ពេលព្រឹកដ៏អច្ឆរិយៈ

$7.5 $6.25

Publish date: 2021-12-17

Category: Self development

Publisher: រោងពុម្ពព្រៃស

Author Name: គ្រឹះស្ថាន ដាំដើមជីវិត (DDJ)

100 Books Available.

Description:

ហេតុអ្វីរឿងរបស់ខ្ញុំនិងរបស់អ្នក គឺជាអ្វីមួយដ៏សំខាន់

នៅថ្ងៃទី៣ ខែធ្នូរ ឆ្នាំ១៩៩៩…ជីវិតមានរឿងល្អបំផុត។ អ៎! អត់ទេវាអស្ចារ្យបំផុត។ នៅអាយុ២០ឆ្នាំ ឆ្នាំទីមួយនៃមហាវិទ្យាល័យរបស់ខ្ញុំបានកន្លងផុត។ ខ្ញុំបានចំណាយពេលយ៉ាងហោច១៨ខែ ធ្វើជាអ្នកចែកចាយផលិតផលដ៏ពេញនិយមមួយឱ្យក្រុមហ៊ុនទីផ្សារ២០០លានដុល្លារ កំពុងរកលុយបានច្រើនជាងដែលខ្ញុំស្រមៃថា​ ខ្ញុំនឹងរកបាននៅអាយុនោះទៅទៀត។ ខ្ញុំកំពុងមានមិត្តស្រីដ៏គួរឱ្យស្រឡាញ់ គ្រួសារដែលគាំទ្រ និងមិត្តភក្តិដ៏ល្អដែលមនុស្សគ្រប់គ្នាចង់បាន។ ខ្ញុំមានរឿងល្អៗបំផុត។

អ្នកប្រហែលជានិយាយថា ខ្ញុំនៅចំណុចកំពូលនៃពិភពលោក។ គ្មានផ្លូវដែលខ្ញុំអាចដឹងថា នេះគឺជាយប់ដែលពិភពលោករបស់ខ្ញុំនឹងបញ្ចប់នោះទេ។

ម៉ោង១១:៣២យប់/កំពុងបើកបរ៧០ម៉ៃល៍ក្នុងមួយម៉ោង ទៅភាគខាងត្បូងនៅលើផ្លូវ៩៩

យើងបានចាកចេញពីភោជនីយដ្ឋាន ហើយមិត្តស្រីរបស់ខ្ញុំបាននិងកំពុងអង្គុយនៅពីក្រោយខ្ញុំ។ ឥឡូវនេះ វាមានតែយើង២នាក់គត់។ មិត្តស្រីរបស់ខ្ញុំអស់កម្លាំងពីព្រឹត្តិការណ៍នៅពេលល្ងាចកំពុងគេងនៅលើកៅអីអ្នកដំណើរយ៉ាងសុខស្រួល។

ខ្ញុំនៅតែមានអារម្មណ៍រីករាយនិងដក់ជាប់ក្នុងចិត្តជានិច្ចចំពោះព្រឹត្តិការណ៍នៅពេលក្បាលល្ងាច ការគេងគឺជាអ្វីមួយនៅឆ្ងាយពីចិត្តរបស់ខ្ញុំ។ ខ្ញុំកំពុងធ្វើដំណើរ៧០ម៉ៃល៍ក្នុងមួយម៉ោងនៅក្នុងរថយន្តម៉ាកថ្មី Ford Mustang ពណ៌សរបស់ខ្ញុំ។ ក្បាលល្ងាចមិញ ខ្ញុំមានពេលពីរម៉ោងដើម្បីបញ្ចប់ការនិយាយដ៏ល្អបំផុតក្នុងជីវិតរបស់ខ្ញុំ។ ខ្ញុំទទួលបានស្វាគមន៍ ការក្រោកឈរនិងស្រែកសាទរលើកទីមួយក្នុងជីវិតរបស់ខ្ញុំ ហើយខ្ញុំសប្បាយរីករាយយ៉ាងខ្លាំង។ ខ្ញុំចង់បង្ហាញពីអារម្មណ៍ដឹងគុណនិងអស្ចារ្យរបស់ខ្ញុំនោះប្រាប់មនុស្សដែលចង់ស្ដាប់ តែមិត្តស្រីរបស់ខ្ញុំបានគេងលក់បាត់ទៅហើយដូច្នេះនាងមិនអាចស្ដាប់ទេ។ ខ្ញុំបានគិតពីការហៅទូរសព្ទទៅម៉ាក់និងប៉ា តែវាបានយឺតពេលដែរហើយ ពួកគាត់ប្រហែលជាគេងលក់អស់ហើយ។ គួរតែទូរសព្ទទៅ…ប៉ុន្តែខ្ញុំមិនស្មានសោះថាពេលនេះនឹងជាឱកាសចុងក្រោយរបស់ខ្ញុំក្នុងការនិយាយទៅកាន់ឪពុកម្ដាយរបស់ខ្ញុំ…ឬនរណាម្នាក់…សម្រាប់មួយរយៈពេលដ៏ខ្លីនេះទេ។

ការពិតដែលមិនបានគិត

ខ្ញុំមិនបានមើលឃើញភ្លើងហ្វាររថយន្ត Chevrolet ដ៏ធំកំពុងបើកមកចំខ្ញុំទេ។ នៅក្នុងគ្រោះថ្នាក់ រថយន្ត Chevy បានបើកបរប្រហែលជា៨០ម៉ៃល៍ក្នុងមួយម៉ោងបានមកបុកចំពីមុខរថយន្ត Ford Mustang របស់ខ្ញុំយ៉ាងខ្លាំង។

ស៊ុមដែកនៃរថយន្តរបស់យើងទាំងពីរបានបាក់បែក… ឮសំឡេងស្រែកនិងយំនៅពេលពួកគេមានរបួសនិងបាក់ដៃបាក់ជើង។ ប៉ុងការពាររបស់ Mustang បានលោតឡើងគ្រប់គ្រាន់ដើម្បីការពារយើងដោយមិនដឹងខ្លួន។ ការធ្វើដំណើរ៧០ម៉ៃល៍ក្នុងមួយម៉ោង ខួរក្បាលរបស់ខ្ញុំបានទៅប៉ះទង្គិចលលាដ៍ក្បាលខាងមុខ បំផ្លាញសរសៃខួរក្បាលសំខាន់ៗជាច្រើនត្រង់ថ្ងាសរបស់ខ្ញុំ។

នៅក្នុងហេតុការណ៍នេះ គូទក្រោយនៃ Mustang របស់ខ្ញុំបានរេទៅដល់ផ្លូវខាងស្ដាំដៃ ធ្វើឱ្យទ្វារខាងតៃកុងរបស់ខ្ញុំមិនអាចបើកទៅមុខបានដោយសាររថយន្តដែលនៅពីក្រោយខ្ញុំ។ រថយន្ត Saturn sedan បើកបរដោយក្មេងអាយុ១៦ឆ្នាំបានមកបុកទ្វាររបស់ខ្ញុំនៅក្នុងល្បឿន៧០ម៉ៃល៍ក្នុងមួយម៉ោង។ ទ្វារបានដាច់ធ្លាក់នៅផ្នែកខាងឆ្វេងនៃខ្លួនរបស់ខ្ញុំ។ ស៊ុមដែកដំបូលបានប៉ះនឹងក្បាលរបស់ខ្ញុំ ប៉ះចំលលាដ៍ក្បាលរបស់ខ្ញុំ ត្រង់ត្រចៀកខាងឆ្វេងរបស់ខ្ញុំ។ ឆ្អឹងរន្ធភ្នែកខាងឆ្វេងរបស់ខ្ញុំបានបែក ធ្វើឱ្យគ្រាប់ភ្នែកខាងឆ្វេងរបស់ខ្ញុំគ្មានរបាំងការពារ។ ដៃឆ្វេងរបស់ខ្ញុំបានបាក់ បានប៉ះពាល់ដល់សរសៃប្រសាទត្រង់កំភួនដៃរបស់ខ្ញុំនិងបានបាក់កែងដៃរបស់ខ្ញុំ ខណៈដែលឆ្អឹងសាច់ដុំដៃរបស់ខ្ញុំបានបាក់និងដាច់ស្បែកត្រង់សាច់ដើមដៃរបស់ខ្ញុំផងដែរ។

ឆ្អឹងត្រគាករបស់ខ្ញុំមិនអាចកម្រើកចេញពីកៅអីរថយន្តរបស់ខ្ញុំបានទេ ហើយខ្ញុំបានដួល។ វាបានបាក់ឆ្អឹងបីកន្លែង។ ចុងក្រោយ ឆ្អឹងភ្លៅរបស់ខ្ញុំ…ឆ្អឹងដ៏ធំបំផុតនៅក្នុងខ្លួនមនុស្ស…បានបាក់ពាក់កណ្ដាល និងចុងម្ខាងបានចាក់ទម្លុះសាច់ភ្លៅរបស់ខ្ញុំ។

ឈាមបានប្រឡាក់នៅគ្រប់ទីកន្លែង។ រាងកាយរបស់ខ្ញុំបានបាក់ខ្ទេចខ្ទាំ។ ខួរក្បាលរបស់ខ្ញុំបានបែក។មិនអាចទ្រាំនឹងការឈឺចាប់រាងកាយដ៏ខ្លាំងក្លានេះបាន រាងកាយរបស់ខ្ញុំលែងដំណើរការ សម្ពាធឈាមឈប់ដើរ ហើយគ្រប់យ៉ាងប្រែជាជាំនៅពេលខ្ញុំបានសន្លប់ទៅ។

អ្នកមានជីវិតពីរមែនទេ?អ្វីដែលបានកើតឡើងបន្ទាប់គ្មានអ្វីក្រៅពីអច្ឆរិយភាពនោះទេ…អ្វីដែលមនុស្សភាគច្រើនហៅថាអភិនីហារ។

ក្រុមសង្គ្រោះបន្ទាន់បានមកដល់និងប្រើឧបករណ៍សង្គ្រោះជីវិត។អ្នកជួយសង្រ្គោះបានកាត់ទ្វាររថយន្តសង្គ្រោះរាងកាយពោរពេញដោយឈាមរបស់ខ្ញុំពីកន្លែងបាក់បែក។ នៅពេលពួកគេធ្វើ ខ្ញុំបានសន្លប់ ព្រោះបាត់បង់ឈាមច្រើនពេក។ បេះដូងរបស់ខ្ញុំឈប់ដើរ។ ខ្ញុំឈប់ដកដង្ហើម។តាមក្បួនពេទ្យបាននិយាយថា ខ្ញុំបានស្លាប់ហើយ។

អ្នកជំនួយការគ្រូពេទ្យបានសែងខ្ញុំឡើងលើឧទ្ធម្ភាគចក្រសង្រ្គោះនិងបានធ្វើការជួយសង្រ្គោះជីវិតរបស់ខ្ញុំយ៉ាងញាប់ដៃញាប់ជើង។ ៦នាទីក្រោយមក ពួកគេធ្វើបានជោគជ័យ។ បេះដូងរបស់ខ្ញុំចាប់ផ្ដើមលោតម្តងទៀត។ ខ្ញុំបានដកដង្ហើមតាមបំពង់ខ្យល់អុកស៊ីហ្សែន។ អរគុណដែលខ្ញុំនៅមានជីវិត។

ខ្ញុំបានចំណាយពេល៦ថ្ងៃដោយមិនដឹងខ្លួន ហើយនៅពេលបានដឹងខ្លួន ខ្ញុំគិតថា ខ្ញុំប្រហែលជាមិនអាចដើរបានទៀតទេ។ បន្ទាប់ពីបានសម្រាកព្យាបាលនៅមន្ទីរពេទ្យដ៏លំបាករយៈពេល៧សប្តាហ៍​ ខ្ញុំកំពុងរៀនដើរម្តងទៀត។ ជាមួយឆ្អឹងបានបាក់១១កន្លែង ខួរក្បាលបានខូចខាត ហើយឥឡូវនេះ អតីតមិត្តស្រីរបស់ខ្ញុំបានផ្ដាច់ទំនាក់ទំនងជាមួយខ្ញុំនៅមន្ទីរពេទ្យ។ ជីវិតនៅពេលខ្ញុំបានដឹងពីវា វាលែងដូចមុនទៀតហើយ។ មិនថាអ្នកជឿវាឬអត់ ប៉ុន្តែវាបានប្រែទៅជារឿងដ៏ល្អបំផុតសម្រាប់ខ្ញុំទៅវិញនៅទីបំផុត។

ការទទួលស្គាល់ការពិតរបស់ខ្ញុំមិនមែនជារឿងងាយទេ ហើយនៅពេលខ្ញុំមិនអាចធ្វើអ្វីបានក្រៅពីងឿងឆ្ងល់ថា…ហេតុអ្វីរឿងនេះកើតឡើងចំពោះខ្ញុំ?…ខ្ញុំត្រូវទទួលខុសត្រូវលើការធ្វើឱ្យជីវិតរបស់ខ្ញុំត្រឡប់មកដូចដើមវិញ។ ជំនួសឱ្យការរអ៊ូរទាំថា អ្វីៗគួរតែយ៉ាងម៉េច ខ្ញុំបានទទួលស្គាល់ថាអ្វីៗយ៉ាងម៉េច។ ខ្ញុំឈប់លះបង់ថាមពលទៅលើការបួងសួងថា សូមឱ្យជីវិតរបស់ខ្ញុំខុសពីមុន…ថាអ្វីអាក្រក់ៗមិនកើតឡើងចំពោះខ្ញុំ…ប៉ុន្តែជំនួសមកវិញ ខ្ញុំផ្ដោត១០០%ទៅលើការធ្វើឱ្យបានល្អបំផុតនូវអ្វីដែលខ្ញុំមាន។

ដោយសារខ្ញុំមិនអាចផ្លាស់ប្តូរអតីតកាលបាន ខ្ញុំបានផ្ដោតទៅលើការធ្វើឱ្យរីកចម្រើន។ ខ្ញុំបានលះបង់ជីវិតរបស់ខ្ញុំដើម្បីបំពេញសក្ដានុពលរបស់ខ្ញុំនិងធ្វើឱ្យក្ដីសុបិនរបស់ខ្ញុំបានសម្រេច ដូច្នេះខ្ញុំអាចរកឃើញវិធីដើម្បីផ្ដល់អំណាចឱ្យអ្នកដទៃក្នុងការធ្វើរឿងនេះដូចគ្នា។

ហើយជាលទ្ធផលនៃការជ្រើសរើសការដឹងគុណយ៉ាងពិតប្រាកដសម្រាប់អ្វីដែលខ្ញុំមាន ទទួលយកអ្វីដែលខ្ញុំមិនមាន និងព្រមទទួលខុសត្រូវទាំងស្រុងសម្រាប់ការបង្កើតអ្វីដែលខ្ញុំចង់បាន គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ ទីបំផុតបានក្លាយជារឿងមួយដ៏ល្អបំផុតដែលមិនធ្លាប់បានកើតឡើងចំពោះខ្ញុំ។ អាស្រ័យលើជំនឿរបស់ខ្ញុំដែលថា គ្រប់យ៉ាងបានកើតឡើងដោយមូលហេតុអ្វីមួយ…វានោះគឺជាការទទួលខុសត្រូវរបស់យើងក្នុងការជ្រើសរើសមូលហេតុដ៏មានឥទ្ធិពលចំពោះបញ្ហា ហេតុការណ៍ និងស្ថានការណ៍ នៃជីវិតរបស់យើង…ខ្ញុំបានប្រើគ្រោះថ្នាក់របស់ខ្ញុំជាការជំរុញចិត្តដើម្បីយកឈ្នះលើបញ្ហាទាំងឡាយ៖

ឆ្នាំ២០០០ ជាឆ្នាំដែលខ្ញុំចាប់ផ្ដើមគេងនៅលើគ្រែនៅមន្ទីរពេទ្យ…បានបាក់ដៃបាក់ជើង ប៉ុន្តែមិនបានចុះចាញ់ទេ…ទីបំផុតបានផ្លាស់ប្តូរទាំងស្រុង។ ទោះមិនមានរថយន្ត មានការចងចាំរយៈពេលខ្លីតិចតួច ពោរពេញទៅដោយការដោះសា និងមានអារម្មណ៍សោកស្ដាយចំពោះខ្លួនឯង ខ្ញុំបានត្រឡប់មករកតំណែងលក់របស់ខ្ញុំនៅ Cutco វិញ។ ខ្ញុំមានសំណាងល្អនៅក្នុងអាជីពរបស់ខ្ញុំនិងបានជាប់លេខ៦ក្នុងក្រុមហ៊ុន (ក្នុងចំណោមអ្នកលក់ជាង៦០,០០០នាក់)។ រឿងទាំងនេះកើតឡើងខណៈដែលខ្ញុំកំពុងព្យាបាលជំងឺ…ចិត្ត រាងកាយ អារម្មណ៍ និងហិរញ្ញវត្ថុ…ពីគ្រោះថ្នាក់របស់ខ្ញុំ។

ឆ្នាំ២០០១ ខ្ញុំបានរៀនមេរៀនជីវិតដ៏មានតម្លៃពីបទពិសោធរបស់ខ្ញុំវាគឺជាពេលដើម្បីផ្លាស់ប្តូរវិបត្តិឱ្យទៅជាការជំរុញចិត្តនិងធ្វើឱ្យអ្នកដទៃមានថាមពល។ ខ្ញុំបានចាប់ផ្ដើមនិយាយនិងចែករំលែករឿងរ៉ាវនៅវិទ្យាល័យនិងមហាវិទ្យាល័យ។ ប្រតិកម្មពីសិស្សនិងនិស្សិតមានភាពវិជ្ជមានបំផុត ហើយខ្ញុំបានចាប់ផ្ដើមបេសកកម្មទៅរកយុវជនជាចម្បង។

ឆ្នាំ២០០២ មិត្តដ៏ល្អរបស់ខ្ញុំ Jon Berghoff បានជំរុញឱ្យខ្ញុំសរសេរសៀវភៅពីឧបទ្ទវហេតុរបស់ខ្ញុំដើម្បីជំរុញទឹកចិត្តអ្នកដទៃ។ ដូច្នេះខ្ញុំបានចាប់ផ្ដើមសរសេរ។ ខ្ញុំចាប់ផ្ដើមភ្លាមតាមដែលអាចធ្វើបាន…ខ្ញុំបានឈប់។ ខ្ញុំមិនមែនជាអ្នកនិពន្ធទេ។ ការសរសេរខ្លីៗនៅវិទ្យាល័យខ្ជិលណាស់ទៅហើយ ទម្រាំសរសេរសៀវភៅមួយក្បាលទៀតនោះ…គ្មានផ្លូវទេ។ បន្ទាប់ពីបានព្យាយាមដដែលៗ បានជំរុញឱ្យខ្ញុំចាប់ផ្ដើមនៅលើកុំព្យូទ័រ ប៉ុន្តែទីបំផុតបានត្រឹមតែខកចិត្ត វាមិនបានមើលទៅដូចជាសៀវភៅទេ។ តែយ៉ាងណាក្ដីខ្ញុំគឺជាមនុស្សកំពូល១០នាក់របស់ Cutco រយៈពេលពីរឆ្នាំជាប់ៗគ្នា។

ឆ្នាំ២០០៤ ខ្ញុំព្យាយាមធ្វើការគ្រប់គ្រងលើកទីមួយរបស់ខ្ញុំ ខ្ញុំទទួលបានតំណែងជាអ្នកគ្រប់គ្រងផ្នែកលក់នៅ Sacramento Cutco។ ក្រុមរបស់យើងបានជាប់លេខ១នៅក្នុងក្រុមហ៊ុននិងបានធ្វើលើសពីផែនការប្រចាំឆ្នាំគ្រប់ពេល។ ឧបទ្ទវហេតុនេះ ខ្ញុំក៏បានសម្រេចគោលដៅលក់ដ៏ខ្ពស់បំផុតរបស់ខ្ញុំនិងបានក្លាយជាមនុស្សដ៏សំខាន់របស់ក្រុមហ៊ុនផងដែរ។ មានអារម្មណ៍ថា ខ្ញុំបានសម្រេចគ្រប់យ៉ាងដែលខ្ញុំចង់បានសម្រេចជាមួយនឹង Cutco វាជាពេលដើម្បីធ្វើឱ្យក្ដីសុបិននៃការធ្វើជាអ្នកនិយាយជំរុញចិត្តនិងដ៏មានឥទ្ធិពលក្លាយជាការពិតហើយ។ ខ្ញុំនឹងសរសេរសៀវភៅដែលខ្ញុំបានគិតទុកនៅក្នុងក្បាលរបស់ខ្ញុំពីរឆ្នាំមុន។ ខ្ញុំក៏បានជួប Ursula ផងដែរ។យើងមិនអាចបំបែកចេញពីគ្នាបានទេ ខ្ញុំមានអារម្មណ៍នេះ ដែលនាងអាចជាមនុស្សតែម្នាក់គត់សម្រាប់ជីវិតខ្ញុំ។

នៅខែកុម្ភៈ ឆ្នាំ២០០៥ ការអង្គុយស្ដាប់អ្វីដែលខ្ញុំចង់ធ្វើការប្រជុំពី Cutco ចុងក្រោយរបស់ខ្ញុំ ខ្ញុំបានដឹងនូវភាពឈឺចាប់បំផុតគឺ ខ្ញុំមិនដែលបានបំពេញសក្ដានុពលរបស់ខ្ញុំទេ។ ពិតណាស់ ខ្ញុំបានឈ្នះពានរង្វាន់មួយចំនួននិងធ្វើលើសពីផែនការខ្លះដែរ ប៉ុន្តែបើពិនិត្យមើលពីតំណែងរបស់ខ្ញុំជាកំពូលមនុស្សទទួលបានពានរង្វាន់ប្រចាំឆ្នាំដ៏ខ្ពស់បំផុតដែល Cutco បានផ្ដល់ជូន ខ្ញុំបានដឹងថាខ្ញុំមិនបានតាំងចិត្តយ៉ាងមោះមុតទេ។ ខ្ញុំនឹងមិនអាចរស់នៅដោយពឹងលើខ្លួនឯងទេប្រសិនបើខ្ញុំចាកចេញពីក្រុមហ៊ុនមុននឹងបំពេញសក្ដានុពលរបស់ខ្ញុំ។ ខ្ញុំត្រូវធ្វើវារយៈពេលមួយឆ្នាំទៀត ប៉ុន្តែលើកនេះខ្ញុំត្រូវធ្វើវាឱ្យអស់ពីលទ្ធភាពរបស់ខ្ញុំជាមុនសិន។

ឆ្នាំ២០០៥ ទោះបីជាចាប់ផ្ដើមមិនទាន់បានមួយឆ្នាំក៏ដោយ ខ្ញុំបានកំណត់គោលដៅខ្ពស់ជាងឆ្នាំមុនទ្វេដង។ ពិតណាស់ ខ្ញុំមានការភ័យខ្លាច ប៉ុន្តែខ្ញុំបានតាំងចិត្ត។ ខ្ញុំក៏បានសម្រេចចិត្តថា ខ្ញុំមានកាតព្វកិច្ចក្នុងការសរសេរ សៀវភៅនិងចែករំលែករឿងរ៉ាវរបស់ខ្ញុំជាមួយពិភពលោក។ ខ្ញុំធ្វើបាន រយៈពេល៣៦៥ថ្ងៃពេញ លក់និងសរសេរជាមួយវិន័យដែលខ្ញុំមិនមានរយៈពេល២៥ឆ្នាំមុននៃជីវិតរបស់ខ្ញុំ។​ ខ្ញុំបានជំរុញចិត្តដោយការចង់ធ្វើអ្វីដែលខ្ញុំមិនដែលធ្វើពីមុនគឺ ប្រថុយដើរចេញពីតំបន់សុខស្រួលនៃជីវិតដ៏អន់ថយរបស់ខ្ញុំ…ពីអ្វីដែលខ្ញុំបានធ្វើពេញមួយជីវិតរបស់ខ្ញុំ…ទៅរកតំបន់នៃភាព អស្ចារ្យ។ នៅចុងឆ្នាំ ខ្ញុំបានសម្រេចគោលដៅទាំងពីររបស់ខ្ញុំ បង្កើនការលក់របស់ខ្ញុំខ្ពស់ជាងឆ្នាំមុនៗទ្វេដង និងបានបញ្ចប់សៀវភៅទីមួយរបស់ខ្ញុំ។ អ្វីមួយអាចទៅរួចនៅពេលអ្នកបានតាំងចិត្តពិតប្រាកដ។

នៅរដូវស្លឹកឈើជ្រុះឆ្នាំ២០០៦ សៀវភៅទីមួយរបស់ខ្ញុំ Taking Life Head On បានលក់ដាច់លំដាប់ទី៧នៅលើបញ្ជីសៀវភៅដ៏លក់ដាច់បំផុតនៅ Amazon។ បន្ទាប់មក រឿងមិនអាចគិតទុកមុនបានកើតឡើង។ម្ចាស់គ្រឹះស្ថានបោះពុម្ពរបស់ខ្ញុំបានភៀសខ្លួនពីប្រទេសជាមួយថ្លៃកម្មសិទ្ធិដ៏លក់ដាច់បំផុតរបស់ខ្ញុំនិងមិនដែលបានឮដំណឹងម្តងទៀតទេ។ ឪពុកម្ដាយរបស់ខ្ញុំបានបាត់បង់ទ្រព្យសម្បត្តិអស់…ខ្ញុំគ្មានអ្វីទេ។ អ្វីមួយដែលខ្ញុំបានរៀនពីគ្រោះថ្នាក់ចរាចរណ៍របស់ខ្ញុំ វាគឺថា គ្មានតម្លៃក្នុងការគិតឬមានអារម្មណ៍មិនល្អចំពោះទិដ្ឋភាពនៃជីវិតរបស់ខ្ញុំដែលខ្ញុំមិនអាចផ្លាស់ប្តូរបាននោះទេ។ដូច្នេះខ្ញុំមិនធ្វើទេ។ ខ្ញុំក៏បានរៀនហែលឆ្លងផងដែរ ដោយការផ្ដោតទៅលើអ្វីដែលយើងអាចរៀនពីបញ្ហារបស់យើងនិងថា យើងអាចប្រើវាដើម្បីលើកគុណតម្លៃដល់ជីវិតរបស់អ្នកដទៃយ៉ាងម៉េច យើងអាចផ្លាស់ប្តូរវិបត្តិឱ្យទៅជាឱកាសយ៉ាងម៉េច។ ដូច្នេះខ្ញុំបានធ្វើ។

ឆ្នាំ២០០៦ ដោយមិនបានដឹងពីអ្វីដែលអាជីពត្រូវការ ខ្ញុំបានក្លាយជាគ្រូបង្វឹកជោគជ័យពីជីវិត​និងធុរកិច្ចដោយចៃដន្យ នៅពេលដែលទីប្រឹក្សាផ្នែកហិរញ្ញវត្ថុមានអាយុចន្លោះ៤០ឆ្នាំបានសួរខ្ញុំថា ខ្ញុំនឹងបង្វឹកគាត់ឬអត់។ខ្ញុំបានយល់ព្រម។ ទីបំផុតខ្ញុំបានពេញចិត្តវា។ អតិថិជនទីមួយរបស់ខ្ញុំបានឃើញលទ្ធផលដែលអាចវាស់វែងបានក្នុងជីវិតនិងធុរកិច្ចរបស់គាត់ ហើយខ្ញុំពេញចិត្តចំពោះការជួយអ្នកដទៃ គឺធ្វើជាគ្រូបង្វឹករបស់ពួកគេ។

នៅអាយុ២៦ឆ្នាំ ឱកាសជោគជ័យរបស់ខ្ញុំក្នុងឋានៈជាគ្រូបង្វឹកអាជីពស្ទើរគ្មានសោះ ប៉ុន្តែវាស្របគ្នាជាមួយគោលដៅរបស់ខ្ញុំក្នុងជីវិត​ ដូច្នេះខ្ញុំបានព្យាយាមធ្វើវា។ អាជីពបង្វឹករបស់ខ្ញុំបានរីកចម្រើន ហើយខ្ញុំបន្តបង្វឹកសហគ្រិន អ្នកលក់ និងម្ចាស់ធុរកិច្ចរាប់រយនាក់បន្ត។

បន្តិចក្រោយមក ខ្ញុំទទួលបានប្រាក់ចំណូលពីការនិយាយលើកទីមួយរបស់ខ្ញុំនៅពេលខ្ញុំត្រូវបានជួលដោយ Boys and Girls Clubs of America ឱ្យទៅធ្វើជាអ្នកនិយាយដ៏សំខាន់នៅក្នុងកិច្ចប្រជុំថ្នាក់ជាតិរបស់ពួកគេ។ ទោះបីជាខ្ញុំធ្លាប់និយាយទៅកាន់អ្នកស្ដាប់ដ៏ច្រើនដែលបានមកពីអ្នកលក់និងអ្នកគ្រប់គ្រងតាំងពីឆ្នាំ១៩៩៨ក៏ដោយ ជាមួយសក់ផ្កាស្កូវរបស់ខ្ញុំ ការតែងខ្លួនបែបយុវវ័យនិងឈ្មោះក្រៅរបស់ខ្ញុំ «Yo Pal Hal» បាន      ជះឥទ្ធិពលទៅលើយុវវ័យយ៉ាងខ្លាំង។ ខ្ញុំបានចាប់ផ្ដើមនិយាយនិងចែករំលែកពីរឿងរ៉ាវរបស់ខ្ញុំនៅវិទ្យាល័យនិងមហាវិទ្យាល័យក្នុងស្រុក។

ឆ្នាំ២០០៧ ឆ្នាំដែលជីវិតរបស់ខ្ញុំបានបែកបាក់។ សេដ្ឋកិច្ចសហរដ្ឋអាមេរិកបានធ្លាក់ចុះ។ ប្រាក់ចំណូលរបស់ខ្ញុំបានធ្លាក់ចុះពាក់កណ្ដាលនៅក្នុងពេលមួយយប់។ អតិថិជនរបស់ខ្ញុំគ្មានលុយរៀនវគ្គបណ្ដុះបណ្ដាល។ ខ្ញុំមិនអាចបង់វិក្កយបត្ររបស់ខ្ញុំបានទេ រួមទាំងការបង់រំលស់ផ្ទះរបស់ខ្ញុំផងដែរ។​ ខ្ញុំបានជំពាក់បំណុល៤២៥,០០០ដុល្លារនិងបាត់បង់ទ្រព្យសម្បត្តិ។ ចិត្ត រាងកាយ អារម្មណ៍ និងហិរញ្ញវត្ថុ… ខ្ញុំបានធ្លាក់ចុះយ៉ាងខ្លាំង។ ខ្ញុំមិនដែលអស់សង្ឃឹម តានតឹង និងបាក់ទឹកចិត្តបែបនេះទេនៅក្នុងជីវិតរបស់ខ្ញុំ។ មិនដឹងពីវិធីធ្វើឱ្យជីវិតរបស់ខ្ញុំប្រសើរឡើងម្តងទៀតទេ ខ្ញុំបានស្វែងរកដំណោះស្រាយបញ្ហាដែលមិនអាចជម្នះបាន។ ខ្ញុំបានអានសៀវភៅអភិវឌ្ឍខ្លួន ចូលរៀនសិក្ខាសាលា ដល់ថ្នាក់ជួលគ្រូបង្វឹកក៏មាន…ប៉ុន្តែគ្មានអ្វីបានដំណើរការទេ។

ឆ្នាំ២០០៨ ជាឆ្នាំដែលជីវិតរបស់ខ្ញុំចាប់ផ្ដើមផ្លាស់ប្តូរ។ ទីបំផុត ខ្ញុំបានសារភាពប្រាប់មិត្តភក្តិជិតសិ្នទ្ធថា អ្វីអាក្រក់ៗកើតឡើងយ៉ាងម៉េច (ខ្ញុំបានលាក់អាថ៌កំបាំងយ៉ាងជោគជ័យរហូតដល់ពេលនេះ)។ សំណួររបស់គាត់គឺ៖ តើអ្នកហាត់ប្រាណដែរឬទេ? ចម្លើយរបស់ខ្ញុំគឺ៖ ខ្ញុំកម្រភ្ញាក់ពីព្រលឹមណាស់…ដូច្នេះខ្ញុំអត់ទេ។

«ចាប់ផ្ដើមរត់»គាត់បាននិយាយ។ «វានឹងជួយឱ្យអ្នកមានអារម្មណ៍ល្អនិងគិតបានច្បាស់លាស់»។

អ្ហា៎! ខ្ញុំស្អប់ការរត់ណាស់។​ យ៉ាងណាក្ដី ខ្ញុំបានតាំងចិត្ត ដូច្នេះខ្ញុំបានទទួលយកដំបូន្មានរបស់គាត់និងចាប់ផ្ដើមរត់។ ចំណេះដឹងដែលខ្ញុំទទួលបានពីការរត់នេះបានក្លាយជាការផ្លាស់ប្តូរនៅក្នុងជីវិតរបស់ខ្ញុំ (លម្អិតនៅក្នុងមេរៀនទី២៖ ប្រភពពេលព្រឹកដ៏អច្ឆរិយៈ…កើតចេញពីការចង់បាន) ហើយខ្ញុំមានក្ដីប្រាថ្នាក្នុងការបង្កើតទម្លាប់អភិវឌ្ឍខ្លួនជាប្រចាំដែលខ្ញុំសង្ឃឹមថានឹងនាំខ្ញុំឬអភិវឌ្ឍខ្លួនខ្ញុំប្រែទៅជាមនុស្សដែលខ្ញុំត្រូវធ្វើជា​ ដើម្បីដោះស្រាយបញ្ហារបស់ខ្ញុំនិងផ្លាស់ប្តូរជីវិតរបស់ខ្ញុំ។ អ្វីដ៏គួរឱ្យភ្ញាក់ផ្អើលបំផុត វាបានដំណើរការ។ វាស្ទើរគ្រប់ផ្នែកនៃជីវិតរបស់ខ្ញុំបានផ្លាស់ប្តូរយ៉ាងឆាប់បំផុតដែលខ្ញុំបានហៅវាថា«ពេលព្រឹកដ៏មានសិរីឬពេលព្រឹកដ៏អច្ឆរិយៈ»។

នៅរដូវស្លឹកឈើជ្រុះឆ្នាំ២០០៨ ខ្ញុំបន្តអនុវត្តពេលព្រឹកដ៏មហស្ចារ្យឬពេលព្រឹកដ៏អច្ឆរិយៈរបស់ខ្ញុំ ពិសោធជាមួយបច្ចេកទេសអភិវឌ្ឍខ្លួនជាច្រើនទៀតនិងកាលវិភាគគេង ហើយធ្វើការស្រាវជ្រាវថា យើងត្រូវការការគេងពិតប្រាកដច្រើនប៉ុនណា។

លទ្ធផលជាទីគាប់ចិត្ត ខ្ញុំបានចែករំលែកវាជាមួយអតិថិជនរបស់ខ្ញុំដែលចូលចិត្តវាដូចគ្នា។ ពួកគេបានប្រាប់ពីមិត្តភក្តិ គ្រួសារ និងមិត្តរួមការងារពីវា។ អ្វីដែលមិនគួរឱ្យជឿ ខ្ញុំចាប់ផ្ដើមឃើញមនុស្សដែលខ្ញុំមិនដែលបានជួបបានបង្ហោះនៅលើ Facebook និង Twitter ពីពេលព្រឹកដ៏មានសិរីរបស់ខ្លួន(និយាយលម្អិតពីរឿងនេះនៅពេលក្រោយ)។

ឆ្នាំ២០០៩ ជាឆ្នាំដ៏ល្អបំផុតរបស់ខ្ញុំ។ ខ្ញុំបានរៀបការជាមួយនារីក្នុងក្ដីសុបិនរបស់ខ្ញុំ។ នាងបានមានផ្ទៃពោះនិងបានផ្ដល់កំណើតដល់កូនស្រីរបស់យើង។ អាជីពបង្វឹករបស់ខ្ញុំកំពុងតែរីកចម្រើន ខ្ញុំកំពុងមានបញ្ជីអតិថិជន រង់ចាំដ៏ច្រើន។ អាជីពនិយាយរបស់ខ្ញុំបានរីកចម្រើន។ ខ្ញុំកំពុងធ្វើសន្ទរកថានិងការនិយាយសំខាន់ៗនៅវិទ្យាល័យ មហាវិទ្យាល័យ និងក្រុមហ៊ុនឬអង្គការមិនស្វែងរកប្រាក់ចំណេញ។ ពេលព្រឹកដ៏ដ៏អច្ឆរិយៈបានរីកចម្រើនឆាប់បំផុត។ ខ្ញុំទទួលបានសាររៀងរាល់ថ្ងៃពីមនុស្សដែលកំពុងប្រាប់ខ្ញុំថា វាកំពុងផ្លាស់ប្តូរជីវិតរបស់ពួកគេយ៉ាងម៉េច។​ ខ្ញុំបានដឹងថា វាគឺជាការទទួលខុសត្រូវរបស់ខ្ញុំក្នុងការចែករំលែកវាជាមួយពិភពលោកនិងថា ការសរសេរសៀវភៅគឺជាវិធីដ៏ល្អបំផុតក្នុងការធ្វើរឿងនេះ។ ខ្ញុំបានចាប់ផ្ដើមសរសេរម្តងទៀតជាសន្សឹមៗ។មិនធ្វើឱ្យមានកំហុសនោះទេ ខ្ញុំមិនមែនជាអ្នកនិពន្ធទេ…ប៉ុន្តែខ្ញុំបានតាំងចិត្ត។ ដូចមិត្តភក្ដិដ៏ល្អរបស់ខ្ញុំ Romacio Fulcher រមែងនិយាយថា «រមែងមានវិធីជានិច្ច…នៅពេលអ្នកបានតាំងចិត្ត»។ហ៊ានប្រឈមមុខនឹងបញ្ហាជីវិតរបស់អ្នក

ខ្ញុំបានចែករំលែកពីរឿងរ៉ាវរបស់ខ្ញុំជាមួយអ្នកដើម្បីធ្វើជាភស្តុតាងនៃអ្វីដែលអាចយកឈ្នះនិងអាចសម្រេចបាន ទោះបីជាឧបសគ្គរបស់អ្នកលំបាកប៉ុនណាក៏ដោយ។ ពេលខ្ញុំអាចរួចផុតពីសេចក្ដីស្លាប់ អ្នកខ្លះបានប្រាប់ថាខ្ញុំនឹងមិនអាចដើរបានវិញទេ។ ខ្ញុំបានបាត់បង់លុយនិងមានអារម្មណ៍បាក់ទឹកចិត្តជាខ្លាំង ខ្ញុំមិនចង់ក្រោកចេញពីលើគ្រែនៅពេលព្រឹកដើម្បីសាងជីវិតក្នុងក្ដីសុបិនរបស់ខ្ញុំទេ ប៉ុន្តែវាគ្មានការដោះសាដ៏ល្អសម្រាប់អ្នកដែលចង់យកឈ្នះដែនកំណត់ដែលបានរារាំងខ្លួនពីការសម្រេចបានគ្រប់យ៉ាងដែលខ្លួនចង់បានពីជីវិតរបស់ខ្លួននោះទេ។ គ្មានទេ គ្មានទេ គ្មាននោះទេ។

ខ្ញុំជឿថា វាគឺជាបច្ច័យដ៏សំខាន់សម្រាប់យើងដើម្បីទទួលយកគំនិតដែលថា អ្វីដែលអ្នកដទៃបានយកឈ្នះឬបានសម្រេចជាភស្ដុតាងដ៏សាមញ្ញដែលថាអ្នកក៏អាចដែរ…ហើយខ្ញុំមានន័យថា អ្វីមួយដែលអ្នកត្រូវការដើម្បីយកឈ្នះឬចង់បានសម្រេចគឺអាចទៅរួចសម្រាប់អ្នកជានិច្ច ទោះស្ថានភាពពីអតីតកាលឬបច្ចុប្បន្នរបស់អ្នកយ៉ាងណាក៏ដោយ។ វាចាប់ផ្ដើមជាមួយការព្រមទទួលខុសត្រូវទាំងស្រុងសម្រាប់គ្រប់ទិដ្ឋភាពនៃជីវិតរបស់អ្នកនិងមិនព្រមស្ដីបន្ទោសអ្នកដទៃជាដាច់ខាត។ អ្នកត្រូវព្រមទទួលខុសត្រូវលើគ្រប់យ៉ាងនៅក្នុងជីវិតរបស់អ្នក។

វាគឺជាបច្ច័យដ៏សំខាន់ក្នុងការដឹងថា​ ការទទួលខុសត្រូវមិនដូចការស្ដីបន្ទោសទេ។ ខណៈដែលការស្ដីបន្ទោសបានកំណត់ថា នរណាជាអ្នកធ្វើអ្វីមួយខុស ការទទួលខុសត្រូវបានកំណត់ថា នរណាជាអ្នកតាំងចិត្តធ្វើឱ្យអ្វីៗប្រសើរឡើង។ ចូរគិតអំពីគ្រោះថ្នាក់ចរាចរណ៍របស់ខ្ញុំខណៈដែលខ្ញុំមិនបានធ្វើខុសចំពោះការបុកគ្នា ខ្ញុំមានការទទួលខុសត្រូវចំពោះការធ្វើឱ្យជីវិតរបស់ខ្ញុំប្រសើរឡើង…ចំពោះការធ្វើឱ្យស្ថានការណ៍របស់ខ្ញុំទៅជាអ្វីដែលខ្ញុំចង់ឱ្យវាទៅជា។ វាពិតជាមិនសំខាន់ថា អ្នកធ្វើខុសជានរណាទេ…អ្វីដែលសំខាន់គឺថា​ អ្នកនិងខ្ញុំបានតាំងចិត្តចាកចេញពីអតីតកាល ហើយធ្វើឱ្យជីវិតរបស់យើងទៅជាអ្វីដែលយើងចង់ឱ្យវាទៅជាពិតប្រាកដ ចូរចាប់ផ្ដើមនៅថ្ងៃនេះ។

វាគឺជាពេលវេលារបស់អ្នក នេះគឺជារឿងរបស់អ្នក

ចូរដឹងថា ទោះជាពេលនេះអ្នកស្ថិតនៅកន្លែងណាក្នុងជីវិតរបស់អ្នកក៏ដោយ​ រមែងមានបញ្ហានិងការលំបាកជានិច្ច វាជាកន្លែងពិតប្រាកដដែលអ្នកត្រូវទៅដើម្បីរៀនពីអ្វីដែលអ្នកត្រូវរៀន ដូច្នេះអ្នកអាចធ្វើជាមនុស្សដែលអ្នកត្រូវធ្វើជា ដើម្បីសាងជីវិតដែលអ្នកចង់បានពិតប្រាកដ។ សូម្បីតែនៅពេលដែលជីវិតមានបញ្ហាឬការលំបាកក៏ដោយ បច្ចុប្បន្នរមែងជាឱកាសសម្រាប់យើងដើម្បីរៀន អភិវឌ្ឍខ្លួន និងធ្វើឱ្យបានប្រសើរជាងយើងធ្លាប់បានធ្វើពីមុន។

អ្នកស្ថិតនៅក្នុងដំណើរការនៃការសរសេរពីរឿងរ៉ាវជីវិតរបស់អ្នកនិងមិនមានរឿងរ៉ាវដ៏ល្អទេបើគ្មានវីរបុរសឬវីរនារីយកឈ្នះបញ្ហារបស់ពួកគេទេនោះ។ តាមពិត បញ្ហាធំប៉ុនណា ជីវិតប្រសើរប៉ុណ្ណោះដែរ។

ដំណឹងដ៏ល្អគឺថា អ្នកមានសមត្ថភាពក្នុងការផ្លាស់ប្តូរ…ឬបង្កើត…អ្វីមួយនៅក្នុងជីវិតរបស់អ្នក…ចាប់ផ្ដើមឥឡូវនេះ។ ខ្ញុំមិនបាននិយាយថា អ្នកនឹងមិនចាំបាច់ធ្វើការដើម្បីវានោះទេ ប៉ុន្តែអ្នកអាចស្រូបទាញនិងបង្កើតអ្វីដែលអ្នកចង់បានសម្រាប់ជីវិតរបស់អ្នកដោយការអភិវឌ្ឍខ្លួនទៅជាមនុស្សដែលមានសមត្ថភាពធ្វើបែបនេះយ៉ាងឆាប់រហ័សនិងងាយស្រួលបំផុត។នោះគឺជាអ្វីដែលសៀវភៅនេះកំពុងនិយាយ…ជួយឱ្យអ្នកក្លាយជាមនុស្សដែលអ្នកត្រូវក្លាយជា ដើម្បីបង្កើតគ្រប់យ៉ាងដែលអ្នកចង់បានសម្រាប់ជីវិតរបស់អ្នក។ វាគ្មានដែនកំណត់នោះទេ។

ចាប់ប៊ិក

មុននឹងអ្នកអានបន្ត សូមកាន់ប៊ិកឬខ្មៅដៃ ដូច្នេះអ្នកអាចសរសេរនៅក្នុងសៀវភៅនេះ។ នៅពេលអ្នកអាន ចូរគូសចំណាំអ្វីមួយដែលគួរឱ្យចាប់អារម្មណ៍ដែលអ្នកប្រហែលជាចង់រំឭកនៅពេលក្រោយ។ គូសបន្ទាត់ពីក្រោម គូសរង្វង់ គូសហាយឡាយ គូសចំណាំ និងកត់ត្រានៅគែម ដូច្នេះអ្នកអាចអាននៅពេលក្រោយនិងរំឭកឡើងវិញពីមេរៀន គំនិត និងយុទ្ធសាស្ត្រដ៏សំខាន់បំផុត។

ចំពោះខ្ញុំ ខ្ញុំធ្លាប់មានបញ្ហាជាមួយរឿងនេះ ដោយសារខ្ញុំជាមនុស្សចូលចិត្តស្អាតនិងចង់ឱ្យអ្វីៗរបស់ខ្ញុំមើលទៅស្អាតនិងភ្លឹង។ បន្ទាប់មក ខ្ញុំបានដឹងថា ខ្ញុំត្រូវផ្លាស់ប្តូរវា។ ឥឡូវនេះ ខ្ញុំគូសចំណាំគ្រប់សៀវភៅរបស់ខ្ញុំ ដូច្នេះខ្ញុំអាចមើលវាឡើងវិញនូវអ្វីមួយនិងនឹកឃើញគ្រប់គំនិតសំខាន់ៗបានយ៉ាងឆាប់បំផុតដោយមិនបាច់អានសៀវភៅទាំងអស់ម្តងទៀត។ ល្អណាស់! ដោយប៊ិករបស់អ្នកនៅក្នុងដៃស្រាប់ តោះចាប់ផ្ដើម! មេរៀនបន្ទាប់នៃជីវិតរបស់អ្នកគឺនិយាយពីការចាប់ផ្ដើម…។

——————————

បោះពុម្ពដោយ រោងពុម្ពព្រៃស
ភាសា ភាសាខ្មែរ
លេខកូដ A295
បារកូដ 9789924331261
ទំព័រ 217
ទំហំខ្នាត H= 20.5cm , W= 14.5cm