ចិត្តវិទ្យានិយាយឈ្នះចិត្ត

$3.6 $3.00

Publish date: 2021-12-17

Category: Self development

Publisher: រោងពុម្ពព្រៃស

Author Name: គ្រឹះស្ថាន ដាំដើមជីវិត (DDJ)

99 Books Available.

Description:

នៅខណៈដែលបច្ចេកវិទ្យាទូរគមនាគមន៍ក្នុងសម័យបច្ចេកវិទ្យាព័ត៌មានវិទ្យាបានរីកចម្រើនយ៉ាងខ្លាំងក្លាគ្មានព្រំដែន មនុស្សក្នុងអឌ្ឍគោលមួយអាចទាក់ទងនឹងមនុស្សក្នុងអឌ្ឍគោលមួយទៀតបានក្នុងមួយវិនាទីតាមរយៈទូរសព្ទចល័ត Fax សំបុត្រអេឡិចត្រូនិច​(e-mail) Facebook។ល។ ប៉ុន្តែការរីកចម្រើនរបស់បច្ចេកវិទ្យាទាំងនោះមិនមែនជាមូលហេតុធ្វើឱ្យឧបករណ៍ទាក់ទងដ៏ចំណាស់បំផុតក្នុងលោកមួយប្រភេទចាស់និងហួសសម័យទេ វានៅតែសំខាន់យ៉ាង«ខ្លាំង»​ជារៀងមក រហូត​គ្រប់យុគគ្រប់សម័យ នោះគឺ«មាត់»របស់មនុស្សយើងនេះឯង។

«មាត់»គឺជាឧបករណ៍ដែលយើងប្រើដើម្បីផ្ទេរ«ពាក្យសម្តី»ដើម្បីបង្ហាញការពិត តម្រូវការ អារម្មណ៍ និងការយល់របស់អ្នកបង្ហាញទៅកាន់អ្នកស្តាប់ទាំងក្នុងកម្រិតបុគ្គលចំពោះបុគ្គល បុគ្គលចំពោះប្រជុំជន បុគ្គលចំពោះអង្គភាព ឬសូម្បីតែបុគ្គលចំពោះប្រទេសជាតិជាដើម។

ពាក្យសម្តីនៅពេលចេញពីមាត់រមែងប៉ះពាល់ដល់ចិត្តនិងព្រឹត្តិកម្ម​របស់អ្នកនិយាយនិងអ្នកស្តាប់ ព្រោះពាក្យសម្តីនីមួយៗគឺជាពាក្យចេញមកពីអារម្មណ៍នឹកគិតក្នុងចិត្ត ពាក្យសម្តីនោះផ្សែផ្សំទៅដោយអារម្មណ៍ លំនាំនិងចង្វាក់នៃភាពទន់ភ្លន់ឬខ្លាំងក្លាដែលបង្កប់នៅខាងក្នុងរំលេចបានជាពាក្យ ពេចន៍គួរឬមិនគួរស្ដាប់ជាផល។ ​ពាក្យសម្តីបែបច្នៃប្រឌិត​ ក្រៅពីធ្វើឱ្យអ្នកនិយាយមានសេចក្តីសុខនិងជោគជ័យក្នុងជីវិតហើយ វាថែមទាំងផ្តល់ផលដូចគ្នាដល់អ្នកស្តាប់ផងដែរ។ ផ្ទុយទៅវិញពាក្យ សម្តីបែបបំផ្លាញ​រមែងនាំសេចក្តីទុក្ខនិងបរាជ័យមកកាន់អ្នកនិយាយនិងអ្នកស្តាប់ដោយមិនអាចជៀសវាងបាន។ យើងគ្រប់គ្នាអាចជ្រើសរើសលទ្ធផលវិជ្ជមានឬអវិជ្ជមានចំពោះខ្លួនឯងនិងមនុស្សជុំវិញខ្លួនបានដោយការជ្រើសរើសពាក្យសម្តីរបស់យើង។ បើយើងជ្រើសរើសប្រើពាក្យសម្តីត្រឹមត្រូវសមរម្យ យើងនិងមនុស្សជុំ​វិញរមែងបានទទួលផលវិជ្ជមាននោះគឺ សេចក្តីសុខ ភាពរីករាយ និងភាពរីកចម្រើនក្នុងជីវិត។ ខណៈជាមួយគ្នា បើយើងជ្រើសរើសប្រើពាក្យសម្តីមិនសមរម្យ លទ្ធផលអវិជ្ជមានដែលសំដៅដល់ សេចក្តីទុក្ខ សោកសៅ និង បរាជ័យក្នុងជីវិតរមែងធ្លាក់មកលើខ្លួនយើងនិងមនុស្សជុំវិញខ្លួនយ៉ាងពិតប្រាកដ។

បច្ចុប្បន្ន ទីផ្សារសៀវភៅទូទៅមានសៀវភៅទាក់ទងនឹងការនិយាយ ច្រើនខ្លាំងណាស់ ដោយអត្ថន័យភាគច្រើនរបស់សៀវភៅប្រភេទនេះផ្តោត លើ«ទិចនិចនៃការនិយាយ»ដើម្បីសម្រេចជោគជ័យក្នុងការងារនិងការសាង សម្ពន្ធភាពដែលជារឿងល្អនិងមានប្រយោជន៍។ ប៉ុន្តែរឿងដែលខ្ញុំយល់ថាមានភាពសំខាន់ខ្លាំងជាងទិចនិចទាំងនោះគឺ កិរិយាក្នុងចិត្តដែលជាចិត្តវិទ្យារបស់អ្នកនិយាយឬប្រភពរបស់ពាក្យសម្តីដែលមានចំណុចចាប់ផ្តើមមកពីចិត្តរបស់សាមី បែរជាមិនសូវមានគេលើកឡើងមកនិយាយទៅវិញ។ ដូច្នេះដើម្បីបំពេញប្រការនេះ   ទើបយើងពីរនាក់​បំពាក់កម្លាំងកាយចិត្តរៀបរៀងសៀវភៅ«ចិត្តវិទ្យានិយាយឈ្នះចិត្ត»នេះឡើង។

ខ្ញុំជឿជាក់ថា គ្រឹះនៃសេចក្តីសុខនិងគ្រឹះនៃជោគជ័យពិតប្រាកដរបស់ជីវិតនោះ មិនមែនមានអង្គប្រកបសំខាន់នៅលើទិចនិច សមត្ថភាព ភាពឈ្លាសវៃឬសតិបញ្ញានោះទេ តែស្ថិតនៅលើវិថីជីវិតនិងអាកប្បកិរិយា ឫកពាក្នុងចិត្តរបស់បុគ្គលនោះជាកត្តាសំខាន់ ព្រោះបើទោះបីជាមានភាពឈ្លាសវៃខ្លាំងតែចិត្តអាក្រក់ គេនឹងអាចមើលទៅសម្រេចជោគជ័យនិងមានសេចក្តីសុខបានក្នុងរយៈពេលខ្លីៗប៉ុណ្ណោះ តែទីបំផុតមិនអាចជៀសក្តីទុក្ខនិងបរាជ័យបានទេ។ ខុសពីមនុស្សដែលមានភាពឈ្លាសវៃនិងសមត្ថភាពទាបជាងតែមានវិថីជីវិតនិងចិត្តដ៏ល្អស្អាត គេរមែងតែសម្រេចជោគជ័យនិងជួបនូវសេចក្តីសុខក្នុងជីវិតដ៏យូរអង្វែងនិងនិរន្តរ៍ជាង។

ដូច្នេះកិរិយាឫកពាក្នុងចិត្តរបស់បុគ្គលជាអង្គប្រកបសំខាន់លំដាប់ដំបូងដែលមានផលចំពោះការកំណត់ពាក្យសម្តីរបស់មនុស្ស។ ព្រឹត្តិកម្មនិងពាក្យសម្តីដែលត្រឹមត្រូវរមែងតែចេញមកពីក្នុងចិត្តដែលត្រឹមត្រូវ លទ្ធផលដែលកើតឡើងគឺ សេចក្តីសុខនិងជោគជ័យពិតប្រាកដក្នុងជីវិត។ ​ផ្ទុយទៅវិញ បើក្នុងចិត្តរបស់យើងមិនត្រឹមត្រូវនិងមិនល្អរមែងតែបង្ហាញចេញមក​ជាព្រឹត្តិកម្មនិងពាក្យសម្តីដែលអាក្រក់ជានិច្ច លទ្ធផលដែលកើតឡើងរមែងតែខុសគ្នា ​នោះគឺសេចក្តីទុក្ខនិងបរាជ័យហ្នឹងឯង។

សៀវភៅ«ចិត្តវិទ្យានិយាយឈ្នះចិត្ត»មួយក្បាលនេះជាការបើកបង្ហាញនូវទស្សនៈបែបបដិបត្តិងាយៗក្នុងលក្ខណៈជាឧទាហរណ៍ដែលកើតឡើងក្នុងជីវិតប្រចាំថ្ងៃ ដើម្បីឱ្យវិថីជីវិតពោរពេញទៅដោយសេចក្តីសុខ កើតឡើងចំពោះខ្លួនផងនិងបុគ្គលជុំវិញផង ដោយបែងចែកចេញជា២ផ្នែកគឺផ្នែកដំបូងបង្ហាញពី១២ពាក្យគួរជៀសវាង និងផ្នែកទី២បង្ហាញពី៧ពាក្យគួរនិយាយប្រកបដោយឧទាហរណ៍ ទស្សនៈ និងវិធីបដិបត្តិសំខាន់​ៗនៃលក្ខណៈរបស់ការនិយាយដ៏ល្អផងដែរ ដើម្បីជាវិធីឱ្យមិត្តអ្នកអានយកទៅបំប្លែងប្រើឱ្យបានសមរម្យបន្តទៀត។​

ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា សៀវភៅមួយនេះនឹងមានចំណែកនាំមិត្តអ្នកអាននិងមនុស្សជុំវិញខ្លួនឱ្យជួបនឹងសេចក្តីសុខ រីករាយ និងរីកចម្រើនក្នុងជីវិត ហើយសង្ឃឹមថាសៀវភៅមួយនេះនឹងមានចំណែកជួយឱ្យសង្គមរបស់យើងជាសង្គមគួរឱ្យចង់រស់នៅទាំងអស់គ្នា។

រៀបរៀងដោយ ប្រាជ្ញ វិជ័យ
បណ្ណាធិការ រស់ ឡាង
ទំព័រ 173
ទំហំខ្នាត H= 20.5cm , W= 14.5cm