយដែលមានបច្ចេកទេសក្នុងសំនួនវោហារខ្មែរ ក្រែងខ្ញុំប្រែមកជាភាសាជាតិពុំបានស្របទៅតាមសំនួនរបស់ភាសាជាតិនោះ សូមមេត្តាជួយតម្រង់ឱ្យផង ត្បិតខ្ញុំធ្វើសៀវភៅនេះពុំមែនធ្វើក្នុងនាមជាអ្នកនិពន្ធទេ គឺធ្វើឡើងក្នុងនាមជាអ្នកលើកតម្តើងភាសាជាតិប៉ុណ្ណោះ។

ជាពិសេស ខ្ញុំសូមលើកយកគុណប្រយោជន៍ដែលកើតអំពីសៀវភៅនេះទំាងអម្បាលម៉ានថ្វាយសម្តេចព្រះមហាក្សត្រីយានី ព្រះមាតាជាតិ និងថ្វាយសម្តេចព្រះប្រមុខរដ្ឋ ព្រះបិតាឯករាជ្យជាតិ ព្រះបិតាអក្សរសាស្រ្តជាតិ និងអ្នកប្រាជ្ញ​ ព្រមទាំងអ្នកស្នេហាជាតិខ្មែរទាំងឡាយដែលបានលះបង់សព្វបែបយ៉ាងដើម្បីការពារដែនដីកម្ពុជាយើងឱ្យគង់វង្សរហូតមក។

ទំព័រ 130
ទំហំខ្នាត H= 20.5cm , W= 14.5cm