ភាពជាអ្នកនិយាយ កម្រិតកំពូល

$3.9 $3.25

Publish date: 2021-12-17

Category: Skills

Publisher: រោងពុម្ពព្រៃស

Author Name: គ្រឹះស្ថាន ដាំដើមជីវិត (DDJ)

99 Books Available.

Description:

«ពាក្យសម្ដីប្រៀបដូចជាគ្រាប់ពូជនៅក្នុងចិត្ត នៅពេលដែលនិយាយចេញមក វាអាចនឹងសាងជោគជ័យឬបរាជ័យដ៏ធំដល់យើងបាន ព្រោះពាក្យសម្ដីពេលដែលនិយាយទៅហើយមិនអាចហៅត្រឡប់មកវិញបានទេ»។

ពាក្យសម្ដីខាងលើនេះគឺជាការពិតទាក់ទងនឹងពាក្យសម្ដីដ៏សំខាន់ដែលដកស្រង់ចេញពីបទពិសោធជីវិតផ្ទាល់ដែលខ្ញុំបានកត់ត្រាទុកនៅក្នុងសៀវភៅ ហើយពាក្យសម្ដីនេះក៏នៅតែជាការពិតរហូតដល់សព្វថ្ងៃនេះដែរ។ ពាក្យសម្ដីដែលយើងបាននិយាយចេញទៅហើយនោះ តាមពិតទៅវាមានថាមពលនិងមានសារៈសំខាន់ជាខ្លាំងក្នុងការកំណត់ជោគជ័យឬបរាជ័យដល់អ្នកនិយាយ។

អ្វីដែលយើងនិយាយចេញទៅនោះសំខាន់ខ្លាំងណាស់ ដែលជាមូលហេតុមួយដែលធ្វើឱ្យខ្ញុំគិតថា គួរតែចែករំលែកបទពិសោធនិងចំណេះដឹងទាក់ទងនឹងការនិយាយដើម្បីអភិវឌ្ឍជំនាញនិយាយដល់ប្រជាជនទូទៅ ជាពិសេសការនិយាយនៅចំពោះមុខអ្នកស្ដាប់មួយចំនួន ដូចជា ការនិយាយដើម្បីបង្ហាញការងារដល់អតិថិជន អ្នកគ្រប់គ្រង ការនិយាយបែបបាឋកថា ការនិយាយដើម្បីបង្រៀន ការនិយាយបែបអប់រំ ការនិយាយដើម្បីស្វែងរកសំឡេងឆ្នោតរបស់អ្នកនយោបាយ ការនិយាយរាយការណ៍នៅមុខក្ដារខៀនរបស់សិស្សនិងនិស្សិត ឬការនិយាយនៅក្នុងឱកាសសំខាន់ផ្សេង​ៗ ដែលការនិយាយទាំងនេះនឹងធ្វើឱ្យយើងត្រូវប្រឈមនឹងខ្សែភ្នែករបស់អ្នកស្ដាប់គ្រប់គ្នាដែលកំពុងសម្លឹងមករកយើង ត្រចៀករបស់ពួកគេដែលបើកដើម្បីស្ដាប់នូវអ្វីដែលយើងកំពុងនិយាយ និងគំនិតរបស់ពួកគេដែលត្រៀមដើម្បីវាយតម្លៃនិងវិនិច្ឆ័យនូវអ្វីដែលយើងបាននិយាយ។

អ្វីដែលពិបាកសម្រាប់អ្នកនិយាយគឺថា តើនឹងត្រូវនិយាយដូចម្ដេចដើម្បីឱ្យអ្នកស្ដាប់ យល់ ពេញចិត្ត ជឿចិត្ត និងសម្រេចវត្ថុបំណងតាមអ្វីដែលត្រូវការ?

កន្លងមក​មានមនុស្សជាច្រើនបានមកសុំការណែនាំដូច្នេះថា តើនឹងត្រូវនិយាយដូចម្ដេចទើបគួរឱ្យចាប់អារម្មណ៍និងគួរឱ្យជឿជាក់? តើត្រូវធ្វើដូចម្ដេចទើបមានចិត្តក្លាហានចេញទៅនិយាយ មិនភ័យ និងមិនភ្ញាក់ផ្អើល? ​ចំណែកមនុស្សដទៃជាច្រើនទៀតបានមកសួរទិចនិចថា តើត្រូវធ្វើដូចម្ដេចដើម្បីនិយាយទៅប្រកបដោយថាមពល ចាប់ចិត្ត និងជំរុញចិត្តមនុស្ស? ភ្លាមនោះខ្ញុំបានផ្ដល់នូវពាក្យណែនាំ ហើយខណៈជាមួយគ្នានោះក៏បានមើលឃើញបញ្ហាថា បច្ចុប្បន្នអ្នកដែលមិនបានទទួលនូវការហ្វឹកហាត់និងអភិវឌ្ឍជំនាញក្នុងការនិយាយនោះមានច្រើនណាស់ សូម្បីតែអ្នកទាំងនោះជាមនុស្សដែលចាំបាច់ត្រូវទាក់ទងដោយវិធីនិយាយក៏ដោយ។

ការអភិវឌ្ឍជំនាញនិយាយគឺជារឿងដ៏សំខាន់ ទើបខ្ញុំគិតថាគួរតែចែករំលែកនូវបទពិសោធដែលខ្ញុំមានដល់អ្នកអាន ក្នុងនោះខ្ញុំមានតួនាទី ដូចជា អ្នកដឹកនាំអង្គភាព គ្រូបង្រៀន អ្នកអប់រំ អ្នកថ្លែង ឬក្នុងនាមជាប្រធាននៃពិធីផ្សេងៗ​ ហើយបានដកស្រង់ចំណេះដឹងនិងបទពិសោធទាំងនេះចេញមកដើម្បីធ្វើជាគោលការណ៍គ្រឹះនៃការនិយាយនៅក្នុងសៀវភៅ

«ភាពជាអ្នកនិយាយកម្រិតកំពូល» គោលការណ៍នៃការនិយាយចំពោះមុខសាធារណជន» មួយក្បាលនេះ ដោយរំពឹងថាមិត្តអ្នកអានមិនថាប្រកបអាជីពអ្វីនោះទេ អ្នកនឹងអាចសិក្សានិងអាចយកទៅអនុវត្តបាន។

សៀវភៅមួយក្បាលនេះមានវត្ថុបំណងនាំមិត្តអ្នកអានឱ្យក្លាយជា «អ្នកនិយាយដ៏ល្អ» ដោយមិនត្រឹមតែនឹងអាចដឹងថា តើត្រូវនិយាយអ្វី និងនិយាយដូចម្ដេចទេ ប៉ុន្តែដឹងច្បាស់តាំងពីចាប់ផ្ដើមថា តើការនិយាយសំខាន់ដូចម្ដេច? តើអ្នកនិយាយដ៏ល្អគួរធ្វើដូចម្ដេច? តើយើងនឹងអាចក្លាយជាដូច្នោះបានដោយរបៀបណា? ដោយខ្លឹមសារនៅក្នុងសៀវភៅមួយក្បាលនេះផ្តោតទៅលើការអភិវឌ្ឍគ្រប់អង្គប្រកបដែលទាក់ទងនឹងការនិយាយ។

ខ្លឹមសារនៅក្នុងសៀវភៅមួយក្បាលនេះចែកចេញជា៣ជំពូកធំៗ៖

ជំពូកទីមួយ ធ្វើជា «អ្នកដឹកនាំ» ត្រូវចេះ «និយាយ»  ដែលនិយាយពីភាពសំខាន់ក្នុងការនិយាយរបស់អ្នកដឹកនាំ ឧត្តមគតិ ឬរឿងដែលត្រូវមាននៅក្នុងចិត្តរបស់អ្នកនិយាយ។

ជំពូកទីពីរ «អ្នកដឹកនាំ» ត្រូវ «ត្រៀមលក្ខណៈ» មុននឹង «និយាយ» ដែលនិយាយពីការត្រៀមលក្ខណៈនិងការរៀនជំនាញនិយាយ។

និងជំពូកទីបី ទិចនិច «អ្នកដឹកនាំ…អាចនិយាយបាន…និយាយបានល្អ» ដែលបានប្រមូលទិចនិចតាមរយៈការសិក្សាពីអ្នកនិយាយដែលល្បីៗ និងទិចនិចពីបទពិសោធផ្ទាល់ខ្លួន ដែលយកមកចែករំលែកបន្ថែមជូនដើម្បីឱ្យមិត្តអ្នកអានមានការជឿជាក់ក្នុងការនិយាយ និងចំណុចដែលគួរពិចារណាផ្សេងៗដែលអ្នកនិយាយត្រូវដឹងនិងត្រូវមាន។

ជាចុងក្រោយនេះ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ខ្លឹមសារនៅក្នុងសៀវភៅមួយក្បាលនេះមិនមែនត្រឹមតែជាតួអក្សរដែលនៅស្ងៀមមួយកន្លែងនោះទេ ប៉ុន្តែនឹងត្រូវយកទៅប្រើជាក់ស្ដែង ដោយបង្ហាញចេញជាទង្វើនិងពាក្យសម្ដីរបស់មិត្តអ្នកអានគ្រប់រូបដែលបានយកខ្លឹមសារល្អៗទៅអនុវត្តនិងដើម្បីឱ្យពាក្យសម្ដីរបស់អ្នកជាផ្នែកមួយដែលជួយជំរុញជោគជ័យនៅក្នុងជីវិត ទោះជា អ្នកប្រកបអាជីពអ្វីក៏ដោយ។