ព្រះធម៌ និង មាគ៌ាជីវិត ភាគ៣

$5.7 $4.75

Publish date: 2021-12-17

Category: Beliefs & Religions

Publisher: រោងពុម្ពព្រៃស

Author Name: ប្រាជ្ញ វិជ័យ

99 Books Available.

Description:

ទីបំផុត ការបរិយាយនូវព្រឹត្តិការណ៍ដ៏វែងអន្លាយនៃរឿងព្រះធម៌និងមាគ៌ាជីវិតនេះក៏បានមកដល់ទីបញ្ចប់។ ភាគទី៣នេះគឺជាភាគដែលនិយាយពីដំណោះស្រាយបញ្ហាផ្សេងៗដែលបានកើតឡើង ជាពិសេសបញ្ហាដែលធ្វើឱ្យញាំញីដល់ព្រះពុទ្ធសាសនា ដូច្នេះហើយភាគនេះជាភាគដែលពណ៌នាជាប់ទាក់ទងនឹងបញ្ហានិងវិធីដោះស្រាយនៃវាទៈលទ្ធិសាសនាដទៃជាច្រើន។

សម្រាប់អ្នកដែលមានបញ្ញាយល់ច្បាស់អំពីព្រះធម៌ និងជាអ្នកដែលមិនប្រកាន់មាំចំពោះរឿងរ៉ាវផ្សេងៗក្នុងលោកិយ តែងមានចិត្តស្ងប់ ផុតចាកគ្រឿងសៅហ្មងទាំងពួង។ មនុស្សដែលមានចិត្តមិនស្ងប់​និងកើតទុក្ខមិនសុខចិត្តជាមួយនឹងរឿងរ៉ាវផ្សេងៗរាល់ពេលនោះ ព្រោះតែមនុស្សនោះខ្វះនូវការអប់រំចិត្តហើយប្រកាន់មាំចំពោះរឿងរ៉ាវផ្សេងៗក្នុងលោកនេះ។ នៅក្នុងភាគនេះដែរ តួអង្គស្រីឈ្មោះលីឡាវតីក៏បានចាប់កំណើតសាជាថ្មីនិងបានបង្ហាញពីដំណើរជីវិតផ្សងព្រេង លំបាក តស៊ូ និងអត់ធ្មត់ ដើម្បីសេចក្ដីស្នេហាដែលពោរពេញទៅដោយឧបសគ្គៈផ្សេងៗ។ ប៉ុន្តែយ៉ាងណា នាងបានឆ្លងផុតសង្សារវដ្តនេះនិងទទួលបាននូវសេចក្តីសុខក្នុងលោកុត្តរៈដែលលែងមានពាក្យថាទុក្ខសម្រាប់នាងទៀតហើយៗក៏លែងវិលត្រឡប់មកកើតដើម្បីលេងល្បែងស្នេហាទៀតដែរ ព្រោះជាអ្នកដែលអស់ទៅនូវកិសេល តណ្ហា និងការជាប់ពាក់ក្នុងរឿងទាំងពួង គឺបានដល់ការសម្រេចជាព្រះអរហន្ត។ ប៉ុន្តែចំពោះអ្នកដែលមានចិត្តអាណិត ស្រលាញ់ និងយល់ពីចិត្តលីឡាវតីជាងគេនោះ នៅជាប់ជំពាក់នៅក្នុងលោកិយវិស័យនិងស្ថិតនៅក្នុងការកើត ចាស់ ឈឺ និងស្លាប់នៅឡើយ។

ចំពោះបញ្ហានេះមានប្រិយមិត្តអ្នកអានខ្លះ ហាក់ដូចជាមិនអស់ចិត្តចំពោះគំនិតអ្នកនិពន្ធដែល​មិនគួរបញ្ចប់រឿងដោយបែបនេះ​ ដោយគេយល់ថា គួរតែបញ្ចប់រឿងឱ្យឆ្លើយតបតាមសកម្មភាពនិងទឹកចិត្តរបស់តួអង្គដែលបានព្យាយាមជម្នះរាល់ឧបសគ្គទាំងឡាយនិងស្ម័គ្រខ្លួនទទួលរងទុក្ខគ្រប់យ៉ាង ដើម្បីសម្រេចឱ្យបាននូវបំណងប្រាថ្នារបស់ខ្លួន គឺការចង់នៅរួមរស់ជាមួយមនុស្សដែលខ្លួនស្រលាញ់។

យើងត្រូវដឹងថា មនុស្សយើងគ្រប់រូបមានសេរីភាពគ្រប់គ្រាន់ក្នុងការបង្ហាញនូវគំនិត ទស្សនៈ ការបញ្ចេញមតិ និងការពេញចិត្តឬមិនពេញចិត្តរបស់ខ្លួនបាន ដូច្នេះអ្នកនិពន្ធក៏មានសិទ្ធិក្នុងការនិពន្ធនិងបញ្ចប់រឿងតាមការយល់ឃើញរបស់ខ្លួនដូចគ្នា។ អ្នកនិពន្ធខ្លះតម្រូវតាមចិត្តអ្នកអាន អ្នកនិពន្ធខ្លះទៀតតម្រូវតាមចិត្តរបស់ខ្លួន។ ចំណែកអ្នកនិពន្ធរឿង ព្រះធម៌និងមាគ៌ាជីវិត ចាត់ទុកក្នុងប្រភេទនៃអ្នកនិពន្ធចុងក្រោយគឺនិពន្ធបញ្ចប់រឿងតាមតម្រូវចិត្តរបស់ខ្លួន។ ​គោលបំណងដំបូងគឺដើម្បីឱ្យមិត្តអ្នកអានកម្សាន្តនូវរឿងដែលជាវណ្ណកម្មរបស់ខ្លួន ប៉ុន្តែអ្វីដែលសំខាន់បំផុត​នោះគឺដើម្បីឱ្យអ្នកអានទទួលបាននូវចំណេះដឹងក្នុងដំណើរជីវិតដែលមនុស្សយើងគ្រប់រូបមិនអាចគេចផុតបានឡើយ ហើយអ្វីដែលពិសេសជាងនេះទៅទៀតនោះគឺចំណេះដឹងក្នុងព្រះធម៌ជាពាក្យទូន្មានរបស់ព្រះសម្មាសម្ពុទ្ធ ដែលផ្ដល់គំនិតសម្រាប់ពិចារណារាល់បញ្ហាផ្សេងៗក្នុងជីវិត ជាពិសេស ផ្ដល់គំនិតពិចារណាជាប់ទាក់ទងនឹងរឿងត្រៃលក្ខណ៍ គឺការមិនទៀង ជាទុក្ខ និងគ្មានខ្លឹមសារ។ ព្រោះហេតុដូច្នោះ រឿងព្រះធម៌និងមាគ៌ាជីវិតទាំង៣ភាគនេះពោរពេញទៅដោយសេចក្តីទុក្ខ ការនិរាសព្រាត់ប្រាស និងសេចក្តីខុសបំណង​ ដែលជាមូលដ្ឋានគ្រឹះនៃជីវិតប្រចាំ​ថ្ងៃរបស់មនុស្សគ្រប់រូប។

សេចក្តីទុក្ខគឺជារបស់ដែលមិនជាទីរីករាយ ជារបស់ដែលគួរឱ្យភ័យ​ខ្លាច​ និងជារបស់ដែលគេមិនប្រាថ្នាចង់បាន តែសេចក្ដីទុក្ខជាសភាវៈពិតកើតមានជាប្រចាំក្នុងជីវិតដែលមិ​នមាននរណាអាចគេចចៀសបាន​ដូចជាត្រូវគេឃុំនៅក្នុងបន្ទប់ងងឹតគឺក្នុងភពទាំង៣។ សេចក្ដីទុក្ខគ្មាននរណាម្នាក់ចូលចិត្ត ហើយក៏មិនមាននរណាចង់បានដែរ​ ដោយហោចទៅសូម្បីតែពាក្យថាទុក្ខក៏គេមិនចង់ឮផង​។ គ្រប់គ្នាព្យាយាមរត់គេចចេញពីទុក្ខ តែការរត់គេចពីទុក្ខនោះមិនមែនជាមធ្យោបាយបំបាត់ទុក្ខនោះទេ ដូច្នេះទោះជាយើងខំរត់គេចយ៉ាងណា ក៏នៅតែជួបទុក្ខដដែល ព្រោះថា​ទុក្ខជារបស់ដែលគ្មានអ្នកណាអាចចៀសផុតបានឡើយ សមដូចព្រះសម្មាសម្ពុទ្ធសម្ដែងថា «ទោះជាអ្នករត់ទៅពួននៅលើអាកាស នៅបាតសមុទ្រ ឬនៅច្រកភ្នំយ៉ាងណា ក៏សេច​ក្ដីទុក្ខនោះនៅតែកើតឡើងចំពោះអ្នកដដែល» ព្រោះថាសេចក្ដីទុក្ខប្រៀបដូចជាស្រមោលអន្ទោលតាមប្រាណ តើនោះព្រោះហេតុអ្វី? ព្រោះសេចក្ដីទុក្ខនៅជា​មួយនឹងខ្លួនយើងទាំងយប់ទាំងថ្ងៃ។ ដូច្នេះបើដឹងថាជារបស់ដែលគេចមិនផុតហើយ យើងមិនគួរភ័យខ្លាច មិនគួរតក់ស្លុតចំពោះសេចក្ដីទុក្ខនេះនិងមិនគួររត់គេចតទៅទៀតទេ។ យើងត្រូវតែប្រឈមមុខជាមួយនឹងទុក្ខដោយសម្លឹងមើលវា សិក្សាពីវា និងពិចារណាពីវាឱ្យបានល្អិតល្អន់រហូតទាល់​តែយើងស្គាល់ច្បាស់ពីលក្ខណៈពិតប្រាកដរបស់វា។

នៅពេលណាយើងស្គាល់ទុក្ខ​យ៉ាងច្បាស់ នោះយើងនឹងឃើញពីវិធីរំលត់ទុក្ខ ចាប់ផ្តើមជីវិតឈានកាន់ផ្លូវដ៏ត្រឹមត្រូវ និងធ្វើដំណើរឆ្ពោះទៅកាន់​ទីរំលត់ទុក្ខជាមិនខាន។ ទុក្ខគឺជាសភាវៈពិតក្នុងប្រការដំបូង​នៃអរិយសច្ចធម៌ទាំង៤ (សេចក្ដីទុក្ខ១ ហេតុដែលកើតទុក្ខ១ វិធីរំលត់ទុក្ខ១ និងផ្លូវដែលឆ្ពោះទៅកាន់ការរំលត់ទុក្ខ១) និងជាទ្វារដំបូងសម្រាប់បើកច្រកឆ្ពោះទៅកាន់ទ្វារនៃសច្ចធម៌ដទៃទៀត។ នរណាបានឃើញទុក្ខ ស្គាល់ទុក្ខ និងពាល់ត្រូវនូវទុក្ខហើយ អ្នកនោះឈ្មោះថា អ្នកបានឃើញនូវអរិយសច្ចៈ​​​ ហើយកំពុងតែឈានជើងទៅកាន់អរិយភូមិជាទីដ៏ប្រសើរ ដោយមិនមានថ្ងៃត្រឡប់មកកើតក្នុងភពទាំងបីទៀតឡើយ (ភពទាំងបីមាន កាមភព រូបភព និងអវូបភព)។​ នរណានៅមិនទាន់ឃើញទុក្ខ​ អ្នកនោះក៏នឹងឈ្លក់វង្វេងនិងរីករាយក្នុងជីវិតជាលោកិយនេះ ហើយត្រូវជាតិ ជរា​ ព្យាធិ មរណៈតាមបៀតបៀនសម្លាប់បន្តអស់រាប់សិបកប្ប([1])បន្តទៀត។ ព្រះបរមសាស្តាឃើញទុក្ខ​នៅក្នុងរូបបែបជាទេវទូត៣ខាងដើម គឺមនុស្សចាស់ មនុស្សឈឺ មនុស្សស្លាប់ ហើយព្រះអង្គកើតការនឿយណាយ ព្រះអង្គក៏យាងចេញបព្វជា ទ្រង់បានបំពេញនូវសេចក្តីព្យាយាមរហូតសម្រេច​លោកកុត្តរ ជាសុខដ៏ប្រសើរបំផុត ព្រះអង្គនឹងមិនត្រឡប់មកកាន់លោកិយសុខក្នុងព្រះបរមរាជវាំងទៀតឡើយ។

បន្ទាប់ពីដឹងថា ទុក្ខគឺជាទ្វារដំបូងនិងជាស្ពានឈានឆ្លងទៅកាន់អរិយភូមិដូច្នេះ ទើបអ្នកនិពន្ធលើកយកសេចក្តីទុក្ខមកពន្យល់នៅក្នុងរឿងព្រះធម៌និងមាគ៌ាជីវិតនេះឡើង។ អ្នកនិពន្ធមានបំណងដូច្នេះ មិនរំពឹងថា បំណងទាំងអស់នេះសម្រេចបានយ៉ាងណានោះទេ ជួនកាលអាចថាមិនសមតាមបំណងមិត្តអ្នកអានក៏ថាបាន តែយ៉ាងណានោះ អ្នកនិពន្ធក៏មិនតូចចិត្តនិងអស់សង្ឃឹមចំពោះរឿងនេះដែរ ព្រោះកាលបើយើងមិនសង្ឃឹមចំពោះរបស់ណាហើយបណ្ដោយឱ្យរបស់នោះកន្លងហួសទៅចុះ នោះយើងនឹងបានធូរចិត្ត។

ការអធិប្បាយរឿងព្រះធម៌និងមាគ៌ាជីវិតទាំង៣ភាគនេះ​អាចនឹងមានចំណុចល្អនិងចំណុចមិនល្អសម្រាប់មិត្តអ្នកអាន​នៅក្នុងខ្លឹមសារនៃការនិពន្ធរឿងនេះ តែអ្នកនិពន្ធប្រកាន់គតិថា​នៅក្នុងលោកនេះគ្មាននរណាម្នាក់ដែលថាមិនខុសនោះទេ។ ​យើងធ្វើខុស ក្រោយមកយើងអាចបោះជំហានទៅរកធ្វើត្រូវបាន ប្រសិនបើយើងនៅតែអង្គុយឬដេកចាំសម្លឹងមើលថានឹងធ្វើឱ្យត្រូវតែម្តងនោះ​ប្រហែលជារឿងនេះគ្មានឱកាសបានចេញជារូបរាងនោះឡើយ។

ជាទីបញ្ចប់ ប្រសិនបើបុណ្យកុសលណាៗដែលកើតការផ្សាព្វផ្សាយព្រះធម៌នៃតួអង្គក្នុងរឿងនីមួយៗក្នុងសៀវភៅនេះ ខ្ញុំព្រះករុណាសូមប្រគេននិងជូនបុណ្យកុសលនេះដល់ ព្រះថេរានុត្ថេរៈ សម្ដេច ទ្រង់ ​ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ប្រិយមិត្តអ្នកអានទាំងអស់ឱ្យបានទទួលនូវបុណ្យកុសលដែលកើតចេញពីការផ្សព្វផ្សាយព្រះធម៌នេះគ្រប់ៗគ្នាកុំបីអាក់ខានឡើយ។ ម្យ៉ាងទៀត ខ្ញុំព្រះករុណាសូមឧទ្ទិសស្នាដៃនេះជូនទៅដល់បុព្វការីជនមាន មាតា បិតា ជីដូនជីតា កវី ព្រេងព្រឹទ្ធ បណ្ឌិត អ្នកប្រាជ្ញ និងពពួកញាតិក្នុងសង្សារវដ្ដទាំងអស់ ឱ្យបានទទួលនូវកុសលបុណ្យនិងសូមឱ្យលោកទាំងអស់នោះបានរួចចាកផុកទុក្ខគ្រប់ៗគ្នាកុំបីឃ្លៀងឃ្លាតឡើយ។

([1])  កប្ប (អានថា កាប់) មានន័យថា កាលដែលតាំងនៅយូរអង្វែង។ ឧ.មួយកប្ប, ភ្លើងឆេះកប្ប។

ទំព័រ 289
ទំហំខ្នាត H= 20.5cm , W= 14.5cm