វិជ្ជាមេផ្ទះ

$3.3 $2.75

Publish date: 2021-12-17

Category: Cook Books & Wine

Publisher: រោងពុម្ពព្រៃស

Author Name: គ្រឹះស្ថាន ដាំដើមជីវិត (DDJ)

99 Books Available.

Description:

ការដែល​ស្ត្រី​ខ្មែរ​សម័យបុរាណដោះអាវឬ​អត់​អាវ​ ចំហ​ដើមទ្រូង​ឱ្យ​លេច​សុដន់​ទាំង​គូ​នៅ​ទទេ​បែបនេះ គឺ​មិនមែន​មានន័យថា ស្ត្រី​ខ្មែរ​មិនចេះ​ពាក់អាវ​នោះទេ តែនោះជាការ​និយម​ឱ្យ​តម្លៃ​ជាទូទៅ​ក្នុង​ព្រះរាជ​នគរ​ខ្មែរ​បុរាណ​រហូតដល់​សម័យ​បារាំង​ចូល​ស្រុក​ទើប​ប្រពៃណី​នោះ​ក៏ត្រូវ​រអាក់រអួល​ទៅវិញ។ ផ្ទុយទៅវិញ ស្ត្រីខ្មែក្នុងពេលបច្ចុប្បន្ននេះយើងឃើញថា ក៏មានលក្ខណៈស្ទើរតែបែបនោះដែរ តែជាការពិតណាស់ វាមិនមែននិយមតាមប្រពៃណីខ្មែរទេ វាជាបរទេសនិយម។

មិនមានអ្វីគួរឱ្យរិះគន់ទេ ព្រោះវាជាសម័យអ៊ីនធើណែតទៅហើយដូច្នេះមនុស្សមានសិទ្ធិគ្រប់គ្រាន់ដើម្បីធ្វើអ្វីដែលខ្លួនគិតថា វាមិនធ្វើឱ្យខាត ប្រយោជន៍ទាំងខ្លួននិងអ្នកដទៃ។ បូករួមទាំងសម័យនេះមនុស្សចាត់ទុកថាសេដ្ឋកិច្ចគឺជាទីលានសម្រាប់ប្រយុទ្ធផងនោះ ការរកទទួលមានបានគឺជារឿងទីមួយដែលមនុស្សគ្រប់រូបប៉ងប្រាថ្នា រឿងដែលនៅសេសសល់ចាំគិតក្រោយទៀត។

ក្នុងសង្គមខ្មែរបច្ចុប្បន្ននេះ យើងឃើញមានចរន្តស្ត្រីដែលអមជាមួយ សិទ្ធិផងនោះបានបណ្ដាលឱ្យស្ត្រីខ្មែរលែងនៅតែក្នុងផ្ទះដូចកង្កែបក្នុងអណ្ដូងទៀតហើយ ពោលគឺចេញទៅធ្វើការរកស៊ី ជាអ្នកជំនួញ ជាថ្នាក់ដឹកនាំកំពូលៗដូចដែលយើងស្រាប់  សរុបមកស្ត្រីខ្មែរបានផ្លាស់ប្ដូរហើយ។

ជាមតិផ្ទាល់ខ្លួន បើទុកណានេះជាសម័យអ្វីក៏ដោយចុះ ការចេះវិជ្ជាមេផ្ទះ ជារឿងចាំបាច់ណាស់សម្រាប់ស្ត្រីគ្រប់រូបដើម្បីជាកាតាលីករបង្កសុភមង្គលដល់គ្រួសារ ព្រោះស្ត្រីជាមេធាតុសំខាន់ក្នុងគ្រួសារ ដូចពាក្យបុរាណថា«ស្លាប់បា កុំឱ្យស្លាប់មេ លេចទូកកណ្ដាលទន្លេ កុំឱ្យភ្លើងឆេះផ្ទះ»។

សៀវភៅដែលលោកអ្នកនាងកាន់នៅក្នុងដៃនេះនឹងបានចូលរួមជាប្រយោជន៍សាធារណៈដល់ស្ត្រីទាំងឡាយក្នុងផ្នែកខ្លះបើមិនច្រើនក៏តិចដែរ។

តើស្ត្រីពិតជាមានតម្លៃគួរឱ្យពិភពលោកយកចិត្តទុកដាក់អ្វីខ្លះ?

ឆ្លងតាមប្រវត្តិសាស្ត្រ(សង្គម វប្បធម៌ នយោបាយ ប្រពៃណី ទំនៀម) ខ្មែរបានបញ្ជាក់ថា​ ស្ត្រីខ្មែរមានគុណសម្បត្តិធំធេងដែលគួរឱ្យស្ញប់ស្ញែងជាច្រើនដូចជា៖

ក.ស្ត្រីខ្មែរគឺជាអ្នកជំនួញដ៏ឆ្លាតវៃ ស្ត្រីខ្មែរភាគច្រើនមិនថាចាស់ក្មេងនោះទេមិនសូវទុកពេលទំនេរឥតប្រយោជន៍ឡើយ។ ក្រៅពីភារៈថែរក្សាទ្រព្យសម្បត្តិនិងអប់រំកូនចៅ បើទោះណាជាមានការមមាញឹកយ៉ាងណាក៏ដោយ ក៏ស្ត្រីនៅឆ្លៀត​ពេល​រកស៊ីលក់ដូរនៅផ្ទះជួយបន្ថែមប្រាក់ចំណូលស្វាមីដែរ។ ស្ត្រីខ្លះលក់គ្រឿងទេស ខ្លះលក់នំចំណី ខ្លះធ្វើការងារ​សិប្បកម្ម ។ល។

ខ.ស្ត្រីខ្មែរគឺជាភរិយាដ៏ល្អរបស់ស្វាមី ក្រៅពីការថែទាំទ្រព្យសម្បត្តិនិងកូនចៅស្រ្តីខ្មែរនៅមានភារៈ​យកចិត្ត​ទុកដាក់​ចំពោះប្តីថែមទៀតផង។ ស្ត្រីខ្មែរតែងតែដើរតួនាទីជាអ្នកប្រឹក្សាយោបល់របស់ប្តី ជាអ្នកលើកទឹកចិត្តប្តី​នៅគ្រប់​កាលៈទេសៈ​ទាំងអស់ ជាពិសេសពេលដែលប្តីមានជួបឧបសគ្គក្នុងមុខរបរ។ ពេលខ្លះស្ត្រីហ៊ានទាំងចូលរួមអារកាត់ក្នុងមុខរបរប្តីថែម​ទៀតផង។

គ.ស្រ្តីខ្មែរគឺជាមាតាដ៏ល្អរបស់កូន ពេលឪពុកទៅធ្វើការនៅឯក្រៅបាត់ មានតែម្តាយប៉ុណ្ណោះដែលនៅជិតកូន ដឹងចិត្ត​កូន និងចេះជួយអប់រំ ឧបត្ថម្ភ និងលើកទឹកចិត្តកូនគ្រប់បែបយ៉ាងដើម្បីឱ្យកូនបានក្លាយជាមនុស្សល្អនិងទទួលបាន​ជោគជ័យនៅក្នុងសង្គម។

ង.ស្ត្រីខ្មែរគឺជាអ្នកប្រកាន់ខ្ជាប់នូវគោលការណ៍សីលធម៌របស់ព្រះពុទ្ធសាសនា ស្ត្រីខ្មែរភាគច្រើន​តែមាន​ចិត្តជ្រះ​ថ្លានៅក្នុងការដាក់ទាន ការជួយសង្គ្រោះអ្នកដទៃឱ្យបានសុខ។ ស្ត្រីខ្មែរច្រើនតែមានព្រហ្មវិហារធម៌ចំពោះកូន ស្វាមីក៏ដូច​ជា​អ្នកដទៃ។ ស្ត្រីខ្មែរតែងរាប់បាត រក្សាសីលបានយ៉ាងខ្ជាប់ខ្ជួន។

ច.ស្ត្រីខ្មែរគឺជាកងជីវពលដ៏ក្លាហានរបស់ជាតិ ស្ថិតក្នុងស្ថានភាពប្រទេសកើតសង្គ្រាម ស្ត្រីខ្មែរតែងស្ម័គ្រចិត្តជួយ រាប់​រងឧបត្ថម្ភស្បៀងអាហារ នានាជូនដល់សមរភូមិមុខ ស្ត្រីខ្លះចូលខ្លួនក្នុងការធ្វើជាទាហានដើម្បីវាយ​ខ្មាំង​សត្រូវ​ឈ្លានពានឱ្យខ្ចាត់ខ្ចាយ។ ដូចជាសម័យលង្វែកនិងឧត្តុង្គជាដើម ស្ត្រីសម័យនោះសុខចិត្តកាត់សក់ខ្លីធ្វើជាបុរស បន្លំភ្នែកសត្រូវ វាយទ័ព​សៀម ឱ្យខ្ចាត់ខ្ចាយទៅ។ បើទោះណាជាបុរសត្រូវបានពួកសត្រូវសម្លាប់ចោលច្រើនយ៉ាងណាក៏ដោយក៏​ស្ត្រី​ខ្មែរ​មិនរួញរាក្នុងការការពារជាតិឡើយ។

ឆ.ស្ត្រីខ្មែរគឺជាអ្នកទាមទារសេរីភាពដ៏សកម្មរបស់ជាតិ ស្ថិតក្នុងស្ថានភាពជួបនូវវិបត្តិសង្គមឬរឿងអយុត្តិធម៌​ក្នុង​សង្គមស្ត្រី ខ្មែរតែងចេញមុខតវាជានិច្ចដើម្បីទាមទារឱ្យបាននូវយុត្តិធម៌សង្គម។

ជ.ស្ត្រីខ្មែរគឺជាក្តីសង្ឃឹមរបស់បុរស ទីណាដែលមានស្ត្រីគឺទីនោះតែងតែមានក្តីសង្ឃឹម មានក្តីញញឹម និងការជឿជាក់​សម្រាប់បុរស ព្រោះថាស្ត្រីខ្មែរគឺជាអ្នកដែលមានសិល្បៈខ្ពស់ក្នុងការចរចាក៏ដូចជាការលើកទឹកចិត្ត។ ក្រុមហ៊ុនដែល​ឈានមុខនៅលើទីផ្សារ គេច្រើនយកស្ត្រីសម្រាប់ធ្វើជាអ្នក ទំនាក់ទំនងដូចការងារទទួលភ្ញៀវ ការងារលេខាធិការ និងការងារ​លក់ដូរជាដើម ព្រោះថាស្ត្រីខ្មែរមានសិល្បៈខាងការរៀបចំតុបតែង មានដំណើរទន់ភ្លន់ និងចេះប្រើពាក្យពេចន៍ សុភាព​រាបសា ព្រមទាំងមានភាពឈ្លាសវៃនៅក្នុងទំនាក់ទំនងជាដើម។

ឈ.ស្ត្រីខ្មែរគឺជាកម្លាំងដ៏មុតស្រួចរបស់សហគមន៍ក៏ដូចជាប្រទេសជាតិ ស្ត្រីខ្មែរមានចំនួនច្រើនជាងបុរស ជា​មនុស្សឧស្សាហ៍ព្យាយាមនៅក្នុងការងារ។ ការងារដែលស្ត្រីខ្មែរធ្វើមានដូចជាការងារសិល្បៈ កសិកម្ម ឧស្សាហកម្ម សេវាកម្ម ​ទេសចរណ៍ ពាណិជ្ជកម្មខ្នាតតូច សេវាអប់រំ សិប្បកម្មជាដើម។ ដែលការងារទាំងអស់នេះសុទ្ធតែអាចផ្តល់​កំណើនខ្ពស់ដល់សេដ្ឋកិច្ចជាតិ។

ញ.ស្ត្រីខ្មែរគឺជាគ្រូបង្រៀនរបស់ជាតិ ស្ត្រីខ្មែរគឺជាមនុស្សសក្តិសមទីមួយនៅក្នុងវិស័យអប់រំនៅបឋមសិក្សា។ ការ​អប់រំ​មនុស្សគឺជាកិច្ចការសំខាន់ដែលមិនអាចខ្វះបាន។ ការអប់រំកុមាររឹតតែសំខាន់ណាស់ទៅទៀត មិនខុសពីការដាំដើម​រុក្ខជាតិឡើយ គឺដើម្បីបានឈើល្អ យកទៅប្រើប្រាស់ គេត្រូវតែមានបច្ចេកទេសដាំដើមឈើឱ្យបានល្អតាំងតែពីតូចទៅ។ ការអប់រំកុមារគឺមាន ការពឹងពាក់ច្រើនទៅលើស្ត្រី ព្រោះថាស្ត្រីមានភាពទន់ភ្លន់ជាងបុរស មានភាព អត់ធន់ក្នុងការងារផង​ទាំងពួងជាពិសេសជាមួយនឹងក្មេង។

ដ.ស្ត្រីខ្មែរជាអ្នកឈានមុខគេនៅក្នុងកិច្ចថែរក្សាវប្បធម៌ មិនថាការងារ សិប្បកម្ម ការងារសិល្បៈ ចរិយាមារយាទ សម្ដីសំដៅ ការស្លៀកពាក់។ល។ គឺស្ត្រីមានភាពសកម្មនៅក្នុងការថែរក្សាក្នុងសភាព ជាអត្តសញ្ញាណរបស់ជាតិ។ របាំអប្សរាគឺបានក្លាយជាសម្បត្តិបេតិកភណ្ឌអរូបិយ​របស់ពិភពលោកក៏ព្រោះ តែមានស្ត្រីជាអ្នកចូលរួមការពារ។

សរុបមកវិញ ស្ត្រីគឺពិតជាមានតម្លៃដ៏ធំធេងសម្រាប់សង្គម ប្រទេសជាតិ ក៏ដូចជាពិភពលោកទាំងមូល។ យើងទាំងអស់​គ្នា​គួរតែនាំគ្នាលើកស្ទួយតម្លៃស្ត្រីឱ្យបានខ្ពស់ស្មើនឹងបុរស។ យើងគួរតែយល់ដឹងឱ្យច្បាស់ពីសុខទុក្ខរបស់ស្ត្រីនិងចេះផ្តល់​ឱកាសឱ្យស្ត្រីមានលទ្ធភាពនៅក្នុងការកសាងពិភពលោក ប៉ុន្តែស្ត្រីខ្លួនឯងក៏ត្រូវចេះលើកតម្លៃខ្លួនឯងដែរ។

ទំព័រ 166
ទំហំខ្នាត H= 20.5cm , W= 14.5cm