ការគិតបែបវិភាគ

$3.6 $3.00

Publish date: 2021-12-17

Category: Critical Thinking and Analyze

Publisher: រោងពុម្ពព្រៃស

Author Name: ប្រាជ្ញ វិជ័យ

99 Books Available.

Description:

មានទ្រឹស្ដី ៣ យ៉ាងដែលខ្ញុំបានធ្វើការសរុបពីដំណើរការលើវិថីអ្នកជំនាញ​ដោយចាំសង្កេតមើលសង្គមកម្ពុជា។ បន្ទាប់ពីខ្ញុំបានឃើញយន្ដការដែលមនុស្សក្នុងសង្គមភាគច្រើនបានសរុបខ្លឹមសារផ្សេងៗខុសពីការពិត វាយតម្លៃខុសចាកពីតថភាព សរុបសេចក្ដីច្របូកច្របល់ និងមិនសមហេតុផលហើយតែងតែមានមនុស្សយកទៅប្រើប្រាស់ និងវាយតម្លៃទៅលើទិន្នន័យនានាក្នុងសង្គមកម្ពុជាបច្ចុប្បន្ន។

ទ្រឹស្ដីទី ១ ហៅថាទ្រឹស្ដីជាល ប្រៀបបាននឹងមនុស្សម្នាក់ដែលមានការសន្មតនៅក្នុងចិត្ដថា គំនរចំបើងមានទ្រង់ទ្រាយដូចជាល ទើបព្យាយាមពិសោធ ទោះជាខំរកប៉ុនណា គំនរចំបើងក៏នៅតែមានទ្រង់​ទ្រាយផ្សេងៗ មិនដូចជាជាលបន្ដិចសោះ។ ការពិតគេគួរតែផ្លាស់ប្ដូរគំនិតសាជាថ្មី តែគេបែរជាយកចំបើងញាត់ក្នុងជាលឡើងណែន ហើយគេយកកន្ដ្រៃកាត់ព្រុយចំបើងដែលធ្លាយចេញមកក្រៅ ឡើងស្មើធេង។ បន្ទាប់​មកក៏យកចំបើងចេញពីជាល​ ហើយនិយាយប្រាប់គេថា «ឃើញទេ គំនរ​ចំបើងមានទ្រង់ទ្រាយដូចជាជាលអ៊ីចឹង»។ ជាការសាងជំនឿឲ្យក្លាយជាការពិត ទោះបីការពិតពុំមែនជាជំនឿរបស់គេក៏ដោយ ក៏ចម្រាញ់យកទិន្នន័យឲ្យចេញមកដូចចិត្ដ ដើម្បីឲ្យទិន្នន័យមានលក្ខណៈសមស្របតាមការសន្មតទុកក្នុងចិត្ដ ហើយព្យាយាមប្រាប់អ្នកដទៃឲ្យជឿតាមខ្លួន។

​អ្នកដែលមិនចេះវិភាគ មិនចេះប្រើហេតុផលរមែងមានទំនោរជឿ​គេដោយងាយ។

ទ្រឹស្ដីទី ២ ហៅថាទ្រឹស្ដីសម្លាប់គោចោល ផលិតផលកើនឡើង ជាការអាងហេតុផលមិនត្រឹមត្រូវ។

នេះប្រៀបបានទៅនឹងអ្នកស្រាវជ្រាវម្នាក់ ខំស្រាវជ្រាវថា ហេតុដូចម្ដេចបានជាផលិតផលកសិកម្មមានកំណើនខ្ពស់ លុះពេលវិភាគទៅលើទិន្នន័យ ទើបដឹងថា កត្ដាបម្រែបម្រួលដ៏សំខាន់ខាងស្ថិតិ គឺដោយសារតែចំនួនគោថយចុះ រួចសរុបសេចក្ដីថា ចំនួនគោថយចុះ ធ្វើឲ្យផលិតផលកើនឡើង ដោយពុំបានពិចារណាពីកត្ដាប្រែប្រួលផ្សេងៗ ដែលបង្កហេតុឲ្យគោថយចុះឬកត្ដាបម្រែបម្រួលដទៃទៀតដែលបណ្ដាលឲ្យផលិតផលកើនឡើងឡើយ។

តាមពិត បើពិចារណាពីកត្ដា​បម្រែបម្រួលដទៃៗទៀតឲ្យល្អិតល្អន់នឹងដឹងថា ផលិតផលកើនឡើងដោយសារតែកត្ដាការប្រើគោយន្ដកើនឡើង ព្រោះនៅពេលណាការប្រើប្រាស់គោយន្ដបានកើនឡើង ការប្រើកម្លាំងគោរមែងថយចុះ ហើយគោត្រូវយកទៅកាប់យកសាច់លក់។

អ្នកដែលមិនចេះវិភាគ និងមិនចេះប្រើហេតុផលតែងមានទំនោរជឿតាមគេ។

ទ្រឹស្ដីទី ៣ ហៅថាទ្រឹស្ដីស្ករគ្រាប់ក្នុងកែវ បញ្ជាក់ពីការចាប់យកទិន្នន័យមួយចំនួន ហើយសរុបសេចក្ដីថា ដូចគ្នាទាំងអស់។

ឧបមាថា ក្នុងកែវមានស្ករគ្រាប់ច្រើនប្រភេទមានចំនួន ១០,០០០ គ្រាប់ ក្នុងកែវហើយពុំអាចមើលឃើញពីខាងក្រៅបានទេ។

យើងសាកចាប់យកស្ករគ្រាប់ គ្រាប់ដំបូងជាស្ករគ្រាប់រសជាតិទឹកឃ្មុំផ្សំក្រូចឆ្មា។ បន្ទាប់មកចាប់ស្ករគ្រាប់មួយគ្រាប់ទៀត មានរសជាតិដូចគ្នា រួចហុចទៅឲ្យមិត្ដភក្ដិ មិត្ដភក្ដិក៏បានស្ករគ្រាប់រសជាតិដូចគ្នា ទើបសរុបសេចក្ដីថា កែវស្ករគ្រាប់នេះ ផ្ទុកស្ករគ្រាប់មានរសជាតិទឹកឃ្មុំផ្សំក្រូចឆ្មាទាំងអស់។ តាមពិត ការសរុបន័យដូច្នេះ ពុំអាចយកជាការតាមស្ថិតិបានទេ ព្រោះគ្រាន់តែចាប់យកទិន្នន័យពីរបីយ៉ាង ហើយសរុបសេចក្ដីថា ប្រជាជនទាំងអស់គឺអ៊ីចឹង ក៏មិនបានដែរ។

វិធីនេះជាវិធីមិនត្រឹមត្រូវ ចំនួនគំរូមិនទាន់ល្មមគ្រប់គ្រាន់នឹងសរុបសេចក្ដីថាដូច្នេះបានទេ។ បើចង់ឲ្យមានការជឿជាក់ ត្រូវតែចាប់យកចំនួនស្ករគ្រាប់ឲ្យបានល្មមគ្រប់គ្រាន់ជាច្រើនប្រភេទ ក្នុងកែវនោះ ដូចជា លូកដៃចូលទៅឲ្យជ្រៅ ហើយចាប់យកស្ករគ្រាប់មួយចំនួនពីផ្នែកខាងឆ្វេង ខាងស្ដាំ ចំកណ្ដាល និងខាងលើនៃកែវនោះ។​ បើពិតជារាល់គ្រាប់ដែលយើងចាប់មក ជាស្ករគ្រាប់ដែលមានរសជាតិទឹកឃ្មុំផ្សំក្រូចឆ្មា។​ ទោះជាយ៉ាងនេះក្ដី ការសរុបសេចក្ដីនេះគ្រាន់តែ «អាចទៅរួច» ប៉ុណ្ណោះ ពុំអាចសរុបថា ទាំងអស់ដូច្នោះបានឡើយ។​

អ្នកដែលចេះវិភាគមិនចេះប្រើហេតុផលរមែងលុះក្នុងសទ្ធាចរិត។ ទាំង ៣ ទ្រឹស្ដីនេះសបញ្ជាក់ឲ្យឃើញថា មនុស្សក្នុងសង្គមមិនបានហ្វឹកហាត់គំនិត គិតវាយសេចក្ដី ខ្វះសមត្ថភាពក្នុងការវិភាគទិន្នន័យដែលបានទទួល ជា ហេតុធ្វើឲ្យប្រើការវិភាគហេតុផលខុស គ្មានលទ្ធភាពក្នុងការវិនិច្ឆ័យរឿងរ៉ាវផ្សេងៗយ៉ាងមានហេតុផលត្រឹមត្រូវតាមសច្ចភាពជាក់ស្ដែង។

ការអសមត្ថភាពក្នុងការស្វែងរកសម្ពន្ធភាពបែបហេតុផលទៅលើរឿងងាយៗដែលកើតឡើងចំពោះជីវិតប្រចាំថ្ងៃ រាប់បានថាជាបញ្ហាដ៏ធ្ងន់ធ្ងរ ព្រោះជារឿងដែលកំពុងបញ្ជាក់ថា សង្គមរបស់យើងមានការប្រព្រឹត្ដទៅតាមអារម្មណ៍នឹកឃើញឬតាមទម្លាប់ច្រើនជាងប្រព្រឹត្ដតាមហេតុ​​ផល។

សៀវភៅការគិតបែបវិភាគ គឺសង្កត់ធ្ងន់ទៅលើការអភិវឌ្ឍសមត្ថភាព ក្នុងការប្រើហេតុផល សមត្ថភាពនៃការបែងចែក វាយសេចក្ដីលើទិន្នន័យ ដែលបានទទួល វិភាគសម្ពន្ធភាពនៃអង្គប្រកបផ្សេងៗដើម្បីអាច​វាយតម្លៃ និង កាត់សេចក្ដីទៅលើរឿងដែលកំពុងគិត ឲ្យបានត្រឹមត្រូវ និងសមហេតុផល។

ការគិតលក្ខណៈវិភាគ អាចហៅបានទៀតថា ជាមូលដ្ឋាននៃគំនិតសម្រាប់គិតបែបទស្សនៈផ្សេងៗ មិនថាជាការគិតតាមបែបយុទ្ធសាស្រ្ដ ការគិតតាមបែបប្រៀបធៀប ឬការគិតតាមបែបច្នៃប្រឌិត។

ការគិតលក្ខណៈវិភាគ ធ្វើឲ្យយើងដឹងពីការពិតឬមិនពិត ដឹងហេតុផលពីប្រភពនៃវត្ថុដែលបានកើតឡើង ដឹងពីការប្រព្រឹត្ដទៅនៃហេតុការណ៍ផ្សេងៗ ដឹងថារឿងនេះមានអង្គប្រកបអ្វីខ្លះ ដឹងថាអ្វីជាអ្វី ធ្វើឲ្យយើងមានចំណេះមូលដ្ឋាន ដើម្បីយកទៅប្រើប្រាស់ក្នុងការសម្រេចចិត្ដដោះស្រាយបញ្ហា ការវាយតម្លៃនិងការសម្រេចចិត្ដលើរឿងរ៉ាវផ្សេងៗបានត្រឹមត្រូវ។