ការល្បងបរិយាយ១០០ទស្សនៈដើម្បីបង្កើនគុណតម្លៃជីវិត

$6 $5.00

Publish date: 2022-03-20

Category: Critical Thinking and Analyze

Publisher: ហាតប៊ុក

Author Name: ក្រុមការងារ អ្នករៀបរៀងហាតប៊ុក

99 Books Available.

Description:

ទស្សនៈគឺគ្រាន់តែជាប្រយោគខ្លីៗ ប៉ុន្តែអត្ថន័យរបស់វាអាចនឹងបង្កប់នូវខ្លឹមសារយ៉ាងជ្រាលជ្រៅដែលយើងអាចយកទៅគិតពិចារណា វិភាគ និងអនុវត្តបាននៅក្នុងផ្នែកជាច្រើននៃជីវិតរបស់មនុស្សយើងម្នាក់ៗ។ ប្រសិនបើបងប្អូនមិនជឿការលើកឡើងមួយនេះទេ សៀវភៅមួយចំណងជើងនេះគឺជាភស្តុតាងដែលអាចសំអាងអំពីគុណតម្លៃដ៏ពិតប្រាកដនៃទស្សនៈនីមួយៗបាន។

ការល្បងបរិយាយ១០០ទស្សនៈដើម្បីបង្កើនគុណតម្លៃជីវិត បានប្រមូលផ្ដុំទស្សនៈល្អៗដែលសុទ្ធសឹងបង្កប់នូវអត្ថន័យជ្រាលជ្រៅរហូតដល់១០០ ដែលទស្សនៈស្ទើរតែទាំងអស់ត្រូវបានលើកឡើងដោយបុគ្គលល្បីៗជាច្រើននៅជុំវិញពិភពលោក មកពីគ្រប់វិស័យទាំងអស់ ទាំងវិស័យតែងនិពន្ធការអប់រំ និងនយោបាយជាដើម ហើយយើងបានល្បងបកស្រាយអត្ថន័យនៃទស្សនៈទាំងនោះជាអត្ថបទរាយ ដែលភាគច្រើនគឺមានប្រវែងមួយទំព័រ​។ មូលហេតុដែលយើងប្រើពាក្យថា"ល្បងបរិយាយ" ក៏ដោយសារតែហេតុផលដូចដែលបានបញ្ជាក់ពីខាងដើមអ៊‌ីចឹងថា គ្រប់ទស្សនៈទាំងអស់គឺគ្រាន់តែជាប្រយោគខ្លី ប៉ុន្តែអត្ថន័យរបស់វាសុទ្ធសឹងបង្កប់នូវខ្លឹមសារយ៉ាងជ្រាលជ្រៅ ដែលពេលខ្លះ វាអាចនឹងទាមទារការវិភាគវែកញែកជាច្រើនលើកច្រើនសា ហើយទស្សនៈខ្លះទៀតអាចនឹងមានន័យបង្កប់ច្រើនជាងមួយក៏ថាបាន។ អាស្រ័យហេតុនេះ ទើបក្រុមការងាររបស់យើងមិនអាចធានាបានឡើយថា ការបកស្រាយរបស់យើងចំពោះអត្ថន័យនៃទស្សនៈទាំង១០០នេះសុទ្ធសឹងតែត្រឹមត្រូវទាំងស្រុងឡើយ ប៉ុន្តែយើងជឿជាក់ថា ការល្បងបរិយាយទាំងនេះនឹងផ្ដល់ឱ្យបងប្អូនអ្នកអាននូវគំនិតល្អៗសម្រាប់​ទុកជាគតិនៅក្នុងរស់នៅ សំដៅបង្កើនគុណភាពជីវិត ដូចទៅនឹងអ្វីដែលចំណងជើងបានបញ្ជាក់។ ម៉្យាងទៀត តាមរយៈការល្បងបរិយាយអត្ថន័យរបស់ទស្សនៈទាំងនេះ វានឹងជួយបើកផ្លូវឱ្យបងប្អូនអាចគិតពិចារណាបានកាន់តែស៊ីជម្រៅជាងមុន ព្រមទាំងអាចវិភាគអត្ថន័យរបស់ ទស្សនៈទាំងឡាយបានកាន់តែត្រឹមត្រូវផងដែរ។

ចំណុចដែលគួរឱ្យចាប់អារម្មណ៍មួយទៀតនោះគឺ សៀវភៅនេះបានប្រមូលផ្ដុំទស្សនៈរហូតដល់១០០។ តើបងប្អូនដឹងថា ដោយសារតែមូលហេតុអ្វីដែរឬទេ? ដោយសារតែសៀវភៅមួយចំណងជើងនេះ គឺជាសៀវភៅដែលមានលេខរៀងទី១០០របស់គ្រឹះស្ថានហាតប៊ុក ដូច្នេះ ដើម្បីជាការបង្ហាញនូវសក្តានុពលនិងឆន្ទៈរបស់ក្រុមការងារនៃគ្រឹះស្ថានរបស់យើង ជាពិសេសគឺការបង្ហាញ បងប្អូនឱ្យបានឃើញកាន់តែច្បាស់អំពីគោលដៅនិងបេសកកម្មរបស់យើង​នៅក្នុងការចែករំលែកចំណេះដឹងល្អៗដែលប្រកបដោយគុណតម្លៃទៅដល់បងប្អូនអ្នកអាននៅគ្រប់មជ្ឈដ្ឋានតាមរយៈការអាននិងការសរសរ ក្រុមអ្នកសរសេររបស់យើងទាំងអស់ដែលមានសមាជិករហូតដល់ទៅ៦៣នាក់បានសហការស្រាវជ្រាវនិងរៀបរៀងសៀវភៅនេះឡើង។ ក្នុងនោះដែរ យើងបានដាក់ជូនជាសាធារណៈជាលក្ខណៈសៀវភៅអេឡិចត្រូនិក (Ebook) ដើម្បីអាចឱ្យបងប្អូនអាចទាញយក មកអានដោយឥតគិតថ្លៃផងដែរ។