សិល្បៈនៃការបង្រៀន

$3.3 $2.75

Publish date: 2021-12-17

Category: Education & Exam preparation

Publisher: រោងពុម្ពព្រៃស

Author Name: គ្រឹះស្ថាន ដាំដើមជីវិត (DDJ)

99 Books Available.

Description:

ចំណេះដឹងមួយចំនួន មនុស្សយើងអាចរៀនបានដោយខ្លួនឯងដោយមិនចាំបាច់មានអ្នកបង្រៀនពីបទពិសោធដោយផ្ទាល់ទេ ដូចជា ដឹងថាភ្លើង ក្ដៅ ព្រោះបានប៉ះភ្លើងដោយផ្ទាល់ ដឹងថាជូរ ផ្អែម ព្រោះធ្លាប់ភ្លក្សរសជាតិជូររបស់ក្រូចឆ្មារ ក្រូច និងរសជាតិផ្អែមរបស់ស្ករដោយផ្ទាល់រួចមកហើយ​។​អ្នកអាចសិក្សាពីការសាកល្បងបានដោយខ្លួនឯងមិនចាំបាច់មានអ្នកបង្រៀន ដោយសិក្សាពីការបានឮ ស្តាប់ មើលឃើញ និងអាន ដែលមនុស្សជំនាន់មុនហៅថាស្វ័យសិក្សាតាមរយៈសុ.ចិ.បុ.លិ. ស្ដាប់ សួរ (និយាយ) គិត សរសេរ ដោយពឹងទៅលើពេលវេលា ការព្យាយាម ការពិសោធស្រាវជ្រាវ ចេះវិភាគ សំយោគចំណេះដឹងនិងបទពិសោធដែលបានអភិវឌ្ឍរហូតក្លាយជាចំណេះដឹងថ្មីឡើង នឹងធ្វើឱ្យមនុស្សធម្មតាក្លាយជាអ្នកប្រាជ្ញបានដោយមិនបាច់ចូលរៀននៅក្នុងស្ថាប័នអប់រំរហូតដល់ចប់បរិញ្ញាបត្រ អនុបណ្ឌិត ឬបណ្ឌិតឡើយ។

ផ្លូវកាត់ដែលធ្វើឱ្យមនុស្សយើងក្លាយជាអ្នកដែលមានចំណេះដឹងបានឆាប់រហ័ស គឺការចូលរៀនតាមកន្លែងសិក្សានិងស្ថាប័នសិក្សាផ្សេងៗដែលសក្តិសមនឹងវ័យនិងមានគ្រូដែលចេះបង្រៀន បង្រៀនល្អ និងពូកែបង្រៀនចាំអប់រំទៀតផង ដែលនោះនឹងជួយឱ្យសិស្សមានកម្លាំងជំរុញចិត្តចង់ក្លាយជាមនុស្សល្អ មនុស្សពូកែ មានការពុះពារព្យាយាម មានសម្មាអាជីវៈ(ការចិញ្ចឹមជីវិតត្រូវ)ធ្វើឱ្យជីវិតរីកចម្រើន ព្រមទាំងចាំនូវការបង្រៀនរបស់គ្រូទុកនៅក្នុងការចងចាំរបស់សិស្សដោយមិនអាចបំភ្លេចបានឡើយ។ ពេលដែលមានឱកាសសមរម្យ សិស្សនឹងបង្ហាញនូវភាពកតញ្ញូចំពោះគ្រូបាអាចារ្យដែលខ្លួនគោរពនិងស្រឡាញ់ទាំងនោះ។

សៀវភៅសិល្បៈនៃការបង្រៀនមួយក្បាលនេះ ជាវិធីបង្រៀនដែលកើតឡើងពីបទពិសោធរួមជាមួយនឹងទ្រឹស្ដី ព្រមទាំងមានឧទាហរណ៍ដែលធ្លាប់ប្រើបានផលរួចមកហើយនៅក្នុងនោះ ដែលជួយឱ្យមិត្តអ្នកអានយល់បានច្បាស់និងអាចយកទៅអនុវត្តបានភ្លាម​ៗ​។ វាសក្តិសមសម្រាប់អ្នកដែលមានអាជីពជាសាស្ត្រាចារ្យ គ្រូបង្រៀន អ្នកអបរំ និងអ្នកដែលចាប់អារម្មណ៍នឹងការបង្រៀន ការផ្តល់ចំណេះដឹងដល់សិស្ស និស្សិត និងប្រជាជនទូទៅគ្រប់ភេទគ្រប់វ័យ ដែលមានបំណងចង់សិក្សានិងអភិវឌ្ឍខ្លួនឱ្យក្លាយជាអ្នកដែលចេះបង្រៀន បង្រៀនល្អ ពូកែបង្រៀនតទៅទៀត។

ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា សៀវភៅមួយក្បាលនេះនឹងមានចំណែកដ៏សំខាន់ក្នុងការជួយឱ្យអ្នកចេះបង្រៀន បង្រៀនល្អ និងពូកែបង្រៀនបានសមដូចបំណង។ ជាងនេះទៅទៀត សង្ឃឹមថាសៀវភៅនេះនឹងចូលរួមចំណែកយ៉ាងសកម្មក្នុងការជួយដល់កំណែទម្រង់ក្នុងវិស័យអប់រំ ដែលរាជ រដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ជាអាទិភាពក្នុងដំណាក់កាលចុងក្រោយនេះ។

ខ្ញុំតាំងនាមឱ្យគណៈកម្មការដាំដើមជីវិត សូមឧទ្ទិសស្នាដៃនេះជូនដល់បុព្វការីរបស់យើងខ្ញុំទាំងអស់គ្នាឱ្យជួបតែសុខសន្តិភាពកុំបីអាក់ខាន ក៏ដូចជាបុព្វការីរបស់មិត្តអ្នកអានគ្រប់រូបផងដែរ និងសូមឱ្យជាតិ សាសនា និងព្រះមហាក្សត្ររបស់យើងទាំងអស់គ្នាតាំងនិងគង់នៅជានិរន្តរ៍។

ទំព័រ 168
ទំហំខ្នាត H= 20.5cm , W= 14.5cm