ក្លាយជាសហគ្រិនឆ្នើម

$3.9 $3.25

Publish date: 2021-12-17

Category: Business & Investment

Publisher: រោងពុម្ពព្រៃស

Author Name: គ្រឹះស្ថាន ដាំដើមជីវិត (DDJ)

99 Books Available.

Description:

សៀវភៅនេះកើតឡើងពីការហ៊ានប្រថុយរបស់ខ្ញុំ គឺហ៊ានប្រថុយក្នុងការសរសេរហ្នឹងឯង។ ហេតុអ្វីការសរសេរឈ្មោះថាប្រថុយ? ព្រោះថា         ខ្ញុំមិនដឹងសោះថា អ្វីដែលខ្ញុំសរសេរទៅនោះតើនឹងមានអ្នកទទួលស្គាស់ដែរឬទេ? នឹងអាចជោគជ័យលើទីផ្សារដែរឬទេ? តែខ្ញុំពេញចិត្តនឹងប្រថុយ ព្រោះខ្ញុំជាសហគ្រិន គឺជាមនុស្សម្នាក់ដែលត្រៀមបេះដូងជាស្រេចក្នុងការប្រថុយ ទោះនឹងបានលទ្ធផលយ៉ាងណាក៏សុខចិត្តដែរ។

ខ្ញុំផ្ដើមសរសេរសៀវភៅនេះមិនមែនមានបំណងអ្វីក្រៅពីការចង់ចែករំលែកដល់មិត្តអ្នកអាននូវបទពិសោធខ្លះៗ ក៏ដូចជាវិធីមួយចំនួនដែលខ្ញុំបានដកពិសោធលើអាជីវកម្មនិងការងារកន្លងមក ដើម្បីទុកជាចន្លុះដល់មិត្តអ្នកអានគ្រប់គ្នា។ ហើយអ្វីដែលខ្ញុំនឹងសរសេរក្នុងផ្ទៃនៃសៀវភៅនេះគឺនឹងសរសេរបែបចិត្តវិទ្យា មិនមែនជាគោលការណ៍ដែលអានហើយមិនដឹងជាយកទៅអនុវត្តបានយ៉ាងម៉េចនោះទេ។​ ដូចដែលខ្ញុំបានសរសេរនៅក្នុងសៀវភៅ«ក្លាយជាអ្នកសរសេរឆ្នើម»ហើយថា ខ្ញុំនឹងសរសេរនូវអ្វីដែលខ្ញុំបានដឹង ហើយបូករួមទាំងជំនាញដែលខ្ញុំរៀនទៀតនោះ(ចិត្តវិទ្យា) ខ្ញុំនឹងសរសេរតាមវិធីរបស់ខ្ញុំដោយមិនប្រើគោលការណ៍ឬវិធីអ្វីច្រើនទេ គឺនឹងធ្វើយ៉ាងណាឱ្យអ្នកអានងាយទទួលជ្រាប និងងាយយល់ ហើយអាចយកទៅ          អនុវត្តបានភ្លាមៗ គឺជាការល្អបំផុត។ ប៉ុន្តែខ្ញុំមិនបានប្រាប់ថាអ្នកត្រូវតែយក      វិធីរបស់ខ្ញុំឬការយល់ឃើញរបស់ខ្ញុំជាមាគ៌ាជីវិតនោះទេ ព្រោះមនុស្សមានវិធីធ្វើការផ្សេងៗគ្នា​ មិនមែនទាល់តែអានសៀវភៅខ្ញុំហើយទើបអាចក្លាយជាសហគ្រិនឆ្នើមនោះទេ។ មើលចុះ! នៅក្នុងប្រទេសយើងមានសហគ្រិនច្រើនណាស់ ហើយមានតាំងពីមិនទាន់មានសៀវភៅរបស់ខ្ញុំនៅឡើយផង ដូច្នេះខ្ញុំអាចនិយាយបានថា មិនចាំបាច់អានសៀវភៅនេះក៏បានដែរ ព្រោះមានឯកសារជាច្រើនដែលនិយាយពីសហគ្រិនភាព ហើយមានសៀវភៅបែបនេះជាច្រើនទៀតផង។ អ្នកអានអាចសួរថា បើអ៊ីចឹងសរសេរមកធ្វើអ្វីបើមិនអានក៏បាននុះ? សៀវភៅរបស់ខ្ញុំគឺសរសេរតាមបែបប្រជាធិបតេយ្យ អានក៏បាន មិនអានក៏បាន។ ខ្ញុំផ្ដល់សេរីភាពពេញទំហឹងដល់អ្នកអាន ខ្ញុំជាអ្នកអានយ៉ាងសកម្មម្នាក់​ ដូច្នេះខ្ញុំដឹងច្បាស់ថា ក្នុងនាមជាអ្នកសរសេរត្រូវគោរពអ្នកអាន ផ្ដល់សិទ្ធិឱ្យអ្នកអានជាអ្នកជ្រើសរើស ហើយបើរបស់យើងល្អមែន ពីមាត់មួយទៅមាត់មួយនឹងក្លាយទៅជាទីផ្សារនិងជា Brand ដ៏មានទំនាញមិនខាន តើខ្ញុំនិយាយអ៊ីចឹងត្រូវទេ?

ខ្ញុំសរសេរសៀវភៅនេះឡើងមកព្រោះមានរឿងមកអុជចិត្តរបស់ខ្ញុំដូចជា​៖

មិនមានសៀវភៅសហគ្រិនដែលអានងាយយល់ សាមញ្ញ និងងាយៗ សម្រាប់មនុស្សសម័យថ្មីនៅឡើយ។
មានសំណួរនិងចម្ងល់ជាច្រើនដែលទាក់ទងនឹងសហគ្រិនភាពនេះ តែមានចម្លើយចំពោះចម្ងល់នេះតិចនៅឡើយ។
ដោយឃើញថាសន្ទុះទឹកចិត្តរបស់មនុស្សសម័យថ្មីចង់ធ្វើជំនួញ កាន់តែមានច្រើនឡើងៗ។
ដោយកំណត់ច្បាស់ថាភាពជាសហគ្រិនជួយអភិវឌ្ឍប្រទេសជាតិយើងបានច្រើន។
ខ្ញុំចង់ចែករំលែកនូវអ្វីដែលជាចំណេះដឹង បទពិសោធ និងជំនាញរបស់ខ្ញុំដែលដើរលើវិថីនេះជាច្រើនឆ្នាំមកហើយ។
ខ្ញុំសូមបញ្ជាក់ថា សូមកុំរំពឹងភាពឥតខ្ចោះពីស្នាដៃរបស់ខ្ញុំឱ្យសោះ ខ្ញុំសរសេរនូវអ្វីដែលខ្ញុំចេះនិងដឹងប៉ុណ្ណោះ ហើយខ្ញុំនឹងលើកយកតែពាក្យណាដែលងាយយល់និងសាមញ្ញមកសរសេរប៉ុណ្ណោះដែរ។

ជាចុងបញ្ចប់ សូមឧទ្ទិសស្នាដៃនេះដល់អ្នកសរសេរ អ្នកស្នេហាជាតិ បុព្វបុរសរបស់ខ្មែរគ្រប់ជំនាន់ និងសូមឱ្យលោកអ្នកជួបប្រទះតែនូវពុទ្ធពរទាំងឡាយ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។