ព្រះធម៌ និង មាគ៌ាជីវិត ភាគ១

$6.456 $5.38

Publish date: 2021-12-17

Category: Beliefs & Religions

Publisher: រោងពុម្ពព្រៃស

Author Name: ប្រាជ្ញ វិជ័យ

99 Books Available.

Description:

អ្នកប្រហែលជាធ្លាប់បានស្គាល់នូវកតិកាក្នុងការលេងកីឡាហើយ។ ការ​ដែលអ្នកបានដឹងនូវកតិកានៃការប្រកួតកីឡា រមែងទទួលបាននូវភាពសប្បា​យរីករាយច្រើនជាងអ្នកដែលមិនបានស្គាល់កតិការយ៉ាងណា ឯអ្នកស្គាល់កតិការរបស់ពិភពលោក ដឹងពីដំណើរជីវិតរបស់លោក និងដឹងពីដំណើរជីវិតនៃការរស់នៅរបស់លោក រមែងមានប្រៀបជាងអ្នកដែលមិនស្គាល់ក៏យ៉ាងនោះដែរ។

ព្រះធម៌ជាពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធជាម្ចាស់ បានបង្រៀនមនុស្សឱ្យយល់ច្បាស់ពីលោកនិងស្គាល់នូវការពិតនៃលោក។ បុគ្គលណាមួយបានយល់នូវព្រះធម៌ បុគ្គលនោះជាអ្នកដែលយល់នូវលោកនេះយ៉ាងច្បាស់ ហើយគេនឹងប្រព្រឹត្តខ្លួននៅក្នុងលោកនេះដោយទឹកចិត្តប្រៀបបីដូចជាកីឡាករដែលតែងតែញញឹមរហូត បើទោះបីជាឈ្នះឬចាញ់ និងសុខឬទុក្ខយ៉ាងណាក៏ដោយ ក៏គេនៅតែអាចធ្វើបានយ៉ាងសប្បាយរីករាយបំផុត។

មនុស្សយើងចូលចិត្តអ្វីដែលងាយៗ ដូចជា ងាយមើល ងាយស្តាប់ ងាយអាន ជាដើម។ ឯការយល់ពីព្រះធម៌ដែលជារបស់ល្អិត ស៊ីជម្រៅ ពិបាកស្តាប់ ពិបាកអាន ពិបាកយល់ ទើបមនុស្សមិនសូវយល់ដឹងវិធីផ្សព្វផ្សាយព្រះធម៌ដូចដែលយើងធើ្វនៅក្នុងបច្ចុប្បន្ននេះទេ ព្រោះថាដើម្បីអាចយល់ពីព្រះធម៌ស៊ីជម្រៅបាន លុះណាតែបុគ្គលនោះបានព្យាយាមប្រព្រឹត្តខ្លួនឱ្យបានត្រឹមត្រូវតាមពុទ្ធោវាទ ដើម្បីជាការឈ្វេងយល់នូវសច្ចភាពនៃលោកនេះ ថាតើអ្វីទៅល្អ និងអ្វីទៅអាក្រក់នោះ រួចប្រតិបត្តិខ្លួនតាមដែលអាចធ្វើទៅបាន។ នៅក្នុងលោកយើងបច្ចុប្បន្ននេះ ដោយសារតែមានការប្រកាន់ខ្ជាប់នូវទម្លាប់និងរក្សាប្រពៃណីទើបធើ្វឱ្យមនុស្សយើងមិនបានយល់ថា ព្រះធម៌នឹងមានប្រយោជន៍អ្វីខ្លះដល់យើង។ ដូច្នេះសៀវភៅ «ព្រះធម៌និងមាគ៌ាជីវិត» នេះ នឹងបង្ហាញមិត្តអ្នកអានឱ្យកាន់តែយល់ច្បាស់ទៅលើព្រះធម៌ និងបញ្ហាជីវិតប្រចាំថ្ងៃរបស់មនុស្សយើងជាក់ជាមិនខាន។

សៀវភៅព្រះធម៌និងមាគ៌ាជីវិត គឺជាសៀវភៅដែលរៀបរាប់អំពីដំណើរជីវិតរបស់ព្រះភិក្ខុរេវតៈនិងលីឡាវតី ប៉ុន្តែ មូលហេតុយើងខ្ញុំត្រូវដាក់ចំណងជើងថ្មីថា «ព្រះធម៌និងមាគ៌ាជីវិត» ព្រោះសៀវភៅនេះបានស្រាយបំភ្លឺពីឧបាយកលក្នុងការដោះស្រាយរាល់បញ្ហាជីវិតប្រចាំថ្ងៃរបស់មនុស្សយើងតាមរយៈវគ្គនៃរឿងនិទាននីមួយៗ ដែលជាប់ទាក់ទងក្នុងដំណើរនៃលោកនេះក្នុងបច្ចុប្បន្ន។ ម្យ៉ាងទៀត មូលហេតុដែលយើងខ្ញុំត្រូវរៀប​រៀងសៀវភៅព្រះធម៌និងមាគ៌ាជីវិតនេះឱ្យទៅជាភាគនិទាននោះ ព្រោះដើម្បីធ្វើឱ្យមិត្តអ្នកអានងាយយល់នូវចំណុចនីមួយៗដែលតួអង្គបានអធិប្បាយ ដើម្បីជាប្រទីបបំភ្លឺផ្លូវក្នុងការដោះស្រាយរាល់បញ្ហាទាំងឡាយរបស់មិត្តអ្នកអាន។

នៅក្នុងសៀវភៅនេះដែរ យើងខ្ញុំជឿជាក់ថា នឹងមានកំហុសឆ្គងជាក់ជាពុំខាន ដូច្នេះ​បើមានកំហុសត្រង់ចំណុចណាមួយនោះ សូមមិត្តអ្នកអានទាំងឡាយមេត្តាជួយកែតម្រូវត្រង់ចំណុចនោះផងចុះ យើងខ្ញុំជាអ្នករៀបរៀងនឹងរង់ចាំទទួលការរិះគន់ក្នុងគោលបំណងដើម្បីស្ថាបនាកំហុសឆ្គងផ្សេងៗដែលមានដូចជាពាក្យពេចន៍ ឃ្លោងឃ្លា ប្រយោគ និងអក្ខរាវិរុទ្ធផ្សេងៗដោយរីករាយបំផុត ដើម្បីឱ្យខ្ញុំជាអ្នករៀបរៀងបានទទួលចំណេះដឹងនិងមតិយោបល់ថ្មីៗពីមិត្តអ្នកអាន។

ជាទីបញ្ចប់ ប្រសិនបើបុណ្យកុសលណាៗដែលកើតពីការផ្សព្វ​ផ្សាយនូវព្រះធម៌ដែលតួអង្គនៃរឿងនីមួយៗនេះ ខ្ញុំព្រះករុណាសូមជូនបុណ្យកុសលនេះដល់ សមេ្តច ទ្រង់ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ប្រិយមិត្តអ្នកអានទាំងអស់ឱ្យបានទទួលនូវបុណ្យកុសល ដែលកើតចេញពីការផ្សព្វ​ផ្សាយព្រះធម៌នេះគ្រប់ៗគ្នាកុំបីអាក់ខានឡើយ។ ម្យ៉ាងទៀត ខ្ញុំព្រះករុណាសូមឧទ្ទិសស្នាដៃនេះជូនទៅដល់បុព្វការីជន មាន មាតា បិតា ជីដូនជីតា និងពពួកញាតិក្នុងសង្សារវដ្តទាំងអស់ ឱ្យបានទទួលនូវកុសលផលបុណ្យនិងសូមឱ្យលោកទាំងអស់នោះបានរួចចាកផុតទុក្ខគ្រប់ៗគ្នាកុំបីឃ្លៀងឃ្លាតឡើយ។

ទំព័រ 353
ទំហំខ្នាត H= 20.5cm , W= 14.5cm