ប្រយោជន៍នៃការអាន

$3.6 $3.00

Publish date: 2021-12-17

Category: Education & Exam preparation

Publisher: រោងពុម្ពព្រៃស

Author Name: គ្រឹះស្ថាន ដាំដើមជីវិត (DDJ)

99 Books Available.

Description:

សៀវភៅបានក្លាយជាផ្នែកមួយនៃការរស់នៅរបស់មនុស្សយូរយារណាស់មកហើយ។ មនុស្សអានសៀវភៅដើម្បីទទួលបានផលតបស្នង ត្រលប់មកវិញ។ ក្រោយមកដោយសារ​ការរីកចម្រើនរបស់ពិភពលោក ពួកយើងក៏ប្រែជាមើលមិនសូវឃើញពីផលប្រយោជន៍របស់វាទៅវិញ។ ឥឡូវនេះ យើងបាននិងកំពុងធ្វើសកម្មភាពជំនួសវាជាច្រើនដោយយើងយល់ថា អាចផ្តល់ប្រយោជន៍ស្មើគ្នាទៅនឹងការអានសៀវភៅ តែវាមិនមែនជាការពិតទេ។

ប្រជាជនខ្មែរមិនសូវនិយមអានសៀវភៅប៉ុន្មានទេ ហេតុនេះទើបយើងសង្កេតឃើញពីភាពខុសគ្នារវាងប្រទេសយើងនិងប្រទេសដទៃដែល   សម្បូរអ្នកស្រលាញ់ការអានសៀវភៅ តែយើងមិនទទួលស្គាល់ចំណុចនេះឡើយ យើងបែរជានាំគ្នារកហេតុផលមកកុហកខ្លួនឯងទៅវិញ។ យើងថែមទាំងបានទម្លាក់កំហុសទាំងអស់ទៅលើអ្នកដទៃ ដោយភ្លេចគិតពីការធ្វេសប្រហែសរបស់ខ្លួនឯងទៀតផង។

ប៉ុន្តែនៅមានរឿងល្អមួយគឺ ទម្លាប់អានសៀវភៅអាចបណ្តុះបាន ដូច្នេះយើងនៅតែមានឱកាសធ្វើបានល្អដូចជាតិសាសន៍ដទៃទៀត។ ដើម្បីបង្កើតទម្លាប់មួយនេះ យើងត្រូវតែដឹងឱ្យបានច្រើនបន្តិចពីប្រយោជន៍​នៃការអានសៀវភៅទើបអាចបោកខ្លួនឯងឱ្យងាកមកអានបាន។

ក្នុងសៀវភៅតូចមួយនេះ នឹងបង្ហាញពីប្រយោជន៍ផ្សេងៗដែលយើងនឹងទទួលបានពីការអានសៀវភៅ។ ខ្ញុំនឹងនិយាយបញ្ចូលគ្នាទាំងការអានសៀវភៅក្រដាសនិងសៀវភៅអេឡិចត្រូនិច ព្រោះថានេះគ្រាន់តែជាប្រភេទនៃសៀវភៅប៉ុណ្ណោះ។ ពួកយើងត្រូវតែចេះហុតទឹកសម្លឹងកាក ចំពោះការអានសៀវភៅ បានន័យថាយើងត្រូវមើលឃើញផលប្រយោជន៍ដែលយើងនឹងទទួលបានសិន សឹមចាប់ផ្តើមធ្វើវា។

ការអានសៀវភៅមិនមែនជារឿងខាតបង់ឡើយ។ យើងត្រូវដឹងថា យើងមិនមែនកើតមកចេះគ្រប់សព្វនោះទេ ដូច្នេះយើងត្រូវស្វះស្វែងរករៀន ពីនេះពីនោះ ដើម្បីកុំឱ្យភាពល្ងង់ខ្លៅពីកំណើតរបស់យើងបន្តតំណែងរបស់វាបានទៀត។ សៀវភៅអាចជួយពួកយើងបាន គ្រាន់តែតម្រូវឱ្យយើងយកដៃទៅចាប់វាមកអានជាមុនប៉ុណ្ណោះ។

ខ្ញុំសរសេរសៀវភៅនេះឡើង គឺមិនមានបំណងអី្វក្រៅតែពីចង់ឱ្យប្រជាជនយើងងាកមកអានសៀវភៅឱ្យកាន់តែច្រើននោះទេ។ ខ្ញុំឃើញរូបភាពនៅប្រទេសក្រៅជាច្រើន ដែលគេថតពីអ្នកអានសៀវភៅនៅតាមចំណតរថភ្លើង តាមអាហារដ្ឋាននិងសួនសាធារណៈ ហើយខ្ញុំក៏ចង់ឱ្យ រូបភាពទាំងនោះកើតមាននៅប្រទេសយើងដូចគ្នាដែរ។ យើងមិនចាំបាច់ធ្វើ     ដូចគេដោយដើរអានតាមផ្លូវក៏បានដែរ សូមត្រឹមតែចេះអង្គុយអាននៅផ្ទះទៅ វាល្អពេកហើយ។ ពេលបានឃើញគំរូល្អពីសាសន៍ដទៃ យើងគួរតែរៀនសូត្រតាមគេផង មិនត្រូវរៀនតាមតែរឿងមិនល្អនោះទេ។

ខ្ញុំគិតថា​ បើសិនជាអ្នកដែលមិនចេះអានឬអានតិចតួចដឹងពីផលប្រយោជន៍របស់ការអាន នោះពួកគេក៏ត្រូវគិតម្តងទៀតដែរថា ត្រូវទុកផលប្រយោជន៍ទាំងនេះចោលឬចាប់យក។ ខ្ញុំអានដោយសារតែខ្ញុំបានទទួលផលពីវាត្រលប់មកវិញ ហេតុនេះខ្ញុំក៏បន្តអានមកដល់ឥឡូវនេះ។ ការសម្រេច ចិត្តស្ថិតលើខ្លួនយើង ហេតុនេះសូមកុំធ្វើជាមនុស្សល្ងង់ដែលសម្រេចចិត្តបោះចោលប្រយោជន៍ទាំងនេះ។

ចុងក្រោយ ខ្ញុំសូមអរគុណអ្នកដែលបានអានសៀវភៅរបស់ខ្ញុំទាំងអស់ផងដែរ។ ការអានរបស់អ្នកទាំងអស់គ្នាគឺជាការផ្តល់ឱកាសឱ្យខ្ញុំបាន  សរសេរសៀវភៅថ្មីៗបន្ថែមទៀត។ ហើយតាមរយៈការបោះពុម្ពផ្សាយនៃគ្រឹះស្ថានដាំដើមជីវិតជាលើកដំបូងនេះ ខ្ញុំសង្ឃឹមថានឹងមានការគាំទ្រពីមិត្តអ្នកអានទាំងឡាយ ច្បាស់ណាស់បើមានការគាំទ្រ នឹងមានសៀវភៅល្អៗ បោះពុម្ពបន្តបន្ទាប់ទៀត។

សូមជូនពរឱ្យអ្នកអានសៀវភៅនេះទាំងអស់ក្លាយជាមនុស្សដែលចូលចិត្តសៀវភៅគ្រប់គ្នាចុះ!

ទំព័រ 153
ទំហំខ្នាត H= 20.5cm , W= 14.5cm