ប្រតិទិនទស្សនៈ ៣៦៥ ថ្ងៃ

$9.6 $8.00

Publish date: 2022-02-19

Category: Self development

Publisher: សៀវភៅជីវិត

Author Name: ឡាំ​ លីម

99 Books Available.

Description:

365 Days Philosophy Calendar​​ | Lam Lim (ឡាំ លីម)

សៀវភៅ “ប្រតិទិនទស្សនៈ ៣៦៥ថ្ងៃ” គឺជាសមិទ្ធិផលមួយដែលកើតចេញពីការប្រឹងប្រែងអាន ព្រមទាំងបទពិសោធជាក់ស្តែងខ្លះៗដែលខ្ញុំបានជួបប្រទះក្នុងជីវិតផ្ទាល់។ ខ្ញុំបានជ្រើសរើសខ្លឹមសារបីប្រភេទបញ្ចូលក្នុងសៀវភៅនេះ គឺទីមួយនិយាយអំពីទស្សនវិជ្ជាជីវិត (ការអភិវឌ្ឍន៍ខ្លួន និងភាពជាអ្នកដឹកនាំ) ទីពីរនិយាយអំពីទស្សនវិជ្ជាសាសនាខ្លះ និងទីបីនិយាយអំពីនយោបាយសង្គម។

ទស្សនវិជ្ជាជីវិត គឺជីវិតត្រូវតែប្រឹង ហើយជីវិតគឺជាការហាត់ស្លាប់។ មនុស្សដែលចេះហាត់ស្លាប់ គឺជាមនុស្សខ្លាំង។ មនុស្សខ្លាំងមិនចាំបាច់មានអាវុធអស្ចារ្យ មនុស្សខ្លាំងមិនចាំបាច់មានមាឌធំ មនុស្សខ្លាំងសុខចិត្តស្រក់ឈាម តែមិនស្រក់ទឹកភ្នែក សុខចិត្តហត់នឿយកាយ តែមិនហត់នឿយចិត្ត ហើយមនុស្សខ្លាំងនឹងរស់នៅក្នុងសភាពខ្លាំងខាងក្នុងចិត្ត មានឆន្ទៈខ្លាំង មិនងាយចុះចាញ់ បើទោះបីជាមេឃរលំភ្នំរលាយនៅចំពោះមុខ ក៏មនុស្សនៅតែមិនព្រឺព្រួចដែរ។ ភាពខ្លាំងឬខ្សោយរបស់បុគ្គលម្នាក់ សុទ្ធតែចេញពីខាងក្នុងជះទៅក្រៅទាំងអស់ (Inside-Out)។ អំណាចចេញពីក្នុងជះទៅខាងក្រៅ គឺជាទ្រឹស្តីនៃភាពជាអ្នកដឹកនាំ។ 

ខ្លឹមសារទីពីរនិងទីបី គឺនិយាយអំពីសាសនានិងនយោបាយ។ នយោបាយនិងសាសនា គឺតែងបំបែកមនុស្សក្នុងសង្គមតែមួយដែលមានឈាមជ័រតែមួយឱ្យបែកបាក់សាមគ្គីគ្នា។ មហាត្មៈ គន្ធី (Mahatma Gandhi) ពោលថា “អ្នកដែលយល់ថានយោបាយនិងសាសនា ជារឿងដាច់ដោយឡែកមិនជាប់ទាក់ទងនឹងគ្នា គឺបុគ្គលនោះពុំទាន់យល់ច្បាស់ពីនយោបាយច្បាស់នៅឡើយទេ”។ សាសនាគឺជាអាហាររបស់ចិត្ត ហើយនយោបាយគឺជាអាហារផ្លូវកាយរបស់មនុស្សក្នុងសង្គម៕

អំពីអ្នកនិពន្ធ

អំពីខ្ញុំ ឡាំ លីម បច្ចុប្បន្នខ្ញុំជាកសិករធ្វើស្រែសម្រាប់តែមួយក្រពះ និងសល់ពេលខ្លះធ្វើការងារសហគមន៍បន្តិចបន្តួចជាមួយយុវជន។ ប៉ុន្តែបើនិយាយពីមុន គឺពីឆ្នាំ២០០៩ រហូតដល់ឆ្នាំ២០១៧ ខ្ញុំធ្លាប់បម្រើការងារនៅតាមអង្គការក្រៅរដ្ឋាភិបាល សមាគមន៍ និងគ្រឹះស្ថានឧត្តមសិក្សាឯកជន។ ទំនួលខុសត្រូវរបស់ខ្ញុំភាគច្រើនពាក់ព័ន្ធនឹងការងារជាមួយយុវជន យុវវ័យ និងក្មេងៗក្រីក្រនៅតាមសហគមន៍តំបន់ដាច់ស្រយាល។ ថ្វីត្បិតតែខ្ញុំមានកំណើតនិងរស់នៅក្រុងអង្គរ សម្បូរប្រាសាទបុរណច្រើនកុះករ ព្រមទាំងមានភ្ញៀវទេសចរច្រើនដេរដាស តែខ្ញុំពុំមានបទពិសោធការងារទាក់ទងនឹងវិស័យឯកជនឬបដិសណ្ឋារកិច្ចនោះឡើយ។

ប្រហែលជាដោយសារតែខ្ញុំបម្រើការងារពាក់ព័ន្ធនឹងវ័ស័យអប់រំក្រៅប្រព័ន្ធ ការងារជាមួយយុវជន និងបានជួបប្រទះទិដ្ឋភាពលំបាកៗជាច្រើននៅតាមជនបទ ទើបធ្វើឱ្យខ្ញុំមើលឃើញពីបញ្ហាសង្គមជាក់ស្តែង ក្នុងនាមជាយុវជនម្នាក់។ ខ្ញុំចាប់ផ្តើមការងារអង្គការក្រៅរដ្ឋាភិបាលដំបូងនៅឆ្នាំ២០០៩ ក្នុងវេលាដែលខ្ញុំ ជាសិស្សថ្នាក់ទី១១ នៅឡើយ។ ខ្ញុំសកម្មជាមួយការងារច្រើនជាងការសិក្សា ដ្បិតកើតមកក្នុងត្រកូលកសិករ រស់ដោយសារស្រែ។ ពេលខ្ញុំបញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិភ្លាម ខ្ញុំមានជម្រើសរើសយកការសិក្សាថ្នាក់ឧត្តម តែស្ថានភាពគ្រួសារបង្ខំខ្ញុំឱ្យបន្តដំណើរជីវិតជួយជ្រោមជ្រែងគ្រួសាររហូតដល់ចប់ចុងចប់ដើម។ និយាយរួម ខ្ញុំយកការងារជាក់ស្តែងជាគ្រូរបស់ខ្ញុំ និងយកចៅហ្វាយនាយជាគ្រូបង្វឹកផ្ទាល់។ ថ្វីបើខ្ញុំគ្មានពេលវេលារៀននៅសាលា តែខ្ញុំមានគ្រូបរទេសដ៏អស្ចារ្យ មានខួរក្បាលឆ្លាត និងមានបទពិសោធន៍ជីវិតល្អៗ បានបង្វឹកខ្ញុំ ធ្វើជាគ្រូខ្ញុំ និងបង្រៀនមេរៀនជាក់ស្តែងជាច្រើនដល់ខ្ញុំ។ បើគ្មានគាត់ទេ ខ្ញុំក៏គ្មានថ្ងៃនេះដែរ។ និយាយពីការអប់រំផ្លូវការរបស់ខ្ញុំវិញ បច្ចុប្បន្នខ្ញុំនៅជានិស្សិតនៅឡើយទេ។

បើសួរខ្ញុំថា តើខ្ញុំមានបំណងប្រាថ្នាអ្វី? សំនួរនេះខ្ញុំពិបាកឆ្លើយ ពីព្រោះក្រែងល៎វាខុសពីចម្លើយដែលសង្គមមនុស្សទូទៅបានកំណត់។ ជីវិតខ្ញុំឥតស្រែកឃ្លាននូវភាពជោគជ័យ ឬចង់ឈ្នះចាញ់លើបុគ្គលណាទេ តែខ្ញុំគ្រាន់តែចង់ប្រើជីវិតរស់នៅឱ្យមានន័យ និងក្លាយទៅជាអ្នកចម្បាំងដែលឈ្នះខ្លួនឯងប៉ុណ្ណោះ។ ជោគជ័យរបស់ខ្ញុំ គឺជាអត្ថន័យជីវិត និងឈ្នះខ្លួនឯង។ ជីវិតដែលអាចស្វែងរកអត្ថន័យបាន លុះត្រាណាតែមានចំណេះវិជ្ជា និងឧស្សាហ៍ប្រើពេលវេលាពិចារណាលើខ្លួនឯងជាប្រចាំញឹកញាប់។ តាមរយៈបទពិសោធជីវិតជាក់ស្តែង ខ្ញុំបានរៀននូវមេរៀនជាច្រើនដែលគ្មានបង្រៀននៅសាលា។ តាមរយៈការអានសៀវភៅបន្ថែម ខ្ញុំកាន់តែយល់បន្ថែមពីខ្លួនឯង។ ទស្សនៈអំពីជីវិតទាំងអស់ដែលខ្ញុំបានហែលឆ្លងកាត់ផ្ទាល់ វាធ្វើឱ្យខ្ញុំចង់ខ្ជាក់ចេញ និងចង់ចែករំលែកដល់យុវជនក្រោយៗ។ ខ្ញុំហ៊ាននិយាយថា “ជីវិត វាលំបាកខ្លាំងណាស់ តែវារឹតតែលំបាក បើយើងមិនប្រឹងប្រែងទាល់តែសោះ”។ បទពិសោធដែលខ្ញុំទទួលបាន វាប្រៀបបាននឹងការដកដង្ហើមចូល តែសំណេរដែលខ្ញុំអត់ធ្មត់សរសេរចែករំលែកបន្ត គឺវាប្រៀបដូចជាការដកដង្ហើមចេញ។ សំណេររបស់ខ្ញុំ មានគោលបំណងតែមួយគត់ គឺចែករំលែកទស្សនៈអំពីការប្រឹងប្រែងជួយខ្លួនឯង ជួយសង្គមដោយកុំធ្វើជាបន្ទុករបស់សង្គម និងរស់នៅសាមគ្គីគ្នាក្នុងនាមជាមនុស្ស៕

ខ្នាតសៀវភៅ: 14.5 x 21.5 សង់ទីម៉ែត្រ

ទំព័រ: 417

ទំហំ: A5