ផែនទីអ្នកគិត

$4.056 $3.38

Publish date: 2021-12-17

Category: Critical Thinking and Analyze

Publisher: រោងពុម្ពព្រៃស

Author Name: ប្រាជ្ញ វិជ័យ

99 Books Available.

Description:

ប្រសិនបើសួរថាបញ្ហាដ៏ធំរបស់ជាតិក្នុងខណៈនេះនៅត្រង់ណា?

យើងអាចនឹងគិតថា បញ្ហាសេដ្ឋកិច្ចធ្លាក់ចុះគួរតែខ្លាំងក្លាបំផុតឬមិនអ៊ីចឹងទេអាចគិតថា បញ្ហាថ្នាំញៀនរាត្បាតខ្លាំងក្លាជាង

ក្នុងទស្សនៈរបស់ខ្ញុំ ទោះជាបញ្ហាសេដ្ឋកិច្ចនៅតែមានស្ថានភាពគួរឱ្យព្រួយបារម្ភ ហើយបញ្ហាថ្នាំញៀនរាត្បាតមានភាពខ្លាំងក្លាពិតមែន ប៉ុន្ដែ..នៅមិនទាន់ប្រៀបស្មើនឹងបញ្ហាដែលជា”ដើមចម”នៃបញ្ហាទាំងអស់ទេ។

បញ្ហាធំបំផុតគឺបញ្ហាការមិនចេះគិតនិងការមិនគិតនោះឯង។

សង្គមបច្ចុប្បន្នផ្លាស់ប្ដូរខ្លាំងណាស់ កាលពីអតីត ការរស់នៅដំណើរទៅបែបងាយៗ មិនសូវមានរឿងឱ្យគិតច្រើនប៉ុន្មាននោះទេ បរិស្ថានជុំវិញនិងធនធាននៅសម្បូរពេញលេញ មិនចាំបាច់ត្រូវដណ្ដើមគ្នាខ្លាំងប៉ុន្មានឡើយ ដូច្នេះហើយទើបយើងគ្មានរឿងដែលត្រូវយកមកគិតដើម្បីរកវិធីអាចយករួចខ្លួនឱ្យខ្លួនឯងនិងគ្រួសារនោះឡើយ ប៉ុន្តែបច្ចុប្បន្នវិថីជីវិតចាប់ផ្តើមរំកិលចូលទៅនៅក្រោមស្ថានភាពរបស់ពិភពលោកដែលតភ្ជាប់គ្នាដោយប្រព័ន្ធទិន្នន័យ ការប្រើបច្ចេកវិទ្យាទាន់សម័យនិងការប្រកួតប្រជែងខាងពាណិជ្ជកម្ម និងហិរញ្ញ​វត្ថុរវាងភាគីនីមួយៗ។ ដោយសារតែគ្រប់យ៉ាងកំពុងរំកិលចូលទៅកាន់ការតភ្ជាប់គ្នា”តែមួយ”ក្នុងលំដាប់ពិភពលោក ទើបយើងមិនអាចរស់នៅក្នុងលក្ខណៈ​ដែលហៅថា”ក្នុងទឹកមានត្រី ក្នុងស្រែមានស្រូវ”បាន ឬគិតថា យើងនៅក្នុងសភាព”មានការងារគង់វង្ស មានប្រាក់ចំណូលល្អ”បានតទៅទៀត ព្រោះយើងមានបច្ច័យផ្សេងៗជាច្រើនដែលចូលមកកំណត់ទិសដៅរបស់ប្រទេស និងចូលមកកំណត់ការអាចយករួចខ្លួនបានរបស់យើងម្នាក់ៗ។

យើងចាំបាច់ត្រូវគិតឱ្យបានច្រើនជាងមុននិងគិតក្នុងវិធីដែលឆ្លាតជាងមុនដើម្បីឱ្យអាចរកវិធីដើម្បីឱ្យដំណើរជីវិតបន្ដទៀតបាន។ ប្រសិនបើយើងមិនឆក់យកឱកាស​ដែលមាន និងមិនត្រៀមលក្ខណៈទាំងជីវិតនិងសង្គមរបស់យើងក្នុងវិថីដែលល្អបំផុតទេ យើងនឹងប្រឈមនឹងការលំបាកខ្លាំងជាងវិបត្តិសេដ្ឋកិច្ចឆ្នាំកន្លងមកទៅទៀត។

ដូច្នេះហើយទើបការអភិវឌ្ឍដ៏យូរអង្វែងនោះមិនមែនជាការអភិវឌ្ឍដើម្បីឱ្យមនុស្សមានជីវិតរស់នៅដែលកាន់តែល្អប្រសើរ មានគុណភាពជីវិតដ៏ល្អ ឬបានត្រឹមតែឱ្យមនុស្សមានចំណេះដឹងសមត្ថភាពតែប៉ុណ្ណោះទេ តែត្រូវអភិវឌ្ឍដើម្បីឱ្យកើតនូវការអាចរស់នៅបានយ៉ាងយូរអង្វែងទាំងខ្លួនបុគ្គលនិងសង្គម​។ រឿងចាំបាច់ដែលយើងត្រូវបង្រៀនគឺ “វិធីគិត” ដើម្បីឱ្យមនុស្ស      “ចេះគិត” ព្រោះពេលដែលមនុស្សចេះគិត វិធីគិតនោះនឹងជាប់ខ្លួនគេរហូតមួយជីវិត ហើយវានឹងក្លាយជាឧបករណ៍ដែលជួយឱ្យគេរស់នៅបានដោយសុវត្ថិភាព។

ដូច្នេះហើយទើបវាចាំបាច់ខ្លាំងណាស់ដែលត្រូវអភិវឌ្ឍមនុស្សក្នុងសង្គមឱ្យស្គាល់”វិធីគិត”ដែលត្រឹមត្រូវនៅពេលមានទិន្នន័យចូលមកប៉ះ ដើម្បីនាំទៅកាន់ការសម្រេចចចិត្តដ៏ត្រឹមត្រូវនិងសមរម្យគ្រប់ស្ថានការណ៍ និងដើម្បីឱ្យយើងអាចអភិវឌ្ឍខ្លួនបន្ដទៀតបានដោយមិនចាញ់ប្រៀប មិនត្រូវគេបោកបានដោយងាយ និងធ្វើឱ្យកើតនូវជំនាញ មានសមត្ថភាព មានគំនិតច្នៃប្រឌិត

ថ្មីៗ ដើម្បីឱ្យអាចឈរបានដោយមិនចាញ់ប្រៀបអ្នកណាក្នុងអនាគត។

ខ្ញុំបានបង្ហាញរួចហើយថា ការដែលមនុស្សក្នុងប្រទេសចេះគិតបាននោះចាំបាច់ត្រូវបានទទួលការបើកផ្លូវនិងណែនាំឱ្យមានសមត្ថភាពក្នុងការគិតផ្សែផ្សំគ្នាគ្រប់១០គំនិត ពោលគឺ ៖

១. សមត្ថភាពនៃការគិតបែបស៊ីជម្រៅ

(Critical Thinking)

២.សមត្ថភាពនៃការគិតបែបវិភាគ

(Analytical Thinking)

៣.សមត្ថភាពនៃការគិតបែបសំយោគ

(Synthesis-Type Thinking)

៤.សមត្ថភាពនៃការគិតបែបប្រៀបធៀប

(Comparative Thinking)

៥.សមត្ថភាពនៃការគិតបែបទស្សនាទាន

(Conceptual Thinking)

៦.សមត្ថភាពនៃការគិតបែបច្នៃប្រឌិត

(Creative Thinking)

៧.សមត្ថភាពនៃការគិតបែបបដិបត្តិ

(Applicative Thinking)

៨.សមត្ថភាពនៃការគិតបែបយុទ្ធសាស្រ្ត

(Strategic Thinking)

៩.សមត្ថភាពនៃការគិតបែបសមាហរណកម្ម

(Integrative Thinking)

១០.សមត្ថភាពនៃការគិតបែបសម្លឹងទៅអនាគត

(Futuristic Thinking)

ខ្ញុំយល់ថា អត្ថន័យនៃគំនិតឈ្នះទាំងនេះសក្ដិសមនឹងការរៀបចំបោះពុម្ពផ្សព្វផ្សាយជាសាធារណៈ ដើម្បីជាប្រយោជន៍ដល់មនុស្សក្នុងប្រទេសក្នុងលក្ខណៈដែលទូលំទូលាយបំផុត ដោយក្ដីប្រាថ្នារបស់ខ្ញុំចង់ឃើញសង្គមយើងជាសង្គមដែលពោរពេញដោយមនុស្សដែល”ចេះគិត”។                      សៀវភៅឈុតឈ្មោះថា”គំនិតឈ្នះទាំង១០”នេះមានទាំងអស់១១ក្បាលក្បាលដំបូងជាការក្រាលគ្រឹះនៃការយល់ទាក់ទងនឹងការធ្វើការងាររបស់ការគិត ដើម្បីនាំទៅកាន់ផ្នែកបដិបត្តិក្នុងសៀវភៅក្រោយៗទៀត ចាប់ពីក្បាលទី២រហូតដល់១១នឹងបង្ហាញវិធីនៃការគិតទាំង១០ ដោយមួយក្បាលមួយគំនិតដែលជាការលម្អិតនូវគំនិតនីមួយៗដូចដែលបាននិយាយខាងដើម។

សៀវភៅគំនិតឈ្នះទាំង១០ ក្បាលទី១ដែលនៅក្នុងដៃរបស់អ្នកពេលនេះនឹងនាំអ្នកចូលទៅកាន់ពិភពនៃការគិត ចាប់ផ្តើមតាំងពីការនាំអ្នកទៅស្គាល់ការធ្វើការងាររបស់ខួរក្បាល ខួរក្បាលធ្វើតួនាទីអ្វីខ្លះ ខួរក្បាលគិតបានដោយរបៀបណា នីតិវិធីនៃការធ្វើការងាររបស់ខួរក្បាលដូចម្ដេច ហើយហេតុអ្វីបានជាយើងត្រូវគិត មានឧបសគ្គអ្វីខ្លះដែលធ្វើឱ្យមនុស្សមិនចេះគិតឬមិនគិត ហើយការដែលយើងអាចចេះគិតបាននោះត្រូវធ្វើអ្វីខ្លះ ដើម្បីជាការក្រាលគ្រឹះចំណេះដឹងទាក់ទងនឹងការគិតនិងត្រៀមលក្ខណៈរបស់អ្នកមុននឹងចូលទៅកាន់ការគិតផ្នែកបដិបត្តិក្នុងសៀវភៅបន្ទាប់ទៀត។

ប្រសិនបើយើងចង់ឱ្យប្រទេសរបស់យើងអភិវឌ្ឍបន្ដទៀត ឈានឱ្យទាន់ការប្រកួតប្រជែងក្នុងវេទិកាពិភពលោក និងអាចច្នៃប្រឌិតរឿងថ្មីៗបាន យើងចាំបាច់ត្រូវតែឱ្យប្រជាជនយើង”ចេះគិត” ស្គាល់នូវវិធីគិតដ៏ត្រឹមត្រូវ។ នៅពេលទិន្នន័យចូលមកដើម្បីនាំទៅកាន់ការសម្រេចចិត្តដ៏ត្រឹមត្រូវ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា សៀវភៅឈុតគំនិតឈ្នះទាំង១០នេះនឹងជាផ្នែកមួយនៃការនាំមនុស្សក្នុងសង្គមទៅកាន់ការបដិវត្តប្រព័ន្ធនៃការគិត។ ប្រសិន​បើមនុស្សក្នុងសង្គមរបស់យើងស្គាល់វិធីទាំង១០នេះរមែងអាចជួយឱ្យសង្គមយើងក្លាយជាសង្គមដែលប្រើបញ្ញា មិនទោរទន់ទៅតាមការនិយម ចេះគិតពិចារណាយ៉ាងល្អិតល្អន់មុននឹងសម្រេចចិត្ត អាចសម្របខ្លួនចូលទៅកាន់ការប្រកួតប្រជែងក្នុងវេទិកាពិភពលោក និងអាចច្នៃប្រឌិតរឿងថ្មីៗដែលសក្ដិសមសម្រាប់មនុស្សក្នុងអនាគតបាន ដែលចាត់ជាផ្នែកមួយនៃការអភិវឌ្ឍមនុស្សដ៏យូរអង្វែងយ៉ាងពិតប្រាកដបាន។

ទំព័រ 264
ទំហំខ្នាត H= 20.5cm , W= 14.5cm