សុភាវធម៌ខ្មែរ

$2.856 $2.38

Publish date: 2021-12-17

Category: Self development

Publisher: រោងពុម្ពព្រៃស

Author Name: ឈូក ម៉ឹងម៉ៅ

99 Books Available.

Description:

នៅក្នុងកម្មវិធីចាស់ ត្រង់អន្លើដែលឥឡូវនេះយើងហៅថា  “សុភាវធម៌”  មានចង្អុលឱ្យបង្រៀនអំពីចរិយាសាស្រ្ត ដូចជាមេរៀន អំពីសប្បុរសធម៌ ការគួរសម សម្បជញ្ញៈ ជាដើម។ គុណសម្បត្តិទំាងនេះ សុទ្ធតែជាពាក្យអរូប ពិបាកនឹងពន្យល់បាន។ ម្យ៉ាងទៀត ទោះបីក្មេង​យល់ន័យពាក្យនេះហើយ ក៏គ្រាន់តែជាទ្រឹស្តីប៉ុណ្ណោះ មិនមែនជាបទឱ្យក្មេងប្រតិបត្តិតាមបានដោយងាយទេ។

ក្មេងនៅតូច អាយុពី ៧ ទៅ ១៣ ឆ្នំា ត្រូវការឱ្យគ្រូណែនំាឱ្យមានទម្លាប់ជាជាងចេះតែពាក្យហើយខ្វះការប្រតិបត្តិ។ ឧទាហរណ៍​ក្មេងទម្លាប់ល្អ បើវារើសបានរបស់អ្វីមួយ វាយកមកជូនលោកគ្រូ ថ្វីដ្បិតតែវាមិនទាន់យល់ជាក់អំពីន័យនៃការលួច កុមារនេះត្រូវចាត់ទុកថា ជាកុមារប្រសើរជាងកុមារម្នាក់ទៀត ដែលចេះសូត្រមេរៀនប៉ោចៗ អំពីទោសនៃការលួច តែបើវារើសបានវត្ថុអ្វីមួយ វាត្រឡប់ជាលាក់ទៅវិញ។

វិជ្ជា សុភាវធម៌ ជាចង្កោមក្បួនតម្រាទំាងឡាយដែលទម្លាប់កុមារឱ្យមានកាយវិការ និងសម្ដីសំដៅសមរម្យ ដើម្បីឱ្យការទាក់ទងរវាងកុមារនិងអ្នកផងក្នុងសង្គមដោយសភាពល្អ។

គ្រូមានភារៈជួយឪពុកម្តាយកុមារក្នុងការបង្ហាត់បង្រៀនកុមារនោះឱ្យមានទម្លាប់ចេះសម្ដែងអាការៈសមរម្យ ខាងកាយវិការនិងខាង​វាចា។ ទម្លាប់ល្អនេះ កុមារកាន់ខ្ជាប់មួយជីវិត។

ហេតុដែលនំាឱ្យមានសុភាវធម៌ មកតែអំពីធម្មជាតិមនុស្ស ដែលកើតមកហើយត្រូវតែរស់ជាសង្គម ជាមួយនឹងមនុស្សឯទៀត កណ្តាលធម្មជាតិដ៏ធំធេងនេះ។

ម្ល៉ោះហើយត្រូវមានការទាក់ទង រវាងមនុស្សនិងមនុស្ស រវាងមនុស្សនិងធម្មជាតិ។ ការទាក់ទងនេះ នំាឱ្យមនុស្សសិក្សាស្គាល់ខ្លួនឱ្យច្បាស់ ម្ល៉ោះហើយទៅជាមានបទទាក់ទង មនុស្សនិងខ្លួនទៀត។

ការទាក់ទងនេះ បើព្រឹត្តឡើងដោយមិនមានភាពសមរម្យ និស្ស័យដូចដុំកង់ដែលវិលដោយគ្មានប្រេង រមែងមានការទង្គិច ការសៅហ្មងជានិច្ច។

សុភាវធម៌ មិនមែនជាបទអនាម័យ មិនទាន់ជាបទចរិយា-​សាស្រ្តខ្ពស់ៗនោះទេ គ្រាន់តែជារបៀបរៀបសុភាពមនុស្សឱ្យមានការសមរម្យខ្លះ សមនឹងភ្នែក សមនឹងត្រចៀក សមនឹងទម្លាប់អ្នក ផង ដែលយើងត្រូវរស់ជាមួយ ដើម្បីចៀសវាងកុំឱ្យមានការទាស់ភ្នែក ទាស់ត្រចៀក និងការទង្គិចរវាងមនុស្ស ដែលរស់ក្នុងសង្គមជាមួយគ្នា។

ឧទាហរណ៍ ៖ សន្មតថា មនុស្សម្នាក់ជាអ្នកគ្មានការបដិបត្តិសាសនាទេ ដល់មនុស្សនោះទៅក្នុងចំណោមដែលគេសូត្រធម៌ទំាងអស់គ្នា ច្បាប់សុភាវធម៌បង្គាប់មនុស្សនោះ ឱ្យរៀនសូត្រធម៌នឹងគេដែរ (ចូលស្ទឹងតាមបត់…) គួរដាក់ខ្លួនឱ្យចូលចុះជាមួយចំណោមមនុស្ស កុំនៅស្ងៀមប្លែកពីគេ ទោះការដែលគេកំពុងធ្វើនោះខុសនឹងទំនៀមទម្លាប់ ឬចំណូលចិត្តយើងក៏ដោយ។

មូលដ្ឋានមួយបែបទៀតដែលនំាឱ្យមានសុភាវធម៌ ព្រោះថាធម្មជាតិមនុស្សជាសត្វខ្ពស់ ជាសត្វមានសម្បជញ្ញៈ ជាសត្វមានសន្ទុះ​ទៅរកសីលធម៌ ជាសត្វមានមនោសញ្ចេតនាដែលដុសខាត់ឱ្យកាន់​តែល្អ ឱ្យកាន់តែថ្លាណាស់ទៅទៀត មិនឈប់ឈរ។

លក្ខណសម្បត្តិនៃមនុស្សទំាងប៉ុន្មាននេះឯង ដែលជាមូលដ្ឋានឱ្យ​មនុស្សបង្កើតសុភាវធម៌ គឺរៀបចំទាក់ទងរវាងសត្វនិងសត្វ ហើយ​​ឱ្យចេះតែមានការជឿនលឿនទៅមុខជាដរាប។ យើងអាចសង្កេតឃើញថា ក្នុងសង្គមមនុស្សដែលមានអារ្យធម៌ទន់ទាបនៅឡើយ ដែល
សម្បជញ្ញៈនៅស្តួចស្តើងនៅឡើយ សុភាវធម៌ក៏គ្រោតគ្រាតនៅឡើយ​ដែរ។ ដល់សង្គមកាន់តែចម្រើនទៅ អារ្យធម៌កាន់តែខ្ពស់ សម្បជញ្ញៈកាន់តែដុះដាល សុភាវធម៌ក៏កាន់តែចម្រើន មិនកើតឯងៗ ដោយគ្មាន​មូលដ្ឋាននោះទេ សុភាវធម៌ជាប់ទៅជាមួយនឹងការវិវត្តរបស់សង្គមមនុស្ស។

សង្គមខ្មែរចាកភាពទាសភាពហើយ សង្គមខ្មែរយើងកំពុងតែវិវឌ្ឍទៅកាន់ក្តីចម្រើន ទៅកាន់ភាពខ្ពងខ្ពស់។ ដូច្នេះយើងគួរនំាគ្នាសិក្សារឿងសុភាវធម៌ឱ្យស្របទៅតាមដំណើរនៃសង្គមយើង។

សៀវភៅសុភាវធម៌នេះ មានបំណងចង់ធ្វើសេចក្តីអត្ថាធិប្បាយនូវកម្មវិធីសិក្សាខាងលើឱ្យបានក្បោះក្បាយ ជួយវែកញែកហេតុផលសុភាវធម៌ ជួយចង្អុលមូលដ្ឋានសុភាវធម៌ ជួយណែនំារបៀបសុជីវ​ធម៌ តាមខ្មែរនិយម និងតាមបរទេសនិយមខ្លះ ដើម្បីជាគ្រឿងជំនួយដល់​គ្រូអ្នកបង្រៀនក្មេងផង ក៏ដូចជាសម្រាប់ប្រជាពលរដ្ឋទូទៅផងដែរ។

សៀវភៅនេះឥតមានបំណងថា ជាក្បួនជាក់លាក់ដាច់ខាតនៃសុភាវធម៌ទេ ព្រោះតាមសេចក្តីយល់របស់យើង សង្គមខ្មែរដែលកំពុងតែវិវឌ្ឍ មិនអាចឱ្យយើងចងបទបញ្ជាសុភាវធម៌បានឡើយ ព្រោះសុភាវធម៌នេះឯង ក៏កំពុងតែវិវឌ្ឍ ធ្វើដំណើរទៅជាមួយនឹងសង្គមដែរ។

ម្យ៉ាងទៀត ដោយយល់ថា សុភាវធម៌មានបទប្លែកៗគ្នា តាមតំបន់ជនបទតាមទំនៀមទម្លាប់ តាមជំនឿសាសនា តាមវណ្ណៈ ។ល។ សៀវភៅយើងនេះ និយាយបានតែបែបជាឱរាល់ទូទៅ។ អន្លើណាដែលយល់ថា ល្មមប្រតិបត្តិបាន សូមប្រតិបត្តិតាមចុះ អន្លើណាដែល​យល់ថា បើប្រតិបត្តិទៅហើយត្រឡប់ជាឆ្គងវិញនោះ សូមកុំអាលប្រតិបត្តិ ឬកុំប្រតិបត្តិតាមតែម្តង។

រួមសេចក្តី សៀវភៅយើងមានវត្ថុបំណងជាសៀវភៅល្បង ជាសៀវភៅណែនំា មិនមែនជាសៀវភៅបទបញ្ជាតឹងរ៉ឹងនោះទេ។

ទំព័រ 148
ទំហំខ្នាត H= 20.5cm , W= 14.5cm
និពន្ធដោយ ឈូក ម៉ឹងម៉ៅ