សិល្ប៍វិធីក្នុងការតែងនិពន្ធ

$3.3 $2.75

Publish date: 2021-12-17

Category: Skills

Publisher: រោងពុម្ពព្រៃស

Author Name: គ្រឹះស្ថាន ដាំដើមជីវិត (DDJ)

99 Books Available.

Description:

យើងប្រហែលជាធ្លាប់លេងល្បែងនិយាយតៗគ្នាដោយឱ្យមនុស្សដំបូងគេនិយាយមួយប្រយោគ បន្ទាប់មកខ្សឹបប្រាប់តៗគ្នា លទ្ធផលគឺនៅពេលដែលដល់មនុស្សចុងក្រោយរមែងក្លាយជាប្រយោគមួយផ្សេងជានិច្ច ប៉ុន្តែបើយើងឱ្យមនុស្សដំបូងសរសេរប្រយោគនោះដាក់ក្នុងក្រដាសហើយបញ្ជូនក្រដាសនោះឱ្យអ្នកបន្ទាប់ៗអាន នោះគ្រប់គ្នានឹងអាចអានបានដូចគ្នាទាំងអស់ ទោះជាតម្រង់ជួរវែងប៉ុនណាក៏ដោយបើគេអានភាសាដូចគ្នា។

សុភាសិតរបស់ចិនមួយឃ្លាបាននិយាយថា «ការចងចាំបានល្អមិនអាចប្រៀបជាមួយនឹងទឹកខ្មៅមួយដំណក់បានឡើយ»

សុភាសិតមួយឃ្លានេះបានបង្ហាញឱ្យឃើញពីភាពសំខាន់របស់ការសរសេរដែលប្រសើរជាងការចងចាំ ព្រោះថាការចងចាំនឹងបាត់ទៅវិញទៅតាមកាលវេលានិងជំនាន់របស់មនុស្ស ទោះជាមនុស្សដែលមានការចងចាំល្អជាងគេនៅក្នុងលោកនេះ តែពេលដែលគេស្លាប់ទៅ បើគេមិនបានកត់ត្រាទុកទេនោះ អ្វីៗដែលគេបានដឹងនិងចេះនោះក៏ស្លាប់ទៅតាមគេដែរ។ ដូច្នេះហើយការកត់ត្រាអាចយកឈ្នះលក្ខខណ្ឌផ្សេងៗរបស់ការចងចាំបានបើតាមន័យរបស់សុភាសិតចិនខាងលើនេះ។

ការសរសេរគឺជាការបង្ហាញដ៏សំខាន់របស់មនុស្ស

សំបុត្រផ្ទាល់ខ្លួនរបស់យើងអាចធ្វើជាភស្តុតាងប្រវត្តិសាស្ត្រដ៏សំខាន់មួយនាពេលអនាគតក៏ថាបាន។

ការសរសេរគឺជាការបង្ហាញមួយប្រភេទរបស់មនុស្សយើង ដោយអ្នកសរសេរនឹងបង្ហាញទិន្នន័យទាក់ទងនឹងចំណេះដឹង គំនិត និងអារម្មណ៍របស់ខ្លួនទៅកាន់អ្នកដែលទទួលដោយប្រើតួអក្សរដែលបានសរសេរឱ្យមាន​សណ្ដាប់ធ្នាប់ដើម្បីធ្វើជាឧបករណ៍ក្នុងការបង្ហាញ។

ភាសាសរសេរមានភាពសំខាន់និងចាំបាច់ជាច្រើនប្រការ ដូចជា​ ភាសាសរសេរធ្វើឱ្យដឹងពីប្រវត្តិសាស្រ្តដែលកន្លងមកថា តើមានរឿងអ្វីកើតឡើងខ្លះ? ចាប់តាំងពីសម័យដំបូងបំផុតដែលបានរកឃើញភាសាសរសេររបស់ជនជាតិSumerនៅក្នុងដែនដីMesopotamia កាលពី៣.០០០ឆ្នាំមុនគ្រិស្ត​សករាជ ដែលជាភាសាមានលក្ខណៈជានិមិត្តសញ្ញាប្រើជំនួសពាក្យទូទៅ (logographic)មក បានធ្វើឱ្យយើងដឹងពីប្រវត្តិសាស្រ្តរបស់មនុស្សមួយក្រុមនេះបានយ៉ាងច្បាស់ ហើយយើងក៏បានស្គាល់មនុស្សនៅក្នុងយុគផ្សេងៗបានដោយភាសាដែលជានិមិត្តសញ្ញាខុសៗគ្នាទូទាំងពិភពលោកតាមរយៈការសរសេរដែលបានកត់ត្រាទុកក្នុងមួយជំនាន់ៗដែរ។

អ្វីដែលសំខាន់បំផុតសម្រាប់ការសរសេរគឺ ការសរសេរធ្វើឱ្យមា​នចំណេះដឹងកាន់តែទូលាយឡើង ហើយប្រទេសណាដែលមានវប្បធម៌សរសេរ ការកត់ត្រា ការអានសៀវភៅ ប្រទេសនោះនឹងពោរពេញទៅដោយការបន្តអភិវឌ្ឍគំនិត។

«អ្នកសរសេរនិយាយបានឮនិងយូរជាងអ្នកនិយាយ»

តើយើងធ្លាប់ឆ្ងល់ដែរឬទេថា ហេតុអ្វីបានជាអរិយធម៌លោកខាងលិចរីកចម្រើនជាងអរិយធម៌របស់ចិន សូម្បីតែនៅក្នុងប្រវត្តិសាស្រ្តកាលពីរាប់ពាន់ឆ្នាំមុនឃើញថា ជនជាតិចិនពូកែជាងគេ ដូចជា អាចច្នៃប្រឌិត​វត្ថុផ្សេងៗបានមុនជាច្រើន ដូចជា រំសេវ ទឹកខ្មៅ និងក្រដាសសរសេរជាដើម​។ បានជាចិនរីកចម្រើនមិនស្មើនឹងលោកខាងលិចដោយសារតែមានមូលហេតុសំខាន់មួយប្រការគឺគ្មានវប្បធម៌ចែករំលែក ដូចជា គ្រូមានវិជ្ជាគុន១០ក្បាច់ប៉ុន្តែនឹងលាក់ទុក២ក្បាច់ដើម្បីទុកបង្រ្កាបសិស្សដែលក្បត់ ហើយបើសិស្សមកទាន់មុនពេលដែលគ្រូស្លាប់នឹងបានទទួលក្បាច់ដែលនៅសល់ ប៉ុន្តែបើមកមិនទាន់ឬបើជាមនុស្សដែលគ្រូមិនទុកចិត្តទេនោះ នឹងមិនបានទទួលក្បាច់ដែលនៅសល់ឡើយ ដូច្នេះនឹងធ្វើឱ្យចំណេះដឹងកាន់តែថយចុះទៅជាលំដាប់។

ផ្ទុយទៅវិញ វប្បធម៌លោកខាងលិចចូលចិត្តចែករំលែកចំណេះដឹង ទើបមានការអភិវឌ្ឍចំណេះដឹងជាបន្តបន្ទាប់ ដោយគ្មានវប្បធម៌ហួងហែងចំណេះដឹងទេ ប៉ុន្តែមានវប្បធម៌ពឹងពាក់គ្នាទាក់ទងនឹងចំណេះដឹងដោយប្រើការសរសេរជាសំខាន់។ ដោយសារតែប្រជាជនមានវប្បធម៌ការសរសេរនិងការអានដូច្នេះហើយ ទើបធ្វើឱ្យប្រទេសលោកខាងលិចបោះពុម្ពទស្សនាវដ្ដី សៀវភៅសិក្សាជាច្រើន និងមានការអភិវឌ្ឍចំណេះដឹងចាស់ៗដែលអាចសង្កេតបានតាមរយៈការធ្វើនិក្ខេបបទ([1]) ហើយពិនិត្យមើលលើវណ្ណកម្មទាក់​ទងនឹងរឿងដែលធ្វើថា នៅក្នុងលោកនេះនិងគ្រប់សម័យកាល តើមាននរណាធ្វើអ្វីខ្លះ។ បន្ទាប់មកទើបយកមកគិតបន្ត បើអ្នកណាអាចរកឃើញ​គំនិតថ្មីៗបានខ្លះនឹងបានទទួលសញ្ញាបត្រដើម្បីបញ្ជាក់ពីកម្រិតនៃការយល់​ដឹង ដូច្នេះហើយទើបធ្វើ​ឱ្យគ្រប់គ្នាត្រូវអភិវឌ្ឍចំណេះដឹងជាបន្តបន្ទាប់។

សង្គមរបស់លោកខាងលិចចាប់អារម្មណ៍និងយកចិត្តទុកដាក់លើការស្រាវជ្រាវខ្លាំងណាស់ទាំងអ្នកគិតនិងអ្នកគ្រប់គ្រង ហើយនៅពេលដែលមានបញ្ហាកើតឡើងគេនឹងប្រើមូលហេតុទាក់ទងនឹងការស្រាវជ្រាវមកដោះស្រាយ សូម្បីតែប្រជាជនទូទៅក៏ចូលចិត្តអានអត្ថបទទាក់ទងនឹងការស្រាវជ្រាវដែរ ហើយមិនបានកំណត់ត្រឹមតែវិជ្ជាជីវៈរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែគេថែមទាំងចាប់អារម្មណ៍លើមុខវិជ្ជាជាច្រើនដែលមនុស្សទូទៅអាចសិក្សានិងយល់បាន ទើបសង្គមរបស់លោកខាងលិចគឺជាសង្គមដែលពោរពេញទៅដោយភាពរីកចម្រើនផ្នែកស្រាវជ្រាវ​ទាក់ទងនឹងមុខវិជ្ជាផ្សេងៗ។ ម្យ៉ាងទៀត ភាពរីកចម្រើនផ្នែកខាងវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាតែងបង្កើតឡើងថ្មីៗជានិច្ច ព្រោះគេមានវប្បធម៌នៃការសរសេរ ការអាន និងការចែករំលែកទិន្នន័យយ៉ាងទូលំទូលាយ។

ប្រទេសដែលមានស្នាដៃក្នុងការតែងនិពន្ធទាក់ទងនឹងការស្រាវជ្រាវទាំងផ្នែកគុណភាពនិងបរិមាណ ប្រជាជនស្រឡាញ់ការអាន និងស្រឡាញ់ការសិក្សា ប្រជាជននៃប្រទេសនោះនឹងបានទទួលនូវការអភិវឌ្ឍផ្នែកប្រាជ្ញា ជាបុគ្គលដែលមានគុណភាព និងជាកម្លាំងសំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ ឱ្យរីកចម្រើន ផ្ទុយទៅវិញ បើប្រទេសណាខ្វះស្នាដៃនិពន្ធទាក់ទងនឹងការស្រាវជ្រាវ ប្រជាជននៃប្រទេសនោះមិនស្រឡាញ់ការអាន និងមិនស្រឡាញ់ការសិក្សាឡើយ ហើយប្រទេសនោះនឹងមិនទាន់សម័យ គ្មានភាពរីកចម្រើន គ្មានគុណភាពចំណេះដឹង ហើយក៏មិនអាចអភិវឌ្ឍទាំងខ្លួន​ឯង គ្រួសារ និងសង្គមរបស់ខ្លួនឱ្យរីកចម្រើនរុងរឿងបានដែរ។

គួរឱ្យសោកស្ដាយណាស់ពេលដែលបែរមកមើលសង្គមរបស់យើងឃើញថា ក្នុងពេលនេះចំណុចខ្សោយរបស់សង្គមយើងគឺ សង្គមយើងខ្វះនូវវប្បធម៌នៃការសរសេរ វប្បធម៌នៃការចែករំលែកចំណេះដឹង និងវប្បធម៌នៃការអាន ដោយជនជាតិយើងមានតែវប្បធម៌នៃការស្ដាប់និងការនិយាយតែ​ប៉ុណ្ណោះ។ ម្យ៉ាងទៀតសង្គមរបស់យើងគឺជាសង្គមដែលមិនចូលចិត្តសរសេរ និងមិនចូលចិត្តអាន ប៉ុន្តែចូលចិត្តមើលរឿងភាគ ដើរលេង ផឹកស៊ី ចូលក្លឹប ឬមើលការប្រគំតន្ត្រី។ ប្រសិនបើគេទិញវិញ ភាគច្រើនជាសៀវភៅប្រភេទបែបអានកម្សាន្ត ដូច្នេះទើបធ្វើឱ្យមនុស្សភាគច្រើនមិនសូវមានចំណេះដឹងនិងមិនសូវមានគំនិតច្នៃប្រឌិតថ្មីៗ។

ម្យ៉ាងវិញទៀត សង្គមរបស់យើងទន់ខ្សោយទាក់ទងនឹងវប្បធម៌នៃការសរសេរនិងវប្បធម៌នៃការអាន ហើយក្រៅពីគ្មានវប្បធម៌នៃការកត់ត្រានិងចែករំលែកចំណេះដឹងហើយ គេនៅមានវប្បធម៌ហួងហែងចំណេះដឹងទៀតផងដោយមនុស្សដែលពូកែនិងមានចំណេះដឹងរមែងលាក់ចំណេះដឹងនោះទុកមិនព្រមចែករំលែកឡើយ ឬបើគេចែករំលែកវិញនោះគឺគេចែកក្នុងលក្ខណៈ «និយាយពីមាត់​មួយទៅមាត់មួយ» នៅក្នុងចំណោមសា​ច់ញាតិជំនាន់ក្រោយប៉ុណ្ណោះ ប៉ុន្តែការធ្វើដូច្នេះចំណេះដឹងដែលមាននោះមិនអាចបង្ហាញចេញបានពេញលេញទេ ដូច្នេះហើយទើបចំណេះដឹងរបស់មនុស្សជំនាន់មុនរមែងស្លាប់ទៅព្រមជាមួយនឹងម្ចាស់ចំណេះដឹងនោះឬនៅសល់តែ កម្ទេ​ចចំណេះដឹងចាស់បន្តិច​បន្តួចដែលមិនបានកត់ត្រានិងអភិវឌ្ឍឡើយដូចជា ចំណេះ​ដឹងទាក់ទងឱសថធម្មជាតិ ដែលជាចំណេះដឹងរប៉ាត់រប៉ាយ គ្មានប្រព័ន្ធនិងពិបាកប្រមូលផ្ដុំជាខ្លាំង។

ទោះជាបច្ចុប្បន្ននេះ សង្គមរបស់យើងមិនសូវមានបញ្ហាទាក់ទងនឹងការសរសេរ​និងអានក៏ដោយ ប៉ុន្តែបញ្ហាដែលសំខាន់គឺយើងមានប្រជាជនតិចណាស់ដែល«សរសេរ»និងចែករំលែកចំណេះដឹងដែលមានប្រយោជន៍តាមរយៈការសរសេរ។ ចំណែកគ្រូឬអ្នកជំនាញការឯណេះវិញបែរជាមិនសូវបានធ្វើតួនាទីក្នុងការចែករំលែកចំណេះដឹងនិងគំនិតជាអត្ថបទបង្ហាញជូនប្រជាជនឡើយ ផ្ទុយទៅវិញ ភាគច្រើនគេបែរជានិពន្ធសៀវភៅទាក់ទងនឹងការស្រាវជ្រាវឬបង្កើតស្នាដៃទាក់ទងនឹងការស្រាវជ្រាវដើម្បីបានទទួលតំណែងច្រើនជាងនិពន្ធដោយសារតែមានចិត្តស្រឡាញ់ឬចង់ជួយចែករំលែកចំណេះ​ដឹងដល់មនុស្សនៅក្នុងសង្គមទៅវិញ ដោយគេមិនបានសរសេរនូវអ្វីដែលទាក់ទងនឹងគំនិតឬទស្សនៈនៃការស្រាវជ្រាវ ដើម្បីឱ្យអ្នកអានឬក្មេងៗជំនាន់ក្រោយបានសិក្សាស្រាវជ្រាវនិងអនុវត្តនោះឡើយ។ មានអ្នកខ្លះពេលដែលបានក្លាយជាសាស្រ្ដាចារ្យហើយក៏ឈប់សរសេរឬសរសេរសៀវភៅតិចខ្លាំងណាស់។ ដោយហេតុនេះហើយ ទើបចំណេះដឹងនៃការសរសេរជាលាយ​-លក្ខណ៍អក្សរដើម្បីមនុស្សជំនាន់ក្រោយមានកាន់តែតិច ដែលជាហេតុធ្វើឱ្យយើងត្រូវនាំយកចំណេះដឹងពីបរទេសមកប្រើជានិច្ច។

ក្រៅពីនេះមានមូលហេតុជាច្រើនទៀតដែលបង្ហាញថា ការសរសេរទាក់ទងនឹងការស្រាវជ្រាវនៅក្នុងសង្គមយើងនៅមានចំនួនតិចនិងមានព្រំដែនកំណត់ ដូចជា ៖

រដ្ឋាភិបាលនិងប្រជាជនមើលមិនឃើញពីភាពសំខាន់របស់ការងារនិពន្ធ
ប្រជាជនទូទៅមិនទម្លាប់ស្រឡាញ់ការអាន
អ្នកជំនាញដែលចូលចិត្តនិពន្ធសៀវភៅមានតិច អាចដោយ​សារ​តែមានការងារដែលត្រូវទទួលខុសត្រូវច្រើន​​រហូតដល់គ្មានពេលទំនេរដើម្បីនិពន្ធឬអាចនៅមិនទាន់ជឿជាក់លើសមត្ថភាពរបស់ខ្លួន ហើយអ្វីដែលសំខាន់អាចនឹងខ្វះការគាំទ្រឱ្យសរសេរក៏ថាបាន។​
សៀវភៅនិងតម្រាទាក់ទងនឹងការស្រាវជ្រាវរបស់យើងនៅមិនទាន់មានទីផ្សារធំទូលាយនៅឡើយទេ ពេលដែលផលិត​មកហើយមិនអាចលក់បានធ្វើឱ្យខាតដើម ហើយទីផ្សារភាគច្រើនចាប់អារម្មណ៍ទៅលើសៀវភៅ​បែបកម្សាន្តច្រើនជាង។
ការស្រាវជ្រាវរបស់យើងនៅមានតិច ធ្វើឱ្យចំណេះដឹងដែលត្រូវ យក​មកប្រើជាទិន្នន័យក្នុងការសរសេរក៏វាមានមិនគ្រប់គ្រាន់ដែរ។
មូលហេតុទាំងនេះគឺវាគ្រប់គ្រាន់សម្រាប់ធ្វើឱ្យសង្គមយើងក្លាយជាសង្គមដែល«ខ្វះទាំងចំណេះដឹង»និង«ខ្វះទាំងទស្សនៈ»បើយើងមិនកែប្រែឱ្យមនុស្សនៅក្នុងសង្គមរបស់យើងស្រឡាញ់ការអានទេនោះ។ ប៉ុន្តែបើអ្នកគិតនិងអ្នកជំនាញការនៅក្នុងសង្គមចូលចិត្តសរសេរនិងចែករំលែកចំណេះដឹងរបស់ខ្លួនឱ្យបានទូលាយបំផុតនោះ សង្គមរបស់យើងនឹងក្លាយជាសង្គម នៃទស្សនៈ​ជាមិនខាន។

ការដែលបានជួបក្រុមមនុស្សដែលមានចិត្តប្រាថ្នាចង់«សរសេរ»និងចែករំលែកចំណេះដឹងរបស់ខ្លួនដល់សាធារណជននោះ គឺជារឿងដែលគួរឱ្យសោមនស្សជាខ្លាំង ព្រោះវាជាការបន្ថែមចំនួនអ្នកបរិច្ចាគចំណេះដឹងនិងគំនិតដើម្បីប្រយោជន៍សង្គមកាន់តែច្រើនឡើង។

ដូច្នេះខ្ញុំរំពឹងជាខ្លាំងថា សៀវភៅមួយក្បាលនេះនឹងអាចជួយគាំទ្រជោគជ័យដល់មិត្តអ្នកអានដោយជួយឱ្យមិត្តអ្នកអានយល់ពីមូលដ្ឋាននៃការសរសេរនិងទិចនិចនៃការសរសេរអត្ថបទ​ឱ្យទទួលបានជោគជ័យ​ដែលមានតាំងពីការត្រៀមគំនិត ត្រៀមទិន្នន័យ ត្រៀមគម្រោងរហូតដល់ការសរសេរ ដើម្បីអាចយកទៅអនុវត្តជាក់ស្ដែងប្រកបដោយជោគជ័យ។

([1]) និក្ខេបបទ (អានថា និក-ខេប៉ៈ-បត់) មានន័យថា បទឬមាតិកាដែលលើកយកមកដាក់ជាគោលដើម្បីអធិប្បាយពង្រីកសេចក្ដីឱ្យល្មមស្ដាប់បាន។ បច្ចុប្បន្នពាក្យនេះ គេប្រើសំដៅយកសៀវភៅដែលបេក្ខជនតែងឡើងហើយដាក់ជូនគណៈមេប្រយោគពិនិត្យក្នុងការប្រឡងយកថ្នាក់បណ្ឌិតផ្នែកវិជ្ជាណាមួយ។

ទំព័រ 157
ទំហំខ្នាត H= 20.5cm , W= 14.5cm