ចិត្តវិទ្យាជំរុញចិត្តមនុស្ស ព្រមធ្វើការឱ្យយើង ដោយពេញចិត្តនិងមានកម្លាំងជំរុញចិត្តដ៏ក្លៀវក្លា

$6 $5.00

Publish date: 2021-12-17

Category: Management and Leadership

Publisher: រោងពុម្ពព្រៃស

Author Name: គ្រឹះស្ថាន ដាំដើមជីវិត (DDJ)

99 Books Available.

Description:

អារម្ភកថា

ចិត្តវិទ្យាជំរុញចិត្តមនុស្សព្រមធ្វើការឱ្យយើង  ដោយពេញចិត្តនិងមានកម្លាំងជំរុញចិត្តដ៏ក្លៀវក្លា 

ដល់ពេលសាងកម្លាំងចិត្តឱ្យអ្នកដទៃហើយ!

ចូរកុំទាន់ជឿនូវអ្វីដែលអ្នកបានអាននៅក្នុងសៀវភៅមួយក្បាលនេះទាំងអស់ឱ្យសោះ  ទោះបីជាទាំង១០០វិធីនេះសរសេរឡើងពីបទពិសោធពិតក្នុងការអប់រំនិងការធ្វើជាទីប្រឹក្សារបស់ខ្ញុំក៏ដោយ ប៉ុន្តែអ្នកនឹងមិនបានអ្វីឡើយពីការព្យាយាមសម្រេចចិត្តថា តើនឹងជឿរឿងទាំងនេះល្អដែរឬទេ ព្រោះការជឿមិនមែនជាវិថីនាំអ្នកឆ្ពោះទៅរកជោគជ័យទេ ប៉ុន្តែការ«អនុវត្ត» ទៅវិញទេដែលនឹងនាំអ្នកឆ្ពោះទៅរកជោគជ័យ។

ចូរយកនូវវិធីជំរុញចិត្តអ្នកដទៃទាំង១០០វិធីដែលបានឆ្លងកាត់ការសាកល្បងនិងពិសោធរួចមកហើយនេះមកសាកល្បងអនុវត្តឱ្យបានច្រើនហើយពិចារណាមើលថា តើអ្នកបានទទួលប្រយោជន៍អ្វីខ្លះ? និងវាយតម្លៃពីលទ្ធផលដែលអ្នកបានទទួលផង ព្រោះវានឹងធ្វើឱ្យអ្នកបានទទួលនូវអ្វីដែលចង់បានយ៉ាងពិតប្រាកដនោះគឺ បណ្ដាសមាជិកនៅក្នុងក្រុមរបស់អ្នកនឹងមានកម្លាំងជំរុញចិត្តក្នុងការធ្វើការងារដោយពេញចិត្តនិងគ្មានការបង្ខំអ្វីទាំងអស់។

មនុស្សភាគច្រើនដែលយើងបានជួប រមែងធ្វើរឿងដែលគ្មានលទ្ធ​ផល ព្រោះពួកគេព្យាយាមសាងកម្លាំងជំរុញចិត្តឱ្យអ្នកដទៃដោយការបញ្ជូនភាពខ្វល់ខ្វាយរបស់ខ្លួនទៅឱ្យមនុស្សទាំងនោះ ដូចគ្នានឹងឪពុកម្ដាយឬអាណាព្យាបាលដែរ ដែលតែងតែធ្វើដូច្នេះចំពោះកូនចៅរបស់ខ្លួន។ បណ្ដាអ្នកគ្រប់​-គ្រងនិងអ្នកដឹកនាំក្រុមក៏ដូចគ្នា ពួកគេខ្វល់ខ្វាយទាក់ទងនឹងលទ្ធផលការងារមិន​ល្អនៃកូនក្រុមរបស់ខ្លួន រួចបានបញ្ជូនភាពខ្វាយខ្វល់ទាំងនេះទៅឱ្យមនុស្សទាំងនោះរហូតដល់ធ្វើឱ្យពួកគេមានអារម្មណ៍តានតឹងនិងខ្វល់ខ្វាយតាមនោះដែរ​។

ការបញ្ជូនភាពខ្វល់ខ្វាយរបស់អ្នកទៅឱ្យអ្នកដទៃ វាគ្រាន់តែជាការជំរុញឱ្យពួកគេដកខ្លួនចេញឆ្ងាយពីអ្នកឱ្យបានឆាប់រហ័សតាមដែលអាចធ្វើបានប៉ុណ្ណោះ វាមិនបានសាងកម្លាំងជំរុញចិត្តឱ្យពួកគេធ្វើនូវអ្វីដែលអ្នកចង់ឱ្យពួកគេធ្វើពិតប្រាកដឡើយ ហើយថែមទាំងមិនអាចជួយឱ្យអ្នកទាំងនោះទាញយកសក្ដានុពលដ៏ល្អបំផុតរបស់ខ្លួនចេញមកប្រើជាប្រយោជន៍បានទៀតផង​។

ប្រធានក្រុមឬអ្នកគ្រប់គ្រងទាំងឡាយតែងតែបន្ទោសកូនចៅរបស់ខ្លួនដែលមិនអាចលក់បានច្រើន តែតាមពិតទៅវាគឺជាការទទួលខុសត្រូវរបស់អ្នកគ្រប់គ្រងទៅវិញទេ។ បណ្ដា CEO តែងតែបន្ទោសអ្នកគ្រប់គ្រង ប៉ុន្តែអ្វីដែលគួរបន្ទោស គឺបន្ទោសខ្លួនឯងទើបត្រូវ។ ពួកគេបានហៅទីប្រឹក្សាមកជួបដោយអាការៈព្រួយបារម្ភ ដើម្បីនិយាយពីរឿងតួលេខនៃប្រាក់ចំណូលផ្សេងៗ បន្ទាប់មកក៏សួរថា «តើយើងគួរប្រើវិធីរបស់FISH[1] ឬទេ? តើលោកណែនាំឱ្យយើងប្រើវិធីរបស់ FISH ឬទេ?»។

«FISH» គឺជាគោលការណ៍ទាក់ទងនឹងការអប់រំដ៏ល្បីល្បាញពេញនិយមនិងមានប្រយោជន៍ជាខ្លាំងក្នុងការសាងកម្លាំងជំរុញចិត្តដល់បុគ្គលិកនិងផ្តោតសំខាន់ទៅលើអតិថិជន។ ប៉ុន្តែ សៀវភៅមួយក្បាលនេះមិនបានណែនាំពីវិធីរបស់ FISH ទេ គឺគ្រាន់តែណែនាំពីការសង្កេតទាក់ទងនឹងវា ឬ «ត្រី»។ យើងតែងតែដាស់តឿនអ្នកគ្រប់គ្រងក្រុមការងារដែលគ្មានប្រសិទ្ធភាពថា «ត្រីចាប់ផ្តើមរលួយចាប់ពីផ្នែកក្បាលចុះទៅ» នេះហើយគឺ FISH តាមបែបរបស់យើង។

បើអ្នកគឺជាអ្នកដឹកនាំដែលត្រូវការសាងកម្លាំងជំរុញចិត្តដល់អ្នកដទៃ ដំណាក់កាលដំបូងដែលអ្នកត្រូវធ្វើគឺត្រូវគិតថា «ពេលដែលមានបញ្ហា ខ្ញុំក៏ជាមេបញ្ហាដែរ»។ ពេលដែលអ្នកយល់ពីចំណុចនេះបានច្បាស់ហើយ អ្នកនឹងអាចប្រើវិធីទាំង១០០នេះបានហើយ។

មានពាក្យសម្ដីជំទាស់មួយចំនួន ប៉ុន្តែមានភាពសំខាន់ជាខ្លាំង ព្រោះជួយឱ្យការបង្ហាត់ការងារនិងការផ្ដល់ពាក្យពិភាក្សារបស់យើងមិនច្រំដែលនិងអាចធ្វើឱ្យទទួលបានជោគជ័យបាននៅកន្លែងដែលមិនធ្លាប់ទទួលបានជោគជ័យទៀតផង។

ពាក្យសម្ដីប្រឆាំងដែលបាននិយាយនេះ ៖

១. បើអ្នកចង់ធ្វើការងារឱ្យបានសម្រេចកាន់តែច្រើន

…ចូរធ្វើមួយៗ

២. បើអ្នកចង់បង្ហាញពីបញ្ហារបស់អ្នកទៅកាន់អ្នកកដទៃ

…ចូរឈប់និយាយ

៣. បើអ្នកចង់ធ្វើឱ្យតួលេខទៅដល់គោលដៅកាន់តែឆាប់រហ័ស

…ចូរកុំយកចិត្តទុកដាក់ខ្លាំងពេក ហើយមើលថាវាគឺជារឿងសប្បាយ

៤. បើអ្នកចង់ក្លាយជាអ្នកដឹកនាំដ៏ពិតប្រាកដ

…ចូរឈានទៅឈរពីមុខពួកគេ

ពាក្យជំទាស់ទាំងនេះ នឹងជួយជំរុញឱ្យអ្នកក្លាយជាអ្នកដឹកនាំដោយអ្នកស្មានមិនដល់។

សូមអានសៀវភៅមួយក្បាលនេះដោយភាពសប្បាយរីករាយ ឱ្យដូចជាយើងសប្បាយរីករាយជាមួយនឹងការសរសេរវាឡើងដើម្បីមិត្តអ្នកអានគ្រប់គ្នាដែរ។ យើងសង្ឃឹមថា អ្នកក៏បានរកឃើញដូចដែលយើងបានរកឃើញដែរថា «ការក្លាយជាអ្នកដឹកនាំដែលធ្វើឱ្យមនុស្សព្រមធ្វើការឱ្យដោយពេញចិត្តនិងមានកម្លាំងជំរុញចិត្តដ៏ក្លៀវក្លា នោះគឺជារឿងដែលសប្បាយនិងមិនពិបាកសាងឡើយ»

[1] ហ្កេម​ “FISH” – គឺជាយុទ្ធសាស្រ្តដើម្បីសាងកម្លាំងចិត្តនិងអភិវឌ្ឍប្រសិទ្ធភាពក្នុងការធ្វើការងារដែលបាននិយាយនៅក្នុងសៀវភៅ FISH ។ FISH : A Remarkable Way to Boost Morale and Improve Results. និពន្ធដោយ Stephen C. Lundin, Harry Paul, John Christensen.

ទំព័រ 285
ទំហំខ្នាត H= 20.5cm , W= 14.5cm