ហេតុអ្វីត្រូវសិក្សាមុខវិជ្ជាទាំងនេះ?

$6 $5.00

Publish date: 2022-03-20

Category: General knowledge

Publisher: ហាតប៊ុក

Author Name: ក្រុមការងារ អ្នករៀបរៀងហាតប៊ុក

99 Books Available.

Description:

"ហេតុអ្វីសិក្សាមុខវិជ្ជាទាំងនេះ?" មិនមែនជាសៀវភៅទ្រឹស្ដីឬលំហាត់នោះទេ ប៉ុន្តែវាគឺជាឯកសារជំនួយស្មារតីសម្រាប់ប្អូនៗសិស្សានុសិស្សកម្រិតមធ្យមសិក្សាក្នុងការឈ្វេងយល់ពីមូលហេតុដែលយើងត្រូវសិក្សាមុខវិជ្ជាចំនួន១២នៅក្នុងថ្នាក់រៀនរបស់យើងសព្វថ្ងៃនេះ។

យើងប្រហែលជាធ្លាប់បានឮហើយថា នៅក្នុងការធ្វើកិច្ចការអ្វីក៏ដោយ ប្រសិនបើយើងបានដឹងពីបុព្វហេតុឬគោលបំណងនៃការធ្វើកិច្ចការមួយនោះ យើងប្រាកដជាមានកម្លាំងចិត្តនឹងធ្វើវាឱ្យបាន ល្អបំផុត។ នៅក្នុងការសិក្សា ក៏ដូច្នឹងដែរ។ បើតាមការកត់សម្គាល់ មើលជាទូទៅ ក្រៅពីកម្រិតនៃភាពលំបាករបស់មុខវិជ្ជានីមួយៗ សិស្សានុសិស្សភាគច្រើនហាក់មិនសូវចាប់អារម្មណ៍នឹងអ្វីដែលខ្លួនកំពុងសិក្សា ព្រោះពួកគេមិនដឹងថា ពួកគេត្រូវសិក្សាមុខវិជ្ជាទាំងនោះដើម្បីអ្វីឬអាចយកទៅប្រើប្រាស់បានដោយរបៀបណានៅក្នុងជីវិតជាក់ស្ដែង។ អាស្រ័យដោយបានឃើញនូវភាពលំបាកមួយនេះហើយ ទើបក្រុមការងារហាតប៊ុករបស់ខិតខំស្រាវជ្រាវនិងរៀបរៀងសៀវភៅមួយចំណងជើងនេះឡើង ដើម្បីជាជំនួយផ្នែកស្មារតីឱ្យប្អូនៗសិស្សានុសិស្សងាកមកយកចិត្តទុកដាក់លើការសិក្សាតាមមុខវិជ្ជានីមួយៗវិញ។

ប៉ុន្តែអ្វីដែលយើងចង់បញ្ជាក់ឱ្យបងប្អូនអ្នកអានបានដឹងនោះ គឺសៀវភៅមួយចំណងជើងនេះមិនមែនជាសៀវភៅទ្រឹស្តីឬលំហាត់ដែលបកស្រាយលម្អិតពីខ្លឹមសារមេរៀននៅក្នុងមុខវិជ្ជានីមួយៗនោះទេ។ អ្វីដែលយើងលើកយកមកបង្ហាញនៅក្នុងសៀវភៅនេះ គឺផ្ដោតសំខាន់លើមូលហេតុនិងការយកចំណេះដឹងដែលទទួលបានពីការសិក្សាមុខវិជ្ជានីមួយៗនោះមកអនុវត្តក្នុងជីវភាពរស់នៅជាក់ស្ដែង​។ អាស្រ័យហេតុនេះ នៅក្នុងចំណុចនីមួយៗ យើងមិនបានបកស្រាយលម្អិតអំពីទ្រឹស្ដីឬលំហាត់អ្វីនោះទេ។ យើងគ្រាន់តែពន្យល់ឱ្យបងប្អូនដឹងថា មុខវិជ្ជាមួយនេះគឺជាអ្វី ហើយយើងនឹងបានសិក្សាអ្វីពីវាខ្លះរួចយកវាទៅប្រើប្រាស់ដោយរបៀបណា។

ក្នុងនោះ ចំពោះមុខវិជ្ជាមួយចំនួននៃវិទ្យាសាស្រ្តពិតដែលមានការបែងចែកសាខាឬមុខវិជ្ជារងតូច​ៗជាច្រើន យើងបានលើកយកតែសាខាឬមេរៀនគោលមួយចំនួនមកបង្ហាញតែប៉ុណ្ណោះ ពុំអាចលើកយកគ្រប់មេរៀនឬចំណុចមកបង្ហាញបាននោះទេ។ អ្វីដែលជាចំណុចសំខាន់ សៀវភៅមួយនេះទាមទារឱ្យបងប្អូនអ្នកអានមានចំណេះដឹងជាមូលដ្ឋានអំពីគ្រប់មុខវិជ្ជាឬជាសិស្សកម្រិតមធ្យមសិក្សាដោយផ្ទាល់ ទើបងាយយល់ខ្លឹមសារនៃសៀវភៅមួយចំណងជើងនេះ។ ដូចដែលបានលើកឡើងខាងលើម្ដងរួចទៅហើយថា យើងជឿជាក់ថា សិស្សានុសិស្សនឹងកាន់តែខំប្រឹងប្រែងជាងមុននៅពេលដែលពួកគេបានឈ្វេងយល់ពីមូលហេតុដែលពួកគេត្រូវសិក្សាមុខវិជ្ជាណាមួយ ដូច្នេះ បើទោះបីជាយើងមិនបានលើកយកគ្រប់ចំណុចមកបង្ហាញ ក៏ខ្លឹមសារនៅក្នុងសៀវភៅមួយនេះអាចដាស់អារម្មណ៍របស់ពួកគេឱ្យយល់ថា អ្វីដែលពួកគេកំពុងសិក្សានៅពេលនេះ មិនមែនជារឿងអត់ប្រយោជន៍នោះឡើយ ដូច្នេះពួកគេនឹងកាន់តែខិតខំប្រឹងប្រែងសិក្សារៀនសូត្រឬស្រាវជ្រាវបន្តពីលើអ្វីដែលសៀវភៅមួយចំណងជើងនេះមិនបានបង្ហាញ។