ល្បិចទល់មេឃបំបែកតាមក្បួនសាមកុក ភាគ១

$5.7 $4.75

Publish date: 2021-12-17

Category: Strategies & Challenges

Publisher: រោងពុម្ពព្រៃស

Author Name: គ្រឹះស្ថាន ដាំដើមជីវិត (DDJ)

99 Books Available.

Description:

រឿងនិទានសាមកុកជារឿងដ៏ល្បីឈ្មោះបោះសំឡេងមិនត្រឹមតែស្រុកខ្មែរយើងទេ តែក៏ល្បីល្បាញក្នុងពិភពលោកទូទៅផងដែរ។ នៅលោកខាងលិចគេហៅរឿងនិទានសាមកុកនេះថា The three kingdom ប្រែជាខេមរៈភាសាយើងថា«នគរ៣» ។ សាច់រឿងនិទានសាមកុកពោរពេញទៅដោយល្បិចកិច្ចកល រំលេចចេញជាឈុតឆាកប្រយុទ្ធគ្នាយ៉ាងមហាអស្ចារ្យរហូតមានពាក្យនិយាយតៗគ្នាថា «អ្នកមើលរឿងសាមកុកនេះចប់ប្រាំពីរដង មិនអាចយកជាមិត្តភក្តិបានទៀតផង»។ តើរឿងនេះវា​ពិតជាអ៊ីចឹងមែនឬយ៉ាងណា?

ចំពោះខ្ញុំបាទបានអាននិងមើលរឿងសាមកុកនេះតាំងពីឆ្នាំ២០០៣មក បើគិតជាចប់វិញនោះមិនតិចជាង២០ដងទេ។  ក្នុងប្រវតិ្តសាស្រ្តរបស់ខ្ញុំនេះ ខ្ញុំមិនដែលបានទៅបោកប្រាស់នរណាម្នាក់សោះឡើយ​ នេះសបញ្ជាក់ឱ្យឃើញថា ការអានឬមើលរឿងសាមកុកនេះមិនដល់ថ្នាក់ទុកចិត្តមិនបានសោះ។ មនុស្សខ្លះមិនដែលនឹងបានស្គាល់ថារឿងសាមកុកនោះមុខយ៉ាងម៉េចផងតែពូកែដើរបោកប្រាស់គេណាស់ ចុះរឿងនេះវាយ៉ាងម៉េចទៅវិញ?

ផ្ទុយទៅវិញ ខ្ញុំគិតថាបើអស់លោកអ្នកនាងណាបានអាននូវល្បិច  សាមកុក(ល្បិចទល់មេឃបំបែកតាមក្បួនសាមកុកហើយ)នេះហើយ នឹង កើតនូវបញ្ញាដ៏មហាអស្ចារ្យ ជាមនុស្សគួរឱ្យស្រលាញ់រាប់រកពឹងពាក់បានប្រៀបដូចឈើនាងនួនដែលជាប្រភេទឈើដែលមានតម្លៃសាច់រឹងមានខ្លឹមធំ ហើយអាចនឹងកែប្រែជតាជីវិតងាយដូចក្រឡាប់បាតដៃអ៊ីចឹង​ ដោយគ្រាន់តែលោកអ្នកនាងនាំយកនូវល្បិចនីមួយៗពីល្បិចទល់មេឃបំបែកតាមក្បួនសាមកុកនេះទៅវិភាគឱ្យបានស៊ីជម្រៅម្តងមួយៗដោយមិនបង្ខំព្រោះថា«គន្លឹះ» ល្អៗកំពុងមានក្នុងដៃរបស់លោកអ្នកនាងហើយ។

មនុស្សម្នាក់ៗតែងតែប្រាថ្នាចង់ឱ្យខ្លួនឯងជាមនុស្សឆ្លាតវៃ​ មានគំនិតជ្រៅជ្រះនិងមានទស្សនវិស័យដ៏ទូលំទូលាយ ផ្លូវដែលអាចឈានទៅដល់គោលដៅនោះបាន គឺមានតែការសិក្សារៀនសូត្រ ការអនុវត្ត និងការរួបរួមបទពិសោធហើយបង្កើនកម្រិតវាឱ្យខ្ពស់ឡើងជាលំដាប់។ ការបើធ្វើបែបនេះរឿយៗមិនយូរនោះទេក៏នឹងឃើញច្បាស់នូវអភិវឌ្ឍនភាព អ្នកនឹងក្លាយទៅជាមនុស្សមានចំណេះដឹង ភាពឆ្លាតវៃ និងមានទស្សនវិស័យដ៏ទូលំទូលាយព្រមទាំងមានបំណិនក្នុងការប្រើនូវសព្វគំនិតទៀតផង។

អាចនិយាយបានថា«ចំណេះដឹងគឺជាអំណាច»ដូច្នោះមនុស្សដែលមានចំណេះដឹង ទើប​ចាត់ថាជាមនុស្សដែលមានអំណាចខ្លាំង តើចំណេះដឹងតែម្យ៉ាងអាចធ្វើឱ្យយើងក្លាហានបានដែរឬទេ?

ពិតប្រាកដណាស់ថា ចំណេះដឹងនឹងមានគុណតម្លៃនៅពេលដែលចំណេះដឹងនោះបានប្រែក្លាយជាសតិបញ្ញាឬភាពឆ្លាតវៃប៉ុណ្ណោះ សតិបញ្ញា មានតម្លៃជាងចំណេះដឹង សតិបញ្ញាជាឃ្លាំងទ្រព្យដ៏មហាសាល។ មនុស្សមានចំណេះដឹងតិច អានតិចនិងស្តាប់តិចនឹងមានសតិបញ្ញាធម្មតាៗ​ ហើយមនុស្ស ដែលមានសតិបញ្ញាធម្មតាៗមិនអាចគិតពីកិច្ចការសំខាន់ធំៗបានទេ ប៉ុន្តែក៏អាចចាត់ទុកថាជាការបង្កើនចំណេះដឹង គឺបង្កើនសតិបញ្ញានិងញុំាងឱ្យមាន កុសលោបាយកើនឡើងក្នុងខួរក្បាលជានិច្ចដែរ តែមានព្រំដែននៅឡើយ។

ដូច្នេះយើងត្រូវប្រឹងប្រែងសិក្សាស្រាវជ្រាវហើយនាំយកទៅអនុវត្តឱ្យបានច្បាស់លាស់ ដែលនេះជាដើមចមនំាឱ្យកុសលោបាយនោះៗក្លាយជា​ គុណសម្បត្តិដ៏មានទម្ងន់។ នៅពេលជួបបញ្ហាឬឧបសគ្គ ប្រាជ្ញាដ៏ឆ្លាតវៃនឹងបញ្ចេញនូវកុសលោបាយទាំងនោះចេញមក អាចប្រើប្រាស់និងដោះស្រាយបញ្ហាបានដោយស្វ័យប្រវត្តិ។

ខ្ញុំសូមបញ្ជាក់ផងដែរថាវណ្ណកម្ម«សាមកុក» ត្រូវបានគេបកប្រែជាភាសាបរទេសមិនតិចជាង១០ភាសាឡើយ ដូចជា ជប៉ុន, កូរ៉េ, វៀតណាម  ម៉ាឡាយូ, ឡាតាំង, អេស្ប៉ាញ, បារាំង, អង់គ្លេស, ថៃនិងខ្មែរ ដោយសារតែភាសាចិនមានសំនៀងខុសៗគ្នាទៅតាមតំបន់ដូចជា ចិនទាជីវ, ចិនក្វាងតុង, ចិនហៃណាំ,ចិនហុកគៀន។ល។ទើបសំនៀងដែលប្រើហៅឈ្មោះតួអង្គនិងទីកន្លែងទាំងឡាយនៅក្នុងរឿង«សាម​​​កុក»ខុសៗគ្នាគឺអាស្រ័យទៅលើអ្នកបកប្រែថាតើជំនាញចំពោះភាសាចិនប្រភេទណា ប៉ុន្តែសៀវភៅដែលលោកអ្នកនាងកាន់ក្នុងដៃនេះ យើងបានបកប្រែឈ្មោះតួអង្គនិងឈ្មោះទីកន្លែងទៅតាមសំនៀងចិនហុកគៀន ដូច្នេះមិត្តអ្នកអានខ្លះដែលធ្លាប់តែចាំឈ្មោះតួអង្គនីមួយៗតាមសំនាងភាសាចិនផ្សេងៗឧទាហរណ៍ដូចជាឆាវឆាវ តែបកតាមសំនៀងចិនហុកគៀនថាចូឆូទៅវិញ ត្រង់ចំណុចនេះយើងខ្ញុំសូមអភ័យទោសផងចុះ។ មួយទៀត ដោយខ្ញុំបាទបានផ្ទៀងផ្ទាត់ជាមួយតម្រា​ ចាស់ៗដូចជាតម្រាលោកឧកញ៉ា នូ កន ក៏បកតាមសំនៀងចិនហុកគៀននេះដែរ(១៩៣៣)​ ព្រោះហេតុដូច្នេះទើបយើងខ្ញុំហៅតាមនេះតែម្តងទៅ។

ដោយយល់ឃើញថាការធ្វើសៀវភៅនេះបានបុណ្យកុសលជាអនេកខ្ញុំសូមលើកមនុញ្ញផលនេះជូនចំពោះខ្ញុំ-មិត្តអ្នកអាន​ បុព្វការីខ្ញុំ-បុព្វការីមិត្តអ្នកអាន ជាពិសេសវីរជន-វីរនារីខ្មែរគ្រប់រូបឱ្យជួបតែមនុញ្ញភាពគ្រប់ទិវារាត្រីកុំបីអាក់ខានឡើយ។

ទំព័រ 255
ទំហំខ្នាត H= 20.5cm , W= 14.5cm