ចិត្តវិទ្យាក្នុងការគ្រប់គ្រងពេលវេលា

$3.3 $2.75

Publish date: 2021-12-17

Category: Self development

Publisher: រោងពុម្ពព្រៃស

Author Name: គ្រឹះស្ថាន ដាំដើមជីវិត (DDJ)

99 Books Available.

Description:

«ជោគជ័យគឺការទៅឱ្យដល់គោលដៅដោយល្អនិងមានតម្លៃក្នុងចិត្តដោយការរៀបគម្រោងយ៉ាងហ្មត់ចត់គ្រប់ជ្រុងជ្រោយ ដោយភាពមោះមុត ឧស្សាហ៍ ព្យាយាម និងការខិតខំប្រឹងប្រែងជម្នះឧបសគ្គបញ្ហាគ្រប់យ៉ាងដែលរារាំង»។

​ខ្ញុំប្រកាន់ខ្ជាប់នូវទស្សនៈនៃជោគជ័យថា ជោគជ័យពិតប្រាកដរបស់ជីវិតនោះមិនអាចវាស់បានត្រឹមតែតម្លៃពីខាងក្រៅដូចជា ទ្រព្យសម្បត្តិ មាសប្រាក់ កេរ្តិ៍ឈ្មោះ តំណែងតួនាទីឬកិត្តិយសនោះទេ ប៉ុន្តែសូចនាករនៃជោគជ័យពិតប្រាកដ ត្រូវប្រើខ្នាតរង្វាស់ដែលជ្រាលជ្រៅជាងនេះ នោះគឺ ខ្នាតរង្វាស់ដែលវាស់ចូលទៅដល់សេចក្តីលម្អិតគ្រប់ផ្នែករបស់ជីវិត ដូចជា​ លក្ខណៈសម្បតិ្តនៃជីវិតខាងក្នុង ឧត្តមគតិលើគោលដៅដែលបានរៀបទុក ការគោរពខ្លួនឯង សេចក្តីសុខ ឧត្តមគតិសង្គម និងដទៃៗទៀត។

ដូច្នេះក្នុងគំនិតរបស់ខ្ញុំ មនុស្សជាច្រើនក្នុងសង្គមដែលទទួលបានការលើកតម្កើងថា ជាមនុស្សសម្រេចជោគជ័យ មិនថាគេត្រូវវាស់ដោយបរិមាណទ្រព្យសម្បត្តិ កេរ្តិ៍ឈ្មោះ ឬឧត្តមភាពនៃតំណែងតួនាទីក៏ដោយប្រសិនបើគេទាំងនោះមានប្រវត្តិពោរពេញដោយភាពអត្មានិយម បោកប្រាស់ កេងប្រវ័ញ្ច យកប្រៀបអ្នកដទៃគ្រប់ពេលវេលា ផ្តោតលើការសាងតែអាណាចក្ររបស់ខ្លួនដោយមើលរំលងតម្លៃរបស់អ្នកដទៃក្នុងសង្គមឬក្រោមស្លាកនៃជោគជ័យដែលបិទពីលើជីវិតនោះគឺជាសេចក្តីទុក្ខនិងភាពទទេស្អាត មានតែភាពឯកោក្នុងចិត្ត ខ្វះសេចក្តីសុខនិងការពេញចិត្តក្នុងជីវិតពិតប្រាកដ នៅពីក្រោយគេហដ្ឋានដ៏ល្អប្រណិតបែរក្លាយជាសមរភូមិប្រយុទ្ធដោយ​សារតែខ្វះភាពស្ងប់សុខក្នុងជីវិតគ្រួសារ ឪពុកទៅផ្លូវមួយ ម្តាយទៅផ្លូវមួយ ឯកូនទៅផ្លូវមួយទៀត ទាំងអស់នេះរមែងមិនអាចហៅបានថាជា«ជោគជ័យ»សម្រាប់ខ្ញុំបានឡើយ។

មានមនុស្សធ្លាប់និយាយថា«ពេលវេលាគឺជីវិត»​

ជីវិតគឺជាពេលវេលារាប់សែនរាប់លានវិនាទីដែលរៀងបន្តបន្ទាប់គ្នាទើបជោគជ័យរបស់ជីវិតទាក់ទងនឹងពេលវេលាដោយមិនអាចជៀសវាងបាន។ អ្នកសម្រេចជោគជ័យពិតប្រាកដក្នុងជីវិត គឺជាមនុស្សដែលអាចបណ្តុះនិងប្រមូលផលពីការប្រើពេលវេលាក្នុងជីវិតបានយ៉ាងល្អបំផុត ជាមនុស្សយល់និងដឹងច្បាស់​ពីភាពសំខាន់នៃពេលវេលាថាមានតម្លៃស្មើនឹងតម្លៃរបស់ជីវិត ជាមនុស្សដែលមិនបណ្តោយឱ្យពេលវេលាកន្លងផុតទៅដោយឥតប្រយោជន៍តែប្រើពេលវេលាគ្រប់វិនាទីប្រកបដោយគោលដៅ ដឹងថាគួរបណ្តុះពេល​វេលាជីវិតដើម្បីអ្វី ហើយរំពឹងប្រមូលផលអ្វីពីគ្រាប់ពូជពេលវេលាដែលបានបណ្តុះទៅនោះ។​

ចំណែកមនុស្សដែលបណ្តុះគ្រាប់ពូជពេលវេលាទៅលើរឿងដែលគ្មានប្រយោជន៍ គ្មានតម្លៃ ឬប្រើពេលវេលាដោយគ្មានតុល្យភាពគ្រប់ផ្នែក លទ្ធផលដែលគេប្រមូលផលបាន​រមែងតែជាបរាជ័យលើផ្នែកណាមួយឬអាក្រក់បំផុតគឺបរាជ័យគ្រប់ផ្នែករបស់ជីវិតនោះឯង។​

សៀវភៅភាគច្រើនដែលទាក់ទងនឹងការគ្រប់គ្រងពេលវេលា ទាំងក្នុងប្រទេសនិងក្រៅប្រទេសតែងតែផ្តោតទៅលើការនិយាយពីការគ្រប់​គ្រងពេលវេលានៃការធ្វើការងារជាគោល ប៉ុន្តែមិនបាននិយាយដល់រឿងការគ្រប់គ្រងពេលវេលាក្នុងជីវិតច្រើនប៉ុន្មានទេ។ ចំពោះទស្សនៈផ្ទាល់ខ្លួនរបស់ខ្ញុំយល់ថាការគ្រប់គ្រងពេលវេលាប្រកបដោយប្រសិទ្ធភាពនោះ មិនគួរត្រូវកំណត់ប្រើចំពោះតែក្នុងផ្នែកការធ្វើការងារប៉ុណ្ណោះទេ ព្រោះជីវិតរបស់យើង មានច្រើនជាងការធ្វើការងារ។ យើងនៅមានតួនាទីទទួលខុសត្រូវដទៃទៀត ជាច្រើនដែលត្រូវធ្វើឱ្យបានសម្រេចក្នុងជីវិត ហើយចាំបាច់ត្រូវអាស្រ័យលើការគ្រប់គ្រងពេលវេលាដែលមានប្រសិទ្ធភាពដូចគ្នាទើបអាចធ្វើរឿងទាំងនោះឱ្យសម្រេចបានយ៉ាងល្អ។​ ខ្ញុំបានពង្រីកអត្ថន័យនៃការគ្រប់​គ្រងពេលវេលាឱ្យគ្របដណ្តប់ទៅដល់ពេលវេលានៃជីវិតទាំងមូល ដូច្នេះតាមទស្សនៈនេះ«ការគ្រប់​គ្រងពេលវេលា»និង«ការគ្រប់គ្រងជីវិត»មានន័យមិនខុសគ្នាទេសម្រាប់ខ្ញុំ ហើយបានគ្របដណ្តប់ដល់ន័យរបស់«ការគ្រប់គ្រងពេលវេលាក្នុងការធ្វើការងារ»ផងដែរ។

ខ្ញុំយល់ថា ជីវិតរបស់មនុស្សយើងប្រសិនបើមិនប្រើរឿងដែលនៅក្នុងខ្លួនយើងឱ្យបានពេញទី យើងនឹងគ្មានសេចក្តីសុខ។​ ខ្ញុំប្រៀបធៀបថា ជីវិតរបស់មនុស្សយើងប្រៀបដូចមានម៉ាស៊ីននៅខាងក្នុង ប្រសិនបើយើងមានម៉ាស៊ីននៅខាងក្នុង១០កម្លាំងសេះ តែយើងប្រើអស់ត្រឹមតែ២កម្លាំងសេះ វានឹងគួរឱ្យធុញ ប៉ុន្តែបើយើងមាន១០តែយើងព្យាយាមប្រើ២០ យើងនឹងកើតទុក្ខ ព្រោះយើងមិនអាចធ្វើបាន ដោយសារហួសពីសមត្ថភាពរបស់យើង។ គ្រប់គ្នាដឹងថាក្នុងខ្លួនរបស់យើងមានម៉ាស៊ីនប៉ុន្មានកម្លាំងសេះ មានជំនាញ មានសមត្ថភាពបែបណានៅខាងក្នុង បើយើងប្រើវាយ៉ាងពេញទំហឹងជីវិតរបស់យើងនឹងមានសេចក្តីសុខ សប្បាយរីករាយ និងពេញចិត្តនឹងតម្លៃ​ជីវិត​។ ចូរភ្ញាក់ឡើងហើយប្រើពេលទាំងអស់ដែលមាន ច្នៃបង្កើតអ្វីមួយដែល ជាប្រយោជន៍សម្រាប់សាធារណៈនិងសម្រាប់ខ្លួនដើម្បីឱ្យគេកត់ត្រាជាប្រវត្តិសាស្ត្រទុកថា«អ្នកជាមនុស្សជោគជ័យដ៏គួរឱ្យគោរពបំផុត» កុំទុកពេលវេលាចោលឥតអំពើ។

ជាទីបំផុត ខ្ញុំសូមថ្លែងអំណរគុណចំពោះដៃគូរៀបរៀងរបស់ខ្ញុំយ៉ាងជ្រាលជ្រៅដែលបានខិតខំបំពេញបេសកកម្មយ៉ាងល្អនិងគួរឱ្យកោតសរសើរក្នុងដំណើរការនៃការរៀបរៀងសៀវភៅ ចិត្តវិទ្យាក្នុងការគ្រប់គ្រង ពេវេលានេះឡើង ក៏ដូចជាមិត្តអ្នកអានដែលបានគាំទ្រស្នាដៃគ្រឹះស្ថានយើងខ្ញុំកន្លងមក ដែលនេះបានញុំាងឱ្យយើងខ្ញុំមានលទ្ធភាពគ្រប់គា្រន់ក្នុងការបន្តនូវបេសកកម្មដាំដើមជីវិតជូនមិត្តរួមជាតិជានិច្ចនិរន្តរ៍។

ខ្ញុំជឿជាក់ថា ទស្សនៈ គំនិត និងគោលការណ៍ដែលបានបង្ហាញក្នុងសៀវភៅនេះ នឹងមានចំណែកក្នុងការបន្ថែមការយល់និងជំរុញចិត្តដល់មិត្តអ្នកអាន រហូតអាចឈានដើរទៅកាន់ជោគជ័យក្នុងជីវិតបានយ៉ាងពិតប្រាកដ។​

ដោយអំណាចនៃការព្យាយាមយ៉ាងស្វិតស្វាញក្នុងការបំពេញការងារ ដែលជាប្រយោជន៍សាធារណៈពិតប្រាកដនេះ បុណ្យនឹងកើតមាន ដូច្នេះខ្ញុំសូមលើកបុណ្យនេះជូនដល់បុព្វការីនៃមិត្តអ្នកអាន​ ក៏ដូចជាបុព្វការីរបស់ខ្ញុំ ជាពិសេស សូមជូនដល់វីរជនអ្នកស្នេហាជាតិខ្មែរទាំងអស់ សូមឱ្យជួបតែ  ក្ដីសុខ ជោគជ័យ សុខភាពល្អ កុំបីអាក់ខានឡើយ។

ទំព័រ 166
ទំហំខ្នាត H= 20.5cm , W= 14.5cm