ទស្សនៈធ្វើជំនួញរបស់ជនជាតិចិន

$2.7 $2.25

Publish date: 2021-12-17

Category: Business & Investment

Publisher: រោងពុម្ពព្រៃស

Author Name: គ្រឹះស្ថាន ដាំដើមជីវិត (DDJ)

99 Books Available.

Description:

នៅពេលដែលខ្ញុំបានអាននិងស្រាវជ្រាវឯកសារផ្សេងៗនោះ ទើបដឹងថា មូលហេតុដែលប្រទេសគេរីក​ចម្រើន យុវជនគេមានសមត្ថភាពខ្ពស់ សេដ្ឋកិច្ចគេរីកលូតលាស់ខ្លាំង នោះក៏ព្រោះតែប្រជាជនគេ យុវជនគេ និងប្រទេសគេ ពោរពេញទៅដោយអ្នកអាន អ្នកចេះដឹង និងការអប់រំ ព្រមទាំងជាប្រទេសដែលសម្បូរទៅដោយឯកសារជាច្រើនទៀតផង។

ថ្មីៗនេះខ្ញុំមានការភ្ញាក់ខ្លួនជាខ្លាំងនៅពេលដែលបានឃើញទិន្ន​ន័យមួយដែលត្រូវគេផ្សាយកាលពីឆ្នាំ២០១២ថា នៅក្នុងបណ្ណាល័យនៃសាកល​វិទ្យាល័យHaward របស់សហរដ្ឋអាមេរិកមានសៀវភៅដល់ទៅ៤៥០លានប្រភេទ ដែលសុទ្ធតែជាសៀវភៅដ៏សំខាន់ៗសម្រាប់និស្សិតរបស់គេអាន។

ម្យ៉ាងទៀតនៅសង្កេតឃើញថា អ្នកដែលបានឆ្លងកាត់ការសិក្សានៅសាកលវិទ្យាល័យនោះ សុទ្ធតែជាមនុស្សដែលពូកែស្ទើរតែលើសគេក្នុងចំណោមមនុស្សទាំងឡាយក្នុងពិភពលោក មានដូចជា ប្រធានាបតីអាមេរិកបច្ចុប្បន្នគឺលោក បារ៉ាក់អូបាម៉ា,​ អ្នកបង្កើតFacebookគឺ លោក ម៉ាក់ ស៊ូកឃ័រប៊ឺក,​ អតីតប្រធានាបតីអាមេរិកគឺលោក អាប្រាហាំ លិនខន និងបុគ្គល ដទៃៗជាច្រើនរូបទៀត។

បុគ្គលដែលខ្លាំងៗទាំងនោះមិនមែនគ្រាន់តែសិក្សាធម្មតាៗឡើយ គឺមកពីគេខិតខំប្រឹងប្រែងអានហើយអានទៀត អានរហូតទាល់​តែដឹងថាខ្លួនគេមានសមត្ថភាពអ្វីមួយ ទើបគេយកអ្វីដែលបានអាននិងស្រាវ​ជ្រាវនោះមកអនុវត្ត ដើម្បីជាប្រយោជន៍ដល់ខ្លួនឯងនិងសង្គមជាតិ រហូតដល់សង្គមជាតិទាំងមូលរីកចម្រើនព្រោះតែការចូលចិត្តអានជាកត្តាមូលដ្ឋាន។

ដោយឡែកតែយុវជនកម្ពុជាយើងឯណេះវិញ ចង់មាន​បានណាស់ ចង់រីកចម្រើនណាស់ ចង់ឱ្យខ្លួនឯងមានសមត្ថភាពខ្ពស់ណាស់ ចង់ឱ្យប្រទេសរបស់ខ្លួនជាប្រទេសមានយុត្តិធម៌ណាស់ និងចង់ឱ្យប្រជាពល​រដ្ឋខ្លួនរស់នៅដោយភាពសម្បូរសប្បាយនិងសន្ដិភាពណាស់ តែការប្រព្រឹត្តបែរជាផ្ទុយនឹងអ្វីដែលខ្លួនចង់បាននោះទៅវិញ ព្រោះយុវជនកម្ពុជាភាគ​ច្រើនចូល​ចិត្តការសប្បាយ ការជួបជុំគ្នាដោយការស៊ីផឹក ឆបោក កេងប្រវញ្ច និងការប្រព្រឹត្តនូវអំពើអបាយមុខផ្សេងៗ។ ការដែលអ្នកចង់សប្បាយនោះ ខ្ញុំមិនជំទាស់អ្វីខ្លាំងនោះទេ តែអ្នកត្រូវគិតមើលថា ក្នុងខណៈដែលទូករបស់អ្នកកំពុងតែលិចដោយជួបនឹងព្យុះមួយកណ្ដាលមហាសាគរ (សមុទ្រ) ថាតើអ្នកនឹងសប្បាយទៅកើតទេ? ហេតុអ្វីបានជាមិនភិតភ័យហើយបែរជានាំគ្នារាំច្រៀងដោយក្ដីត្រេកអរក្នុងខណៈដែលខ្លួនអ្នក ក្រុមគ្រួសាររបស់អ្នក មិត្តភក្ដិរបស់អ្នក ប្រជាជនរបស់អ្នក និងប្រទេសរបស់អ្នកកំពុងតែលិចលង់ដូច្នេះទៅវិញ?

យើងមិនឆ្ងល់ទេឬថា ហេតុអ្វីបានជាប្រទេសអ្នកមានគេរីកចម្រើនឆ្ងាយដាច់កន្ទុយភ្នែកដែលប្រទេសរបស់យើងមិនអាចតាមទាន់? ដូចជា ប្រទេសចិន កូរ៉េខាងត្យូង ជប៉ុន អាមេរិក អង់គ្លេស អូស្ត្រាលី កាណាដា ។ល។ ដោយហោចទៅមិនចាំបាច់និយាយប្រទេសណាដែលនៅឆ្ងាយពីយើងនោះទេ សូម្បីតែប្រទេសជាប់នឹងព្រំប្រទល់ប្រទេសយើង ក៏គេបានដើរមុនយើងរាប់សិបជំហានទៅហើយ ដូចជា ប្រទេសថៃនិងវៀតណាម។ ព្រោះហេតុអ្វី? ព្រោះប្រជាពលរដ្ឋរបស់គេមិនព្រមព្រងើយកន្តើយចំពោះខ្លួនគេ និងប្រទេសគេឡើយ ដោយគេខំខិតប្រឹងប្រែងសិក្សារៀនសូត្រនិងអានជាច្រើន។ សូម្បីតែអ្នករត់កងបី អ្នករត់ម៉ូតូឌុប និងអ្នករត់ឡានតាក់ស៊ី ក៏គេឆ្លៀតអានសៀវភៅផ្សេងៗដើម្បីអភិវឌ្ឍការយល់ដឹងបន្ថែមនៅពេលទំនេររបស់គេដែរ។

ប៉ុន្តែក្រឡេកមកមើលប្រទេសរបស់យើងវិញ ពេលទំនេរបែរជានាំគ្នាទៅលេងល្បែងស៊ីសង ដូចជា ភ្នាល់ប្រដាល់ ភ្នាល់បាល ភ្នាល់មាន់ជល់ លេងបៀរ និងល្បែងស៊ីសងដទៃៗទៀត ដោយមិនបានយកពេលទំនេររបស់ខ្លួនទៅអានសៀវភៅឬប្រកបមុខរបរអ្វីផ្សេងក្រៅពីការងារអាជីពរបស់ខ្លួន ដើម្បីបង្កើនប្រាក់ចំណូចដល់គ្រួសារក្នុងខណៈដែលគ្រួសារកំពុងតែលិចលង់នោះឡើយ។

យើងដឹងហើយថាមនុស្សយើងខុសពីសត្វតិរច្ឆានមានតែមួយចំណុចប៉ុណ្ណោះគឺវិចារណញ្ញាណដែលមានន័យថា ការដឹងអាក្រក់ល្អ សខ្មៅ ខ្លៅបណ្ឌិត ដែលការដឹងនេះអាចប្រព្រឹត្តដោយយុត្តធម៌ទៅបាន លុះត្រាតែត្រិះរិះដោយប្រើបញ្ញា​។​ បញ្ញានេះទៀតសោត កាលបើយើងមិនបានសិក្សា អប់រំ និងគិតឱ្យបានស៊ីជម្រៅទេនោះ បញ្ញារបស់យើងនឹងបាត់បង់ បើបញ្ញាបាត់​បង់ហើយ វិចារណញ្ញាណដែលយើងសម្គាល់ថាមនុស្សនោះក៏នឹងបាត់បង់ទៅដែរ ពេលនោះមនុស្សយើងនឹងក្លាយជាសត្វតិរច្ឆានដោយស្វ័យប្រវត្តិ។

ដូច្នេះបើយើងចង់ក្លាយជាមនុស្សដែលពូកែមុនគេ លើសគេ និងដឹកនាំគេ នោះត្រូវតែជាមនុស្សដែលពូកែអានមុនគេ អានឱ្យច្រើនជាងគេ និងដឹងច្រើនជាងគេ ទើបអាចជាមនុស្សនៃផ្នែកណាមួយដ៏អស្ចារ្យបាន។

ជាចុងក្រោយនេះ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា នៅពេលយុវជនកម្ពុជាយើងបានអាននូវកិច្ចប្រារព្ធរបស់ខ្ញុំនេះហើយ ជឿជាក់ថា នឹងកែប្រែទម្លាប់ចាស់ដែលខុសកន្លងមក បែរយកនូវការប្រព្រឹត្តថ្មី មានដូចជា ការអាន ការស្រាវ​ជ្រាវនូវទស្សនៈនិងផ្នត់គំនិតថ្មីៗ ព្រមទាំងទទួលយកនូវការអនុវត្តថ្មីដើម្បីទទួលបាននូវការរីចម្រើនដែលថ្មីសម្រាប់ខ្លួនយើង គ្រួសារយើង និងប្រទេសជាតិយើងទាំងមូល។ ការចាប់ផ្ដើមនេះ មិនមែនថ្ងៃស្អែក ខែក្រោយ ឬឆ្នាំក្រោយនោះទេ គឺត្រូវតែចាប់ផ្ដើមក្នុងពេលនេះ។

ដូច្នេះដើម្បីជាចំណង់ដៃនៃការចាប់ផ្ដើមក្នុងពេលនេះ ខ្ញុំសូមជូនសៀវ​ភៅមួយក្បាលដែលអ្នកកំពុងតែកាន់នេះ សម្រាប់ជាការចាប់ផ្ដើមនៃការអនុវត្តរបស់អ្នក ព្រោះថាសៀវភៅដែលមានចំណងជើងថា«ទស្សនៈធ្វើជំនួញរបស់ជនជាតិចិន»នេះ ជាសៀវភៅដែលនឹងផ្ដល់ប្រយោជន៍ដល់មិត្តអ្នកអានទាំងឡាយទាំងបែបធ្វើអាជីវកម្ម ការប្រព្រឹត្តខ្លួនជាមនុស្សដ៏ត្រឹមត្រូវក្នុងវិជ្ជាជីវៈនិងក្រមសីលធម៌សង្គម មួយអន្លើយដោយអត្ថប្រយោជន៍ផ្សេងៗ ទៀតដែលជាប្រទីបបំភ្លឺផ្លូវអ្នកឱ្យធ្វើដំណើរឆ្ពោះទៅរកភាពរីកចម្រើនរុងរឿង សម្រាប់ខ្លួនអ្នក គ្រួសារអ្នកនិងប្រទេសដ៏កម្សត់របស់អ្នកដែលកំពុងតែស្ថិតក្នុងលោកពោរពេញដោយការប្រកួតប្រជែងសមត្ថភាពខួរក្បាលនេះ។

ទំព័រ 134
ទំហំខ្នាត H= 20.5cm , W= 14.5cm